ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ទំនប់​វារីអគ្គិសនី​ជា​បញ្ហា​ប្រឈម​កាន់​តែ​ខ្លាំង​សម្រាប់​ពលរដ្ឋ​តាមដង​ទន្លេ​មេគង្គ

សំឡេង ០៥:០៥
©MRC
ដោយ៖ ប៉ែន បូណា
២៨ នាទី

គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​នៅតាម​ដង​ទ​ម្លេ​មេគង្គនិង​នៅតាម​ដៃ​នៃ​ទន្លេ​នេះ​បាននិងកំពុង​ក្លាយជា​បញ្ហា​ប្រឈម​កាន់តែ​ធ្ងន់ធ្ងរ​ឡើងជា​លំដាប់​សម្រាប់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ប៉ែក​ខាងក្រោម​នៃ​ទន្លេ​នេះ។បញ្ហា​ចម្រូងចម្រាស​នៃ​គម្រោង​សាងសង់​ទំនប់​សាយ៉ាបូរី​របស់​ឡាវ​មិន​ត្រឹមតែ​គេ​មិនអាច​រារាំង​បាន​ប៉ុណ្ណោះ​ទេប៉ុន្តែមាន​គម្រោងថ្មីៗជាច្រើន​ទៀត​តម្លៃ​រាប់ពាន់លាន​ដុល្លារ​ត្រូវបាន​ចុះហត្ថលេខា​សាងសង់​បន្ថែម។ កម្ពុជានិង​វៀតណាម​ដែល​នៅ​ប៉ែក​ខាងក្រោម​បន្ត​ការប្រឆាំង​តវ៉ា​យ៉ាងខ្លាំង​ចំពោះ​គម្រោង​វា​រី​អគ្គិសនី​ទាំងនេះ​ខណៈដែល​ថៃ​សម្ងំស្ងៀមឈឹងរង់ចាំ​ទទួលផល​ពី​គម្រោង​ទាំងនោះ។

ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​ស្ងប់ស្ងាត់​មួយរយៈ បញ្ហា​ទំនប់​វារី​អគ្គិសនី​នៅតាម​ដង​ទន្លេមេគង្គ ជាពិសេស​ទំនប់​ដ៏​មហិមា​របស់​ឡាវ​ឈ្មោះ​សាយ៉ាបូរី​បាន​ក្លាយជា​អធិករណ៍​ដ៏​ក្តៅគគុក​ជាថ្មីទៀត​សម្រាប់​អ្នករស់នៅ​ប៉ែក​ខាងក្រោម​ទន្លេមេគង្គ។ គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​មួយក្រុម​គ្រោង​ធ្វើដំណើរ​ទៅ​ត្រួតពិនិត្យ​ទំបន់​វារី​អគ្គិសនី​សាយ៉ាបូរី​ដោយផ្ទាល់​នៅ​ចុងខែ​តុលា​នេះ ដើម្បី​ឲ្យ​ឃើញ​ផ្ទាល់​ភ្នែក​ថា តើ​គម្រោង​នេះ​ពិតជា​កំពុងដំណើរការ​ដូច​ព័ត៌មាន​ដែល​បាន​ផ្សាយ​មែនដែរ​ឬទេ?

លោក​លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា​នឹង​ដឹកនាំ​គណៈប្រតិភូ​នេះ​ដើម្បី​តាមដាន​មើល​ការសាងសង់​ទំនប់​វារីអគ្គិសនី​សាយ៉ាបូរី។ ដំណើរ​ចុះទៅ​មើល​ដល់ទី​កន្លែង​របស់​ប្រតិភូ​កម្ពុជា​ត្រូវបាន​រៀបចំឡើង បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​ថា រដ្ឋាភិបាល​ក្រុង​វៀងចន្ទ​កំពុង​សាង់សង់​ទំនប់​វារីអគ្គិសនី​នេះ​ដោយ​លួចលាក់ ខុសពី​ពាក្យសន្យា​ដែលថា ខ្លួន​នឹងមិន​បន្ត​សាងសង់​ទំនប់​នេះ​ទេ​ដរាបណា​ប្រទេស​កម្ពុជា និង​វៀតណាម​មិនទាន់​យល់ព្រម​ទេនោះ។ កម្ពុជា និង​វៀតណាម​ដែលជា​ប្រទេស​ស្ថិតនៅ​ប៉ែក​ខាងក្រោម​ទន្លេមេគង្គ បាន​តវ៉ា​ប្រឆាំង​យ៉ាង​ខ្លាំងក្លា​ចំពោះ​គម្រោង​ទំនប់​វារីអគ្គិសនី​សាយ៉ាបូរី​របស់​ឡាវ។

បើ​យោងតាម​ព័ត៌មាន​នានា មិនមែន​ត្រឹមតែ​ទំនប់​សាយ៉ាបូរី​មួយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ប្រទេស​ឡាវ​បានអនុម័ត​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ថ្មី​មួយចំនួនទៀត​នៅតាម​ដៃទន្លេ​មេគង្គ​ប៉ែក​ខាងលើ​ដោយ​មិន​ខ្វាយខ្វល់​អំពី​ការព្រួយបារម្ភ​របស់​ប្រទេស​នៅ​ប៉ែក​ខាងក្រោម​ឡើយ។ ពលរដ្ឋ​កម្ពុជា​ជាង​មួយ​លាន​នាក់​នឹង​ទទួលរង​ផលប៉ះពាល់​ដោយសារ​គម្រោង​វារីអគ្គិសនី​ទាំងនោះ។
គួររម្លឹកថា ប្រទេស៤ដែល​ស្ថិតនៅ​ប៉ែក​ខាងក្រោម​នៃ​ទន្លេមេគង្គ​គឺ​ឡាវ ថៃ កម្ពុជា និង​វៀតណាម បាន​ព្រមព្រៀងគ្នា​បង្កើត​គណៈកម្មាធិការ​ទន្លេមេគង្គ (MRC) កាលពី​ឆ្នាំ១៩៩៥ ក្នុង​គោលដៅ​ប្រើប្រាស់​ទន្លេមេគង្គ​ឱ្យមាន​ប្រសិទ្ធភាព​និង និរន្តរភាព។ សមាជិក​គណៈកម្មការ MRC នឹងត្រូវ​ស្វែងរក​កិច្ចព្រមព្រៀង​គ្នា​ចំពោះ​រាល់​គម្រោង​នានា​ដែល​ទាក់ទង​នឹង​ចរន្តទឹក​នៃ​ទន្លេមេគង្គ។

ប៉ុន្តែ ប្រទេស​ឡាវ​ដែលមាន​សក្តានុពល​យ៉ាងខ្លាំង​ខាង​ទំនប់​វា​រី​អគ្គិសនី​នៅតាម​ដង​ទន្លេមេគង្គ មិន​ញញើត​នឹង​បំពាន​លើ​សមាជិក MRC ផ្សេង​ទៀតឡើយ។ មាន​ការប៉ាន់​ប្រមាណ​ថា សក្តានុពល​វារីអគ្គិសនី​តាម​ដង​ទន្លេមេគង្គ​អាច​អនុញ្ញាតឱ្យ​ប្រទេស​ឡាវ​ផលិត​ថាមពល​អគ្គិសនី​សម្រាប់​លក់​ចេញទៅ​ក្រៅប្រទេស​បាន​រហូតដល់​ទៅ ២៨ ០០០ ជីហ្គាវ៉ាត់​ក្នុង​មួយឆ្នាំ នៅ​ឆ្នាំ២០៣០ ។ ៩០ភាគរយ​នៃ​ថាមពល​នេះ​នឹង​លក់​ទៅឱ្យ​ប្រទេស​ថៃ ដោយ​នាំ​ចំណូល​ថវិកាជាតិ​ចំនួន ២ ៦០០ លាន​ដុល្លារ​ក្នុង​មួយឆ្នាំ។
នេះ​ជា​ចំណូល​ដ៏​សម្បើម​សម្រាប់​ប្រទេស​ឡាវ​ដែល៧០ភាគរយ​នៃ​ប្រជាជន​រស់​ដោយសារ​ប្រាក់ចំណូល​តែ ២ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ ហើយ​នេះ​ក៏​ជា​ហេតុផល​ដែល​ឡាវ​រៀបចំ​គម្រោង​សាងសង់​វារី​អគ្គិសនី​ដល់​ទៅ១០នៅតាម​ដង​ទន្លេមេគង្គ​ចាប់ពី​ផាក់​បេង​រហូតដល់​ល្បាក់ខោន​ក្បែរ​ព្រំប្រទល់​កម្ពុជា។ ទំ​បន់​វារី​អគ្គិសនី​សាយ៉ាបូរី​ជា​គម្រោងដ៏​ធំ​មួយ​ក្នុងចំណោម​គម្រោង​សំខាន់៤របស់​ឡាវ។ វារីអគ្គិសនី​សាយ៉ាបូរី​ត្រូវគេ​គ្រោង​ចំណាយ ៣ ៥០០ លាន​ដុល្លារ និង​អាច​ផលិត​ថាមពល​អគ្គិសនី​បាន ១ ២៦០ មេហ្កាវ៉ា​ត់ ក្នុងនោះ​ថៃ​នឹង​ទទួលបាន​ប្រយោជន៍​សំខាន់​ជាងគេ។ ហេតុនេះហើយ​បានជា​ថៃ​សម្ងំស្ងៀម​មិន​តវ៉ា​ប្រឆាំង​គម្រោង​នេះ​ទេ។ ផ្ទុយទៅវិញ គឺ​ក្រុមហ៊ុន​ថៃ​ដែលជា​អ្នកទទួលបន្ទុក​សាងសង់​ទំនប់​សាយ៉ាបូរី និង​ទំនប់​ផ្សេង​មួយ​ចំនួន​ទៀត។

កម្ពុជា​ក៏មាន​គម្រោង​សាងសង់​វារី​អគ្គិសនី ២កន្លែង​ដែរ គឺ​គម្រោង​ទី១ នៅក្នុង​ខេត្តស្ទឹងត្រែង និង​មួយទៀត​នៅ​ស្រុក​សំបូរ​ក្នុង​ខេត្តក្រចេះ។ គម្រោង​សាងសង់​វារីអគ្គិសនី​ស្អេកស្កះ​នៅតាម​ដង​ទន្លេមេគង្គ​បានធ្វើឱ្យ​ក្រុម​ការពារ​បរិស្ថាន​ខ្វល់ខ្វាយ​និង​ជំទាស់​យ៉ាងខ្លាំង ពីព្រោះថា​ទន្លេមេគង្គ​ជា​ជង្រុក​ត្រី​ទឹកសាប​ដ៏​ធំជាងគេ និង​ជា​ទន្លេ​ជាប់​ចំណាត់ថ្នាក់​ទី២ក្នុង​ពិភពលោក​ខាង​ជីវៈចម្រុះ។ ការសាងសង់​ទំ​បន់​វា​រី​អគ្គិសនី​នឹង​ធ្វើឱ្យ​ទន្លេមេគង្គ​ស្គាល់​ការប្រែប្រួល​ប្រកបដោយ​មហន្តរាយ។ ពូជ​ត្រីសំខាន់ៗជាង៤០ប្រភេទ​នឹងត្រូវ​បាត់បង់។ ជាង៧០ភាគរយ​នៃ​ប្រជាជន​ក្នុង​តំបន់​ទន្លេមេគង្គ​ក្រោម​ដែល​រស់​អាស្រ័យ​លើ​ធនធានធម្មជាតិ​នៃ​ទន្លេ​នេះ​នឹង​ទទួលផល​ប៉ះពាល់​អវិជ្ជមាន​ធ្ងន់ធ្ងរ។ នេះ​ជា​ចំណុច​ប្រឈម​ដ៏​ធំធេង​ដែល​បណ្តាលមកពី​ទំនប់​វា​រី​អគ្គិសនី​តាម​ដង​ទន្លេមេគង្គ ដែល​កម្ពុជា និង​វៀតណាម​កំពុង​តស៊ូ​មតិ​យ៉ាងខ្លាំង​ប្រឆាំង​ប្រទេស​ឡាវ។ ប៉ុន្តែ ការប្រឆាំង​នេះ​ទំនងជា​មិនអាច​រារាំង​គម្រោង​ទាំងនោះ​បានឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI