ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ទស្សនកិច្ច​អូបាម៉ា​នៅ​សេអ៊ូល​ ក្រោម​ការ​គម្រាម​សាកល្បង​​នុយក្លេអ៊ែរ​ពី​សំណាក់​ក្រុង​ព្យុងយ៉ាង​

សំឡេង ០៥:៤៧
ប្រធានាធិបតី​អាមេរិក អូបាម៉ា និងប្រធានាធិបតី​កូរ៉េខាងត្បូង ប៉ាក់ គុនហឺនៅ​​ក្រុងសេអ៊ូល ថ្ងៃ​សុក្រ​២៥មេសានេះ។
ប្រធានាធិបតី​អាមេរិក អូបាម៉ា និងប្រធានាធិបតី​កូរ៉េខាងត្បូង ប៉ាក់ គុនហឺនៅ​​ក្រុងសេអ៊ូល ថ្ងៃ​សុក្រ​២៥មេសានេះ។ REUTERS/Kim Hong-Ji

ក្រោយបាន​ទស្សនកិច្ច​នៅ​ជប៉ុន​រួចមក ​នៅ​ថ្ងៃ​សុក្រ​នេះ ប្រធានាធិបតីអាមេរិក​អូបាម៉ា បាន​បន្ត​ដំណើរ​ទស្សនកិច្ច​របស់​លោក​ ទៅ​​ក្រុងសេអ៊ូល​កូរ៉េខាងត្បូង។ លោកអូបាម៉ា​នឹង​ធានា​អះអាង​ដល់​ប្រធានាធិបតី​ប៉ាក់ គុនហឺ​ថា ​អាមេរិក​​​នឹង​ដាក់​សម្ពាធ​លើ​មេដឹកនាំ​កូរ៉េខាងជើង ​ដើម្បី​អោយ​​កូរ៉េខាងជើង​បោះបង់​ចោល​​កម្មវិធី​នុយក្លេអ៊ែរ។ ​​​រូបភាព​​​​​ជាច្រើន​ថតបាន​ដោយ​ផ្កាយ​រណប​ កាលពី​២ថ្ងៃ​មុននេះ បង្ហាញ​ពី​សកម្មភាព​​នានា នៅ​មជ្ឈមណ្ឌល​​​​​នុយក្លេអ៊ែរ ​ពុងហ្គី-រី Punggye-ri នៅកូរ៉េខាងជើង ​ធ្វើអោយ​គេ​សន្និដ្ឋានថា ​ កូរ៉េខាងជើង​ប្រហែល​ជា​កំពុង​រៀបចំ​សាកល្បង​នុយក្លេអ៊ែរ​ជាលើកទី៤​ទៀត។ ​នៅថ្ងៃ​សុក្រ​នេះ ប្រធានាធិបតីអាមេរិក​បាន​ព្រមាន​កូរ៉េខាងជើង​អោយប្រុងប្រយ័ត្ន​ ករណី​​​មាន​ការ​​សាកល្បង​នុយក្លេអ៊ែរក្រោមដី​​ជាថ្មី​ទៀត នោះ​សហគមន៍​អន្តរជាតិ​នឹង​ចាត់​វិធានការ​​​​ដាច់ខាត​តបត​ទៅវិញ​​​​មិនខាន។ ​ទស្សនកិច្ច​របស់​លោក​ អូបាម៉ា ក៏​ធ្វើឡើង​ចំពេល​​ប្រជាជន​កូរ៉េខាងត្បូង​​កំពុងរងទុក្ខ​ដោយ​ហេតុការណ៍​​​លិចសាឡាង ​​ដែល​មាន​​ជនរងគ្រោះ​រាប់រយនាក់ សុទ្ធ​តែ​ជា​យុវជន​សិស្សសាលា​​ផងដែរ។

ផ្សាយពាណិជ្ជកម្ម

តើ​កូរ៉េខាងជើងអាច​នឹង​សាកល្បង​នុយក្លេអ៊ែរ ដើម្បី​ស្វាគមន៍​លោកអូបាម៉ា ក្នុង​ដំណើរ​ទស្សនកិច្ច​​របស់​លោក នៅ​អាស៊ី​ដែរ​ទេ ?

កូរ៉េខាងត្បូង​បាន​អោយ​ដំណឹង​ នៅសប្តាហ៍​នេះដែរ​ថា ​នៅ​​មជ្ឈមណ្ឌល​​​​​ពុងហ្គី-រី Punggye-ri កូរ៉េខាងជើង​​ប្រហែល​ជា​កំពុង​រៀបចំ​គ្រឿងផ្ទុះ ដើម្បី​សាកល្បង​នុយក្លេអ៊ែរ​ក្រោមដីជាថ្មីទៀត។ មើលទៅ។ ​ក្នុងសន្និសីទ​សារព័ត៌មាន​នៅ​ក្រុងសេអ៊ូល​ ថ្ងៃសុក្រ​នេះ ប្រធានាធិបតី​អាមេរិក​បាន​ព្រមាន​កូរ៉េខាងជើង​ថា ការគម្រាម​កំហែង​នុយក្លេអ៊ែរ​នេះ គឺ​មិនផ្តល់​ប្រយោជន៍​អ្វីទាំងអស់​​ដល់​កូរ៉េខាងជើង​។ លោក​អូបាម៉ា​ប្រាប់រួចហើយ​ថា សហគមន៍​អន្តរជាតិ​នឹង​តបត​វិញ​ចៀស​មិនរួច​ទេ ​ករណី​មាន​ការ​សាកល្បង​នុយក្លេអ៊ែរ ជា​ថ្មី​ទៀតនោះ។ ​កន្លងមក កូរ៉េ​ខាងជើង​​បាន​សាកល្បង​​នុយក្លេអ៊ែរ​៣លើក​រួចមកហើយ គឺ​​ម្តង​នៅ​ខែ​តុលា ​​ឆ្នាំ​២០០៦ ម្តងទៀត​នៅ​ខែ​ឧសភា​​ឆ្នាំ​​២០០៩ ហើយ​លើកចុងក្រោយ​ គឺ​​នៅ​ដើមខែ​កុម្ភៈ​ ឆ្នាំ​២០១៣​ ឆ្នាំ​មុន​នេះឯង។ ក្រោយ​ការ​សាកល្បង​ម្តងៗ ​ក្រុងព្យុងយ៉ាង​តែងតែ​ទទួលទណ្ឌកម្ម​​ធ្ងន់​ពី​សហគមន៍​អន្តរជាតិ​។ ​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ក្រុងព្យុងយ៉ាង​ក៏​​បាន​​​​​បាញ់​មីស៊ីល​រយៈចំងាយ​ខ្លី ជាច្រើន​ដើមផងដែរ។

អ្នកវិភាគ​នានា​គិតថា ​ការដែល​​ក្រុងព្យុងយ៉ាង​​បង្ហាញ សកម្មភាពអស់នេះ រួមទាំង​សកម្មភាព​នៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ ពុងហ្គី-រី Punggye-ri នោះ​ ប្រហែល​​​គ្រាន់តែ​ជា​ការ​​គម្រាម ដើម្បី​អោយ​ដំណើរ​ទស្សនកិច្ច​លោក​អូបាម៉ា នៅ​កូរ៉េខាងត្បូង ពិសេស​នៅ​អាស៊ី​តែម្តង ជួប​ស្ថានភាព​រអាក់រអួលប៉ុណ្ណោះ។ ក្រុងព្យុងយ៉ាង​មិនហ៊ាន​ធ្វើអ្វី​ធ្ងន់ធ្ងរ​ទេ ព្រោះថា បើហ៊ាន​​​សាកល្បង​នុយក្លេអ៊ែរ​ រឺ​បាញ់មីស៊ីល​នៅពេលនេះ ​ចិន​ជា​​ប្រទេស​សម្ព័ន្ធមិត្ត​កូរ៉េខាងជើង​អាច​នឹង​ខឹង​សម្បា​រ​បាន។ ចិន​ធ្លាប់បារម្ភ​ម្តងហើយ កាលពី​ខែ​មិនា​មុននេះ ពេល​​កូរ៉េខាងជើង​បាន​បាញ់​មីស៊ីល​​មួយដើម ក្នុង​ច្រក​​ដែនអាកាស​របស់​យន្តហោះ​ចិន​​មួយគ្រឿង។ ​

ស្ថិត​ក្រោម​ទណ្ឌកម្ម​សេដ្ឋកិច្ច​​​របស់​សហគមន៍​អន្តរជាតិ សេដ្ឋកិច្ច​កូរ៉េខាងជើង​ពឹងផ្អែក​​លើ​ចិន​ច្រើន ដូច្នេះ​ ​​ បើ​ចិនខឹង​ នោះ​កូរ៉េខាងជើង​ជា​អ្នកខាតបង់ទៅវិញទេ។ ម្យ៉ាងទៀត អាមេរិក​ក៏បាន​សុំអោយចិន​ជួយ​ជំរុញ​អោយ​កូរ៉េខាងជើង​​​អោយ​បន្ទន់​ឥរិយាបថ​ខ្លួន​ផងដែរ។

កន្លងមក ​​កូរ៉េខាងជើង​​​បាញ់មីស៊ីល​រយៈចំងាយ​ខ្លីជាច្រើន​ដើម ​​​ដើម្បី​តបត​ទៅនឹង​សមយុទ្ធ​យោធា​រួមគ្នា​រវាង​អាមេរិក និង​​កូរ៉េខាងត្បូង​ប៉ុណ្ណោះ។ ប្រសិន​បើ​មាន​សកម្មភាព​ណាមួយ​ពី​ក្រុងព្យុងយ៉ាង​ ក្នុង​ដំណើរ​ទស្សនកិច្ច​ប្រធានាធិបតី​អាមេរិក នៅ​អាស៊ី​ពេលនេះ ​នោះ​មាន​ន័យ​ថា ​កូរ៉េខាងជើង​ប្រហែល​​​ចង់អោយ​អាមេរិក​ ពិសេសសហគមន៍​អន្តរជាតិ​ គិតគូរ​ឡើងវិញ​ពី​​កិច្ចចរចា​៦ភាគី មាន​​ប្រទេស​កូរ៉េទាំង២ រុស្ស៊ី ចិន ជប៉ុន​និង​អាមេរិក ជាកិច្ច​ចរចា​ដែល​បាន​ផ្អាក​កាលពី​ឆ្នាំ​២០០៨នោះ។ ព្រោះថា ​កិច្ចចរចា​នេះ​មានទិសដៅ​អោយ​ក្រុងព្យុងយ៉ាង​​បញ្ឍប់​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន ជា​ការ​ផ្តោះប្តូរ​នឹង​ជំនួយ​​​សេដ្ឋកិច្ច​។

ក្នុង​ទស្សនកិច្ច​នេះ លោកអូបាម៉ា​​បង្ហាញ ​​ថា ​អាមេរិក​​ត្រូវការ​ចិនចាំបាច់​​​ដើម្បី​​​ជម្រុញ​កូរ៉េ​ខាងជើង​អោយ​​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ

លោក​អូបាម៉ា​មិនបានគ្រោង​ជាន់ទឹកដី​ចិន​ក្នុង​ទស្សនកិច្ច​​​នៅ​អាស៊ី​ទេ។ ពេលនេះ លោកអូបាម៉ា​​ហាក់បាន​​​បន្ទន់​ឥរិយាបថ​ចំពោះចិន​វិញ។ ​ ​ដើម្បី​សម្រេច​អោយ​​បាន​នូវការធានា​ដល់​កូរ៉េខាងត្បូង​​ថា អាមេរិក​បន្ត​ដាក់សម្ពាធ​អោយ​កូរ៉េខាងជើង​បញ្ឈប់​សកម្មភាព​នុយក្លេអ៊ែរ លោកអូបាម៉ា​ត្រូវការ​ចិន​ចៀសមិនរួច ព្រោះចិន​ជាសម្ព័ន្ធ​មិត្ត​កូរ៉េខាងជើង។ ​​លោក​អូបាម៉ា​លើកឡើង​​ថា​ ចិន​​​​​​ដឹងច្បាស់​ណាស់ថា នុយក្លេអ៊ែរ​​កូរ៉េខាងជើង​​​​ ​គម្រាម​សន្តិសុខ​ចិន​។ ​អ្នកជំនាញ​នានា​ប្រាប់ថា ​កូរ៉េ​ខាងជើង​មាន​សម្ភារៈ​ និង​ធាតុ​ភ្លុយតូនីញុំ​គ្រប់គ្រាន់ ដើម្បីផលិតគ្រាប់បែក​បរមាណូ​ វាយប្រហារ​ប្រទេស​ជិតខាង។ ​​ កូរ៉េខាងត្បូង​ជាសត្រូវ​កូរ៉េខាងជើង ​កន្លងមក ក៏​ធ្លាប់​​គ្រោង​ផលិត​​​​​​មីស៊ីល​បាញ់បាន​ចំងាយ​កាន់តែឆ្ងាយ​ ប្រឈម​នឹង​​ក្រុងព្យុងយ៉ាង​ផងដែរ។ ដូច្នេះ នៅ​អាស៊ី បើ​បងប្អូន​កូរ៉េទាំង២​ក្អេងក្អាង​ដាក់គ្នា​កាន់តែខ្លាំង ហើយ​បើ​មានហេតុការណ៍អ្វីកើតឡើង អាមេរិក​ខ្លួនឯង​មិនអាច​ទប់ជួយ​​សម្ព័ន្ធ​មិត្ត​​កូរ៉េខាងត្បូង បានតែ​ម្នាក់​ឯង​នោះទេ មានតែ​ត្រូវការ​​​ចិន​ជួយ។

ការបន្ទន់​ជំហរ​នេះ ក៏​អាច​ថា​ ជា​យុទ្ធសាស្ត្រ​លោក​អូបាម៉ា​ដើម្បី​បន្ថយ​​ភាពតានតឹង​រវាងអាមេរិក​​ជាមួយចិន​ផងដែរ ព្រោះថា ម្សិលមិញនេះ ក្នុងទស្សនកិច្ច​នៅជប៉ុន​ លោកអូបាម៉ា​​បាន​បង្ហាញ​ជំហរ​​ជួយការពារ​ជប៉ុន​ ករណី​មាន​ការវាយប្រហារពីប្រទេស​ទី៣។ ​ជប៉ុននិង​ចិន​ឈ្លោះ​គ្នា​ដណ្តើមប្រជុំ​កោះសេនកាគូ ដូច្នេះ ការ​ធានា​ជួយការពារ​ជប៉ុន​មិនបានធ្វើអោយចិន​សប្បាយ​ចិត្ត​នោះទេ។ ម្យ៉ាងទៀត ទស្សនកិច្ច​របស់​លោកអូបាម៉ា​នៅជប៉ុន​ម្សិលមិញ​នេះ ​មិនបាន​សម្រេច​ចេញ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរីទ្វេភាគី​​ជាមួយ​ជប៉ុន ដូចការគ្រោងទុក​នោះទេ។ ​ជប៉ុននិងអាមេរិក​ខ្វែងគំនិតគ្នា លើ​ការ​លុបរនាំង​ពន្ធគយ​ផលិតផល​នាំចូលក្នុងស្រុក។ អាមេរិក​និង​ជប៉ុន​សុទ្ធ​តែ​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច សុទ្ធ​តែ​ជា​គូរប្រជែង​នឹង​គ្នា។ ​

ក្នុងទស្សនកិច្ច​របស់​លោកអូបាម៉ា ​ជប៉ុន​ក៏ដឹង​ដែរ​ថា កូរ៉េខាងត្បូង​ដែល​មានភាពតានតឹង​ជាមួយ​ខ្លួន​នោះ ក៏​ជាសម្ព័ន្ធមិត្ត​របស់​អាមេរិក​ដូចខ្លួន​ដែរ។ ​ ដូច្នេះ ​ជប៉ុន​​​ចង់​យក​បញ្ហា​កិច្ច​ព្រមព្រៀង​​ពាណិជ្ជកម្ម​ទ្វេភាគី​​នេះ​ធ្វើជា​គន្លឹះ​ដាក់សម្ពាធ​​​អាមេរិក​ ​នៅពេល​ក្រោយទៀត។ ​

លោក​អូបាម៉ា​​ប្រហែល​ជា​ស្តាយក្រោយ​ហើយ ​​ដោយសារ​មិនត្រឹម​មិនបាន​សម្រេច​ចេញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ជប៉ុន​ទេ​ ថែមទាំង​បាន​ធ្វើ​អោយ​ចិន​ទាស់ចិត្ត ដោយសារ​ខ្លួនធានា​ការពារ​សន្តិសុខ​អោយ​ជប៉ុន​។ ពេលនេះ​ ​​អាមេរិកត្រូវតែ​​​បន្ទន់​ឥរិយាបថជាមួយ​​​ចិនមួយកម្រិត​មក​វិញ ព្រោះថា​ ចិន​ក៏​អាច​ដាក់សម្ពាធ​ប្រទេស​ផ្សេងទៀត​​​នៅអាស៊ី​ផងដែរ។ ហើយ​ការ​បន្ទន់​ឥរិយាបថ​ចំពោះ​ចិន​ ​ក៏​ដើម្បី​ដាក់សម្ពាធ​ទៅ​ជប៉ុន​វិញ ដើម្បី​​ព្រមាន​ជប៉ុន​ដែរថា ថ្វីបើ​ជប៉ុន​បង្ក​ឧបសគ្គ​ដល់​ការចរចា​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ក្តី អាមេរិក​​អាច​ចាប់ដៃ​ចិន​​​ដែល​ជាសត្រូវ​ជប៉ុន​បាន​គ្រប់ពេល។ ​ ​​

ដោយឡែក នៅ​កូរ៉េខាងត្បូង កន្លងមក​​ ប្រធានាធិបតី​ប៉ាក់ គុនហឺ​ បាន​រៀបចំផែនការ ចង់​អោយ​មាន​ការ​បង្រួបបង្រួមជាមួយ​កូរ៉េខាងជើង។ បើ​កូរ៉េទាំង​២រួបរួមគ្នា ក៏អាច​ដាក់​សម្ពាធ​​ជប៉ុន​ អាច​​​ជា​ប្រយោជន៍​​​ដល់​​យុទ្ធសាស្ត្រ​​អាមេរិក​​​នៅ​អាស៊ី​ផងដែរ។ ​​​​ក្នុង​ទស្សនកិច្ច​នៅ​អាស៊ី​ពេលនេះ ​លោក​អូបាម៉ា​មានតែ​ធ្វើយ៉ាងណា​​បន្ធូរបន្ថយ​ភាពតានតឹង​រវាង​​ប្រទេស​ក្នុង​តំបន់ ដើម្បី​បន្តជំហរ​អាមេរិកនៅ​អាស៊ីប៉ាស៊ីហ្វិក​ទៀត​ប៉ុណ្ណោះ។ គួរបញ្ជាក់​ដែរថា បន្ទាប់​ពី​កូរ៉េខាងត្បូង លោក​អូបាម៉ា​​នឹង​បន្ត​ដំណើរ​ទៅ​ម៉ាឡេស៊ី និងហ្វីលីពីនទៀត៕  ​
 ​​
 ​​ ​​​
    

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI