ចិន-អឺរ៉ុប

ភាពចម្រូងចម្រាស​ជុំវិញ​តួនាទី​របស់​ចិន​ក្នុងការ​ដោះស្រាយ​វិបត្តិ​អឺរ៉ុប

អឺរ៉ុប​កំពុង​ស្វែងរក​ជំនួយ​ពីចិន ក្នុងការ​ដោះស្រាយ​វិបត្តិ​ប្រាក់បំណុល
អឺរ៉ុប​កំពុង​ស្វែងរក​ជំនួយ​ពីចិន ក្នុងការ​ដោះស្រាយ​វិបត្តិ​ប្រាក់បំណុល Getty Images/Cristian Baitg

នៅថ្ងៃ​សុក្រ​ ២៨​តុលា ២០១១​​នេះ នាយក​មូលនិធិ​អឺរ៉ុប​ (FESF) កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ចិន ដើម្បី​បញ្ចុះបញ្ចូល​ឲ្យ​ចិន​បោះទុនវិនិយោគ​ ក្នុង​យន្តការ​ជួយ​សង្រ្គោះ​ប្រទេស​ចាយលុយ​អឺរ៉ូ ដែល​កំពុង​ប្រឈមមុខ​នឹង​វិបត្តិ​ប្រាក់បំណុល។ នៅ​អឺរ៉ុប​ឯណេះ​វិញ មាន​អ្នក​នយោបាយ​ជាច្រើន​បាន​នាំគ្នា​រិះគន់ថា ការ​ទៅរក​ជំនួយ​ពីចិន​​នឹង​ធ្វើ​ឲ្យ​អឺរ៉ុប​បាត់បង់​អធិបតេយ្យ។

ផ្សាយពាណិជ្ជកម្ម

ក្រោយ​ពី​ជួបជាមួយមេដឹកនាំ​ចិន នាយក​មូលនិធិ FESF បាន​ថ្លែង​ថា ចិន​ និង​អឺរ៉ុប​នៅមិនទាន់​បើក​កិច្ចចរចា​ជាផ្លូវការ​នៅឡើយទេ ជុំវិញ​តួនាទី​របស់​ចិន ក្នុង​យន្តការ​ដោះស្រាយ​វិបត្តិ​បំណុល​អឺរ៉ុប។ ដូច្នេះ គេ​មិនត្រូវ​រំពឹង​ថា​នឹង​មាន​កិច្ចព្រមព្រៀង​ណាមួយ នៅ​ក្នុង​អំឡុង​ទស្សនកិច្ច​នេះ​ដែរ។

កាលពីថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ ក្រោយ​ពី​បាន​ចរចា​គ្នា​អស់ពេញ​មួយ​យប់ មេដឹកនាំ​​អឺរ៉ុប​បាន​ឯកភាព​គ្នា​លើ​វិធានការ​មួយចំនួន ដើម្បី​ទប់ស្កាត់​វិបត្តិ​ប្រាក់បំណុល​កុំ​ឲ្យ​រាលដាល​បន្តទៀត។ ក្នុង​ចំណោម​វិធានការ​នោះ មាន​យន្តការ​ពិសេស​មួយ ដែល​គេ​បង្កើត​ឡើង​ក្នុង​ក្របខ័ណ្ឌ​មូលនិធិ FESF ។ តាមរយៈ​យន្តការនេះ អឺរ៉ុប​នឹង​ស្វះស្វែងរក​ការវិនិយោគ​ពី​បណ្តា​ប្រទេស​នានា​ នៅក្រៅ​សហភាព​អឺរ៉ុប ដើម្បី​បាន​ទុន​មក​បម្រុងទុក​ទិញ​មូលបត្រ​បំណុល​របស់​រដ្ឋជាសមាជិក​ណា ដែល​មិនអាច​លក់​មូលបត្រ​បំណុល​នៅលើទីផ្សារ​មូលបត្រ​បាន។

ប្រទេស ដែល​អឺរ៉ុប​សម្លឹង​ឃើញ​មុនគេ គឺ​ចិន ដែល​កំពុង​សល់​លុយយ៉ាងច្រើន​សន្ធឹកសន្ធាប់ បានមកពី​ការនាំចេញ។ យោងតាម​ប្រភព​ក្រៅផ្លូវការ​ពី​រដ្ឋាភិបាលចិន ដែល​ដកស្រង់​ដោយ​កាសែត The Financial Times ចិន​ទំនង​ជា​ចង់​បោះទុន​វិនិយោគ​ប្រមាណ​ជា ១០០ពាន់លាន​ដុល្លារ (ប្រមាណ ៧០ពាន់លាន​អឺរ៉ូ) ទៅក្នុង​មូលនិធិ​អឺរ៉ុប។ ក៏ប៉ុន្តែ គេនៅមិនទាន់​ឃើញ​មាន​សេចក្តីថ្លែងការណ៍​​ជាផ្លូវការ​​ពី​រដ្ឋាភិបាល​ចិន​នៅឡើយទេ ជុំវិញ​បញ្ហា​នេះ។ រដ្ឋាភិបាលចិន​ចង់​បាន​ការ​ធានា​ច្បាស់លាស់​​ពី​អឺរ៉ុប អំពី​សុវត្ថិភាព​នៃ​ការធ្វើ​វិនិយោគ​ ក្នុង​ទឹកប្រាក់​ដ៏ច្រើន​បែបនេះ។

ក៏ប៉ុន្តែ នៅអឺរ៉ុប​ គេនាំគ្នា​សម្តែង​នូវ​មន្ទិលសង្ស័យថា ចិន​ទំនង​ជា​​ឆ្លៀត​ពេលនេះ ​ដាក់លក្ខខណ្ឌ​ជាច្រើន​ផ្សេងទៀត មុននឹង​សុខចិត្ត​ជួយ​អឺរ៉ុប។ ចិន​ទំនង​ជា​ចង់​ឲ្យ​អឺរ៉ុប​បើក​ចំហ​ទីផ្សា​ឲ្យ​កាន់តែទូលាយ​បន្ថែមទៀត ចំពោះ​ទំនិញ​ចិន តាមរយៈការ​លុបចោល ឬ​កាត់បន្ថយ​របាំង​ពន្ធគយ លើ​ការ​នាំទំនិញ​ផលិត​នៅចិន។

អ្នកនយោបាយ​អឺរ៉ុប​ខ្លះ បាន​រិះគន់​សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល ដែល​ទៅ​ស្វែងរក​ជំនួយ​ពីចិន ដោយ​លើកឡើង​ថា វាជា​ការ​លះបង់​អធិបតេយ្យ​​អឺរ៉ុប​ទៅ​ឲ្យ​ចិន។ ការណ៍​ដែល​អឺរ៉ុប ដែល​ជា​មហាអំណាច​ដ៏ធំមួយ សុខចិត្ត​ឱនក្បាល​ទៅ​សុំ​ជំនួយ​ពីចិន គឺ​ជា​រឿង​ដ៏​គួរ​ឲ្យ​អាម៉ាស់​បំផុត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI