កម្ពុជា

ពាក្យ​បណ្តឹង​ទាក់ទង​នឹង​ការ​បោះឆ្នោត​ដោះស្រាយ​រួច​រាល់​

គជប បានរៀបចំកិច្ចប្រជុំ​នាពេលកន្លងមក
គជប បានរៀបចំកិច្ចប្រជុំ​នាពេលកន្លងមក RFI/Siv Channa

ពាក្យ​បណ្តឹង​​ទាក់ទង​​នឹង​​ការ​បោះឆ្នោត​​ក្រុម​ប្រឹក្សា​ឃុំ​​សង្កាត់​​ត្រូវ​បាន​​ដោះស្រាយ​​ចប់​​រួច​រាល់​​អស់​ហើយ​​នៅ​​ចុង​​សប្តាហ៍​​នេះ។​ នេះ​​បើ​តាម​​ការ​​ប្រាប់​​ឲ្យ​​ដឹង​​របស់​​មន្ត្រី​​អ្នក​នាំពាក្យ​គណៈ​កម្មាធិការ​​​ជាតិ​​រៀបចំ​​ការ​បោះឆ្នោត​(គ.ជ.ប)។​ ដូច្នេះ​ ការ​ប្រកាស​​លទ្ធផល​​បោះ​ឆ្នោត​​​ផ្លូវការ​​នឹង​ត្រូវ​​ធ្វើ​ឡើង​​នៅ​​ថ្ងៃ​ទី​២​៤​មិថុនា​​ខាង​មុខ​​​ ទៅ​តាម​​ការ​គ្រោងទុក​​ដោយ​​គ្មាន​​ការ​ពន្យារ​​នោះ​ឡើយ។​ គណបក្ស​នយោបាយ​​ភាគ​ច្រើន​​បាន​ប្រកាស​​ទទួល​ស្គាល់​​លទ្ធផល​​បណ្តោះ​អាសន្ន​​​រួច​ទៅ​ហើយ​​ខណៈ​ដែល​​គណ​បក្ស​​សម រង្ស៊ី​ ប្រកាស​​មិន​​ទទួល​យក​​លទ្ធផល​​បោះ​ឆ្នោត​​នេះ។

ផ្សាយពាណិជ្ជកម្ម

ពាក្យបណ្តឹង​ដែល​នៅ​សេសសល់​ចុងក្រោយ​ទាក់ទង​នឹង​ការបោះឆ្នោត​ត្រូវបាន គ.ជ.ប​ដោះ​ស្រាយ​​បញ្ចប់​រួចរាល់​ហើយ​នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ។ នេះ​បើ​យោងតាម​ការ​ប្រាប់​ឲ្យ​ដឹង​របស់លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត កំពុង​ផ្ទៀងផ្ទាត់​លទ្ធផល​ចុងក្រោយ​មុននឹង​ប្រកាស​លទ្ធផល​ផ្លូវការ​បាន​នៅ​ថ្ងៃទី២៤មិថុនា​ខាងមុខនេះ​ទៅតាម​ការគ្រោងទុក។

 
លោក​ទេព នីថា បាន​ប្រាប់​ឲ្យ​ដឹង​នៅថ្ងៃនេះ​ថាក្នុងអំឡុងពេល​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​​កន្លងទៅនេះ មាន​ពាក្យបណ្តឹង​ចំនួន ១៣៩ ត្រូវបាន​ដាក់​ទៅ​គណៈកម្មាធិការ​រៀបចំ​បោះឆ្នោត​ថ្នាក់ឃុំ​សង្កាត់ ពាក្យបណ្តឹង​ចំនួន ៧៩ ត្រូវបាន​បញ្ជូន​ដល់​ថ្នាក់​ខេត្ត និង​ពាក្យបណ្តឹង​ចំនួន ៧០ បាន​ឡើង​ដល់គ.ជ.ប។ ពាក្យបណ្តឹង​ទាំងនោះ​ត្រូវបាន​ដោះស្រាយ​ចប់​រួចរាល់​អស់ហើយ​នៅក្នុង​សវនាការ​ចុងក្រោយ​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ក្នុងនោះ​ក៏មាន​ពាក្យបណ្តឹង​ទាក់ទង​នឹង​លោក​សម រង្ស៊ី​ផងដែរ។ លោក​សម រង្ស៊ី មេដឹកនាំ​បក្សប្រឆាំង​ត្រូវបាន គ.ជ.ប សម្រេច​ផាក​ពិន័យ​​ចំនួន ១០ លាន​រៀល​ពីបទ​ជេរប្រមាថ​មេដឹកនាំ​គណបក្ស​ប្រជាជន​ក្នុងអំឡុងពេល​ឃោសនាបោះឆ្នោត​ដែល​ប្តឹង​ដោយ​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​ក្រុងភ្នំពេញ។ ក្រៅពីនោះ ពាក្យបណ្តឹង​ភាគច្រើន​ត្រូវបាន​ប្តឹង​ដោយ​គណបក្សប្រឆាំង។

ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី៣បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី៣មិថុនា​ដោយ​មាន​​​គណបក្សនយោបាយ​ចំនួន១០បាន​ចូលរួម។ យោងតាម​លទ្ធផល​បណ្តោះ​អាសន្ន​ដែល​ទទួលបាន​ពី​គណបក្សនយោបាយនីមួយៗ គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​បាន​ភាគច្រើន​លើសលប់​ពោលគឺ​ឈ្នះ​កាន់កាប់​ឃុំ​សង្កាត់​ចំនួន ១ ៥៩១ ក្នុងចំណោម​ឃុំ​សង្កាត់ ១ ៦៣៣ នៅ​ទូទាំងប្រទេស។

ចំណែក​គណបក្ស​សម រង្ស៊ី​ឈ្នះ​បាន ២២ ឃុំ​សង្កាត់ និង​គណបក្ស​សិទ្ធិមនុស្ស​បាន ១៨ ឃុំ​សង្កាត់។ យ៉ាងណាក៏ដោយ តួលេខ​នេះ​អាចមាន​ការប្រែប្រួល​បន្តិច​បន្តួច​នៅក្នុង​លទ្ធផល​ផ្លូវការ​​ពីព្រោះ​នៅសល់​ពីរ​ឃុំ​សង្កាត់​ទៀត​ដែល​គេ​មិនទាន់​ដឹងថា​បាន​ទៅលើ​គណបក្ស​ណា​នៅឡើយ។

ក្នុងខណៈពេល​ទន្ទឹងរ​ង់​ចាំ​លទ្ធផល​ផ្លូវការ គណបក្ស​ភាគច្រើន​បានប្រកាស​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​រួចទៅហើយ។ ដោយឡែក គណបក្ស​សម រង្ស៊ី​ប្រកាស​បដិសេធ​មិន​ទទួលយក​លទ្ធផល​បោះឆ្នោត​នេះ​ទេ​ក្រោម​ហេតុផល​ថា​មាន​ភាពមិនប្រក្រតី​ជាច្រើន​បាន​កើត​​ឡើង។ រីឯ​គណបក្ស​សិទ្ធិមនុស្ស​វិញ​នៅ​មិនទាន់​សម្រេច​ថា​ត្រូវ​ទទួលយក​ឬ​បដិសេធ​លទ្ធផល​នេះ​នៅឡើយ​ទេ​ដោយ​រង់ចាំ​ការប្រកាស​លទ្ធផល​ជា​ផ្លូវការ​សិន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI