កម្ពុជាចិនបន្តចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការទ្វេភាគី
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
មានឯកសារយ៉ាងតិចក៏ ៧ ដែរដែលត្រូវបានចុះហត្ថលេខានៅទីក្រុងភ្នំពេញនាព្រឹកថ្ងៃពុធនេះរវាងកម្ពុជានិងចិន។ ពិធីចុះហត្ថលេខានេះ បានធ្វើឡើងក្នុងដំណើរទស្សនកិច្ចនៅកម្ពុជារបស់លោក ហ៊ី គូឈាង ( He Guoqiang ) សមាជិកគណៈអចិន្ត្រៃយ៍ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សនិងជាលេខាគណៈកម្មាធិការត្រួតពិនិត្យវិន័យមជ្ឈិមបក្សកុម្មុយនិស្តចិន។ នេះជាដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់ចិនម្នាក់ទៀតមកកាន់កម្ពុជាក្នុងចំណោមទស្សនកិច្ចបន្តកន្ទុយគ្នាក្នុងន័យពង្រឹងចំណងទាក់ទងទ្វេភាគីរវាងភ្នំពេញនិងប៉េកាំង។
ពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការទាំងនោះបានធ្វើឡើងនៅព្រឹកថ្ងៃពុធនេះនៅទីស្តីការគណៈរដ្ឋមន្ត្រីក្រុងភ្នំពេញនៅចំពោះមុខលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ហ៊ី គូឈាង (He Guoqiang) សមាជិកគណៈអចិន្ត្រៃយ៍ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្ស និងជាលេខាគណៈកម្មាធិការត្រួតពិនិត្យវិន័យមជ្ឈិមបក្សកុម្មុយនិស្តចិន។
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិកម្ពុជាគឺជាអ្នកចុះហត្ថលេខាទទួលក្នុងនោះក៏មានការចុះហត្ថលេខាទទួលយន្តហោះប្រភេទ MA 60 ចំនួនពីរគ្រឿងពីប្រទេសចិនផងដែរ។
លោក ហ៊ី គូឈាងនិងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបើកសម្ពោធជានិមិត្តរូបនូវតំបន់សេដ្ឋកិច្ចពិសេសកម្ពុជាចិនក្នុងខេត្តព្រះសីហនុផងដែរ។ គ្មានការបញ្ជាក់ឲ្យដឹងពីទំហំទឹកប្រាក់សម្រាប់គ្រោងអភិវឌ្ឍន៍ដែលត្រូវបានចុះហត្ថលេខានៅព្រឹកមិញនេះទេ។ លោក អ៊ាង សុផល្លែត ជំនួយការរបស់លោកនាយករដ្ឋមន្ត្រី បានប្រាប់អ្នកកាសែតថា ប្រមុខរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណប្រទេសចិននិងបានហៅប្រទេសមហាយក្សអាស៊ីមួយនេះថាជាមិត្តជិតខាងល្អ និងគួរជាទីទុកចិត្ត។
ប្រមុខរដ្ឋាភិបាលកម្ពុជាក៏បានសុំឲ្យចិនបន្តផ្តល់ជំនួយឥណទានបន្ថែមទៀតដល់កម្ពុជា និងជួយទិញទំនិញពីកម្ពុជាឲ្យបានច្រើនថែមទៀតដើម្បីបង្កើនទឹកប្រាក់ពាណិជ្ជកម្មប្រទេសទាំងពីរឲ្យដល់ ៥០០០ លានដុល្លារដូចការគ្រោងទុក។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ចង់ឲ្យចិនជំរុញអ្នកវិនិយោគទុន និងអ្នកទេសចរជនជាតិចិនឲ្យមកកម្ពុជាឲ្យបានកាន់តែច្រើនផងដែរ។ លោក ហ៊ី គូឈាង បានយល់ព្រមតាមសំណើនេះ និងក៏បានថ្លែងអំណរគុណដល់កម្ពុជាវិញដែលតែងគាំទ្រប្រទេសចិនជានិច្ច។
លោក ហ៊ី គូឈាង បានមកដល់កម្ពុជានៅថ្ងៃទី ១២ មិថុនា ក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃដើម្បីរឹតចំណងកិច្ចសហប្រតិបត្តិការរវាងទីក្រុងភ្នំពេញ និងប៉េកាំង។ លោកគឺជាមន្ត្រីជាន់ខ្ពស់បំផុតលំដាប់ទី ២ របស់ចិនដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា បន្ទាប់ពីទស្សនកិច្ចរបស់លោកប្រធានាធិបតីហ៊ូ ជីនតាវ កាលពីដើមខែមេសា។
ទស្សនកិច្ចរបស់មេដឹកនាំចិនមកកម្ពុជាដ៏ដូចជាទស្សនកិច្ចរបស់មេដឹកនាំកម្ពុជាទៅកាន់ប្រទេសចិនដែរ តែងតែនាំមកនូវជំនួយសន្ធឹកសន្ធាប់សម្រាប់កម្ពុជាជានិច្ច។ នេះជាហេតុផលដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រាប់មេដឹកនាំបក្សកុម្មុយនិស្តចិនថា ការអភិវឌ្ឍន៍កម្ពុជាមិនអាចកាត់ផ្តាច់ពីជំនួយរបស់ចិនបានឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ