លោក​ដូណាល់ ត្រាំ ពិភាក្សា​ជាថ្មី​ជាមួយ​ចិន​និង​ប៉េកាំង​ ពីបញ្ហា​កូរ៉េខាងជើ់ង

លោក​ស៊ី ជីនពីង ក្នុង​ពេល​ទស្សនកិច្ច​ជួប​​​លោក​ដូណាល់ ត្រាំ ថ្ងៃ​៦មេសា​២០១៧
លោក​ស៊ី ជីនពីង ក្នុង​ពេល​ទស្សនកិច្ច​ជួប​​​លោក​ដូណាល់ ត្រាំ ថ្ងៃ​៦មេសា​២០១៧ Reuters/Carlos Barria

ប្រឈម​នឹង​ស្ថានការណ៍​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ ថ្ងៃចន្ទ​នេះ ​​លោក​ដូណាល់ ត្រាំ បាន​ពិភាក្សា​តាម​ទូរសព្ទ​ជាថ្មី​ទៀត​ជាមួយចិន និង​ជប៉ុន។​ តាម​ទូរសព្ទ ​ប្រធានាធិបតីចិន​ស៊ី ជីងពីង បាន​ស្នើ​អោយ​គ្រប់ភាគី​ដែល​ពាក់ព័ន្ធ​​ ​កុំធ្វើអ្វី​ហួសហេតុ ដែល​អាច​បណ្តាល​អោយ​ស្ថានការណ៍​កាន់តែ​ធ្លាក់ដុនដាប។ ថ្ងៃចន្ទនេះ ​លោក​ដូណាល់ ត្រាំ ក៏​បាន​​ជជែក​តាម​​ទូរសព្ទ​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន ពី​រឿង​កូរ៉េខាងជើង​ដែរ។

ផ្សាយពាណិជ្ជកម្ម

 
ថ្ងៃចន្ទ​នេះ ក្នុង​ពេល​ជជែក​តាមទូរសព្ទ​ជាមួយ​ប្រធានាធិបតី​អាមេរិក ​លោក​​ស៊ី ជីនពីង​​បាន​ស្នើ​អោយ​គ្រប់​ភាគី​ ចេះ​ទប់ចិត្ត​​កុំធ្វើអ្វី​ហួសហេតុ ចៀស​​​ស្ថានការណ៍​ឧបទ្វីប​កូរ៉េកាន់តែ​​ដុនដាប​។ ប្រធានាធិបតី​ចិន​​ បាន​ប្រាប់​លោក​ត្រាំ​​ថា ​លោក​មាន​សង្ឃឹម​ថា គ្រប់ភាគី​ពាក់ព័ន្ធ​ ចេះ​អត់ធ្មត់​មិនធ្វើអ្វី​ហួសហេតុ ហើយ​ភាគី​និមួយៗ​ត្រូវ​ចេះ​ទទួលខុសត្រូវ។

អាមេរិក​​​​យល់ថា​ ចិន​ជា​សម្ព័ន្ធមិត្ត​ជួយ​សេដ្ឋកិច្ច​​កូរ៉េខាងជើង ដូច្នេះ ចិន​មា​នឥទ្ធិពល​អាច​​ដាក់​សម្ពាធ​លើ​​កូរ៉េខាងជើង។ ប៉ុន្តែ ចិ​នតែង​បដិសេធ​ថា​​ខ្លួន​គ្មាន​ឥទ្ធិពល​​​លើ​កូរ៉េខាងជើង​ទេ។ ចិន​​​គូសបញ្ជាក់​ញយដង​ថា​ គឺ​​អាមេរិក​និង​កូរ៉េខាងជើង​ ដែល​​ជាភាគី​ពាក់ព័ន្ធ​​​ក្នុង​ស្ថានការណ៍​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​ ដូច្នេះ ភាគី​ទាំង២​នេះ ​ត្រូវ​ពិភាក្សា​គ្នា​រក​ដំណោះស្រាយ។

ថ្ងៃចន្ទ​នេះ នាយករដ្ឋមន្ត្រី​ជប៉ុន​ ស្ហ៊ីនហ្សូ អាបេ​ ក៏បាន​ជជែក​ជាមួយ​លោក​ដូណាល់ ត្រាំ​ តាម​ទូរសព្ទ​ដែរ។ លោក​អាបេ​បាន​សរសើរ​​ពី​ជំហរ​នយោបាយ​លោកត្រាំ ដែល​ចង់​ប្រើ​គ្រប់ជម្រើស​ ដើម្បី​ដោះស្រាយ​បញ្ហាកូរ៉េខាងជើង។ លោក​អាបេ​ប្រាប់ថា ​បានព្រមព្រៀង​ជាមួយ​លោកត្រាំ ​ថាអាមេរិក​និង​ជប៉ុន​បន្ត​ទាក់ទង​គ្នា​ជាប់ជានិច្ច​ ចំពោះ​បញ្ហា​កូរ៉េខាងជើង និង​​បង្ខំ​កូរ៉េខាងជើង​កុំអោយ​ធ្វើអ្វី​ហួសហេតុ។

ស្ថានការណ៍​ឧបទ្វីបកូរ៉េ​​ ​​កំពុង​​តានតឹង​ ​​ខណៈ​នាវាផ្ទុក​យន្តហោះ​អាមេរិកCarl Vinson និង​នាវា​ចម្បាំង​ជប៉ុន​បានធ្វើសមយុទ្ធ​នៅ​មិនឆ្ងាយ​ពីដែនដី​​កូរ៉េ​ខាងជើង។ ថ្ងៃ​អាទិត្យ​ម្សិលមិញ កូរ៉េខាងជើង​បាន​គំរាម​បាញ់​ពន្លិច​នាវា​ផ្ទុកយន្តហោះ​អាមេរិកមួយនេះ។ ​ពេលនេះ​ទៀត កូរ៉េខាងត្បូង​បាន​ប្រាប់ថា បាន​ទាក់ទង​​អាមេរិក ដើម្បីអាច​ធ្វើសមយុទ្ធ​យោធា​រួមគ្នា​ដែរ។ ថ្ងៃអង្គារ​ស្អែក ជា​ថ្ងៃ​ខួប​នៃ​ការ​បង្កើត​កងទ័ព​កូរ៉េខាងជើង ​​នាវា​ផ្ទុកយន្តហោះ​អាមេរិក​អាច​នឹង​ធ្វើដំណើរ​​ទៅដល់​ឧបទ្វីប​កូរ៉េ ធ្វើអោយ​ស្ថានការណ៍​កាន់តែ​តានតឹង។ ​​គេបារម្ភ​ថា ក្រុងព្យុងយ៉ាង​អាចនឹង​​​សាកល្បង​នុយក្លេអ៊ែរ​ជាថ្មីទៀត ថ្ងៃស្អែកនេះ។ បន្ថែម​លើភាព​តានតឹង​នេះ កាលពី​ថ្ងៃសៅរ៍ អាជ្ញាធរ​​កូរ៉េខាងជើង​បាន​ចាប់ខ្លួន​ពលរដ្ឋ​​អាមេរិក​​ដើមកំណើត​កូរ៉េ​មួយរូប​ ​ពេលគាត់​​​​ត្រៀម​ឡើង​យន្តហោះ​​។
 

បេក្ខជនប្រធានាធិបតី​កូរ៉េខាងត្បូង​មួយរូប​ ឈ្មោះអាន់ ឈេអូល ស៊ូ Qnh Cheol-Soo ប្រាប់ថា ​បើ​លោក​ជាប់ឆ្នោត​នៅ​ថ្ងៃ​៩ឧសភា​ខាងមុខ លោក​នឹង​ព្យាយាម​អោយ​មាន​ការចរចា​៦ប្រទេស​ឡើងវិញ ​ពីរឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង​នេះ។ ការចរចា​៦​ប្រទេស​នេះ​​រាប់​ប្រទេស​កូរ៉េទាំង២​  ចិន អាមេរិក ជប៉ុន និង​រុស្ស៊ី។ ការចរចា​នេះ​ជាប់គាំង​តាំង​ពី​​ឆ្នាំ២០០៨ ដោយសារ​តែ​​ការ​បាញ់​រ៉ុកកែត​របស់​ក្រុងព្យុងយ៉ាង៕  ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI