ចរចាអាកាសធាតុ COP២៥ បរាជ័យ ដែលចប់ទៅដោយមានកិច្ចព្រមព្រៀងតិចតួច
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសម្តែងការសោកស្តាយពីថ្ងៃអាទិត្យទី១៥ធ្នូ គឺក្រោយពីប្រជុំកំពូលស្តីពីអាកាសធាតុCOP២៥ បិទបញ្ចប់ទៅដោយមានកិច្ចព្រមព្រៀងស្តួចស្តើងនិងការប្តេជ្ញាចិត្តតិចតួច។ លោក Antonio Guterres យល់ថា សហគមអន្តរជាតិ គឺធ្វើឱ្យខកខានឱកាសដ៏ល្អបែបនេះ ដើម្បីសម្រេចឱ្យបានមហិច្ចតារបស់ពិភពលោក ក្នុងការគិតគូរពីភពផែនដី។ គួរបញ្ជាក់ថា កិច្ចចរចាកំពូលស្តីពីអាកាសធាតុ COP២៥ នៅប្រទេសអេស្ប៉ាញ ដែលបិទបញ្ចប់ពីថ្ងៃអាទិត្យ ជាមួយនឹងការពន្យារពេល ស្ទើរពីរថ្ងៃ ខុសពីការគ្រោងទុក ហើយចប់ទៅជាមួយនឹងផលតិចតួចបំផុត ផ្ទុយពីការរំពឹងទុក។
កិច្ចប្រជុំអាកាសធាតុ COP 25 បានលទ្ធផលសាច់ការដាក់ស្តែងតិចតួចបំផុត។ តើមកពីហេតុអ្វី?
សាច់ការជាក់ស្តែងមិនសូវបានច្រើន តែច្រើនខាងខកចិត្ត។ អគ្គលេខាធិការអង្គការសហប្រជាជាតិ បានខកចិត្តខ្លាំង ចំពោះកិច្ចប្រជុំកំពូលលំដាប់ពិភពលោកនេះ ពីព្រោះ លោក Antonio Guterres ខ្លួនឯង យល់ឃើញថា សហគមអន្តរជាតិ បានធ្វើឱ្យខកខានឱកាសដ៏ល្អ ក្នុងការគិតគូរពីភពផែនដី។ ទន្ទឹមនេះ យុវត្តីសកម្មជនវ័យក្មេងខាងអាកាសធាតុជាតិស៊ុយអែត នាង Greta Thunberg ក៏កត់សម្គាល់ដែរ ថា «កិច្ចប្រជុំរបស់ COP 25 ហាក់កំពុងតែត្រូវធ្លាក់បាក់បែកជាបំណែកៗ។ ហើយរបកគំហើរបស់អ្នកវិទ្យាសាស្ត្ររបញ្ជាក់ពីអាកាធាតុដែលជួបគ្រោះភ័យ ត្រូវគេច្រានចោល»។
តាមពិតទៅ កិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ COP 25 គឺ វារអាក់រអួលតាំងពីដំបូងម្លេះ។ ប្រទេសប្រេស៊ីល ដែលមានប្រធានាធិបតីថ្មីជាមនុស្សប្រជានិយម មិនសូវខ្វល់ពីបរិស្ថាន បានបដិសេធមិនព្រមធ្វើជាម្ចាស់ផ្ទះទទួលរៀបចំកិច្ចប្រជុំកំពូលបែបនេះទេ។ ចំណែក ប្រទេសឈីលី ដែលត្រូវធ្វើជាប្រធានអង្គប្រជុំ ក៏លុបចោលមិនទទួលរៀបចំនៅក្នុងប្រទេសឈីលីទេ ដោយសារបញ្ហាក្នុងតំបន់ មិនអាចរៀបចំកិច្ចប្រជុំថ្នាក់អន្តរជាតិនេះបានទេ។ ហើយទីបំផុត ក៏ត្រូវធ្លាក់ទៅលើអេស្ប៉ាញ ដែលបានទទួលធ្វើ។
ម្យ៉ាងវិញទៀត ការប្រជុំចរចាគ្នាដ៏វែងចាប់ពីថ្ងៃទី២ធ្នូរហូតមក គឺត្រូវបិទបញ្ចប់តាំងតែពីថ្ងៃសុក្រមកម្ល៉េះ ក៏ប៉ុន្តែត្រូវពន្យារពេលប្រជុំរហូតដល់ថ្ងៃសោរ៍ ហើយចរចាដាច់យប់ ឈានចូលថ្ងៃអាទិត្យម្សិលញថែមទៅទៀត។ តែលទ្ធផលបាក់មុខ នៅតែជៀសមិនផុត។
ក្នុងការប្រជុំមានរយៈពេលចំនួនពីរសប្តាហ៍នេះទៀតសោត គឺគ្មានវត្តមានថ្នាក់ដឹកនាំប្រទេសកំពូលៗ ចូលរួមនោះទេ ឬក៏ថាគេបញ្ចូនតែអ្នកតំណាងទៅចូលរួមតែប៉ុណ្ណោះ។ សម្រេចសម្រួលទៅ រដ្ឋសមាជិកតែចំនួនតិចតួចប៉ុណ្ណោះ ដែលបានយល់ព្រមបង្ហាញពីមហិច្ឆតារបស់ខ្លួន ក្នុងការជួយចូលរួមចំណែកទប់ស្តាត់ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ហើយនិងកាត់បន្ថយការប្រើធ្យូងថ្ម។
ការទីផ្សារនិងកាត់បន្ថយការប្រើធ្យូងថ្ម ប្រេងសាំង គឺជាប្រធានបទរស៊ើបនិងក្តៅបំផុត នៅក្នុងកិច្ចប្រជុំ។ ប្រទេសធំៗប្រឹងប្រែងតែការពារប្រយោជន៍របស់ខ្លួន។
ការកំណត់វិធានការទូទៅលំដាប់ពិភពលោក ចំពោះការប្រើប្រាស់ធ្យូងថ្ម ប្រេងសាំង និងការចរន្តលក់ដូរធ្យូងថ្ម-ប្រេងសាំង នៅក្នុងទីផ្សារអន្តរជាតិ ជាដើម គឺជារឿងលំបាកបំផុត និងមានការប៉ែងជើងគ្នាខ្លាំង រវាងប្រទេសធំៗ ដែលនៅប្រើប្រាស់និងបានចំណេញសេដ្ឋកិច្ចក្នុងវិស័យនេះ។
នៅក្នុងការចរចាសរសេរកិច្ចព្រមព្រៀងពីធ្យូងថ្ម-ប្រេងសាំង ហើយនិងការជជែកពីការកាត់បន្ថយការបំភាយបញ្ចេញឧស្ម័ននេះ គឺមានប្រទេសមួយចំនួននិងកូនប្រទេសតូចៗ ជាង៨០ ដែលបានប្តេជ្ញាចិត្ត ថានឹងចូលរួមឱ្យសកម្មក្នុងរឿងនេះ ចាប់ពីពេលឥឡូវទៅឆ្នាំក្រោយ។ ក៏ប៉ុន្តែ យើងត្រូវដឹងថា ប្រទេសទាំង៨០នោះ បើគិតសរុបបូកទៅ គឺគេបញ្ចេញឧស្ម័នកាបូនិក តែជាង១០,៥ភាគរយប៉ុណ្ណោះ។ ផ្ទុយទៅវិញ ប្រទេសបញ្ចេញឧស្ម័នកាបូនិកច្រើន គឺចិន ឥណ្ឌា ជប៉ុន អូស្ត្រាលី ប្រេស៊ីល និងអាមេរិក គឺគ្មានបានផ្តល់សញ្ញាណយល់ព្រមខ្លាំងក្លា និងការប្តេជ្ញាចិត្តខ្ពស់ឡើយ។
អ្នកសង្កេតការណ៍ពីក្នុងអង្គប្រជុំ បញ្ជាក់ថា ប្រទេសបំភាយឧស្ម័នច្រើន បង្កើតទំហំសេដ្ឋកិច្ចខ្លួននោះ គឺច្រើនតែបំពុលបរិស្ថាននិងអាកាសធាតុខ្លះ ហើយថែមទាំងយកជើងរារាំងការចរចា ដាក់សម្ពាធ និងជំទាស់ក្នុងដំណើរការចរចា ប្រសិនបើមានឃ្លាអ្វីមួយ ធ្វើឱ្យខូចសេដ្ឋកិច្ចខ្លួន។
ជាក់ស្តែង គឺថាតំណាងអ្នកចរចាតំណងប្រទេសធំៗដែលយើងរៀបរាប់មុននេះ អ្នកខ្លះ មិនយល់ព្រមព្រៀងតាមគ្នានោះឡើយ ហើយអ្នកខ្លះទៀត នៅពេលសរសេរកិច្ចព្រមព្រៀង ពីមួយពាក្យទៅមួយពាក្យ, មួយឃ្លាទៅមួយឃ្លា គឺមានការរាំងខ្ទប់និងជំទាស់ ប្រសិនបើសេចក្តីនៃពាក្យណាមួយនោះ វាអាចផ្តល់ផលប៉ះពាល់ខាតប្រយោជន៍ប្រទេសរបស់ខ្លួន។ អ្នកចរចាខ្លះ ថែមទាំងលើកឡើងថា «គ្មានកិច្ចព្រមព្រៀង ប្រសើរជាងមានកិច្ចព្រមព្រៀងដែរ តែជាកិច្ចព្រមព្រៀងអាក្រក់»។
ចំណុចមួយទៀត ក្នុងការស្នើសុំសម្រេចរកមធ្យោបាយឧបត្ថម្ភដល់ប្រទេសទន់ខ្សោយឱ្យមានលទ្ធភាពនិងសមត្ថភាពទប់ស្ថាត់ការប្រែប្រួលអាកាសធាតុនិងកាត់បន្ថយការបញ្ចេញឧស្ម័ន ហើយត្រូវប្រមូលគៀងគរកញ្ចប់ថវិកាគាំទ្រពិសេសបន្ថែមទៀតដើម្បីជួយឧបត្ថម្ភ គឺអ្នកតំណាងប្រទេសខ្លះ ចង់សម្រេចយកកញ្ចប់ថវិកា បម្រុងសម្រាប់ជួយទៅដល់ប្រទេសទាំងនោះ។ តែអ្នកតំណាងចរចារបស់អាមេរិក បានប្រកែក។
ឆ្នាំ២០២០ កិច្ចប្រជុំ COP 26 នឹងរៀបចំនៅអង់គ្លេស។ អង់គ្លេស ត្រូវដើរចេញពីសហភាពអឺរ៉ុប ។ ដូច្នេះ តើគេសង្ឃឹមអ្វីពីប្រទេសនៅអឺរ៉ុប?
នៅក្នុងដំណាក់កាលនេះ គ្រប់គ្នាកំពុងតែចោលភ្នែកសម្លឹងមើល សហភាពអឺរ៉ុប។ សហភាពអឺរ៉ុប ដែលមានក្រុមការងារក្បាលម៉ាស៊ីនថ្មី មានសុឆន្ទៈប្តេជ្ញាចិត្តខ្លាំងនិងច្រើន ជុំវិញបញ្ហាអាកាសធាតុនេះ។ ជាក់ស្តែង សហភាពអឺរ៉ុប ចង់ធ្វើជាគំរូនាំមុខ ដោយនឹងត្រូវដាក់បង្ហាញលាតត្រដាងកិច្ចព្រមព្រៀង និងវិធានការជាក់ស្តែង ដើម្បីសម្រេចឱ្យបានគោលបំណង កាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក នៅឆ្នាំ២០៥០។ ហើយនៅឆ្នាំថ្មី ២០២០ខាងមុខនេះ សហភាពអឺរ៉ុបបង្ហាញផែនការ ជាដំបូងសិន ក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក ឱ្យនៅតិចជាង៤០ភាគរយពេលនេះទៅឆ្នាំ២០៣០។ ផែនការនេះ នឹងត្រូវផ្សាយ មិនឱ្យយូរឡើយ ត្រឹមរដូវក្តៅឆ្នាំក្រោយ នៅអឺរ៉ុប។
រឿងបញ្ហាអាកាសធាតុនេះ ពិភពលោកពិសេសរដ្ឋាភិបាលនីមួយ ត្រូវតែដុតដៃដុតជើងយកចិត្តទុក ព្រោះជារឿងភពផែនដីរបស់យើងទាំងអស់គ្នា។ មិនមែនតែសហភាពអឺរ៉ុប ធ្វើម្នាក់ឯង អាចជួយសង្គ្រោះផែនដីទាំងមូលនោះទេ។
របាយការណ៍របស់អ្នកវិទ្យាសាស្ត្រ! អាកាសធាតុ នឹងកើនកំណើនកម្តៅ រហូតដល់៤ទៅ៥អង្សារ ពីពេលនេះ រហូតដល់ឆ្នាំ២១០០។ ហើយបើទោះបី គ្រប់ប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងស្តីពីអាកាសធាតុក្រុងប៉ារីស សម្រេចគោរពបានតាមគោលដៅ កាត់បន្ថយកម្តៅអាកាសធាតុក្រោម២អង្សារ ក៏ពិតមែននោះ បើតាមតែសន្ទុះរាល់ថ្ងៃនេះ អាកាសធាតុក៏នឹងកើនក្តៅលើសពី៣អង្សារដែរ ។
ដូច្នេះ សួរថា ប្រទេសនីមួយៗប្រឹងរកមានបានខាងសេដ្ឋកិច្ចខ្លាំងពេក រហូតដល់ស្ទើរតែធ្វើឲ្យផែនដីត្រូវឆេះខ្លោច តើគេយកលុយនោះ ទៅចាយនៅទីណា? តើប្រឹងរកលុយនោះមកធ្វើអ្វី បើដឹងថា អនាគតទៅ ផែនដីត្រូវជួបគ្រោះភ័យ ហើយយើងគ្មានជីវិតសម្រាប់ចាយ? ហើយបើអនាគតកូនចៅ ក៏នឹងគ្មានបរិស្ថានអាកាសធាតុល្អសម្រាប់រស់នៅ ផងនោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ