ទស្សនៈព្រឹត្តិការណ៍ពិភពលោក

បារាំង៖ សិទ្ធិ​ទទួល​សញ្ជាតិ​តាម​ទឹកដីកំណើត​ដ៏​ចម្រូងចម្រាស

សំឡេង ០៣:៥២
លោក​ហ្សង់ហ្វ្រង់ស័រ កូប៉េ (Jean-François Copé) អគ្គលេខាធិការ​គណបក្ស​ UMP
លោក​ហ្សង់ហ្វ្រង់ស័រ កូប៉េ (Jean-François Copé) អគ្គលេខាធិការ​គណបក្ស​ UMP Photo d'archives/REUTERS/Benoît Tessier

នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ​រឿង​អាស្រូវ​ ជុំវិញ​ការ​បណ្តេញ​គ្រួសារ​ជនអន្តោប្រវេសន៍​ខុសច្បាប់ឲ្យ​ទៅ​ស្រុកវិញ​ កំពុងតែ​ក្លាយ​ជា​ប្រធានរឿង​ដ៏​ចម្រូងចម្រាស​មួយ នៅ​ក្នុង​ប្រទេស​បារាំង។ បូករួម​ជាមួយ​នឹង​បញ្ហា​ជនភៀសខ្លួន ដែល​ហូរចូល​ឥតឈប់​​ពី​អាហ្វ្រិក​​មក​អឺរ៉ុប កាត់តាម​អ៊ីតាលី ធ្វើ​ឲ្យ​បញ្ហា​អន្តោប្រវេសន៍​ក្លាយទៅជា​ប្រធាន​រឿង​ដ៏​ក្តៅគគុក​មួយ ហើយ​មេដឹកនាំ​បក្ស​ប្រឆាំង​បារាំង​ក៏​បាន​ឆ្លៀត​ក្នុង​ឱកាស​នេះ ទាមទារ​ឲ្យ​កែប្រែច្បាប់​ ស្តីពី​សិទ្ធិ​ទទួល​បាន​សញ្ជាតិ​បារាំងតាមរយៈ​ការ​កើត​នៅលើ​ទឹកដី​បារាំង (Droit ​​du ​sol)។ បើ​គេ​ពិនិត្យ​មើល​ឲ្យ​មែនទែនទៅ នៅ​បារាំង​ ​សិទ្ធិ​ទទួល​បាន​សញ្ជាតិ​តាមទឹកដី​កំណើត​នេះ ធ្លាប់​ជា​បញ្ហា​ចម្រូងចម្រាស​​ជាច្រើន​ដងមកហើយ ក្នុងរយៈពេល​ប៉ុន្មាន​​ឆ្នាំ​កន្លងទៅនេះ។

ផ្សាយពាណិជ្ជកម្ម

តាមច្បាប់​បារាំង​បច្ចុប្បន្ន សិទ្ធិទទួលសញ្ជាតិ​បារាំង​ពី​កំណើតត្រូវ​អនុវត្ត​ទៅតាម​គោលការណ៍​ពីរ។ ទីមួយ​ ​សិទ្ធិ​ទទួល​សញ្ជាតិ​តាមខ្សែលោហិត ពោលគឺ ត្រូវ​ទទួល​បាន​សញ្ជាតិ​បារាំង​ដោយ​ស្វ័យប្រវត្តិ​ កូនដែល​កើត​ពី​ឪពុក ឬ​ម្តាយ ដែល​មាន​សញ្ជាតិ​បារាំង បើទោះបី​ជា​កូន​នោះ​កើតនៅ​ទីណា​ក៏ដោយ។ ទីពីរ ​សិទ្ធិទទួល​សញ្ជាតិ​តាម​ទឹកដី​កំណើត ពោលគឺ ត្រូវ​ទទួលបាន​សញ្ជាតិ​បារាំង​ដោយ​ស្វ័យប្រវត្តិ កូន​ដែល​កើត​នៅ​ក្នុង​ទឹកដី​បារាំង បើទោះបីជា​ឪពុក​ម្តាយ​ជា​ជនបរទេស​ក៏ដោយ ហើយ​ទោះបី​ជា​ឪពុក​ម្តាយ​ជា​ជនបរទេស​នោះ ចូល​មក​ក្នុង​ប្រទេស​បារាំង​ដោ​យ​ខុសច្បាប់​ក៏ដោយ។

គឺ​សិទ្ធិ​ទទួល​សញ្ជាតិ​តាម​ទឹកដី​កំណើត​នេះ​ហើយ ដែល​កាលពីថ្ងៃចន្ទ ២១តុលា​កន្លងទៅនេះ ​ប្រមុខដឹកនាំ​បក្ស​ប្រឆាំង​បារាំង គឺ​លោក​ហ្សង់ហ្វ្រង់ស័រ កូប៉េ (Jean-François Copé) ប្រកាស​ចង់​ធ្វើការ​កែប្រែ។ ប្រមុខដឹកនាំបក្ស​ប្រឆាំង​រូបនេះ​បាន​ប្រកាស​ថា តំណាងរាស្រ្ត​គណបក្ស​របស់​លោក​នឹង​ធ្វើ​សេចក្តីស្នើច្បាប់​មួយ នៅមុន​ដំណាច់​ឆ្នាំ​នេះ ដើម្បី​លុបចោល​សិទ្ធិ​ទទួលបាន​សញ្ជាតិ​ដោយ​ស្វ័យប្រវត្តិ ចំពោះ​កូន​ដែល​កើត​នៅលើ​ទឹកដី​បារាំង ប៉ុន្តែ កើត​ពី​ឪពុកម្តាយ​ជា​ជនបរទេស។

លោក​ហ្សង់ហ្វ្រង់ស័រ កូប៉េ ប្រាកដ​ជា​ដឹង​ច្បាស់​ថា ច្បាប់​នេះ​នឹង​មិន​អាច​កើតចេញ​រួច​ទេ ដោយសារ​តែ​គណបក្ស​របស់​លោក​មាន​សំឡេង​ភាគតិចនៅ​ក្នុង​រដ្ឋសភា ក៏ប៉ុន្តែ ការប្រកាស​ពី​ចេតនា​ចង់​លុបចោល​សិទ្ធិ​ទទួលសញ្ជាតិ​តាម​ទឹកដី​កំណើត វា​គឺ​ជា​យុទ្ធសាស្រ្ត​នយោបាយ​មួយ នៅ​ក្នុង​ពេល​ដែល​បញ្ហា​ជនភៀសខ្លួន និង​ជនអន្តោប្រវេសន៍​ខុសច្បាប់ កំពុង​តែ​ចោទ​ឡើង នៅ​ក្នុង​ប្រទេស​បារាំង​ ក៏ដូចជា នៅ​ក្នុង​តំបន់​អឺរ៉ុប​ទាំងមូល ហើយ​គណបក្ស​ស្តាំនិយមជ្រុល​បារាំង ដែល​មាន​នយោបាយ​ប្រឆាំង​នឹង​ជនអន្តោប្រវេសន៍​កំពុងតែ​មាន​កម្លាំង​កើនឡើង​ឥតឈប់ឈរ​ ពីមួយថ្ងៃ​ទៅមួយថ្ងៃ ហើយ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ក្រុង​ក៏​កាន់តែ​ខិតជិតចូល​មកដល់ នៅ​ឆ្នាំ​២០១៤​ខាងមុខនេះ។ កង្វល់​របស់​មេដឹកនាំ​គណបក្ស UMP គឺ​ខ្លាច​អ្នក​គាំទ្រ​របស់​ខ្លួន ងាក​ទៅ​បោះឆ្នោត​ឲ្យ​គណបក្ស​ស្តាំនិយមជ្រុល។

បើ​គេ​ក្រឡេក​ទៅមើល​អតីតកាល គេ​ឃើញ​ថា អ្នកយោបាយ​ស្តាំនិយម​បារាំង​​ធ្លាប់​បាន​ព្យាយាម​ជាច្រើន​លើក​មកហើយ ក្នុងការ​​លុបចោល ឬ​រឹតបន្តឹង​សិទ្ធិទទួលបាន​សញ្ជាតិ​បារាំង​តាម​ទឹកដី​កំណើត។ កាលពី​ឆ្នាំ​១៩៩១ លោក ​វ៉ាឡេរី ហ្សីស្ការ ដេស្តាំង (Valéry Giscard d’Estaing) អតីត​ប្រធានាធិបតី​បារាំង ធ្លាប់​បាន​លើកឡើង​ថា សិទ្ធិទទួលបាន​សញ្ជាតិ​បារាំង​គួរតែ​ផ្តល់​ឲ្យ​សម្រាប់​​តែ​កូន​ដែល​កើត​ពី​ឪពុក ឬ​ម្តាយ​ដែល​មាន​សញ្ជាតិ​បារាំង​ប៉ុណ្ណោះ។

ពីរឆ្នាំ​ក្រោយ​មក​ទៀត រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​បារាំង មក​ពី​គណបក្ស​ស្តាំនិយម​ គឺ​លោក Charles Pasqua បានលុបចោល​សិទ្ធិ​ទទួល​សញ្ជាតិ​ជា​ស្វ័យប្រវត្តិ ដោយ​បាន​​តម្រូវ​ឲ្យ​កូន​ដែល​កើត​នៅលើ​ទឹកដី​បារាំង ពីឪពុកម្តាយ​បរទេស ត្រូវ​ដាក់​ពាក្យ​សុំ​ចូល​សញ្ជាតិបារាំង នៅ​ពេល​ដែល​កូន​នេះ​​គ្រប់អាយុ ១៨ឆ្នាំ ក្លាយ​ជា​នីតិជន។ ក៏ប៉ុន្តែ លក្ខខណ្ឌ​នេះ​ត្រូវ​បាន​លុបចោល​ទៅវិញ នៅ​ឆ្នាំ​១៩៩៨ នៅពេល​ដែល​គណបក្ស​សង្គមនិយម​ឡើង​កាន់អំណាច។

នៅ​ក្នុងពេល​បច្ចុប្បន្ន​នេះ កូន​​បរទេស​ដែល​កើត​នៅលើ​ទឹកដីបារាំង​ត្រូវ​ទទួល​បាន​សញ្ជាតិ​បារាំង​ដោយ​ស្វ័យប្រវត្តិ ក៏ប៉ុន្តែ ក៏​មិនមែន​គ្មាន​លក្ខខណ្ឌ​អ្វីសោះ ដូចជា នៅ​សហរដ្ឋ​អាមេរិក ឬ​ប្រទេស​ Anglosaxon មួយ​ចំនួន​នោះដែរ។ តា​មច្បាប់​បារាំង​បច្ចុប្បន្ន កូន​បរទេស ដែល​កើត​នៅលើ​ទឹកដី​បារាំង​​អាច​ទទួល​សញ្ជាតិ​បារាំង​ដោយ​ស្វ័យប្រវត្តិ ប៉ុន្តែ សញ្ជាតិ​នេះ​ត្រូវ​ទទួល​បាន​នៅ​ពេល​ដែល​កូននេះ​ក្លាយ​ជានីតិជន (អាយុ ១៨ឆ្នាំ) ហើយ​ត្រូវ​រស់នៅ​ក្នុង​ទឹកដី​បារាំង​យ៉ាងតិច ៥ឆ្នាំ ចាប់តាំង​ពី​អាយុ ១១ឆ្នាំ​មក។

សិទ្ធិទទួលសញ្ជាតិ​តាមទឹកដី​កំណើត​ត្រូវ​បាន​គេ​អនុវត្ត​នៅ​ក្នុង​ប្រទេស​បារាំង រាប់​សតវត្សរ៍​មក​ហើយ ពោលគឺ ចាប់តាំង​ពី​ក្រោយ​បដិវត្តន៍​ឆ្នាំ​១៧៨៩មក។ ហេតុដូច្នេះ​ហើយ​បាន​ជា​មាន​អ្នកខ្លះ រិះគន់​ប្រធាន​គណបក្ស​ ​UMP គឺ​លោក​ហ្សង់ហ្វ្រង់ស័រ កូប៉េ ថា បាន​បង្ហាញ​នូវ​នយោបាយ​បញ្ច្រាស់ទិស​គ្នា ដោយ​ម្ខាង​ ប្រកាស​​ចង់​ការពារ​អត្តសញ្ញាណ​ជាតិ​បារាំង ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា បែរ​ជា​ចង់​លុបបំបាត់​សិទ្ធិ​ដែល​ជា​ប្រពៃណី​រាប់​សតវត្សរ៍​របស់​បារាំង​ទៅវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI