អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូរ៉េខាងជើង​​​បាញ់​​មីស៊ីល​​បាល់លិសស្ទិក​​​​​រយៈ​​​​​ចំងាយ​​ខ្លី​​ ស្វាគមន៍​​​ទស្សនកិច្ច​ប្រធានាធិបតី​ចិន​នៅ​ក្រុង​សេអ៊ូល​​

សំឡេង ០៤:៥៦
ការបាញ់​កាំជ្រួច​មីស៊ីល​ របស់​កូរ៉េខាងជើង​ កាលពី​ខែ​មិនា
ការបាញ់​កាំជ្រួច​មីស៊ីល​ របស់​កូរ៉េខាងជើង​ កាលពី​ខែ​មិនា REUTERS/Lee Jong-kun/Yonhap
ដោយ៖ ព្រំ សឿន សូលីណា
៣១ នាទី

នៅ​ថ្ងៃ​អាទិត្យ​នេះ ​កូរ៉េខាងជើង​​បាន​បាញ់​មីស៊ីល​​បាល់លិសស្ទិក​​​​រយៈ​ចំងាយ​ខ្លី​​២ដើម ​នៅ​តាម​ឆ្នេរ​ភាគខាងកើត​ប្រទេស។ មីស៊ីល​ទាំង​នេះ​​អាច​ជា​ប្រភេទ​ស្គុដ Scud បាន​ហោះ​ចំងាយ​៥០០​គីឡូម៉ែត្រ​ មុន​ធ្លាក់​ចូល​ក្នុង​ដែនទឹក​អន្តរជាតិ។ ទង្វើ​របស់​ក្រុងព្យុងយ៉ាង ជា​ការ​​រំលោភ​លើ​​​សេចក្តី​​សម្រេច​​​​​អង្គការ​​សហ​ប្រជាជាតិ​ទាំងស្រុង។​ ​ជា​ការ​កត់សម្គាល់ ​ការបាញ់​មីស៊ីល​នេះ ធ្វើឡើង​​​៣ថ្ងៃ​ប៉ុណ្ណោះ​ ​​ ​ប្រធានាធិបតី​ចិន ស៊ី ជីនពីង ចុះទៅ​ទស្សនកិច្ច​​កូរ៉េខាងត្បូង ថ្ងៃ​៣ និង​៤កក្កដា សប្តាហ៍​ក្រោយនេះ។ ​ជិត​២០ឆ្នាំ​មកនេះ ​នេះជាលើកទី១ហើយ​ ដែល​​ប្រធានាធិបតី​​​សាធារណរដ្ឋ​ប្រជាមានិត​​ចិន​​​ បាន​​​​ជ្រើស​យក​​ក្រុង​សេអ៊ូល​ ​​ធ្វើ​ទស្សនកិច្ច ​មុន​​ក្រុងព្យុងយ៉ាង បើ​ទោះ​ជា​ក្រុងព្យុងយ៉ាង​ជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​នឹង​ក្រុង​ប៉េកាំង​​ក៏ដោយ​ចុះ។

ផ្សាយពាណិជ្ជកម្ម

ការបាញ់​មីស៊ីល​បាល់លិសស្ទិក​រយៈ​ចំងាយខ្លី​​ ​​នៅថ្ងៃ​អាទិត្យ​នេះ អាច​ជា​​​ប្រតិកម្ម​បញ្ចេញ​​កំហឹង​របស់​ក្រុង​ព្យុងយ៉ាង​​ ចំពោះប្រធានាធិបតី​ចិន ស៊ី ជីនពីង​

លោក​ស៊ី ជីនពីង ចង់​ទៅ​​​ក្រុង​សេអ៊ូល ​មុន​ក្រុងព្យុងយ៉ាង​​​ទៅវិញ ថ្វីបើ​​ចាប់ពីបាន​​​ឡើង​កាន់​អំណាច​​​​​នៅ​ចិន ខែ​វិច្ឆិកា ឆ្នាំ​២០១២មក ​លោក​ស៊ី​ នៅ​មិនទាន់​ជួប​មុខ​មេដឹកនាំ​កូរ៉េខាងជើងថ្មី​​ គឹម ជុងអ៊ុន​ ​​ក្តី។ ​ផ្ទុយទៅវិញ ប្រធានាធិបតី​ចិន​​​ធ្លាប់​ជួប​ប្រធានាធិបតី​កូរ៉េខាងត្បូង​ ប៉ាក់ គុនហេ​ ច្រើន​លើក​មកហើយ។ ​​ទស្សនកិច្ច​របស់ប្រធានាធិបតីចិននៅ​កូរ៉េខាងត្បូង​​ សប្តាហ៍​ក្រោយនេះ ជា​ការបំបាក់​មុខ​កូរ៉េខាងជើង​​ពេញទី​តែម្តង។

​​ចិន​ជា​សម្ព័ន្ធមិត្តកុម្មុយនិស្ត​​ជិតដិត​នឹង​​​ក្រុងព្យុងយ៉ាង​ក៏ពិតមែន ​ចិន​ជិតដិត​នឹង​​កូរ៉េខាងជើង​ជាង​កូរ៉េខាងត្បូង​​ក៏ពិត​មែន តែ​ប្រធានាធិបតី​ចិន​ ស៊ី ជីនពីង ដែល​គេ​គិតថា ជា​ចាស់ទុំ ​ហ្មត់ចត់​ក្នុង​ការដឹកនាំ ​ប្រហែល​ជា​ពិបាកទ្រាំមើល​​សកម្មភាព​ឥត​ព្រាងទុក ​​​​​របស់​មេដឹកនាំវ័យក្មេង​នៅ​​​​កូរ៉េខាងជើង​ ​គឹម ជុងអ៊ុន ​ដែល​មិនសូវ​ចេះ​អត់ធ្មត់នោះហើយ។​​ អោយ​តែ​ខឹង​អ្វីមួយ គឺ​ក្រុង​ព្យុងយ៉ាង​​បាញ់​មីស៊ីល​បញ្ចេញ​កំហឹង​ភ្លាម។ ​​​ជាញឹកញយ ក្រុង​ព្យុងយ៉ាង​​តែង​​បាញ់​មីស៊ីល​ចំងាយ​ខ្លី អោយតែ​គិតថា ក្រុង​សេអ៊ូល​​​ផ្គើន​ខ្លួន។ ​ជាក់ស្តែង​​ កន្លងមក ​ពេល​​​កូរ៉េខាងត្បូង​​ធ្វើ​សមយុទ្ធយោធា ជាមួយ​អាមេរិក​​​ គឺ​កូរ៉េខាងជើង​បង្ហាញ​ប្រតិកម្ម​បាញ់​មីស៊ីល​​ភ្លាមៗ​តែម្តង។ ​​​នៅចំពោះ​​មុខ​​​មហិច្ឆតា​នុយក្លេអ៊ែរ​ និង​យោធា​របស់​​កូរ៉េខាងជើង ​​​ចិន​ក៏​បារម្ភ​ពី​សុវត្ថិភាព​​សន្តិសុខ​​​ខ្លួន​​ដែរ។ ​ការបាញ់​មីស៊ីល​មិនប្រាប់​ទុក​​មុន​បែបនេះ វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​កប៉ាល់​នានា​​​ក្នុងតំបន់។ ​

កូរ៉េខាងត្បូង​បាន​ប្រាប់កាលពី​ថ្ងៃ​ព្រហស្បតិ៍​​ថា ​កូរ៉េខាងជើងបាន​បាញ់​មីស៊ីល​ចំងាយ​ខ្លី​៣ដើម នៅ​សមុទ្រ​ជប៉ុន។ ​កូរ៉េខាងជើង​ក៏បាន​អួត​កាលពីថ្ងៃ​ព្រហស្បតិ៍​ដែរ​ថា ​​បាន​បាញ់​សាកមីស៊ីល​​មួយដើម ជា​មីស៊ីល​បាញ់បានចំងាយ​ខ្លី​ផង ចំងាយ​មធ្យម​ផង។ មេដឹកនាំ​គឹម ជុងអ៊ុន ខ្លួនឯង​ផ្ទាល់​ជា​អ្នក​ត្រួតពិនិត្យ​​ការអភិវឌ្ឍន៍​មីស៊ីល​ប្រភេទ​នេះផ្ទាល់។

ថ្មីៗ​នេះទៀត វិទ្យាស្ថាន​អាមេរិក​មួយ បាន​សង្ស័យ​ថា កូរ៉េខាងជើង​ប្រហែល​​អាច​​ផលិត​បាន​មីស៊ីល​បាញ់​នាវា១ដើម​​ផង។ ​​​​​និយាយ​រួម ​សកម្មភាព​​​និង​មហិច្ឆតា​មីស៊ីល​អស់នេះ ជា​ការគំរាម​ស្ថិរភាពតំបន់ គំរាម​ទាំង​​ទីតាំងអាមេរិក​ក្នុងទឹកដី​កូរ៉េ​ខាងត្បូង​ទៀតផង។ ​​ចិន​មិនបាន​​សប្បាយ​ចិត្ត​​ទេ។

​ទំនាក់ទំនង​​​ចិន​និង​កូរ៉េខាងជើង​​​ ​បាន​ចាប់ផ្តើម​តានតឹង​នឹងគ្នា ​ចាប់ពី​ចុង​ឆ្នាំ​២០១២មក ដោយសារតែ​​ក្រុងព្យុងយ៉ាង​បានបាញ់​កាំជ្រួច​មីស៊ីល​ និង​សាកល្បង​នុយក្លេអ៊ែរ​ជា​លើកទី៣ រំលោភ​លើ​សេចក្តីសម្រេច​របស់អង្គការ​សហប្រជាជាតិ។ ​​ដូច្នេះ តាមរយៈ​ការ​ជ្រើស​យក​ក្រុង​សេអ៊ូល ​​​មក​ទស្សនកិច្ច មុន​ក្រុងព្យុងយ៉ាង ​ប្រធានាធិបតី​ចិន ស៊ី ជីនពីង ​ប្រហែល​ចង់​ព្រមាន​​​លោក​គឹម ជុងអ៊ុន ​អោយ​គិតគូរ​​មើល​ឥរិយាបថ​ខ្លួន​ក្នុង​ឆាកអន្តរជាតិ​ឡើងវិញ។ នៅ​ក្រុង​សេអ៊ូល​សប្តាហ៍​ក្រោយនេះ ​លោក​ស៊ី ជីនពីង នឹង​ពិភាក្សាជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង​ ប៉ាក់ គុនហេ ​រក​វិធានការ​កាត់​បន្ថយ​មហិច្ឆតា​​នុយក្លេអ៊ែរ​​កូរ៉េខាងជើង។

ទស្សនកិច្ច​លោក​ស៊ី ជីនពីង នៅ​ក្រុងសេអ៊ូល​ក៏​ផ្តោត​លើ​ប្រធានបទ​ទំនាក់ទំនង​សេដ្ឋកិច្ច​​រវាង​ចិន​និងកូរ៉េខាងត្បូង​ផងដែរ។ ទំហំ​ពាណិជ្ជកម្ម​ជាមួយ​ក្រុងសេអ៊ូល​គឺ​លើស​ក្រុងព្យុងយ៉ាង​ដល់​ទៅ​៤០ រឺ​ក៏​៥០ដង​ឯណោះ។ ​​កូរ៉េខាងជើង​​គ្រាន់តែ​ជា​​ប្រទេស​ដែល​រង់ចាំ​ជំនួយ​សេដ្ឋកិច្ច​ពី​ចិន​ប៉ុណ្ណោះ។ ​

​​​ទោះ​ជា​​កូរ៉េខាងជើង​​មាន​មហិច្ឆតា​នុយក្លេអ៊ែរ​ និងយោធា​ហួសហេតុ​​ ​​ចិន​មិន​ផ្តាច់ជំនួយ ​ដើម្បី​​លេង​កូរ៉េខាងជើង​អោយ​​ធ្ងន់ដៃ​ទេ​

កូរ៉េខាងជើង​​រង​ទណ្ឌកម្ម​ពី​សហគមន៍​អន្តរជាតិ ​​ពឹង​ផ្អែក​លើ​ជំនួយ​ចិនខ្លាំង។​ ចិន​ជួយ​ថាមពល​ ជួយ​ផ្តល់​ផលិតផល​ឧស្សហកម្ម ផលិតផល​ចំណីអាហារ​ដល់​កូរ៉េខាងជើង។ តែ​​ទោះ​ជា​ខំ​ជួយ​សេដ្ឋកិច្ច​កូរ៉េ​ខាងជើង​សន្ធឹក​សន្ធាប់​​​បែបណា​​ ក៏​រដ្ឋាភិបាល​កូរ៉េខាងជើង​មិន​ប្តូរ​ជំហរ​យោធា​ខ្លួន​​ដែរ ហើយ​មានតែ​អាច​​លេង​បក​មក​ចិន​វិញ​ផង​។ ហេតុ​នេះហើយ ទើប​ចិន​គាំទ្រ​​អង្គការ​សហ​ប្រជាជាតិ​​ ​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​​នឹង​ការ​សាកល្បង​នុយក្លេអ៊ែរ​លើកទី៣ ​របស់​ក្រុង​ព្យុងយ៉ាង​ កាលពី​ដើមឆ្នាំ​២០១៣​នោះ។

ប៉ុន្តែ ​​ចិន​មិនអាច​កាត់ផ្តាច់​ជំនួយ​កូរ៉េខាងជើង​ ផ្តាច់​ចំណង​មិត្តភាព​ទេ ព្រោះថា ចិន​បារម្ភ​ខ្លាច​កូរ៉េខាងជើង​ធ្លាក់ដាំដូង​តែ​ម្តង។ សូម​កុំភ្លេច​ថា​ ​រដ្ឋាភិបាល​កូរ៉េ​ខាងជើង​​ផ្តោត​អាទិភាព​​លើ​វិស័យ​យោធា​ក៏ពិតមែន​ តែ​ប្រជាជន​ក្នុង​ស្រុក​រស់​ក្នុង​ភាព​​ក្រីក្រ អត់ឃ្លាន ពឹងផ្អែក​លើ​ជំនួយ​មនុស្សធម៌។ យើង​អាច​នៅចាំ​បានថា ​សហភាព​សូវៀត បាន​ផ្តាច់ជំនួយ​ពី​​ក្រុងព្យុងយ៉ាង នៅ​ពាក់កណ្តាល​ទសវត្ស​ឆ្នាំ​១៩៩០ ​​ក្រុង​ព្យុងយ៉ាង​​ក៏​ជួប​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ ធ្វើអោយ​ប្រជាជន​ជិត​មួយលាន​នាក់ ស្លាប់បាត់បង់ជីវិត​​​ដោយសារ​​រងគ្រោះ​អត់ឃ្លាន។​ ​ដូច្នេះ ក្រុង​ប៉េកាំង​មិន​អាច​លេង​ក្រុង​ព្យុងយ៉ាង​​​​​បានទេ ព្រោះ​ថា ក្រុងប៉េកាំង​​​​​គិតគូរ​​ផ្នែក​មនុស្សធម៌ ចំពោះ​​​​​ប្រជាជន​កូរ៉េខាងជើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ