កម្ពុជា

ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​មាន​ទីប្រឹក្សា​និង​ជំនួយ​ការ​ជាង​ ៦០​នាក់​

ស្ថាប័នរដ្ឋ​នានា​សម្រាប់​រដ្ឋាភិបាល​អាណត្តិ​ទី៥នេះ​ បាន​តែងតាំង​​ទីប្រឹក្សា និង​ជំនួយការ​របស់​ខ្លួន​ជា​បន្តបន្ទាប់។ ទីស្តីការ​គណៈរដ្ឋមន្ត្រី​ដែល​ដឹកនាំ​ដោយ​លោក​ឧបនាយក​រដ្ឋមន្ត្រី សុខ អាន ​មាន​​ទីប្រឹក្សា និង​ជំនួយ​ការ​សរុប ជាង​៦០​នាក់។ នេះ​​បើ​យោង​តាម​​ព្រះរាជ​ក្រឹត្យ​ចុះ​ថ្ងៃទី​១៦ តុលា។ ការ​តែងតាំង​​ទីប្រឹក្សា ​និង​​ជំនួយការ​​របស់​​រដ្ឋាភិបាល ក៏​ដូចជា​​របស់​​ស្ថាប័ន​រដ្ឋ​​​នានា​នៅ​តែ​មាន​​ចំនួន​ច្រើន​ដដែល ​បើ​ទោះបី​ជា​​មាន​ការ​​កាត់​បន្ថយ​នៅក្នុង​ស្ថាប័ន​ខ្លះ​​ក្តី។

លោក ​សុខ អាន​រដ្ឋមន្ត្រី​ទីស្តីការ​គណៈរដ្ឋមន្ត្រី។
លោក ​សុខ អាន​រដ្ឋមន្ត្រី​ទីស្តីការ​គណៈរដ្ឋមន្ត្រី។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ទីស្តីការគណៈរដ្ឋមន្ត្រី​ដែល​ដឹកនាំ​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន មាន​ទីប្រឹក្សា​ចំនួន ៥១ នាក់ និង​ជំនួយការ​ចំនួន ១១ នាក់ ដែល​សរុប​ទាំងអស់​ចំនួន ៦២ នាក់។ នេះ​បើ​យោង​តាម​ព្រះរាជក្រឹត្យ​តែងតាំង​របស់​ព្រះមហាក្សត្រ​ចុះ​ថ្ងៃទី ១៦ តុលា។ ព្រះរាជក្រឹត្យ​ដដែល​នេះ​ ក៏បាន​តែងតាំង​ទីប្រឹក្សា​អាជ្ញាធរ​អប្សរា២នាក់ និង​ទីប្រឹក្សា បូក​នឹង​ជំនួយការ​របស់​រាជបណ្ឌិត​សភា​ដែល​ស្ថិតក្រោម​ចំណុះ​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ដដែល​ចំនួន ១៣ នាក់​ផ្សេងទៀត។

គួរ​បញ្ជាក់ថា រដ្ឋាភិបាល​ថ្មី​អាណត្តិ​ទី៥របស់លោក​នាយក​​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅតែ​ជា​រដ្ឋាភិបាល​មាន​សមាសភាព​ចាស់​​ភាគច្រើន​ និង​ជា​រដ្ឋាភិបាល​ដែលមាន​មន្ត្រី​កាន់តំណែង មន្ត្រី​ទីប្រឹក្សា និង​ជំនួយការ​ច្រើន​ដដែល។ រដ្ឋាភិបាល​នេះ​មាន​អម​ដោយ​​ឧបនាយករដ្ឋមន្ត្រី ៩រូប ទេសរដ្ឋមន្ត្រី ១៥រូប និង​រដ្ឋមន្ត្រី​ប្រតិភូ​​អម​​នាយក​រដ្ឋមន្ត្រី​​ចំនួន១៣នាក់។ នេះ​នៅ​មិន​ទាន់​រាប់​រដ្ឋលេខាធិការ និង​អនុ​រដ្ឋលេខា​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ផ្សេង​​ទៀតផង​ទេ។ ក្រៅពីនោះ ក៏​នៅមាន​ទីប្រឹក្សា​និង​ជំនួយ​ការ​របស់​ស្ថាប័ននីមួយៗជាច្រើន​ទៀត។

កន្លងទៅនេះ ការតែងតាំង​ទីប្រឹក្សា​និង​ជំនួយការ និង​ការបែងចែក​តួនាទី​ក្នុង​ស្ថាប័នរដ្ឋ​នានា​តែង​ទទួល​ការរិះគន់​ពី​បក្សប្រឆាំង​និង​​សង្គម​ស៊ីវិល​ថា​ធ្វើឡើង​ដោយ​គ្មាន​តម្លាភាព​ និង​គ្មាន​ប្រសិទ្ធភាព​ដែលជា​ការ​ខ្ជះខ្ជាយ​ថវិកាជាតិ។ នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ថ្មី​កាលពី​ថ្ងៃទី ២៥ កញ្ញា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញ​គោលនយោបាយ​កំណែទម្រង់​មួយ​ចំនួន។ ការកាត់បន្ថយ​ចំនួន​ទីប្រឹក្សា​ និង​ជំនួយការ​មិនចាំបាច់​ ក៏​ជា​គោលដៅ​របស់​រដ្ឋាភិបាល​ថ្មី​នេះ​ដែរ។

យ៉ាងណាក៏ដោយ គេ​នៅតែ​​កត់សម្គាល់​ឃើញថា ចំនួន​មន្ត្រី​ក្នុង​តំណែង​នៅតែមាន​ច្រើន​លើសពី​តម្រូវការ ខណៈដែល​ប្រសិទ្ធភាព​ការងារ​មិនសូវមាន​ប៉ុន្មាន​នៅឡើយ។ ទីស្តី​ការ​គណៈរដ្ឋមន្ត្រី​ដែលមាន​ស្ថាប័ន​ជាច្រើន​ស្ថិតនៅក្រោម​ចំណុះ​របស់ខ្លួន​នោះ​ក៏មាន​មន្ត្រី ទីប្រឹក្សា និង​ជំនួយការ​យ៉ាងច្រើន​គួរ​ឲ្យ​កត់សម្គាល់​ដែរ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI