វិបាកនៃការបោះឆ្នោតសភាលើកទី២ នៅទុយនីស៊ី ក្រោយ«រដូវផ្ការីកអារ៉ាប់»
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ការិយាល័យបោះឆ្នោតបើកនៅម៉ោង៧ព្រឹក ថ្ងៃអាទិត្យ ទី២៦ តុលានេះ ក្នុងប្រទេសទុយនីស៊ី។ ប្រជាជនត្រូវបានអញ្ជើញឱ្យទៅបោះឆ្នោះជ្រើសតាំងតំណាងរាស្ត្រជាលើកទី២ គិតចាប់តាំងពីការផ្តួលរំលំប្រធានាធិបតី បង់ អាលី (Ben Ali) ដែលបានបង្កើតបដិវត្តន៍«រដូវផ្ការីកអារ៉ាប់»។ តើភាគីណាខ្លះមានវត្តមាន ហើយអ្វីខ្លះជាវិបាកនយោបាយនៃការបោះឆ្នោតថ្ងៃនេះ?
វិបាកទី១នៃការបោះឆ្នោតសភាលើកទី២ ក្រោយពីប្រធានាធិបតី បង់ អាលី (Ben Ali) ធ្លាក់ពីអំណាចគឺ៖ អត្រានៃអ្នកបោះឆ្នោត។ មានតែជាង៥លាននាក់ប៉ុណ្ណោះបានទៅចុះឈ្មោះ ក្នុងចំណោមអ្នកគ្រប់អាយុបោះឆ្នោត៨លាននាក់ ហើយយុទ្ធនាការឃោសនាបោះឆ្នោតក៏មិនសូវទាក់ទាញ។ ជារឿយៗ ប្រជាជនទុយនីស៊ី ក្នក់ចិត្តនឹងអ្នកនយោបាយរបស់ខ្លួន។ នេះជាការបោះឆ្នោតតាមបែបសមាមាត្រ តែមួយជុំ ដើម្បីជ្រើសរើសតំណាងរាស្ត្រ២១៧នាក់ ក្នុងចំណោមបញ្ជីបេក្ខជន១៤០០សន្លឹក។ ប៉ុន្តែចំពោះអ្នកវិភាគវិញ ការប្រកួតប្រជែងខ្លាំងទំនងជាប្រព្រឹត្តទៅតែរវាងគណបក្សពីរទេ ពោលគឺគណបក្សអង់ណាដា (Ennahda) និងគណបក្សនីដាទូនណេស (Nida Tounes) បើទោះបីជាពុំមានគណបក្សណាមួយ ដែលមើលទៅ អាចដឹកនាំប្រទេសតែឯងក៏ដោយ។
ប្រសិនបើច្បាស់ដូចការទាយមែន ការបោះឆ្នោតថ្ងៃនេះក៏ប្រហែលជាបង្កើតឱ្យមានប៉ូលពីរ ក្នុងជីវិតនយោបាយទុយនីស៊ីផងដែរ។ ប៉ូលមួយគឺក្រុមអ្នកនយោបាយឥស្លាម ដែលបានឈ្នះការបោះឆ្នោតនៅឆ្នាំ២០១។ នៅឆ្នាំ២០១៣ បន្ទាប់ពីការលបធ្វើមនុស្សឃាតពីរដង ពាក់ព័ន្ធនយោបាយ ដោយពួកសកម្មប្រយុទ្ធជីហាត គណបក្សអង់ណាដា បានបង្ខំចិត្តចុះពីអំណាច ក្រោមសំពាធបក្សប្រឆាំង។ ដោយនៅតែជាគណបក្សដែលមានសំឡេងភាគច្រើន ក្នុងរដ្ឋសភា ប៉ុន្តែកាន់តែខ្សោយក្នុងអំណាចប្រតិបត្តិ ហើយតុល្យការសេដ្ឋកិច្ចមិនល្អ ពួកឥស្លាមងាកមកអួតអំពីការកែប្រែរដ្ឋធម្មនុញ្ញ ដែលត្រូវបានអនុម័តក្រោមការដឹកនាំរបស់ខ្លួន។ នោះជារដ្ឋធម្មនុញ្ញ ដែលមានលក្ខណៈសេរីច្រើន ចំពោះពិភពអារ៉ាប់។ លើសពីនេះទៀត គណបក្សអង់ណាដា នៅតែទទួលការគាំទ្រពីសកម្មជនមូលដ្ឋាន ដ៏ច្រើនជាងគេ និងរឹងមាំជាងគេបំផុត។
គូប្រជែងរបស់គណបក្សអង់ណាដា គឺគណបក្សនីដាទូណេស របស់លោកអតីតនាយករដ្ឋមន្ត្រី បឺហ្ស៊ី កាអ៊ីដ អេស្សឹបស៊ី (Beji Caïd Essebsi) ដែលមានអាយុ៨៨ឆ្នាំ និងជាបេក្ខជនប្រធានាធាបតី។ ទើបបង្កើតបានប្រហែល២ឆ្នាំ គណបក្សសង្គមនិយម ដែលមានទំនោរប្រឆាំងឥស្លាមនេះ ចង់ក្លាយជាទាយាទនៃប្រពៃណីទំនើបរបស់លោក អាប៊ីប ប៊ួកហ្គីបា (Habib Bourguiba) អតីតធានាធិបតីដំបូងនៃសាធារណរដ្ឋទុយនីស៊ី។ នីដាទូណេស ដែលជាញឹកញាប់ ត្រូវបានរិះគន់ដោយគូប្រជែងថាជាគណបក្សនៃរបបចាស់ មើលទៅទើបអាចប្រជែងនឹងពួកឥស្លាមបាន។
សន្តិសុខនៃការបោះឆ្នោតគឺជាក្តីបារម្ភចម្បងរបស់ស្ថាប័នរៀបចំការបោះឆ្នោតនៅទុយនីស៊ី ហៅកាត់ថា អ៊ីស៊ី (ISIE)។ នគរបាលប្រមាណជា៨ម៉ឺននាក់ត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេស។ ពីរថ្ងៃក្រោយការវាយឆ្មក់ដ៏មរណៈប្រឆាំងសកម្មជនជីហាដ នៅជាយរដ្ឋធានីទុយនីស អាជ្ញាធរខ្លាចមានការវាយប្រហារភេរវកម្មណាមួយ មកបំផ្លាញដំណើរប្រជាធិបតេយ្យនៅក្នុងប្រទេស។ ស្ថាប័នរៀបចំការបោះឆ្នោតអ៊ីស៊ីនឹងបញ្ចេញលទ្ធផលផ្លូវការនៅថ្ងៃព្រហស្បតិ៍៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ