ទណ្ឌកម្ម​​​​​អ.ស.ប.​​​​​និង​​​សម្ពាធ​​​អន្តរជាតិ​​​​​​អាច​​​ដោះស្រាយ​​​​វិបត្តិ​​កូរ៉េខាងជើង​​​ទេ?​​

សំឡេង ០៥:៣៧
រដ្ឋមន្ត្រី​ការបរទេស​​កូរ៉េខាងជើង​ លោក រី យ៉ុងហូ នៅ​ទីក្រុង​ម៉ានីល ហ្វីលីពីន ក្នុង​ឱកាស​​វេទិកា​អាស៊ាន
រដ្ឋមន្ត្រី​ការបរទេស​​កូរ៉េខាងជើង​ លោក រី យ៉ុងហូ នៅ​ទីក្រុង​ម៉ានីល ហ្វីលីពីន ក្នុង​ឱកាស​​វេទិកា​អាស៊ាន Reuters

ប្រធានាធិបតី​អាមេរិក ដូណាល់​ ត្រាំ និង​ប្រធានាធិបតី​កូរ៉េខាងជើង​មូន ចែអ៊ីន បាន ជជែកគ្នា​​តាមទូរសព្ទ​នៅថ្ងៃចន្ទ​នេះ ស្រុះស្រួលគ្នា​បន្ថែម​សម្ពាធ​អោយកាន់តែ​ខ្លាំង​លើ​កូរ៉េខាងជើង។ ​ប្រមុខការទូត​កូរ៉េខាងត្បូង​និង​កូរ៉េខាងជើង​ទើប​នឹង​ជួបជជែក​គ្នា​ ល្ងាច​​ថ្ងៃអាទិត្យ​ម្សិលមិញ នៅ​ក្រុង​ម៉ានីល។ កូរ៉េខាងជើង​បដិសេធ​សំណើ​ចរចា​របស់​កូរ៉េខាងត្បូង។ ​​​​​​ថ្ងៃចន្ទ​នេះ ក្រុងព្យុងយ៉ាង​បាន​បិរហារ​​​ទណ្ឌកម្ម​​​​អង្គការ​សហប្រជាជាតិ​ ​​ថា​ជា​ការរំលោភព្រៃផ្សៃ​ទៅលើ​​​បូរណភាព​កូរ៉េខាងជើង ហើយ​ទណ្ឌកម្ម​នេះ​មិនបាន​ប៉ះពាល់​ការអភិវឌ្ឈន៍​​នុយក្លេអ៊ែរ​ខ្លួនទេ។

ផ្សាយពាណិជ្ជកម្ម

ទណ្ឌកម្ម​អង្គការ​សហប្រជាជាតិប្រឆាំង​កូរ៉េខាងជើង​​រឹតតែ​ជំរុញ​អោយ​ស្ថានភាព​តានតឹង

​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិបាន​​​អនុម័ត​ទណ្ឌកម្ម​ថ្មីៗ​ កាត់ផ្តាច់​ចំណូល​១ភាគ៣​ដែល​កូរ៉េខាងជើង​បានពីការនាំចេញ។ អាមេរិក​និង​កូរ៉េខាងត្បូង​ក៏​ព្រមព្រៀង​គ្នា​​បន្ថែមសម្ពាធ​​លើ​កូរ៉េខាងជើង អោយ​ដល់​កម្រិត​អតិបរមា។ ​ទាំងអស់នេះ​​​​គឺ​ដើម្បី​រុញកូរ៉េខាងជើងអោយចូលតុ​ចរចា​ ប៉ុន្តែ ក្រុងព្យុងយ៉ាងនៅតែ​បដិសេធ​ចរចា។

វាដូចជាក្លាយ​ទៅជាប្រពៃណីទៅហើយ ដែល​គេ​មិនអាច​រកដំណោះស្រាយ​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង។ ​​កូរ៉េខាងជើង​មិនដែល​ខ្វល់​ទណ្ឌកម្ម​អង្គការ​សហប្រជាជាតិ រឺ​ក៏ទណ្ឌកម្ម​អន្តរជាតិ​ទេ។ សេចក្តី​សម្រេច​​​​​ដាក់​បន្ថែម​ទណ្ឌកម្ម​ថ្មីៗប្រឆាំង​កូរ៉េខាងជើង​ ​មានតែ​ជំរុញ​ស្ថានការណ៍​អោយ​កាន់តែ​តានតឹង​ទៅវិញទេ ​ព្រោះពេលនេះ កូរ៉េខាងជើង​ប្រកាស​ដាច់​ម៉ាត់​ហើយថា មិនចូលចរចា​ដាច់ខាត​ដរាបណាសហរដ្ឋអាមេរិក​នៅ​តែ​គំរាម​កូរ៉េខាងជើង។

​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិអាច​អនុម័ត​សំណើអាមេរិក​ បន្ថែមទណ្ឌកម្ម​ប្រឆាំង​កូរ៉េខាងជើង​​ កាលពី​ថ្ងៃសៅរ៍ ក៏ដោយសារ​ចិន​និង​រុស្ស៊ី​មិនបាន​ចេញវេតូ​ជំទាស់ដែរ។ ​រុស្ស៊ី​ដែល​មានទំនាក់ទំនង​តានតឹង​នឹង​អាមេរិក ​ចិន​​​ជា​ដៃគូ​ចម្បង របស់​កូរ៉េខាងជើង ដែល​តែង​ជួយ​ជ្រោមជ្រែង​កូរ៉េខាងជើងគ្រប់ពេល បែរ​ជា​មិនចេញវេតូ​ជំទាស់​សំណើ់​អាមេរិក។ ប្រាកដ​ហើយដែល​​ ​កូរ៉េខាងជើង​ខកចិត្ត ហើយ​ប្រហែល​លួច​ខឹង​នឹង​ចិន​ផង។ ចិន​និង​រុស្ស៊ី ព្រមអោយ​មា​ន​ទណ្ឌកម្ម​បន្ថែម​លើ​ក្រុង​ព្យុងយ៉ាង ក៏ដោយសារ​លែង​អាច​អត់ធ្មត់​នឹង​ការផ្គើន​មីស៊ីល​របស់​ក្រុងព្យុងយ៉ាង​ដែរ ព្រោះ​​ កាលពី​ថ្ងៃ​បុណ្យជាតិ​អាមេរិក ៤កក្កដា កូរ៉េខាងជើង​​បាន​បាញ់មីស៊ីល​អន្តរទ្វីប​គំរាម​អាមេរិក ទង្វើនេះ គឺ​ហួសបន្ទាត់​ក្រហមហើយ។ មីស៊ីល​អន្តរទ្វីប​ក្រុងព្យុងយ៉ាង​ ​​អាច​បាញ់​ដល់​ដែនដី​អាមេរិក។ ​សហគមន៍​អន្តរជាតិ​ មានទាំង​អាស៊ាន​យើង​ដែរនោះ យល់ថា កូរ៉េខាងជើង​​​​គំរាម​សន្តិសុខ​ពិភពលោក។

គ្រឹះ​នៃ​បញ្ហា គឺថា​​កូរ៉េខាងជើង​ផ្គើន​​​​អាមេរិក​​ ក៏ដោយសារ​តែ​អាមេរិក​និង​កូរ៉េខាងត្បូង​បន្ត​ធ្វើ​សមយុទ្ធ​រួមគ្នា រាល់ឆ្នាំ ​ផ្គើន​កូរ៉េខាងជើង​វិញដែរ។ កូរ៉េខាងជើង​ចាត់ទុក​​សមយុទ្ធ​នេះថាជា​ការហាត់សម​ត្រៀមវាយលុក​កូរ៉េខាងជើង។ អញ្ចឹង​កូរ៉េខាងជើងក៏​​​នៅតែ​មាន​លេស​អភិវឌ្ឍន៍​កម្មវិធី​មីស៊ីល​តទៅទៀត។ ម្សិលមិញ លោកស្រី​កាំង គ្យុងវ៉ា ជា​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងត្បូង បានជួបគ្នា​មិនផ្លូវការ ជាមួយ​​លោក​រី យ៉ុងហូ ជា​​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងជើង នៅវេទិកា​អាស៊ាន​ក្រុងម៉ានីល។ លោកស្រី​បាន​ស្នើ​កូរ៉េខាងជើង​ចូលតុចរចា តែ​ប្រមុខការទូត​កូរ៉េខាងជើងយល់ថា​ សំណើនេះ​​​គ្មាន​ភាព​ស្មោះត្រង់ទេ ព្រោះ​កូរ៉េខាងត្បូង​នៅតែ​បន្ត​សហការ​ជាមួ​យអាមេរិក នៅតែ​បន្ត​ធ្វើសមយុទ្ធ​ជាមួយអាមេរិក​រាល់តែ​ឆ្នាំ។ ម្យ៉ាងទៀត អាមេរិក​និង​កូរ៉េខាងត្បូង​ដូចជា​មិន​​ខ្វល់ មិន​​​យល់ស្រប​តាម​​សំណើរបស់​ចិន ក្នុង​ការ​​​ដោះស្រាយ​បញ្ហា​កូរ៉េខាងជើងសោះ។

ចិនដាក់សំណើថា អោយកូរ៉េខាងជើង​ផ្អាក​សកម្មភាព​មីស៊ីល​នុយក្លេអ៊ែរ ហើយ​ជាថ្នូរ អាមេរិក​និង​កូរ៉េខាងត្បូង​ត្រូវផ្អាក​សមយុទ្ធ​រួមគ្នា​ អាមេរិក​ត្រូវដកចេញ​វិញ​នូវ​ខែល​​មីស៊ីលការពារ​មីស៊ីល ដែល​បានដាក់​នៅ​កូរ៉េខាងត្បូង។ សំណើ​នេះ​ជាអ្វីដែល​កូរ៉េខាងជើង​ចង់បានយូរ​ហើយ។ តែអាមេរិក​និង​កូរ៉េខាងត្បូង​ដូចជា​មិនខ្វល់ ហើយ​តាម​កម្មវិធី ប្រទេស​​ទាំង២​​ក៏​នឹង​បន្ត​ធ្វើសមយុទ្ធ​យោធា​​​​ប្រចាំ​ឆ្នាំ​តទៅទៀត។ ពេលនេះទៀត​​ ​លោកមូន ចែអ៊ីន និង​លោកដូណាល់ ត្រាំ​ ក៏​សន្យា​បន្ត​សហការគ្នា ដាក់​សម្ពាធ​​លើក្រុងព្យុងយ៉ាង រឿងអី​ដែល​ក្រុងព្យុងយ៉ាង​ព្រមចូល​តុចរចា​ងាយៗទៅ !

ចិន​រំលឹក​ឡើងវិញ​ពី​ការអនុវត្ត​ទណ្ឌកម្ម​ដែល​អាច​ប៉ះពាល់​ប្រជាជន​កូរ៉េខាងជើង

ទណ្ឌកម្ម​ដែល​អង្គការ​សហប្រជាជាតិបោះអនុម័ត​កាលពី​ថ្ងៃសៅរ៍នោះ គឺដើម្បី​កាត់ផ្តាច់​ចំណូល​១ភាគ៣ ដែល​រដ្ឋក្រុងព្យុងយ៉ាង​ទទួល​​បានពីការនាំចេញ។ ការនាំចេញ​ផ្សេងៗ ដូចជា​គ្រឿងសមុទ្រ រ៉ែដែក រឺ​ក៏​ធ្យូងថ្ម ផ្តល់ចំណូល​​ដល់​រដ្ឋកូរ៉េខាងជើង ១ឆ្នាំៗ ប្រហែល​៣ពាន់លានដុល្លារ។ ទណ្ឌកម្ម​អង្គការ​សហប្រជាជាតិ គឺ​ដើម្បី​កុំអោយ​លោកគឹម ជុងអ៊ុន យ​កថវិកា​នេះ ទៅ​អភិវឌ្ឍន៍​មីស៊ិល។ ​​ក្រុង​ព្យុងយ៉ាង​បរិហារ​ថា ទណ្ឌកម្ម​អង្គការ​សហប្រជាជាតិ​​​​​រំលោភ​ព្រៃផ្សៃ​ទៅលើ​បូរណភាព​​​​កូរ៉េខាងជើង។ ​​

ចិន​ ​រំលឹក​ឡើងវិញថា​ ​ធ្វើយ៉ាង​ណា​ក៏ដោយ កុំអោយ​ទណ្ឌកម្ម​ប្រឆាំង​កូរ៉េខាងជើង អាច​ឈាន​ទៅដល់​ការ​ធ្វើបាប​ប្រជាជន​នៅ​​កូរ៉េខាងជើងអោយសោះ។ មានន័យថា​ សហគមមន៍​អន្តរជាតិ​ត្រូវប្រយ័ត្ន​អោយ​មែនទែន ក្នុង​ការ​អនុវត្ត​ទណ្ឌកម្ម​អង្គការ​សហប្រជាជាតិ ព្រោះ​អនុវត្ត​មិនស្រួល ​អាចប៉ះពាល់​ដល់​ប្រជាជន​ក្នុងស្រុក​កូរ៉េខាងជើង​ទៅវិញទេ។ ដូច្នេះ ពិបាក​សម្រេច​ទិសដៅ​ចុងក្រោយ​នៃទណ្ឌកម្ម​ដែលចង់​អោយ​ក្រុងព្យុងយ៉ាង​​ចូលចរចា។ វាមានតែ​បន្ថែមភាពតានតឹង​កាន់តែខ្លាំង ហើយ​​អាច​ផ្ទុះ​ជា​ជម្លោះ​យោធាបាន។

ក្រុងសេអ៊ូល​ពិបាក​ទុកចិត្ត​ថា អាមេរិក​អាច​ជួយការពារ​កូរ៉េខាងត្បូង​ករណី​មាន​សង្គ្រាម

​កូរ៉េខាងត្បូង​ព្រមព្រៀងជាមួយ​អាមេរិក បន្ថែម​សម្ពាធ​លើក្រុងព្យុងយ៉ាង​ តែ​​​​ក៏​ដូចជា​​​លែងអាច​ទុកចិត្តអាមេរិក​ក្នុង​ការការពារ​ប្រជាជន​កូរ៉េខាងត្បូង ករណី​មាន​សង្គ្រាម​ជាមួយ​កូរ៉េខាងជើង​ដែរ

ពិបាក​ទុកចិត្ត​អាមេរិ​កព្រោះថា ​ករណី​មានសង្គ្រាម រឺជម្លោះ​យោធា គឺ​ឧបទ្វីបកូរ៉េ មិនថា​អាមេរិក​វាយ​ប្រហារ​កូរ៉េខាងជើង​មុន រឺក៏​កូរ៉េខាងជើង​លេងមីស៊ីល​ទៅ​អាមេរិក​មុន​ទេ​ គឺ​បងប្អូន​កូរ៉េទាំង២នេះទេ​ដែលរងគ្រោះ​មុនគេ។ ​​ហេតុនេះហើយ ទើបប្រធានាធិបតី​កូរ៉េខាងត្បូង​ថ្មី មូន ចែអ៊ីន ព្យាយាម​សុំចរចា​ជាមួយ​លោក​គឺម ជុងអ៊ុន។ កូរ៉េខាងត្បូង​ពិបាក​ទុកចិត្ត​អាមេរិក ព្រោះ​ថ្មីៗនេះ អាមេរិក​ធ្វើអោយ​គេយល់ថា ​ចង់ទៅផ្តួលរលំ​របប​ក្រុងព្យុងយ៉ាង។ ​

សមាជិក​ព្រឹទ្ធសភា​បក្សសាធារណរដ្ឋ​អាមេរិក​ម្នាក់​ធ្លាប់ប្រាប់ថា លោក​ត្រាំប្រាប់គាត់​ផ្ទាល់​មាត់​ថា ត្រៀមធ្វើសង្គ្រាម​ ដើម្បី​កុំអោយ​ក្រុងព្យុងយ៉ាង​អាច​​​​អភិវឌ្ឍន៍​​បច្ចេកវិទ្យា​មីស៊ីល​ ICBM បំពាក់​ក្បាលគ្រាប់​នុយក្លេអ៊ែរ​បាន។ លោកត្រាំ​ប្រាប់ទៀតថា បើ​មានសង្គ្រាម​ គឺ​មាន​នៅតែ​ខាងកូរ៉េទេ ហើយ​បើ​មាន​មនុស្សស្លាប់​រាប់ពាន់នាក់ គឺ​មិនស្លាប់​នៅ​អាមេរិក​ទេ។ ពាក្យពេចន៍​ទាំងនេះ​​មិនអាច​អោយ​កូរ៉េខាងត្បូង ទុកចិត្ត លោកដូណាល់ ត្រាំ​ទេ​។ សង្គ្រាមកូរ៉េបញ្ចប់​មែន តែ​គ្មានសន្ធិសញ្ញា​សន្តិភាព​​ទេ ស្ថានភាព​សង្គ្រាម​នៅតែ​មានជានិច្ច នៅ​ឧបទ្វីបកូរ៉េ។ ម្យ៉ាងទៀត បើកូរ៉េខាងជើង​វាយប្រហារ​នុយក្លេអ៊ែរ​លើ​អាមេរិក ​អាមេរិកក៏​​ពិបាក​​​​ជួយកូរ៉េខាងត្បូង​ដែរ ព្រោះ​លោកត្រាំ ត្រូវជួយ​ពលរដ្ឋ​អាមេរិក​មុនហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI