កម្ពុជា-ជប៉ុន

ក្រុមហ៊ុន​ជប៉ុន នឹង​សាងសង់​ផ្សារទំនើប នៅ​ភ្នំពេញ តម្លៃជាង ២០០ លានដុល្លារ

នៅ​ថ្ងៃ​អង្គារ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ក្រុមហ៊ុន​វិនិយោគ​ដ៏​ធំ​របស់​ប្រទេស​ជប៉ុន នឹង​សាងសង់​ហាង​លក់ទំនិញ ផ្សារ​ទំនើប​មួយ នៅ​ទីក្រុង​ភ្នំពេញ ដោយ​ចំណាយ​ដើមទុន​ជាង ២០០ លាន​ដុល្លារ​អាមេរិក​។ ដំណើរការ​សាងសង់​ផ្សារ​ទំនើប​របស់​ជប៉ុន ដែល​នឹង​ធ្វើឡើង នៅ​ចុងឆ្នាំ​២០១២ នេះ នឹង​បង្កើត​ការងារ​ដល់​ពលរដ្ឋ​កម្ពុជា​ពី ២.០០០ នាក់ ទៅ ៣.០០០ នាក់​។​

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន
ផ្សាយពាណិជ្ជកម្ម

ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​បញ្ចប់​ការសិក្សា នៅ​សាកលវិទ្យាល័យ ជាតិ​គ្រប់គ្រង នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១២ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា គម្រោង​វិនិយោគ​របស់​ជប៉ុន​ដ៏​ធំ​មួយ លើ​ហាង​លក់ទំនិញ នឹង​បង្កើតឡើង​នៅ​ភ្នំពេញ​។ គម្រោង​ដ៏​ធំ​នោះ នឹង​ចាប់ផ្តើម​សាងសង់​នៅ​ខែ​ធ្នូ​ចុងឆ្នាំ​នេះ ដោយ​ចំណាយ​ទុន​វិនិយោគ​ជាង ២០០ លាន​ដុល្លារ​។ លោកនាយក​រដ្ឋមន្ត្រី បាន​លើកឡើង​ថា ការវិនិយោគ​របស់​ជ​ប៉ុន​ត្រូវការ​បុគ្គលិក​បម្រើការ​ងារ ប្រមាណ​ជា ២.០០០ នាក់ ទៅ ៣.០០០ នាក់​។
​ក៏ប៉ុន្តែ​លោកនាយក​រដ្ឋមន្ត្រី ក៏​បាន​ប្រកាសថា កម្ពុជា​ក៏​ត្រូវ​ពង្រឹង​ធនធានមនុស្ស​បន្ថែមទៀត លើ​មុខ​ជំនាញ​ឲ្យបាន​ច្បាស់លាស់ ទើប​អាច ទទួល​ការងារ​ទាំងនោះ​បាន​។

​ផ្សារ​ទំនើប​របស់​ជប៉ុន​នោះ នឹង​ត្រូវ​សាងសង់​នៅ​ជិត​ស្ថានទូត​រុស្ស៊ី មាន​កម្ពស់ ៤​ជាន់​។ ការសម្រេចចិត្ត​វិនិយោគ​របស់​ជប៉ុន នៅ​កម្ពុជា ដូច្នេះ ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន ប្រកាសថា មកពី​កម្ពុជា​មាន​បរិយាកាស​វិនិយោគ​អំណោយផល ពិសេស​គឺ​ស្ថិរភាព​នយោបាយ​។ ក្នុង​ពិធី​នៅ​ព្រឹក​មិញ លោកនាយក​រដ្ឋមន្ត្រី ក៏​បាន​ប្រកាស​គាំទ្រ​គម្រោង​បង្កើត​បណ្ណាល័យ នៅតាម​ពន្ធនាគារ ដើម្បី​ឲ្យ​អ្នកទោស​បាន​សិក្សា​រៀនសូត្រ​។​

ជាមួយគ្នា​នោះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ប្រកាស​ពី​ក្តី​រំពឹងថា សេដ្ឋកិច្ច​នៅ​តំបន់​ជនបទ នៅ​ទូទាំង​ប្រទេស​កម្ពុជា នឹង​ងើបឡើង ក្រោយពី​ក្រុម​យុវជន​ស្ម័គ្រចិត្ត​រាប់ពាន់នាក់ ដែល​ដឹកនាំ​ដោយ​កូនប្រុស​របស់​លោក វាស់វែង និង​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​រួចរាល់​។ លោកនាយក​រដ្ឋមន្ត្រី ក៏​បាន​ដាក់បទបញ្ជា​ផ្ទាល់មាត់​ទៅ​កាន់​ក្រសួង​អប់រំ ត្រូវ​ពិនិត្យ ដើម្បី​សាងសង់​សាលារៀន នៅ​ទីតាំង​ដី ដែល​ទើប​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ថ្មី​ជា​ផ្លូវការ​ទាំងនោះ​។​
​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ប្រកាស​ឲ្យ​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​បន្តទៀត ចំពោះ​គ្រោះទឹកជំនន់ រាប់​ទាំង​ទឹកភ្លៀង និង​រាប់ទាំង​ទឹកទន្លេ បើ​ទោះបីជា​នៅ​ពេល​នេះ ទឹក​បា​នស្រក​ចុះ​ក៏ដោយ​។​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ថា អាយុជីវិត​របស់​លោក ក្នុងនាម​ជា​នាយក​រដ្ឋមន្ត្រី​របស់​កម្ពុជា គឺ​មាន​សារសំខាន់​បំផុត សម្រាប់​រក្សា​ស្ថិរភាព​របស់​ប្រទេសជាតិ ដូច​មាន​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ​។ តាម​លោកនាយក​រដ្ឋមន្ត្រី បើ​លោក​ត្រូវស្លាប់ នោះ​គឺ​ពិបាក​ជាង​ព្រះមហាក្សត្រ សោយ​ទីវង្គ​តទៅទៀត ព្រោះ​តាម​រដ្ឋធម្មនុញ្ញ ត្រូវ​រុះរើ​គណៈរដ្ឋមន្ត្រី​របស់​រដ្ឋាភិបាល​ទាំងមូល​តែ​ម្តង​។ នៅ​ព្រឹក​មិញ លោកនាយក​រដ្ឋមន្ត្រី ក៏​បាន​ប្រកាសថា ការបោះឆ្នោតជាតិ នៅ​ខែ​កក្កដា ឆ្នាំ​២០១៣ នឹង​មិន​ជួប​ឧបសគ្គ​អ្វី​ទេ ទោះបីជា​គណបក្ស​ប្រឆាំង មិន​ចូលរួម​ការបោះឆ្នោត​ក៏ដោយ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI