កម្ពុជា

ពន្ធនាគារ​ទូទាំង​ប្រទេស​កម្ពុជា​ប្រឈមនឹង​កំណើន​ខ្លាំង​នៃ​អ្នកទោស​

ពន្ធនាគារ​ក្នុងប្រទេស​កម្ពុជា បានឃុំឃាំង​អ្នកទោស​ច្រើនលើសចំណុះ
ពន្ធនាគារ​ក្នុងប្រទេស​កម្ពុជា បានឃុំឃាំង​អ្នកទោស​ច្រើនលើសចំណុះ © សុវណ្ណារា

ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ចំនួន​ទណ្ឌិត​នៅ​ក្នុង​ពន្ធនាគារ​នានា​ក្នុង​ប្រទេសកម្ពុជា​បន្ត​ការ​កើន​ឡើង​ឥត​​ឈប់ឈរ ​ដែល​បង្ក​អោយ​មាន​ភាព​ចង្អៀតឡើងៗ​រហូត​ដល់​កម្រិត​គួរ​អោយ​ព្រួយ​បារម្ភ​ជា​ខ្លាំង។​ អង្គការ​សង្គម​ស៊ីវិល​បានស្តី​បន្ទោស​ថា ​បញ្ហានេះ​បណ្តាលមកពី​ចៅ​ក្រម​ចេះ​តែ​បន្ត​សម្រេច​​ឃុំ​ខ្លួន​ជនជាប់ចោ​ទជា​បណ្តោះ​​អាសន្ន​ជា​ជាង​ការ​ដោះ​លែង​ឲ្យនៅ​ក្រៅឃុំ។

ផ្សាយពាណិជ្ជកម្ម

ពន្ធនាគារ​នានា​ក្នុង​ប្រទេស​កម្ពុជា​កាន់តែ​ចង្អៀតឡើងៗ​រហូត​ដល់កម្រិត​គួរ​អោយ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ដោយ​សារ​តែ​ចៅ​ក្រម​ចេះ​តែ​បន្ត​សម្រេច​ឲ្យ​ឃុំ​ខ្លួន​ជា​បណ្តោះ​អាសន្ន​ជា​ជាង​ការ​ដោះ​លែង​ឲ្យនៅ​ក្រៅឃុំ​ នេះ​បើ​តាម​ការ​អះអាង​របស់​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ដែល​គ្រោង​នឹង​ចេញ​ផ្សាយ​របាយការណ៍​ស្តី​អំពី​ពន្ធនាគារ​នៅ​សប្តាហ៍​ក្រោយ​។

 
អង្គការ​សិទ្ធិមនុស្ស​លី​កាដូបាន​លើក​ឡើង​ថា​ បច្ចុប្បន្ន​មាន​ទណ្ឌិត​ចំនួនជាង ​១៦.០០០ នាក់​នៅ​ក្នុង​ពន្ធនាគារ​ទូទាំង​ប្រទេស​កម្ពុជា។​ ចំនួន​នេះ​បាន​កើន​ឡើង​​ពី​ ​១៥.០០០ ​នាក់​កាលពី​ដំណាច់​ឆ្នាំ​មុន។ ​ក្នុង​ចំណោម​ទណ្ឌិត​សរុបទាំង​នោះ​ មាន​អ្នកជាប់​ឃុំ​បណ្តោះ​អាសន្ន​ចំនួន​ជាង ៣.០០០ នាក់។ ​អង្គការ​លីកាដូ​បាន​ធ្វើ​ការសិក្សា​នៅក្នុង​ពន្ធនាគារ​ចំនួន​១៨ ​ក្នុង​ចំណោម​ពន្ធនាគារ​ចំនួន​២៧​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។

ការ​កើន​ឡើង​ចំនួន​អ្នកទោស​បាន​កើតឡើង​គ្រប់​ពន្ធនាគារ​ទាំងអស់​ដែលបង្ក​អោយ​ពន្ធនាគារ​នីមួយៗ​​មាន​ភាព​កាន់តែ​ចង្អៀត​ណែន​ ហើយស្ថានភាពនេះ​កាន់​តែ​ធ្ងន់ធ្ងរទៅៗ ​ដែលបណ្តាល​អោយប៉ះ​សុខ​ភាព​ទណ្ឌិត​និង​ជន​ជាប់​ឃុំ​ដូច​ជា​ ងាយ​ឆ្លង​នូវ​ជំងឺ​ផ្សេងៗ​ ជំងឺ​ផ្លូវ​ចិត្ត​ និងការ​ហាត់​ប្រាណ​មិន​បាន​គ្រប់​គ្រាន់​។ ​ដោយសារ​តែស្ថានភាព​ចង្អៀតពេក​ ទណ្ឌិត​មួយចំនួន​ត្រូវ​ផ្លាស់​ប្តូរ​វេន​គ្នា​ដេក​ទៀតផង។

លោក​អំ​ សំ​អាត​ មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​អង្គការ​សិទ្ធិមនុស្ស​លី​កា​ដូ​បាន​អោយ​ដឹង​ថា ​កត្តា​ដែ​លបណ្តាល​អោយ​ចំនួន​ទណ្ឌិត​រឺ​ក៏ពិរុទ្ធជន​បន្ត​ការ​កើន​ឡើងបែប​នេះគឺ​ដោយ​សារ​តែ​បទ​ល្មើស​មាន​​ការ​កើន​ឡើង​ ហើយ​តុលាការ​បាន​អនុវត្ត​ក្រម​ព្រហ្មទណ្ឌថ្មី​ ដោយ​សម្រេចអោយ​ជនជាប់​ចោទ​ជាប់​ឃុំ​បណ្តោះ​អាសន្ន​ជា​ជាង​ការ​សម្រេច​អោយ​នៅ​ក្រៅ​ឃុំ។

មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​រូបនេះ​អះអាងថា​ ដើម្បី​កាត់​បន្ថយ​ភាព​ចង្អៀត​ណែន​នេះ ​តុលារការ​គួរ​តែ​ជ្រើស​រើស​អោយជន​ជាប់ចោទ​នៅ​ក្រៅ​ឃុំ​ ហើយបើ​អាច​ធ្វើទៅ​បាន​ តុលាការ​គួរព្យួរទោស ទណ្ឌិត​មួយចំនួន​ដើម្បីកាត់​បន្ថយ​ការ​ឃុំ​ខ្លួន​លើ​នីតិ​វិធី​ផង ​និងកាត់​បន្ថយ​ចំនួន​អ្នកទោស​ក្នុង​ពន្ធនាគារ​ផង។

លោក​លីវ ម៉ូវ អគ្គនាយក​រង​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ​បាន​ទទួល​ស្គាល់​ថា​ចំនួន​ទណ្ឌិត​ពិត​ជា​បន្តការ​កើន​ឡើង​ដែល​បង្ក​អោយ​មាន​ភាព​ចង្អៀត​ណែន​នៅ​ក្នុង​ពន្ធនាគារ​នៅ​ទូទាំង​ប្រទេស។ ​ហើយ​កត្តា​ដែល​បណ្តាល​អោយ​កើន​ឡើងនេះ​ទាក់ទង​ទៅ​ករណី ​អាជ្ញាធរ​បាន​ឃាត់​ខ្លួន​អ្នកចែក​ចាយ​ ឬក៏ប្រើ​ប្រាស់​គ្រឿង​ញៀន​ ស្រវឹង​ រំលោភ អំពើ​ហិង្សា​ក្នុង​គ្រួសារ​ជា​ដើម។ ​លោកបន្ថែម​ថា ​ប្រសិន​បើ​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​នាំ​គ្នា​ទប់​ស្កាត់​បទល្មើស​ទាំង​នេះ​មិន​អោយ​កើត​ឡើង​បាន​គឺជាការ​ចូលរួម​ចំណែក​បន្ថយ​កំណើន​នៃ​ទណ្ឌិត​ក្នុង​ពន្ធនាគារ​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI