អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ភាពចម្រូងចម្រាស​ជុំវិញ​ការ​ដឹកជំនួយ​មនុស្សធម៌​រុស្ស៊ី​ទៅ​ខាងកើត​អ៊ុយក្រែន

សំឡេង ០៥:៥៥
ក្បួន​រថយន្តដឹក "ជំនួយមនុស្សធម៌" របស់​រុស្ស៊ី កាល​ពីថ្ងៃ​អង្គារ ១២សីហា ២០១៤
ក្បួន​រថយន្តដឹក "ជំនួយមនុស្សធម៌" របស់​រុស្ស៊ី កាល​ពីថ្ងៃ​អង្គារ ១២សីហា ២០១៤ REUTERS/Nikita Paukov
ដោយ៖ សេង ឌីណា
២៧ នាទី

រដ្ឋាភិបាល​រុស្ស៊ី​បាន​បញ្ជាក់​សាជាថ្មី នៅថ្ងៃ​ពុធ​នេះ​ថា ក្បួនរថយន្ត​ដឹកជំនួយ​មនុស្សធម៌​នឹង​បន្ត​ដំណើរ​ទៅ​តំបន់​ខាងកើត​អ៊ុយក្រែន បើទោះបី​ជា​​មាន​ការតវ៉ា​ជំទាស់​ពី​សំណាក់​រដ្ឋាភិបាល​អ៊ុយក្រែន និង​ការ​ព្រមាន​ពី​សំណាក់​ប្រទេស​លោកខាងលិច។ អង្គការ​កាកបាទ​ក្រហម​អន្តរជាតិ​វិញ​បាន​បដិសេធ​ថា​ខ្លួន​មិនមាន​តួនាទី​អ្វី​នៅ​ក្នុង​ការ​បញ្ជូន​ជំនួយ​មនុស្ស​ធម៌​នេះ​ទេ។

ផ្សាយពាណិជ្ជកម្ម

 

ក្បួនរថយន្ត​ដឹក “ជំនួយ​មនុស្សធម៌” របស់​រុស្ស៊ី ជិត ៣០០​រថយន្ត​នឹង​ត្រូវ​ទៅដល់​ព្រំដែន​រុស្ស៊ី-អ៊ុយក្រែន នៅ​ល្ងាច​ថ្ងៃ​ពុធ​នេះ។ ក៏ប៉ុន្តែ អាជ្ញាធរ​អ៊ុយក្រែន​បាន​បញ្ជាក់​សាជាថ្មី​ថា​នឹង​មិន​អនុញ្ញាត​ឲ្យ​រថយន្ត​ណាមួយ​ឆ្លងកាត់​ព្រំដែន​នោះទេ។

អ៊ុយក្រែន ក៏ដូចជា បណ្តា​ប្រទេស​លោកខាងលិច រួមមាន សហរដ្ឋ​អាមេរិក បារាំង អង់គ្លេស អាល្លឺម៉ង់ រួមទាំង​អង្គការ​អូតង់ និង​សហភាព​អឺរ៉ុប បាន​សម្តែង​នូវ​ក្តីព្រួយបារម្ភ​ថា ការដឹក “ជំនួយ​មនុស្សធម៌” នេះ គ្រាន់តែ​ជា​លេស​របស់​រុស្ស៊ី​ប៉ុណ្ណោះ ដើម្បី​ចូល​ធ្វើ​អន្តរាគមន៍ ជួយ​ដល់​ក្រុម​ឧទ្ទាម​ផ្តាច់ទឹកដី នៅ​ប៉ែក​ខាង​កើត​អ៊ុយក្រែន។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក​បាន​ប្រាប់​​អ្នក​សារព័ត៌មាន​ថា “រុស្ស៊ី​មិនមាន​សិទ្ធិ​សម្រេច​ជា​ឯកតោ​ភាគី ចូល​ទៅ​ក្នុង​ទឹកដី​របស់​អ៊ុយក្រែន​​នោះទេ ទោះបី​ជា​ក្នុង​រូបភាព​ជា​បេសកកម្ម​​មនុស្ស​ធម៌ ឬ​ក្នុង​លេស​ណា​ផ្សេងទៀត​ក៏ដោយ ប្រសិនបើ​គ្មាន​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​ទីក្រុង​គៀវ”។

រដ្ឋាភិបាល​អ៊ុយក្រែន​បាន​ទាមទារ​ឲ្យ​រុស្ស៊ី​បញ្ឈប់​ក្បួនរថយន្ត​ដឹកជំនួយ​មនុស្សធម៌ នៅ​ត្រឹម​ព្រំដែន រួចហើយ​ប្រគល់​ជំនួយ​ទាំងអស់​នេះ​ទៅ​ឲ្យ​អង្គការ​កាកបាទ​ក្រហម​អន្តរជាតិ​ជា​អ្នក​ទទួលបន្ទុក​ដឹកបន្ត​ចូល​ទៅ​ក្នុង​ទឹកដី​របស់​អ៊ុយក្រែន។

ក៏ប៉ុន្តែ រដ្ឋាភិបាល​រុស្ស៊ី​នៅតែ​ចចេស​ថា ក្បួនរថយន្ត​ដឹកជំនួយ​នេះ​នឹង​បន្ត​ដំណើរ​ចូល​ទៅដល់​ប៉ែក​ខាង​កើត​អ៊ុយក្រែន ហើយ​ទាមទារ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​ពី​សំណាក់​រដ្ឋាភិបាល​ទីក្រុង​គៀវ នៅ​ក្នុង​បេសកកម្ម “មនុស្សធម៌” នេះ។

គួរបញ្ជក់ថា នៅ​ក្នុង​កិច្ចសន្ទនា​តាមទូរស័ព្ទ កាល​ពី​លោក​វ៉្លាឌីមៀរ ពូទីន ​ប្រធានាធិបតី​រុស្ស៊ី​បាន​ប្រាប់​ទៅ​លោក José Manuel Barros ប្រធាន​គណៈកម្មការ​អឺរ៉ុប​ថា រុស្ស៊ី​ដឹកជំនួយ​មនុស្សធម៌​ទៅ​ខាងកើត​អ៊ុយក្រែន​នៅពេលនេះ ដោយ​មាន​ការ​ឯកភាព​ពី​សំណាក់​អង្គការ​កាកបាទ​ក្រហម​អន្តរជាតិ (CICR)។ ក៏ប៉ុន្តែ អ្នកនាំពាក្យ​​ CICR នៅ​ទីស្នាក់ការ​កណ្តាល​នៅ​ទីក្រុង​ហ្សឺណែវ (ស្វីស) បាន​បដិសេធ​ថា CICR មិនបាន​ផ្តល់​ភ្លើងខៀវណាមួយ​ចំពោះ​ប្រតិបត្តិការ​ “មនុស្សធម៌” របស់​រុស្ស៊ី​នេះ​ទេ។

អង្គការ​កាកបាទក្រហម​អន្តរជាតិ​ទទួលស្គាល់​ថា​ខ្លួន​ពិត​ជា​មានការ​ទាក់ទងគ្នា​​​​​ជាមួយ​អាជ្ញាធរ​រុស្ស៊ី​​មែន​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ ដើម្បី​ជជែក​ពី​រឿង​បញ្ជូន​ជំនួយ​មនុស្សធម៌​ទៅ​អ៊ុយក្រែន ក៏ប៉ុន្តែ ​ការជជែក​គ្នា​នេះ​មិនទាន់​ឈាន​ដល់​ការ​ឯកភាព​គ្នាណាមួយ​នៅឡើយទេ ពីព្រោះ កាកបាទ​ក្រហម​មិនមាន​ព័ត៌មាន​លម្អិត​អំពី​ជំនួយ​មនុស្សធម៌​របស់​រុស្ស៊ី​នេះ។

កាលពីថ្ងៃអង្គារ អ្នកនាំពាក្យ​អង្គការ​កាកបាទ​ក្រហម​អន្តរជាតិ​ប្រចាំ​ប្រទេស​បារាំង បាន​បញ្ជាក់​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​ថា បើទោះបី​ជា​ទង់ជាតិ​កាកបាទក្រហម​ត្រូវ​បាន​គេ​ដោត​នៅលើ​រថយន្ត​ដឹក​ជំនួយ​មនុស្សធម៌​របស់​រុស្ស៊ី ក៏ប៉ុន្តែ “កាកបាទ​ក្រហម​មិនមាន​តួនាទី​អ្វី​ទាំងអស់ នៅ​ក្នុង​ដំណើរការ​ដឹកជញ្ជូន​មនុស្សធម៌​នេះ”។ អ្នកនាំពាក្យរូបនេះ​​​ក៏​បាន​បញ្ជាក់ផងដែរ​ថា ស្ថានភាព​នៅ​ខាងកើត​អ៊ុយក្រែន​​នៅពេល​បច្ចុប្បន្ន​នេះ ពិត​ជា​តម្រូវ​ឲ្យ​មាន​ការ​បញ្ជូន​ជំនួយ​មនុស្សធម៌ចូល​ទៅ​ជួយ​ជនស៊ីវិល​មែន ហើយថា កាកបាទក្រហម​ត្រៀមខ្លួន​សហការ​ក្នុងការ​ដឹកជញ្ជូន​ជំនួយ​មនុស្សធម៌​នេះ ប្រសិនបើ​តួនាទី​របស់​កាកបាទ​ក្រហម​ត្រូវ​បាន​កំណត់​ឲ្យបាន​ច្បាស់​​ជាមុន​ដោយ​ភាគី​ជម្លោះ ដោយ​ត្រូវ​ប្រគល់​ភារៈ​ឲ្យ​បុគ្គលិក​របស់​កាកបាទក្រហម​​ជា​អ្នក​ទទួលបន្ទុក​ត្រួតពិនិត្យ​ការ​ដឹកជញ្ជូន និង​ចែកចាយ​ជំនួយ​ ហើយសុវត្ថិភាព​របស់​បុគ្គលិក​កាកបាទ​ក្រហម ដែល​ធ្វើការ​ក្នុងការ​ដឹកជញ្ជូន និង​ចែកចាយ​ជំនួយ​នេះ​ត្រូវ​បាន​ធានាដោយ​ភាគី​ជម្លោះ។

គួរបញ្ជាក់ផងដែរ​ថា រដ្ឋាភិបាល​អ៊ុយក្រែន​ធ្លាប់​បាន​ប្រកាស​យល់ព្រម​ជា​គោលការណ៍ ចំពោះ​បេសកកម្ម​បញ្ជូន​ជំនួយ​មនុស្សធម៌ ទៅ​កាន់​តំបន់​ខាងកើត​អ៊ុយក្រែន ក៏ប៉ុន្តែ បាន​ទាមទារ​ថា បេសកកម្ម​នេះ​ត្រូវ​តែ​ធ្វើឡើង​ក្នុង​លក្ខណៈ​ទូលំទូលាយ ដោយ​មាន​ការចូលរួម​ពី​សំណាក់​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក និង​ស្ថិត​ក្រោម​ការ​​​ចាត់ចែង​របស់​អង្គការ​កាកបាទ​ក្រហម​អន្តរជាតិ ហើយថា មិនត្រូវ​ឲ្យ​មាន​ទាហាន ឬ​បុគ្គលិក​យោធា​ណាមួយ​ចូលរួម​នៅ​ក្នុង​បេសកកម្ម​នេះ​ទេ។

អង្គការ​កាកបាទ​ក្រហម​អន្តរជាតិ​ក៏​បាន​ទាមទារ​ដោយ​ទទូច​ផងដែរ​ថា ដើម្បី​រក្សា​ឯករាជ្យ និង​អព្យាក្រឹត ស្រប​ទៅតាម​ច្បាប់​អន្តរជាតិ បេសកកម្ម​ដឹកជញ្ជូន​ជំនួយ​មនុស្សធម៌​របស់​កាកបាទ​ក្រហម​អន្តរជាតិ មិនត្រូវ​ឲ្យ​មាន​ការ​អមដំណើរ​ពីសំណាក់​កងកម្លាំង​ប្រដាប់អាវុធ​របស់​ភាគី​ដែល​ជាប់ពាក់ព័ន្ធ​ក្នុង​ជម្លោះ​នោះទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ