ការឃុបឃិតជាប្រភពនៃបញ្ហារាប់រយជំពូកដោះស្រាយមិនចេញ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ក្នុងចំណោមបញ្ហារាប់រយជំពូកដែលកំពុងចាក់ស្រែះក្នុងសង្គមកម្ពុជាបច្ចុប្បន្ន បញ្ហាភាគច្រើនមានប្រភពចេញពីការឃុបឃិត។ ការឃុបឃិតមានច្រើនសណ្ឋាន និងច្រើនដំណាក់កាល ដូចជាការឃុបឃិតរវាងឈ្មួញនិងអាជ្ញាធរដែនដី រវាងបុគ្គលដែលចង់បានផលប្រយោជន៍ជាមួយមន្ត្រីថ្នាក់លើ ឬក៏រវាងមន្ត្រីថ្នាក់ក្រោម និងមន្ត្រីថ្នាក់លើ។ ជាទូទៅ បញ្ហាដែលកើតចេញពីការឃុបឃិតបែបនេះពិបាកនឹងដោះស្រាយ ពីព្រោះអ្នកដែលដោះស្រាយបញ្ហាគឺជាអ្នកបង្កើតបញ្ហា និងទទួលប្រយោជន៍ពីបញ្ហា។
នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន មានបញ្ហាជាច្រើនដែលគេមើលពីខាងក្រៅទៅហាក់គ្មានអ្វីគួរឲ្យពិបាកដោះស្រាយឡើយ ប៉ុន្តែ បញ្ហាបានអូសបន្លាយរាប់ខែ ឬរាប់ឆ្នាំនៅតែមិនទាន់ចប់ ឬក៏ដោះស្រាយមិនចេញតែម្តង លើកលែងតែមានបញ្ជាផ្ទាល់ពីនាយករដ្ឋមន្ត្រី។ ប្រសិនបើគេពិនិត្យឲ្យស៊ីជម្រៅមែនទែន បញ្ហាទាំងនោះភាគច្រើនសុទ្ធតែជាប់ពាក់ពន្ធ័នឹងការឃុបឃិតគ្នាជាបណ្តាញដូចសម្លកំពឹស។ មានបញ្ហាច្រើនយ៉ាងដែលមានដើមហេតុចេញពីការឃុបឃិត។
នៅពេលដែលបុគ្គលអ្នកមានប្រាក់ ឬអ្នកមានអំណាច ចង់ទិញដីមួយកន្លែង ពួកគេតែងរត់ការតាមរយៈអាជ្ញាធរដែនដី ដើម្បីទទួលបានឯកសារស្របច្បាប់ជាថ្នូរនឹងកម្រៃជើងសា។ កម្រៃជើងសានេះឯង ដែលជំរុញឲ្យអាជ្ញាធរដែនដីខ្លះត្រូវប្រើគ្រប់មធ្យោបាយ ដើម្បីធ្វើឯកសារឲ្យបាន បើទោះបីជាពេលខ្លះត្រូវរំលោភសិទ្ធិប្រជាពលរដ្ឋក្តី។ អ៊ីចឹងហើយបានជាគេតែងឮករណីដីមួយមានប្លង់ជាន់គ្នា ឬក៏សុខៗស្រាប់តែមានអ្នកមកប្តឹងប្រជាពលរដ្ឋយកដីដោយសំអាងលើប្លង់កម្មសិទ្ធិ ដែលជួនកាលកើតចេញពីការឃុបឃិត។ ទំនាស់ដីធ្លីទាក់ទងនឹងដីសម្បទានមួយចំនួនក៏មានប្រវត្តិស្រដៀងគ្នាដែរ គឺការឃុបឃិតក្នុងបណ្តាញរត់ការ។ នៅទីបំផុត បញ្ហាបានផ្ទុះឡើងនៅពេលចាប់ផ្តើមវាស់វែង និងឈូសឆាយដី ហើយប៉ះដល់កម្មសិទ្ធិរបស់ពលរដ្ឋ។
ករណីនាំពលករទៅក្រៅប្រទេសក៏មានសាវតារស្រដៀងគ្នាដែរ ពោលគឺ ភ្នាក់ងារនាំពលករមួយចំនួនមានអ្នកធ្វើខ្នងបង្អែកនៅពីក្រោយខ្នង។ អ៊ីចឹងហើយបានជា ក្រុមហ៊ុនមួយចំនួនបានធ្វើសកម្មភាពតាមអំពើចិត្ត ហើយនៅពេលមានបញ្ហាគេមិនងាយនឹងដោះស្រាយបានឡើយ បើទោះបីជាមានរឿងអាស្រូវកើតឡើងម្តងហើយម្តងទៀតក៏ដោយ។ ការឃុបឃិតក៏ជាប្រភពនៃអប្រសិទ្ធិភាពនៃសេវាកម្មរបស់រដ្ឋជាច្រើនដែរ។ ជាក់ស្តែង ការត្រួតពិនិត្យគុណភាពទំនិញ ការងារអធិការកិច្ចក្នុងវិស័យមួយចំនួន ឬការងារត្រួតពិនិត្យគុណភាពសំណង់ផ្ទះ អគារ រហូតដល់សំណង់ផ្លូវស្ពាន។ល។ និង។ល។ ការឃុបឃិតក៏ជាចំណែកចូលរួមបំផ្លាញសង្គមខ្លាំងណាស់ដែរ។ ការចាប់ខ្លួនមន្ត្រីធំៗទាក់ទងនឹងគ្រឿងញៀនរយៈពេលចុងក្រោយនេះគឺជាឧទាហរណ៍ជាក់ស្តែងមួយទៀតអំពីការឃុបឃិតដើម្បីផលប្រយោជន៍របស់មន្ត្រីខិលខូចមួយចំនួនដែលសុខចិត្តជាន់ពន្លិចកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល។
ជំនួញឈើមានតម្លៃដែលនៅតែកើតមានជាហូរហែ បង្ក្រាបមិនចេះអស់ បើទោះបីជាប្រមុខរដ្ឋាភិបាលបានចាត់វិធានការក្តៅយ៉ាងណាក៏ដោយនោះ ក៏ត្រូវគេមើលឃើញថាមានប្រភពចេញពីការឃុបឃិតគ្នានេះដែរ។ ប្រសិនបើគ្មានការអនុញ្ញាតពីសមត្ថកិច្ចដែនដី ឈើមិនអាចចេញពីព្រៃបានឡើយ។ ប្រសិនបើគ្មានការបិទភ្នែកពីសមត្ថកិច្ចផ្សេងទៀតតាមផ្លូវ ឈើក៏មិនអាចត្រូវគេដឹករាប់រយគីឡូម៉ែត្របានដែរ។ ប្រសិនបើគ្មានខ្នងបង្អែកឬការឃុបឃិតជាបណ្តាញក៏ឈ្មួញឈើមិនអាចរកស៊ីបានដែរ។ នេះគ្រាន់តែជាឧទាហរណ៍ខ្លះៗប៉ុណ្ណោះ ដែលរំលេចឲ្យឃើញពីការឃុបឃិតគ្នានៃមន្ត្រីថ្នាក់ក្រោម ដែលជាញឹកញាប់ធ្វើឲ្យបទបញ្ជារបស់នាយករដ្ឋមន្ត្រីគ្មានប្រសិទ្ធិភាព។ និយាយជារួម ការឃុបឃិតគឺជាប្រភពនៃបញ្ហារាប់រយជំពូកនិងពិបាកដោះស្រាយ។
ជាការពិតណាស់ ការឃុបឃិតគ្នាដើម្បីផលប្រយោជន៍ហាក់បានក្លាយជាទម្លាប់ធម្មតាមួយទៅហើយនៅក្នុងបណ្តាញរដ្ឋបាលសាធារណៈ រាប់តាំងពីកិច្ចការតូចតាច រហូតដល់កិច្ចការធំៗ។ ការចាប់ខ្លួនមន្ត្រីទីប្រឹក្សាមេដឹកនាំកំពូលស្ថាប័នជាតិកាលពីពេលថ្មីៗនេះគឺជាឧទាហរណ៍ជាក់ស្តែងបំផុតនៃការឃុបឃិតគ្នាជាបណ្តាញដោយយកឈ្មោះមេដឹកនាំទៅប្រើប្រាស់។ អំពើឃុបឃិតបែបនេះមិនត្រឹមតែធ្វើឲ្យប៉ះពាល់កិត្តិយសមេដឹកនាំស្ថាប័នជាតិប៉ុណ្ណោះទេ ប៉ុន្តែ វាក៏បានធ្វើឲ្យប៉ះពាល់ដល់គោលនយោបាយរដ្ឋាភិបាល ជាពិសេសប៉ះពាល់កិត្តិយសប្រទេសជាតិទាំងមូល នៅពេលដែលក្រសែភ្នែកសហគមន៍អន្តរជាតិ និងអ្នកវិនិយោគទុនបរទេសសម្លឹងមកកម្ពុជាជាទីកន្លែងស្មុគស្មាញសម្រាប់ជំនួញ។ ដូច្នេះ ដល់ពេលហើយដែលត្រូវផ្លាស់ប្តូរទម្លាប់នេះចោល ដើម្បីភាពស្អាតស្អំនៃរដ្ឋបាលសាធារណៈកម្ពុជា ដែលជាគន្លឹះសម្រាប់អភិវឌ្ឍន៍ប្រទេសដោយប្រសិទ្ធិភាព៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ