អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ភាព​ស្មុគស្មាញ​នៃ​បេសកកម្ម​របស់​លោក​ចន ឃែរី ​នៅ​ដើមបូព៌ា

សំឡេង ០៦:២៣
លោក​ចន ឃែរី ពេល​ជួប​ជាមួយ​លោក​បាន គីមូន នៅ​ក្នុង​ទីក្រុង​យេរូសាឡឹម ថ្ងៃ​ទី២៣ កក្កដា ២០១៤
លោក​ចន ឃែរី ពេល​ជួប​ជាមួយ​លោក​បាន គីមូន នៅ​ក្នុង​ទីក្រុង​យេរូសាឡឹម ថ្ងៃ​ទី២៣ កក្កដា ២០១៤ REUTERS/Charles Dharapak
ដោយ៖ សេង ឌីណា
៣៣ នាទី

លោក​ចន ឃែរី រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាមេរិក ទើប​នឹង​ធ្វើ​ដំណើរទៅដល់​អ៊ីស្រាអែល នៅ​ថ្ងៃ​ពុធ​នេះ ដើម្បី​ព្យាយាម​សម្របសម្រួល ស្វែងរក​បទឈប់បាញ់ រវាង​ហាម៉ាស់ និង​អ៊ីស្រាអែល។ ក៏ប៉ុន្តែ បើ​គេ​មើល​ទៅលើ​ភាពចម្រូងចម្រាស​ក្នុង​ទំនាក់ទំនង អ៊ីស្រាអែល-អាមេរិក​​​ បេសកក​ម្ម​របស់​លោក​ចន ឃែរី នៅពេលនេះ ទំនង​ជា​នឹង​មាន​ភាព​ស្មុគស្មាញ​ខ្លាំង។

ផ្សាយពាណិជ្ជកម្ម

 

ជាទូទៅ អាមេរិក គឺ​ជា​ប្រទេស​ដែល​មាន​ឥទ្ធិពល​ខ្លាំង​ជាងគេ ទៅលើ​អ៊ីស្រាអែល ពីព្រោះ​ថា អាមេរិក គឺ​ជា​ខ្នងបង្អែកន​ដ៏ធំ​រ​បស់​អ៊ីស្រាអែល ទាំង​នៅ​ក្នុង​វិស័យ​ការទូតអន្តរជាតិ និង​វិស័យ​យោធា។

ក៏ប៉ុន្តែ គេ​សង្កេតឃើញ​ថា ចាប់តាំង​ពី​លោក​អូបាម៉ា​ឡើង​កាន់តំណែង​ជា​ប្រធានាធិបតី​អាមេរិក ទំនាក់ទំនង រវាង​អាមេរិក និង​អ៊ីស្រាអែល កំពុងតែ​មាន​ភាព​រកាំរកូស​គ្នា​ខ្លាំង ជាពិសេស ប្រមុខដឹកនាំ​ប្រទេស​ទាំងពីរ គឺ​​លោក​អូបាម៉ា និង​នេតាន់យ៉ាហ៊ូ មាន​ជំហរ​ខ្វែងគ្នា ទាំង​ទៅលើ​ដំណើរការ​សន្តិភាព​ រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន ក៏ដូចជា ទៅលើ​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ លោក​អូបាម៉ា​ធ្លាប់​បាន​រិះគន់​ត្រង់ៗ និង​ជា​សាធារណៈ​ចំពោះ​នយោបាយ​របស់​រដ្ឋាភិបាល​លោក​នេតាន់យ៉ាហ៊ូ ទាក់ទង​នឹង​ការ​សាងសង់​លំនៅដ្ឋាន​ជ្វីហ្វ នៅលើ​ទឹកដី​ប៉ាឡេស្ទីន។ ចំណែក​លោក​នេតាន់យ៉ាហ៊ូ​វិញ​ក៏​តែងតែ​បាន​រិះគន់​រដ្ឋាភិបាល​របស់​លោក​អូបាម៉ា​ដែរ​ថា មាន​ជំហរ​ទន់ជ្រាយ នៅ​ក្នុង​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។

បរាជ័យ​នៃ​កិច្ចចរចា​​សន្តិភាព រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន ក្រោម​កិច្ចសម្របសម្រួល​របស់​លោក ចន ឃែរី កាល​ពី​ខែ​មេសា​កន្លងទៅថ្មីៗ​នេះ រឹតតែ​ធ្វើ​ឲ្យ​ទំនាក់ទំនង អ៊ីស្រាអែល-អាមេរិក កាន់តែ​ធ្លាក់ចុះ​មួយកម្រិត​ថែមទៀត។

បញ្ហា​ស្មុគស្មាញ​មួយ​ទៀត នៅ​ក្នុ​ងបេសកកម្ម​របស់​ចន ឃែរី នៅ​ដើមបូព៌ា នៅពេលនេះ គឺ​នៅត្រង់​ថា ដើម្បី​សម្របសម្រួល​ឲ្យ​បាន​បទឈប់បាញ់ អ្នក​សម្របសម្រួល​ត្រូវ​តែ​ជជែក​ជាមួយ​ភាគី​ជម្លោះ​ទាំងសងខាង មាន​ន័យ​ថា លោក​​ចន ឃែរី ត្រូវ​តែ​ជួប​ជជែក ទាំង​ជាមួយ​អ៊ីស្រាអែល និង​ជាមួយ​ប៉ាឡេស្ទីន។ ក៏ប៉ុន្តែ ភាគី​ប៉ាឡេស្ទីន ដែល​កំពុង​មាន​ជម្លោះ​ជាមួយ​អ៊ីស្រាអែល​នៅពេលនេះ គឺ​ក្រុម​ហាម៉ាស់ ដែល​ត្រូវ​បាន​អាមេរិក ក៏ដូចជា​ប្រទេស​លោកខាងលិច​ផ្សេងទៀត​ចាត់ទុក​ជា​ក្រុម​ភេរវជន ហើយ​​គោលការណ៍​ជា​មូលដ្ឋាន​ក្នុង​នយោបាយ​ការបរទេស​អាមេរិក គឺ​មិន​ជួប​ចរចា​ជាមួយ​ភេរវជន។
 
ដើម្បី​បញ្ចុះបញ្ចូល​ក្រុម​ហាម៉ាស់ លោក​ចន ឃែរី ដាក់​ក្តីសង្ឃឹមច្រើន​ទៅលើ​អេហ្ស៊ីប។ ហេតុដូច្នេះ​ហើយ​បាន​ជា ​លោករដ្ឋមន្រ្តី​ការបរទេស​អាមេរិក​បាន​ចំណាយ​ពេល​ច្រើន នៅ​ទីក្រុង​គែរ ប្រទេស​​អេហ្ស៊ីប មុន​នឹង​ចេញ​ដំណើរ​ទៅ​អ៊ីស្រាអែល នៅថ្ងៃ​ពុធ​នេះ។

គួរបញ្ជាក់ថា កាលពីពេល​កន្លងមក គឺ​​អេហ្ស៊ីប​ដែល​ជា​អ្នក​តែងតែ​បាន​ចេញមុខ​​ជួយ​សម្របសម្រួល​ឲ្យ​មាន​បទឈប់បាញ់ រវាង​អ៊ីស្រាអែល និង​ហាម៉ាស់ ដោយសារ​តែ​អេហ្ស៊ីប ជា​ប្រទេស​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​អ៊ីស្រាអែល​ផង និង​មាន​ឥទ្ធិពល​ទៅលើ​ក្រុម​ហាម៉ាស់​ផង។ ក៏ប៉ុន្តែ នោះ​​គឺ​អេហ្ស៊ីប​​ក្រោម​ការ​ដឹកនាំ​របស់​លោក​មូបារ៉ាក់។

នៅ​ក្នុងពេល​បច្ចុប្បន្ន​នេះ មេដឹកនាំ​អេហ្ស៊ីប​ហាក់ដូចជា​មិនសូវ​មាន​ឥទ្ធិពល​ទៅលើ​ក្រុម​ហាម៉ាស់​ដូច​ពី​សម័យ​លោក​មូបារ៉ាក់​នោះទេ។ ជាក់ស្តែង​ កាលពីថ្ងៃ​អង្គារ​សប្តាហ៍មុន អេហ្ស៊ីប​​ធ្លាប់​បាន​ស្នើ​ឡើង​នូវ​បទឈប់បាញ់​​ម្តង​រួចមក​ហើយ។ សំណើ​បទឈប់បាញ់ ដែល​រដ្ឋាភិបាល​អ៊ីស្រាអែល​ទទួល​យក ក៏ប៉ុន្តែ ​ត្រូវ​ក្រុម​ហាម៉ាស់​​​ច្រានចោល។

ប៉ាឡេស្ទីន​ចោទ​អ៊ីស្រាអែល​ពីបទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ

នៅថ្ងៃ​ពុធ​នេះ ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អ.ស.ប ​បាន​បើក​កិច្ចប្រជុំ​វិសាមញ្ញ​មួយ នៅ​ទីស្នាក់ការ​ក្នុង​ក្រុង​ហ្សឺណែវ ដើម្បី​ជជែក​ពី​ជម្លោះ​ នៅ​ដើមបូព៌ា​នេះ។ កិច្ចប្រជុំ​វិសាមញ្ញ​នេះ​ត្រូវបាន​ធ្វើឡើង ទៅតាម​សំណើ​របស់​​ប្រទេស ៣ គឺ​អេហ្ស៊ីប ក្នុងនាម​ក្រុមប្រទេស​អារ៉ាប់ ​ប៉ាគីស្ថាន ក្នុងនាម​អង្គការ​សហប្រតិបត្តិការ​អ៊ីស្លាម (Organisation de la coopération islamique)​ និង​ប៉ាឡេស្ទីន​ ដែល​ជា​សមាជិក​សង្កេតការណ៍ និង​ជា​​ភាគី​ជម្លោះ​​ជាមួយ​អ៊ីស្រាអែល​បច្ចុប្បន្ន ។

នៅ​ក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​នេះ​ប៉ាឡេស្ទីន​បាន​ស្នើ​ឡើង​នូវ​​សេចក្តីសម្រេច​មួយ ដើម្បី​ថ្កោលទោស “ការរំលោភ​​ដោយ​កម្រោល និង​ជា​ប្រព័ន្ធ ទៅលើ​សិទ្ធិមនុស្ស និង​សិទ្ធិសេរីភាព​ជាមូលដ្ឋាន​ បង្ក​ឡើង​ដោយ​ប្រតិបត្តិការ​យោធា​អ៊ីស្រាអែល នៅ​ក្នុង​ទឹកដី​ហ្កាហ្សា”។ នៅ​ចំពោះមុខ​អ.ស.ប ​ប៉ាឡេស្ទីន​បាន​លើកឡើង​ថា សកម្មភាព​យោធា​របស់​អ៊ីស្រាអែល​នៅ​ក្នុង​ទឹកដី​ហ្កាហ្សា​អាច​ត្រូវ​ចាត់បញ្ចូល​ជា​ឧក្រិដ្ឋកម្ម​សង្រ្គាម ឬ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ដែល​អ.ស.ប​ត្រូវ​បង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ ដើម្បី​បើក​ការស៊ើបអង្កេត​ជា​បន្ទាន់។

ប៉ាឡេស្ទីន​​ក៏​បាន​ទាមទារ​ផងដែរ​​​ឲ្យ​អ.ស.ប ដាក់​ប៉ាឡេស្ទីន​ឲ្យ​ស្ថិត​នៅ​ក្រោម​កិច្ចការពារ​អន្តរជាតិ​ជា​បន្ទាន់ ដើម្បី​បញ្ឈប់​ការ​វាយប្រហារ​ទៅលើ​ជនស៊ីវិល​នៅ​ហ្កាហ្សា។

ក្រុមហ៊ុន​អាកាសចរណ៍​អឺរ៉ុប​និង​អាមេរិក​ផ្អាក​ការ​ហោះហើរ​ទៅ​អ៊ីស្រាអែល

នៅ​ក្នុងពេល​ដែល​សកម្មភាព​ការទូត​កំពុងតែ​ផុសផុល​ខ្លាំង ដើម្បី​ស្វែងរក​បទឈប់បាញ់​ នៅ​លើ​ដីជាក់ស្តែង​ឯណោះវិញ ការវាយប្រហារ​តបត​គ្នា រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន នៅ​តែ​បន្ត ហើយ​នៅតែ​មាន​សភាព​ខ្លាំង​ក្លា​ដដែល។ គិតជាសរុប ​ការ​វាយប្រយុទ្ធគ្នា អស់រយៈពេល ១៦ថ្ងៃ​កន្លងទៅនេះ បាន​បណ្តាល​ឲ្យ​​​ប្រជាជន​ប៉ាឡេស្ទីន​ប្រមាណ ៦៥០នាក់ និង​ទាហាន​អ៊ីស្រាអែល ២៩នាក់ ត្រូវ​បាត់បង់​ជីវិត។

នៅ​ថ្ងៃ​ពុធ​នេះ ជនបរទេស​ម្នាក់​ត្រូវ​បាត់បង់​ជីវិត នៅ​ប៉ែក​ខាង​ត្បូង​អ៊ីស្រាអែល ដោយ​ត្រូវ​គ្រាប់​រ៉ុកកែត​​របស់​ក្រុម​ហាម៉ាស់។ នេះ​បើ​យោងតាម​ការអះអាង​របស់​ប៉ូលិស​អ៊ីស្រាអែល។

កាល​ពីថ្ងៃ​អង្គារ​ម្សិលមិញ អ្នក​ដំណើរ​តាម​យន្តហោះ នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ក្រុង Tel Aviv ត្រូវ​បាន​គេ​ជម្លៀស​ឲ្យ​រត់រក​កន្លែង​សុវត្ថិភាព ក្រោយ​ពី​រ៉ុកកែត​មួយគ្រាប់​បាញ់​ចេញ​ពី​ហ្កាហ្សា ហើយ​ធ្លាក់​នៅ​ប្រមាណ​ជាង ១គីឡូម៉ែត្រ​ពី​ផ្លូវ​យន្តហោះ។ ហេតុការណ៍​នេះ​បាន​ជំរុញ​ឲ្យ​ទីភ្នាក់ងារ​អាកាសចរណ៍​ស៊ីវិល​អាមេរិក និង​អឺរ៉ុប ចេញ​បញ្ជា​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​របស់​ពួកគេ​ផ្អាក​ការហោះហើរ​ទៅកាន់​អ៊ីស្រាអែល ដោយ​មាន​ការ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​អ្នក​ដំណើរ ជាពិសេស ក្រោយ​​ពី​គេ​ទើប​នឹង​ឃើញ​មាន​ហេតុការណ៍​ធ្លាក់​យន្តហោះ​ម៉ាឡេស៊ី នៅ​ខាង​កើត​អ៊ុយក្រែន ដែល​បណ្តាល​ឲ្យ​អ្នក​ដំណើរ​ជិត ៣០០នាក់​ត្រូវ​បាត់បង់​ជីវិត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ