អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ព្យុងយ៉ាង​ទៅ​លួង​អង្គការ​សហប្រជាជាតិកុំ​ឱ្យ​នាំ​កូរ៉េខាងជើង​ទៅ​តុលាការ​ព្រហ្មទណ្ឌ

សំឡេង ០៥:២៥
ឆ្មាំ​កូរ៉េខាង​ជើង ត្បាត​នៅ​មុខ​ពន្ធនាគារ​Chongsong
ឆ្មាំ​កូរ៉េខាង​ជើង ត្បាត​នៅ​មុខ​ពន្ធនាគារ​Chongsong © Reuters
ដោយ៖ អៀង សុខម៉ិញ
២៦ នាទី

ឯកអគ្គរដ្ឋ​ទូត​កូរ៉េខាង​ជើង​ ប្រចាំ​អង្គការ​សហប្រជាជាតិ បាន​ជួប​ពិភាក្សា​ជា​មួយ​នឹង​មន្ត្រី​ស៊ើប​អង្កេត​អង្គការ​សហប្រជាជាតិ​ នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​ ដើម្បី​បង្ហាញ​អំពី​ចេតនា​របស់​ព្យុងយ៉ាង​ចង់​អញ្ជើញមន្ត្រី​​​ទទួល​បន្ទុក​សិទ្ធិមនុស្ស​​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​កូរ៉េ​ខាង​ជើង។ ជំនួប​នេះ​ប្រព្រឹត្ត​ទៅ​ក្នុង​ខណៈ​ដែល​អង្គការ​សហប្រជាជាតិ​កំពុង​ត្រៀម​រៀប​ចំ​បោះឆ្នោត​​ជំរុញ​ឱ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បើក​ការ​ស៊ើប​អង្កេត​លើ​ករណី​រំលោភ​សិទ្ធិមនុស្ស​នៅកូរ៉េ​ខាង​ជើង។

ផ្សាយពាណិជ្ជកម្ម

ជំនួប​រវាង​ឯកអគ្គ​រដ្ឋ​ទូត​កូរ៉េខាង​ជើង​ប្រចាំ​អ.ស.ប. និង​អ្នក​រាយការណ៍​ពិសេស​ លោក ម៉ាហ្សុគី ដារ៉ូស្មាន (Marzuki Darusman) ប្រព្រឹត្ត​ទៅ​តែ​ពីរ​​ថ្ងៃ​មុន​ការ​ដាក់​បង្ហាញ​របាយការណ៍​រំលោភ​សិទ្ធិមនុស្ស​នៅ​កូរ៉េខាង​ជើង​ទៅ​កាន់​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ។ របាយការណ៍​នេះ​ដឹកនាំ​សរសេរ​ដោយ​លោក​ ម៉ាហ្សុគី ដារ៉ូស្មាន អំពាវនាវ​ឱ្យ​​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ចេញ​សេចក្តី​សម្រេច​មួយ​បញ្ជូន​សំណុំ​រឿង​កូរ៉េខាង​ជើង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​ ពីបទ​ឧក្រិដ្ឋកម្ម​សង្គ្រាម។

 
របាយការណ៍​រំលោភ​សិទ្ធិមនុស្ស
 
សូម​បញ្ជាក់​ថា​ កាលពី​ខែ​កុម្ភៈ​ គណៈកម្មការ​ស៊ើប​អង្កេត​អង្គការ​សហប្រជាជាតិ បាន​ចេញ​របាយ​ការណ៍មួយ​​ ថា​មានការរំលោភ​សិទ្ធមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ និង​ជា​លក្ខណៈ​ប្រព័ន្ធ​ ពី​សំណាក់​មន្ត្រី​និង​ស្ថាប័ន​កូរ៉េខាង​ជើង​ ដែល​គេ​អាច​រាប់​បញ្ចូល​ជា​បទ​ឧក្រិដ្ឋ​​ប្រឆាំង​មនុស្ស​ជាតិ​បាន។ ​របាយការណ៍ បាន​បញ្ជាក់​ពី​​ការ​ធ្វើ​ទារុណកម្ម ការ​បង្អត់​អាហារ ឃាតកម្ម ការ​សម្លាប់​ផ្តាច់​ពូជ ទាសភាព ការ​ធ្វើ​ទុក្ខបុកម្នេញ​ដោយ​ហេតុផល​នយោបាយ សាសនា ឬ​ជាតិ​សាសន៍ និង​ទង្វើ​អនុស្សធម៌​ជា​ច្រើន​ផ្សេង​ទៀត។

ប៉ុន្តែ​ការ​ស៊ើប​អង្កេត​រយៈ​ពេល​ជិត​មួយ​ឆ្នាំនោះ ជា​លទ្ធផល​នៃ​ការ​ប្រមែរប្រមូល​ភស្តុតាង​ បាន​មក​ពី​ការសាកសួរ​ជនភៀស​ខ្លួន​កូរ៉េខាង​ជើង ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​កូរ៉េខាង​ត្បូង និង​ជប៉ុន។ ពោល​គឺ​ក្រុម​​ស៊ើប​អង្កេត​មិន​បាន​ចូល​ទៅ​ក្នុង​ប្រទេស​ដោយ​ផ្ទាល់​ទេ ព្រោះ​គ្មានការ​អនុញ្ញត​ពី​អាជ្ញាធរ​ព្យុងយ៉ាង។ ទើប​តែ​នៅ​ពេល​នេះ ស្រាប់​តែ​កូរ៉េខាង​ជើង មក​ពិភាក្សា​បង្ហើប​អំពី​លទ្ធភាព​ ចង់​អញ្ជើញ​ក្រុម​ភ្នាក់ងារ​ស៊ើប​អង្កេត​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​​ទៅវិញ។

បើ​តាម​អ្នក​ទទួល​ខុស​ត្រូវ​អង្គការ​សហប្រជាជាតិ​  កូរ៉េខាង​ជើង សុខចិត្ត​ សហការ​ជាមួយ​​ និង ចង់​ឱ្យមន្ត្រី អ.ស.ប.​​ទៅ​តាមដាន​​បញ្ហា​សិទ្ធិមនុស្ស​ នៅ​ក្នុង​ស្រុក​ ដោយ​ចង់​ឱ្យ​គណៈកម្មការ​ស៊ើប​អង្កេត​អ.ស.ប. បោះបង់​ចោល​គំនិត​ចង់​នាំ​ព្យុងយ៉ាង​ទៅ​កាន់​តុលាការ​ព្រហ្មទណ្ឌ​។ សំណើដែល​តំណាង​អង្គការ​សហប្រជាជាតិ​ទំនង​ជា​មិន​អាច​ទទួល​យក​បាន​ឡើយ​ ! ​សុខចិត្ត​មិន​ទៅ​ទស្សនា​កូរ៉េខាង​ជើង ជា​ជាង​​​បោះបង់​គំនិត​នាំ​ព្យុងយ៉ាង​ទៅ​តុលាការ។

សេចក្តី​សម្រេចចិត្ត​របស់​​ក្រុមប្រឹក្សាសន្តិសុខ

តាម​រយៈ​​របាយការណ៍​ដ៏​គួរ​ឱ្យ​តក់​ស្លុត​ទាក់​ទង​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដ៏​ធ្ងន់ធ្ងរ​ នៅ​កូរ៉េខាង​ជើងនេះ​ ជប៉ុន​និង​សហភាព​អឺរ៉ុប បាន​ស្នើ​គម្រោង​សេចក្តី​សម្រេច​ចិត្ត​មួយ ដែល​អំពាវនាវ​ឱ្យ​ក្រុមប្រឹក្សា​សន្តិសុខ​ ត្រូវ​តែ​ចាត់​វិធានការ​សមស្រប​ ប្រឆាំង​ព្យុងយ៉ាង គឺ​បញ្ជូន​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ នៅ​ឡាអេ ក្នុង​បទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ នា​ឱកាស​មហាសន្និបាត​អង្គការ​សហប្រជាជាតិ។ ​

លោក ម៉ាហ្សុគី ដារ៉ូស្មាន បាន​ផ្តល់​អនុសាសន៍​ឱ្យ​ប្រទេស​ជា​សមាជិក ទាំង​១៩៣ ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ បោះឆ្នោត​ស្នើ​សុំ​ទៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​ ឱ្យ​ចេញ​សេចក្តី​សម្រេចចិត្តមួយ​យក​កូរ៉េខាង​ជើង​ទៅ​តុលាការ​ព្រហ្មទណ្ឌ។ បោះឆ្នោត​​​នឹង​ប្រព្រឹត្ត​នៅ​ចុងខែ​វិច្ឆិកា។ ហើយ​ក្រោយ​ពី​មាន​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​​ ការ​ស៊ើប​អង្កេត​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម ប្រឆាំង​នឹង​របប​ព្យុងយ៉ាង ប្រឆាំង​នឹង​មេដឹក​នាំ​កំពូលៗ​ អាច​ចាប់​ផ្តើម​បាន។

សូម​អាន ៖ តើ​បុគ្គល​ឯកជន​អាច​ប្តឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ឡាអេ បាន​ឬទេ ?

សិទ្ធិ​វ៉េតូ​ចិន
 
ប៉ុន្តែ​ គឺ​នៅ​ពេល​ដល់​ឡើង​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដែល​​អាច​នឹង​មាន​ឧសបគ្គ​មួយ​មក​រាំង​ស្ទះ នោះ​គឺ​ចិន។ ចិន​អាច​នឹង​ប្រើ​សិទ្ធិ​ប្រឆាំង​វ៉េតូ មិន​ឱ្យ​ក្រុមប្រឹក្សា​ចេញ​សេចក្តី​សម្រេច​ នាំ​កូរ៉េខាង​ជើង​ទៅ​កាន់​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ។ ប៉េកាំង​បាន​ធ្លាប់​ប្រកាស​ប្រឆាំង​នឹង​គំនិត​ដោះស្រាយ​បញ្ហា​នៅ​តុលាការ​រួច​មក​ហើយ។ យ៉ាងណា​ក៏​ដោយ ក៏​ចៅក្រម​ជា​អ្នក​ដឹកនាំ​គណៈកម្មការ​ស៊ើប​អង្កេត​សិទ្ធិមនុស្ស​នៅកូរ៉េខាង​ជើង យល់​ថា​គេ​មិន​ត្រូវ​ខ្លាច ឬ​គិត​ថា​ចិន​បោះឆ្នោត​វ៉េតូ​រហូត​ឡើយ ! ចិន​ក៏​ធ្លាប់​ស្ទាក់ស្ទើរ​ចិត្ត​មិន​ប្រើ​វ៉េតូ​ដែរ​ទេ​តើ ?!

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ