សន្និសីទក្រុងAbou Dhabi អំពាវនាវអោយរួមគ្នាសង្គ្រោះបេតិកភណ្ឌដែលកំពុងរងការគំរាមកំហែង
ថ្ងៃសុក្រនិងថ្ងៃសៅរ៍នេះ ទីក្រុងអាប៊ូ ដាប៊ី នៅអេមីរ៉ាត អារ៉ាប់រួម រៀបចំសន្និសីទអន្តរជាតិ ស្តីពីការការពារបេតិកភណ្ឌដែលកំពុងរងការគំរាមកំហែង ដោយសារសង្គ្រាម រឺក៏ភេរវកម្ម។ អង្គការយូណេស្កូបានសង្កត់ធ្ងន់ពីភាពចាំបាច់ ដែលគ្រប់គ្នាត្រូវធ្វើសកម្មភាពរួមគ្នាការពារបេតិកភណ្ឌទាំងនេះ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សន្និសីទនៅទីក្រុងអាប៊ូដាប៊ី ថ្ងៃសុក្រនិងថ្ងៃសៅរ៍នេះ មានវត្តមានចូលរួមរបស់តំណាងប្រទេសជាង៤០។ តាមរយៈសន្និសីទក្រុងអាប៊ូដាប៊ី អន្តរជាតិចង់អំពាវនាវអោយមានសកម្មភាព និងការរួបរួមគ្នា ពីគ្រប់ទិសទី ដើម្បីស្រោចស្រង់បេតិកភណ្ឌដែលកំពុងរងការបំផ្លិចបំផ្លាញ។
សន្និសីទនេះ មានទិសដៅបង្កើតមូលនិធិមួយ ដែលមានទឹកប្រាក់១០០ ពាន់លានដុល្លារ និងបង្កើតបណ្តាញអន្តរជាតិមួយដែរ ដើម្បីរក្សាទុកដាក់សម្បត្តិបេតិកភណ្ឌដែលរងការគំរាមកំហែងទាំងនោះ។ បារាំងលើកឡើងថា វាជាពេលវេលាដែលសហគមន៍អន្តរជាតិ ទាំងផ្នែករដ្ឋទាំងផ្នែកឯកជន ត្រូវរួបរួមគ្នា ធ្វើសកម្មភាព ការពារបេតិកភណ្ឌដែលរងគ្រោះដោយសារសង្គ្រាម ភេរវកម្ម រឺក៏អំពើឃោរឃៅផ្សេងៗ។
អង្គការយូណេស្កូបានលើកឡើងពីការបំផ្លិចបំផ្លាញនូវបេតិកភណ្ឌមនុស្សជាតិ ដែលបានកើតឡើងក្នុងប្រវត្តិសាស្ត្របច្ចុប្បន្ន នៅតាមប្រទេសដែលរងសង្គ្រាមដូចជាអ៊ីរ៉ាក់ និងស៊ីរី។ សម្រាប់យូណេស្កូ ការបំផ្លិចបំផ្លាញបេតិកភណ្ឌទាំងនេះ ប្រៀបបានទៅនឹងការបោសសម្អាតវប្បធម៌ដូច្នោះដែរ។ ក្នុងចំណោមសម្បត្តិបេតិកភណ្ឌចំនួន១០៥២ ក្នុងពិភពលោក សព្វថ្ងៃ មានទីតាំង៥៥កន្លែង ដែលស្ថិតក្នុងបញ្ជីនៃបេតិកភណ្ឌរងការបំផ្លិចបំផ្លាញ របស់អង្គការយូណេស្កូ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ