ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ស្នើអ៊ីស្រាអែលនិងប៉ាឡេស្ទីនឱ្យគោរពបទឈប់បាញ់ចាស់
ចុះផ្សាយនៅថ្ងៃ៖
បន្ទាប់ពីបានវាយប្រហារសម្លាប់ជីវិតមនុស្ស ជាពិសេសជនស៊ីវិល អស់យ៉ាងច្រើនមិនធ្លាប់មាន ថ្ងៃអាទិត្យម្សិលមិញ អ៊ីស្រាអែលបន្តទម្លាក់និងផ្លោងគ្រាប់បែកលើតំបន់ហ្កាហ្សា ទៀតនៅព្រឹកថ្ងៃចន្ទនេះ។ ប្រឈមមុខនឹងស្ថានភាពដ៏ធ្ងន់ធ្ងរដូច្នេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានកោះ ប្រទេសជាសមាជិកអចិន្ត្រៃយ៍ និងមិនអចិន្ត្រៃយ៍ ទាំង១៥ មកជួបប្រជុំជាបន្ទាន់ នៅយប់ថ្ងៃអាទិត្យ ឆ្លងមកថ្ងៃចន្ទ ដោយអំពាវនាវឱ្យមានបទឈប់បាញ់។ ហេតុការណ៍នៅតំបន់ហ្កាហ្សា បានរាលដាលដល់ប្រទេសបារាំង។ ម្សិលមិញនៅតំបន់ជាយក្រុងប៉ារីស ការប្រមូលផ្តុំគាំទ្របណ្តាជនប៉ាឡេស្ទីន បានក្លាយជាអំពើហិង្សា។
ប្រឈមមុខនឹងស្ថានភាពមរណៈបែបនេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកជំនួបប្រជុំជាបន្ទាន់នៅយប់មិញ ដោយបិទទ្វារ រយៈពេលពីរម៉ោង តាមសំណើសុំរបស់ប្រទេសហ្ស័កដានី និងលោកមះមូត អាបាសប្រធានអាជ្ញាធរដែនដីប៉ាឡេស្ទីន។ ប៉ុន្តែជាលទ្ធផល គឺក្រុមប្រឹក្សាសន្តិសុខបានត្រឹមចេញសេចក្តីប្រកាសអំពាវនាវឱ្យភាគីជម្លោះ ឈប់បាញ់គ្នា ដោយវិលទៅគោរពបទឈប់បាញ់ ចុះហត្ថលេខាកាលពីខែវិច្ឆិកា ឆ្នាំ២០១២ និងអំពាវនាវឱ្យមានការគោរពសិទ្ធិមនុស្ស គោរពច្បាប់មនុស្សធម៌អន្តរជាតិ ពោលគឺការពារជីវិតជនស៊ីវិល ព្រមទាំងបង្ហាញពីកង្វល់ខ្លាំងក្លាចំពោះស្ថានភាពហិង្សានិងមរណៈនៅតំបន់ហ្កាហ្សា គ្មានទេសេចក្តីសម្រេចចិត្តអង្គការសហប្រជាជាតិ ដាក់បង្ខំលើភាគីជម្លោះ។
ស្នើឱ្យឈប់បាញ់ជាបន្ទាន់
ការអំពាវនាវពិតជាមិនគ្រប់គ្រាន់ឡើយសម្រាប់ជម្លោះមួយ ជាពិសេសជម្លោះជាមួយអ៊ីស្រាអែល។ អ៊ីស្រាអែល ធ្វើសង្គ្រាមប្រឆាំងនឹងចលនាហាម៉ាស ជាញឹកញយ (បួនដងគិតចាប់តាំងពីឆ្នាំ២០០៦មក) ក្នុងកម្មវត្ថុតែមួយគត់ គឺបំបែកសមត្ថភាពប្រយុទ្ធរបស់ចលនាអ៊ីស្លាមហាម៉ាស កុំឱ្យមានកម្លាំងវាយដល់ដែនដីអ៊ីស្រាអែល។
ហេតុដូច្នេះហើយបានជាតំណាងការទូតប៉ាឡេស្ទីន ប្រចាំ អង្គការសហប្រជាជាតិ បានសម្តែងការសោកស្តាយ និងខកចិត្តខ្លាំង។ សម្រាប់ប្រមុខការទូតប៉ាឡេស្ទីន ប្រចាំសហភាពអឺរ៉ុប លោកស្រីចង់ឃើញមានសកម្មភាពជាក់ស្តែង ដូចជាបញ្ជូនទ័ពមួកខៀវ ឬអ្នកសង្កេតការណ៍អង្គការសហប្រជាជាតិតែម្តងទៅកាន់តំបន់កំពុងមានជម្លោះហិង្សា។ ជាមួយនឹងការសោកស្តាយ តំណាងប៉ាឡេស្ទីន ដែលចាត់ទុក សេចក្តីអំពាវនាវរបស់អង្គការសហប្រជាជាតិ ជាវិញ្ញាសាសាកល្បងមួយសម្រាប់អ៊ីស្រាអែល បានជំរុញឱ្យអ៊ីស្រាអែលគោរពសេចក្តីអំពាវនាវរបស់អង្គការសហប្រជាជាតិ។
ប៉ុន្តែយ៉ាងណាក៏ដោយ ក៏ពេលនេះ វិស័យការទូតកំពុងមានសកម្មភាពខ្លាំង លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលកំពុងស្ថិតនៅក្នុងប្រទេសកាតារ ដើម្បីសាកល្បងរកធ្នាក់នាំដល់បទឈប់បាញ់នោះ បានដាក់គំនាបលើអ៊ីស្រាអែល ឱ្យបញ្ចេញសកម្មភាពច្រើនជាងនេះ ក្នុងការការពារជនស៊ីវិល។ បើតាមលោកបានគីមូន យោធាអ៊ីស្រាអែល បានប្រព្រឹត្តអំពើឃោរឃៅខ្លាំងនៅសង្កាត់ ឆាកហ្សាយ៉ា ជាប់តំបន់ហ្កាហ្សា រហូតសម្លាប់ជីវិតជនស៊ីវិលប៉ាឡេស្ទីនអស់៦០នាក់ និងទាហានអ៊ីស្រាអែល ១៣នាក់។ លោកបានគីមូន នឹងបន្តដំណើរទៅកាន់ប្រទេសកូវ៉េត អេហ្ស៊ីប អ៊ីស្រាអែល និងដែនដីអាណានិគម ព្រមទាំងប្រទេសហ្ស័កដានី នៅសប្តាហ៍នេះ។ រីឯលោក ចន ឃែរី រដ្ឋមន្ត្រីការបរទេសអាមេរិកវិញ ក៏នឹងត្រូវអញ្ជើញទៅដល់ប្រទេសអេហ្ស៊ីបដែរ ដើម្បីពិភាក្សាជាមួយក្រុងគែររកដំណោះស្រាយឱ្យជម្លោះនៅហ្កាហ្សា (បញ្ឈប់ការបាញ់រុកកែតពីសំណាក់ពួកហាម៉ាស និងប្រតិបត្តិការយោធារបស់អ៊ីស្រាអែល)។
ចលនាហាម៉ាស បានប្រកាសចាប់ខ្លួនទាហានអ៊ីស្រាអែលម្នាក់
ខាងអ៊ីស្រាអែល តាមរយៈឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ប្រចាំអង្គការសហប្រជាជាតិ បានបដិសេធដំណឹងនេះ ប៉ុន្តែខាងយោធាវិញ បានអះអាងថាកំពុងបើកអង្កេត។ ខាងហាម៉ាស បានត្រឹមតែបង្ហាញអត្តសញ្ញាប័ត្រទាហានអ៊ីស្រាអែល ចាប់ខ្លួនបាន មិនបង្ហាញរូបមនុស្សពិតទេ ប៉ុន្តែប្រសិនបើព័ត៌មាននេះ ជាការពិតមែន នោះមានន័យថា រូបទាហានអ៊ីស្រាអែល ឈ្មោះសូល អារ៉ុន នឹងក្លាយជាអ្នកទោសអ៊ីស្រាអែលទីមួយ ក្នុងកណ្តាប់ដៃចលនាហាម៉ាសនៅតំបន់ហ្កាហ្សា គិតចាប់ពីឆ្នាំ២០១១មក។ សូមបញ្ជាក់ថា កាលពីឆ្នាំ២០១១ អ៊ីស្រាអែល ត្រូវបង្ខំចិត្តដោះលែងអ្នកទោសប៉ាឡេស្ទីន ១០០០នាក់ ជាថ្នូរនឹងជីវិតទាហានអ៊ីស្រាអែលម្នាក់ ដែលពួកហាម៉ាសចាប់ខ្លួនឃុំទុកអស់ជាង៥ឆ្នាំ។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ