កូរ៉េខាងត្បូង ក្លាយជាប្រទេសរងគ្រោះទី២បន្ទាប់ពីចិន ដោយសារមេរោគកូរ៉ូណាថ្មី
ចុះផ្សាយនៅថ្ងៃ៖
កូរ៉េខាងត្បូង មានចំនួនអ្នកឆ្លងមេរោគផ្លូវដង្ហើម CoVid-19 កើនឡើងដល់ជាង ៦០០នាក់ ដែលធ្វើឱ្យកូរ៉េខាងត្បូង ជាប់ឈ្មោះជាដែនដីទី២ មានអ្នកមេរោគកូរ៉ណាថ្មី ច្រើនជាងគេ បន្ទាប់ពីស្រុកចិន។ ប្រធានាធិបតីកូរ៉េខាងត្បូង បានសម្តែងក្តីព្រួយបារម្ភកាន់តែខ្លាំងពីការឆ្លងរាលដាលនៃមេរោគកូរ៉ូណាថ្មី ដោយប្រកាសឱ្យអាជ្ញាធរ«បង្កើនការប្រុងប្រយ័ត្នកម្រិតខ្ពស់បំផុត»។ ប្រមុខរដ្ឋកូរ៉េខាងត្បូង មូន ចែអ៊ីន បញ្ជាក់ដែរថា គិតត្រឹមថ្ងៃអាទិត្យ ទី២៣កុម្ភៈ កូរ៉េខាងត្បូង មានអ្នកស្លាប់ដោយសារមេរោគផ្លូវដង្ហើមនេះ ចំនួន៣នាក់ ហើយអ្នកឆ្លងថ្មី ក្នុងមួយថ្ងៃអាទិត្យ មានដល់ប្រមាណជិត១៧០នាក់។
ចំណោមអ្នកឆ្លងវីរុសកូរ៉ូណាថ្មីប្រមាណ១៧០នាក់នោះ មានជិត១០០នាក់ ជាសមាជិកគ្រិស្តបរិស័ទ ដែលបានទៅចូលរួមសូត្រធម៌ នៅវិហារគ្រិស្តសាសនាមួយ ក្នុងខេត្តថេគូ (Daegu)។ ដើមហេតុដំបូង កាលពីថ្ងៃទី១០កុម្ភៈ ស្ត្រីចំណាស់ម្នាក់ វ័យជាង៦០ឆ្នាំ ដែលមានមេរោគកូរ៉ូណា បានទៅចូលរួមពិធីសាសនា ដល់ទៅចំនួន៤វិហារឯណោះ។ ចំណោមវិហារទាំងបួន មានវិហារមួយ ឈ្មោះថា ស៊ីនឆន់ជី (Shincheonji) មានសមាជិកបរិវារដល់ទៅប្រមាណជិត១ម៉ឺននាក់។ ហេតុនេះហើយទើបចៅហ្វាយខេត្តថេគូ បានស្នើសុំឱ្យពលរដ្ឋប្រមាណ២លានកន្លះ ស្នាក់នៅក្នុងផ្ទះមួយរយៈសិន កុំចេញក្រៅ បើអាចធ្វើបាន។
នៅពេលនេះ ខេត្តថេគូនិងទីក្រុងជុំវិញខេត្ត ត្រូវអាជ្ញាធរកូរ៉េខាងត្បូង ដាក់ចូលជាតំបន់រដ្ឋបាលពិសេស ដែលត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត។ ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចែអ៊ីន បានប្រកាសអាសន្ន «វិបត្តិថ្នាក់ជាតិ» និងអំពាវនាវរកជំនួយជាបន្ទាន់។
អ្នកសារព័ត៌មានវិទ្យុបារាំង RFI Stéphane Lagarde បានចុះទៅកូរ៉េខាងត្បូង ហើយធ្វើសេចក្តីរាយការណ៍មកថា ចរាចរណ៍តាមផ្លូវហាក់ដូចជាស្ងាត់ ហាងលក់ទំនិញនិងភោជនីយដ្ឋានជាច្រើន បានបិទទ្វារ។ កន្លែងខ្លះមានសរសេរបដាដាក់ថា ហាងបិទទ្វារដោយមូលហេតុមានជំងឺឆ្លង ហើយអាហារដ្ឋានផ្សេងទៀត មានសរសេរថា ភោជនីយដ្ឋានបិទទ្វារព្រោះគ្មានបុគ្គលិកមកធ្វើការ ជាដើម។
ប្រឈមនឹងការកើនឡើងចំនួនអ្នកឆ្លងកូរ៉ូណាថ្មីនៅកូរ៉េខាងត្បូង សហរដ្ឋអាមេរិក បានដាស់តឿនពលរដ្ឋខ្លួនឱ្យប្រុងប្រយ័ត្ន ក្នុងការធ្វើដំណើរទៅកូរ៉េខាងត្បូង ជាសម្ព័ន្ធមិត្ត។ ចំណែក អ៊ីស្រាអែល ប្រកាសមិនអនុញ្ញាតឱ្យក្រុមហ៊ុនយន្តហោះ Korean Air ចុះចតនៅទឹកដីអ៊ីស្រាអែលឡើយ ប្រសិនបើគ្មានអ្នកដំណើរជាពលរដ្ឋអ៊ីស្រាអែលនោះទេ។ ប្រទេសអង់គ្លេស ស្នើយោបល់មិនឱ្យប្រជារាស្ត្រអង់គ្លេស ធ្វើដំណើរទៅខេត្តថេគូ និងឆង់ដូ (Cheongdo) នោះឡើយ បើគ្មានការចាំបាច់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ