អង្គការសុខភាពពិភពលោក ៖ គ្មានថ្នាំព្យាបាលកូរ៉ូណាវីរុសបានជាសះស្បើយនៅឡើយទេ!
ចុះផ្សាយនៅថ្ងៃ៖
ថ្ងៃពុធ ទី៥កុម្ភៈ អង្គការសុខភាពពិភពលោក បានបញ្ជាក់ជាថ្មីថា «គ្មានថ្នាំព្យាបាលមេរោគកូរ៉ូណាថ្មី ឱ្យបានជាសះស្បើយ នៅឡើយទេ!»។ ការអះអាងរបស់អង្គការសុខភាពពិភពលោកនេះ គឺជាការឆ្លើយតបនឹងបណ្តាញព័ត៌មានអន្តរជាតិជាច្រើន ដែលធ្លាប់ចុះផ្សាយព័ត៌មានមិនពិតថា មានករណីព្យាបាលមានប្រសិទ្ធភាពនិងជាសះស្បើយ ជាដើម។ គិតត្រឹមថ្ងៃពុធទី៥កុម្ភៈ នៅស្រុកចិន មានចំនួនអ្នកស្លាប់ប្រមាណជា៥០០នាក់ហើយអ្នកឆ្លងកូរ៉ូណាវីរុសថ្មី បានកើនឡើងដល់ទៅជាង២ម៉ឺន៤ពាន់នាក់។
«គ្មានថ្នាំព្យាបាលមេរោគកូរ៉ូណាថ្មី ឱ្យបានជាសះស្បើយនៅឡើយទេ ក្នុងខណៈពេលនេះ!» នេះគឺជាកាអះអាងរបស់អង្គការសុខភាពពិភពលោក ដែលត្រូវចុះផ្សាយដោយភ្នាក់ Reuters និង AFP។ ជាការឆ្លើយតបទៅនឹងបណ្តាញផ្សព្វផ្សាយជាច្រើននៃប្រទេសផ្សេងៗគ្នា ដែលបញ្ជាក់ថា គេរកឃើញវិធីព្យាបាលអ្នកឆ្លងមេរោគកូរ៉ូណាថ្មី បានជាសះស្បើយ។ ឧទាហរណ៍ ទូរទស្សន៍ CGTN បានផ្សាយដោយដកស្រង់សម្តីរបស់ក្រុមអ្នកស្រាវជ្រាវនៅសកលវិទ្យាល័យមួយ ក្នុងខេត្ត Zheijian ថាបានរកឃើញរបៀបព្យាបាលប្រឆាំងវីរុសកូរ៉ូណាថ្មី យ៉ាងមានប្រសិទ្ធភាព។ ទូរទស្សន៍ Sky News របស់អង់គ្លេស ក៏ធ្លាប់បានផ្សាយដែរថា អ្នកស្រាវជ្រាវបានរកឃើញមធ្យោបាយយ៉ាងប្រសើរក្នុងការផលិតវ៉ាក់សាំង។ នៅស្រុកថៃវិញ រដ្ឋមន្ត្រីសុខាភិបាលថៃ បានប្រកាសប្រាប់អ្នកកាសែតថា ពេទ្យថៃរកឃើញរបៀបវិធីផ្សំថ្នាំព្យបាលអ្នកជំងឺចិនម្នាក់ បានជាសះស្បើយ។
ក្រោយការបដិសេធរបស់អង្គការសុខភាពពិភពលោក, ទូរទស្សន៍រដ្ឋផ្លូវការរបស់ចិន CCTV ក៏បានចេញមកអះអាងជាថ្មីច្រាលចោលករណី Chine Nouvelle កាសែតចិនថ្មី ដែលធ្លាប់បានផ្សាយថា មានទារកម្នាក់ កើតចេញពីម្តាយដែលមានផ្ទុករោគកូរ៉ូណាថ្មី ហើយកើតកូនមក មិនឃើញឆ្លងមេរោគ។ ក៏ប៉ុន្តែ ទូរទស្សន៍រដ្ឋផ្លូវការរបស់ចិន CCTV បញ្ជាក់ថា ទារកនោះ នៅពេលនេះ គឺពិតជាបានឆ្លងមេរោគកូរ៉ូណាថ្មីពីម្តាយ តាំងពីនៅក្នុងពោះមកម្ល៉េះ។ តែពេលនេះ សុខភាពរបស់ទារកអាយុជាងពីរថ្ងៃនេះ គឺនៅ«នឹងនរធម្មតានៅឡើយទេ»។
សូមជ្រាបដែរថា មេរោគផ្លូវដង្ហើមថ្មី កូរ៉ូណាវីរុស 2019-nCoV បានផ្ទុះចេញពីក្រុងវូហាន ខេត្តហូពេរបស់ចិន ហើយពេលនេះ វាបានឆ្លងរីករាលដាលដល់ជិត៣០ប្រទេសហើយ នៅលើពិភពលោក។
ង្គការសុខភាពពិភពលោក ពីក្រុងហ្សឺណែវ បានប្រកាសរកជំនួយថវិកា ប្រមាណ៦៧៥លានដុល្លារ សម្រាប់ទប់ទល់នឹងស្ថានការណ៍មេរោគ សម្រាប់រយៈពេល៣ខែទៅមុខ។
នៅរុស្ស៊ីវិញ ប្រធានាធិបតី ពូទីន បានស្នើឱ្យបិទឱសថស្ថានណា ដែលដំឡើងថ្លៃម៉ាស់ និងទឹកថ្នាំសម្លាប់មេរោគ។ លោក ពូទីន ថា «ជាការងាយទេ គឺត្រូវដកអាជ្ញាបណ្ណរបស់ឱសថស្ថានទាំងនោះតែម្តង» ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ