កូរ៉េខាងត្បូង-បារាំង

បារាំង​បង្ហាញ​ជំហរ​គាំទ្រ​កូរ៉េខាងត្បូង​ប្រឈមនឹង​កូរ៉េខាងជើង​

ប្រធានាធិបតី​កូរ៉េខាងត្បុង និង​ប្រធានាធិបតី​បារាំង ទី​ក្រុងប៉ារីស ថ្ងៃ៣​មិថុនា ឆ្នាំ២០១៦
ប្រធានាធិបតី​កូរ៉េខាងត្បុង និង​ប្រធានាធិបតី​បារាំង ទី​ក្រុងប៉ារីស ថ្ងៃ៣​មិថុនា ឆ្នាំ២០១៦ REUTERS/Philippe Wojazer

ក្នុង​ទស្សនកិច្ច​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង លោកស្រី ប៉ាក់ គុនហេ ​​នៅ​ប្រទេស​បារាំង​ នៅ​​ថ្ងៃសុក្រ​ម្សិលមិញ ប្រធានាធិបតី​បារាំង​ហ្វ្រង់ស៊័រ ហូឡង់ ​បាន​សំដែង​ជំហរ​គាំទ្រ​កូរ៉េខាងត្បូង ពេញទី ប្រឈម​​នឹង​ការផ្គើន​របស់​កូរ៉េខាងជើង។ ម្សិលមិញ​ដែរ បារាំង​និង​កូរ៉េខាងជើង​​បានចុះ​ហត្ថលេខា​លើ​​កិច្ចព្រមព្រៀង​​មួយចំនួន​ ដែល​ចូលរួម​លើកស្ទួយ​ការវិនិយោគ​​​ផ្នែក​​​អប់រំ ស្រាវជ្រាវ​និង​ទេសចរណ៍។

ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​កូរ៉េខាងត្បូង​បំពេញទស្សនកិច្ច​នៅ​បារាំង នៅថ្ងៃសុក្រ​ម្សិលមិញ មិនមែន​ដើម្បី​តែ​​​ពង្រឹង​ទំនាក់ទំនង​ជាមួយ​​​បារាំង​តែ​មួយមុខ​ទេ។ លោកស្រី​ប៉ាក់ គុនហេ ត្រូវការ​បារាំង​គាំទ្រ​កូរ៉េខាងត្បូង​ប្រឈម​នឹង​ការផ្គើន​​​របស់​កូរ៉េខាងជើង។ គួរកត់សំគាល់ថា ថ្មីៗនេះ ​ក្រុងព្យុងយ៉ាង​បានធ្វើអោយ​ក្រុងសេអ៊ូល​ព្រួយបារម្ភ​មិនតិចទេ ដោយសារ​តែការ​សាកល្បង​​នុយក្លេអ៊ែរនុយក្លេអ៊ែរ​ជាលើកទី៤ ទោះជាការសាកល្បង​នេះ​​បរាជ័យ​ក្តី។

នៅចំពោះ​មុខ​ថ្នាក់ដឹកនាំ​បារាំង ​​លោកស្រី​ប៉ាក់ គុនហេ ថ្លែងថា កូរ៉េខាងជើង​ត្រូវតែ​ដឹងថា ខ្លួន​គ្មាន​ជម្រើសអ្វី​ក្រៅតែ​ពី​ការ​បោះបង់ចោល​នូវ​​គម្រោង​នុយក្លេអ៊ែរ​​ទេ ហើយ​ការ​បង្រួបបង្រួម​ឧបទ្វីប​កូរ៉េ​ គឺជា​លទ្ធភាព​តែ​មួយគត់​សម្រាប់​​អនាគត។

ប្រធានាធិបតី​បារាំងបាន​​សំដែង​ការគាំទ្រ​កូរ៉េខាងត្បូង ដោយ​តបទៅ​វិញថា បារាំង​ជា​សម្ព័ន្ធមិត្ត​របស់​កូរ៉េខាងត្បូង ហើយក្នុងនាម​បារាំង​ជា​សមាជិក​អចិន្ត្រៃយ៍​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ​បារាំង​នឹង​ព្យាយាម​ធ្វើយ៉ាងណា​អោយ​កូរ៉េខាងជើង​ទទួលទណ្ឌកម្ម។ យោងតាម​លោក​ហូឡង់ បារាំង​មិនចង់​អោយ​សន្តិសុខ​ក្នុងតំបន់ ពិសេស​សន្តិសុខ​កូរ៉េខាងត្បូង​ រងការ​ប៉ះពាល់ឡើយ។ ម្សិលមិញ បារាំង​និង​កូរ៉េខាងត្បូង​ក៏​សំដែង​ការបារម្ភ​ចំពោះ​សិទ្ធិមនុស្ស​នៅ​កូរ៉េខាងជើង​ផងដែរ។

ទស្សនកិច្ច​លោកស្រី​ប៉ាក់ គុនហេ នៅ​ទីក្រុងប៉ារីស​បានបិទបញ្ចប់​ដោយ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយចំនួន។ ការផ្តោះប្តូរ​ពាណិជ្ជកម្ម​រវាង​បារាំង​និង​កូរ៉េខាងត្បូង​ជួប​កំណើន​ខ្ពស់។ នៅ​កូរ៉េខាងត្បូង បារាំង​មានវត្តមា​នក្នុង​វិស័យ​​​​វិទ្យាសាស្ត្រ​និង​បច្ចេកទេស​ដែនអាកាស គ្រឿងសម្អាង និង​ថ្នាំពេទ្យ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI