ពិភពលោក​

អ្ន​កការពារបរិស្ថាន​៖ កិច្ចប្រជុំ​កំពូល​​អាកាសធាតុ​ COP25 មិន​សូវ​បាន​ផល

ដំណាល​គ្នានឹង​កិច្ច​ប្រជុំ​​របស់​ COP 25 នៅ​អេស្ប៉ាញ​,​ ​យុវជន​ ក្មេងៗ សិស្សសាលា​ ព្រ​មទាំង​អង្គការ​អ្នកការពារអាកាសធាតុ​ បា​នបាតុកម្ម​ប្រមូល​ផ្តុំ​គ្នា តាម​រដ្ឋ​ធំៗ​។
ដំណាល​គ្នានឹង​កិច្ច​ប្រជុំ​​របស់​ COP 25 នៅ​អេស្ប៉ាញ​,​ ​យុវជន​ ក្មេងៗ សិស្សសាលា​ ព្រ​មទាំង​អង្គការ​អ្នកការពារអាកាសធាតុ​ បា​នបាតុកម្ម​ប្រមូល​ផ្តុំ​គ្នា តាម​រដ្ឋ​ធំៗ​។ REUTERS/Nacho Doce

តាម​ពិត​ទៅ កិច្ចប្រជុំ​កំពូល​ស្តីពី​អាកាសធាតុ​ COP 25 ធ្វើ​នៅ​ប្រទេស​អេស្ប៉ាញ ត្រូវបិទ​បញ្ចប់​​តាំងតែពី​ថ្ងៃ​សុក្រមកម្ល៉េះ​ ក៏ប៉ុន្តែ​​ត្រូវ​ពន្យារពេលប្រជុំ​រហូត​ដល់​ថ្ងៃសោរ៍​ ហើយ​ដាច់​យប់​ឈាន​ចូល​ថ្ងៃ​អាទិត្យ ទី​១៥ធ្នូ ថែម​​ទៅទៀត។ ទោះយ៉ាងនេះក្តី ក្រុម​អ្ន​កការពារបរិស្ថានជាច្រើន​ សង្កេត​ឃើញថា កិច្ចប្រជុំ​នៅ​ក្រុង​ម៉ាឌ្រីដនេះ​ មិន​សូវជា​​បាន​ផលច្រើន​នោះឡើយ​ ព្រោះ​​រដ្ឋ​សមាជិក និង​ពិសេស​ប្រទេស​ធំៗទាំងអស់ ហាក់​​មិន​សូវ​​បង្ហាញ​ពី​សន្ទុះសកម្មភាព​ឱ្យ​លើសពី​មហិច្ឆតា​និងលើសពី​កម្លាំង​លទ្ធភាព​ដែល​ខ្លួន​អាច​ធ្វើ​បាន។

ផ្សាយពាណិជ្ជកម្ម

កិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ COP 25 ​បាន​ប្រឹង​ប្រែង​ធ្វើ​យ៉ាងណា​ កុំ​ឱ្យបាក់​​មុខមាត់ និង​កុំ​ឱ្យ​បង្ហាញជារូប​ភាព​​ថា​ ការ​ប្រជុំ​បរាជ័យ គឺ​តំណាង​​ប្រទេស​ហត្ថលេខី​ជាង​៨០ចូលរួម ពិសេស​ប្រទេសឈីលី ជាប្រធាន​អង្គប្រជុំ​បាន​បន្ថែមម៉ោង​ប្រជុំ​ជជែកគ្នា​ រហូត​លើស​ពេលច្រើនម៉ោង​ ​ស្ទើរតែ​ពីរថ្ងៃ ផ្ទុយ​ពីការ​គ្រោង​ទុក។ គម្រោង​សម្រេច​របស់​ការ​ប្រជុំ​នេះ គឺ​ត្រូវ​សរសេរ​គោលការណ៍​ដែល​ស្តែង​ពី​មហិច្ចការ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ទៅក្នុង​បរិយាកាស, រក​មធ្យោបាយ​ឧបត្ថម្ភ​ដល់​ប្រទេស​ទន់ខ្សោយ​ឱ្យ​មានលទ្ធភាព​និងសមត្ថភាពទប់​ស្ថាត់​ការ​ប្រែប្រួល​អាកាសធាតុ និង​កាត់​បន្ថយ​ឧស្ម័ន, ហើយ​កំណត់​វិធាន​ការ​ទូទៅ​ចំពោះ​ការ​ប្រើប្រាស់​ធ្យូងថ្ម និង​ការ​លក់ដូរ​ធ្យូងថ្ម នៅក្នុង​ទីផ្សារ​អន្តរជាតិ ជាដើម​។

មហិច្ឆិតា​នេះ ឃើញថា​ធំ ក៏ប៉ុន្តែ ក្រុមអង្គការ​អ្នកការពារអាកាសនិងស្រឡញ់​​បរិស្ថានជាច្រើន​ក្រុម​និង​ច្រើន​នាក់​ យល់ថា​ ​វា​នៅ​មិនទាន់​គ្រប់គ្រាន់ និង​មិន​ទាន់ប្រឹងអស់ពីលទ្ធភាព ហើយ​មិនទាន់​មាន​ជាសកម្មភាពពិតប្រាកដ ដែល​អាច​ធ្វើ​បាន​នៅឡើយ។​

ជាក់ស្តែងទៅ ការ​ប្រយុទ្ធប្រឆាំង​នឹង​កំណើន​អាកាសធាតុ គឺ​ត្រូវ​គេ​មើល​ឃើញថា​បរាជ័យ​ស្រេច​បាន​បាត់​ទៅហើយ។ ពីព្រោះថា អាកាសធាតុ​​ នឹង​កើន​កំណើន​កម្តៅ រហូត​ដល់​៤ទៅ​៥​អង្សារ ពីពេល​នេះ រហូត​ដល់​ឆ្នាំ​២១០០។ ហើយ​បើ​ទោះបី គ្រប់​ប្រទេស​ទាំងអស់​អនុវត្តសម្រេច​គោរព​តាម​កិច្ចព្រម​ព្រៀង​ស្តី​ពី​អាកាសធាតុ​ក្រុងប៉ារីស ក៏​ពិត​មែននោះ អាកាសធាតុ​ក៏​នឹង​កើន​ក្តៅ​លើស​ពី​៣អង្សារដែរ បើតាម​តែ​សន្ទុះ​រាល់ថ្ងៃនេះ។ នេះ​តាម​ការ​បញ្ជាក់​របស់​ទីភ្នាក់ព័ត៌មាន​​បារាំង​ ដែល​ស្រង់​តាម​របាយការណ៍តាម​អ្នក​​វិទ្យាសាស្ត្រ​។

នៅថ្ងៃអាទិត្យ​​ ទី​១៥ធ្នូ យុវត្តី Greta Thunberg ជា​សកម្មជន​វ័យ​ក្មេង​ជាតិ​ស៊ុយអែត និងដែលត្រូវ​កាសែត​ The Time ចាត់ទុកថាជា​មនុស្ស​ឆ្នើម​ប្រចាំឆ្នាំ បាន​សរសេរ​ក្នុង​បណ្តាញ​សង្គម​របស់​នាង ថា ​«កិច្ច​ប្រជុំ​​របស់​ COP 25 ​ហាក់​កំពុងតែ​ត្រូវធ្លាក់​បាក់​បែក​ជាបំណែកៗ។ ការ​រក​ឃើញរបស់​វិទ្យាសាស្ត្រ​របញ្ជាក់​​ពី​អាកាធាតុ​ដែល​ជួប​គ្រោះភ័យ​ ត្រូវ​គេ​មើល​រំលង និងត្រូវ​គេ​ច្រានចោល»

គួរជ្រាបដែរថា ដំណាល​គ្នានឹង​កិច្ច​ប្រជុំ​​របស់​ COP 25 នៅ​អេស្ប៉ាញ​,​ ​យុវជន​ ក្មេងៗ សិស្សសាលា​ ព្រ​មទាំង​អង្គការ​អ្នកការពារអាកាសធាតុ​ បា​នបាតុកម្ម​ប្រមូល​ផ្តុំ​គ្នា តាម​រដ្ឋ​ធំៗ​ ដើម្បី​ដាក់​សម្ពាធ​ឱ្យ​ថ្នាក់​ដឹកនាំ​របស់​ប្រទេស​នីមួយ​យក​ចិត្តទុក​ដាក់​បញ្ចេញ​សកម្ម​ភាព​​ឱ្យ​ដុត​ដៃដុត​ជើង ដើម្បី​ការពារ​បរិស្ថាន​អាកាសធាតុ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI