អាជ្ញាធរម៉ាលីនិងបារាំងកំពុងធ្វើការស៊ើបអង្កេតករណីសម្លាប់អ្នកសារព័ត៌មានវិទ្យុ RFI
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅថ្ងៃចន្ទនេះ សាកសពអ្នកកាសែតវិទ្យុបារាំងRFI ដែលត្រូវស្លាប់ដោយស្នាដៃភេរវជន នៅប្រទេសម៉ាលី កាលពីថ្ងៃសៅរ៍កន្លងទៅ នឹងបញ្ជូនមកប្រទេសបារាំងវិញ។ អាជ្ញាធរប្រទេសម៉ាលី និងប្រទេសបារាំងកំពុងតែស៊ើបអង្កេតលើឃាតកម្មអ្នកកាសែតទាំងពីររូប។ កាលពីថ្ងៃអាទិត្យម្សិលមិញ ប្រមុខការទូតបារាំងលោក ឡូរ៉ង់ ហ្វាប៊ីយុស បានប្រាប់ថា ឃាតករដែលបានសម្លាប់អ្នកសារព័ត៌មានបារាំងទាំងពីររូបនេះ គឺជាក្រុមភេរវជនដែលកងទ័ពបារាំងបានប្រយុទ្ធប្រឆាំង នៅប្រទេសម៉ាលី។
វិទ្យុបារាំងអន្តរជាតិ RFI នៅបន្តកាន់ទុក្ខអ្នកសារព័ត៌មានបារាំងប្រកបដោយវិជ្ជាជីវៈពីររូបរបស់យើង គឺលោកស្រី Ghislaine Dupont និងលោក Claude Verlon ដែលត្រូវបានក្រុមភេរវជនបាញ់សម្លាប់ នៅក្រុងគីដាល់ ប្រទេសម៉ាលី កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅ។ សាកសពអ្នកទាំងពីរ ត្រូវបញ្ជូនត្រលប់មកបារាំងវិញ នៅថ្ងៃចន្ទនេះ។
អាជ្ញាធរប្រទេសម៉ាលី និងអាជ្ញាធរបារាំង កំពុងតែបន្តការស៊ើបអង្កេតលើឃាតកម្មនេះ។ នៅពេលនេះ ប្រតិបត្តិការតាមរកមុខមនុស្សជាច្រើនរូបកំពុងបន្តធ្វើ។ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ជនសង្ស័យជាច្រើនរូប ត្រូវបានចាប់ខ្លួន។ ចៅក្រមបារាំង និងអ្នកស៊ើបអង្កេតជាច្រើនរូប កំពុងតែធ្វើដំណើរទៅក្រុងបាម៉ាកូ ប្រទេសម៉ាលី។
យោងតាមរដ្ឋមន្ត្រីការបរទេសបារាំងលោក ឡូរ៉ង់ ហ្វាប៊ីយុស ឃាតករដែលបានសម្លាប់អ្នកសារព័ត៌មានបារាំងទាំងពីររូបនេះ គឺជាក្រុមភេរវជនដែលកងទ័ពបារាំងបានប្រយុទ្ធប្រឆាំង នៅប្រទេសម៉ាលី។ លោក ហ្វាប៊ីយុស បន្ថែមទៀតថា នឹងពង្រឹងសន្តិសុខបន្ថែមទៀត នៅតំបន់គីដាល់ ដែលជាកន្លែងដ៏មានគ្រោះថ្នាក់ខ្ពស់នោះ។ ទន្ទឹមនេះដែរ អាជ្ញាធរម៉ាលីប្រាប់ថា នឹងស្វែងរកដំណោះស្រាយពិសេសសំរាប់ករណីតំបន់គីដាល់នេះ។ រដ្ឋាភិបាលម៉ាលីនៅតែមិនចង់អត្ថាធិប្បាយអ្វីជុំវិញអត្តសញ្ញាណឃាតករ និងស្ថានភាពលក្ខខណ្ឌនៃឃាតកម្មលើអ្នកសារព័ត៌មានបារាំងទាំងពីររូបនេះឡើយ។
សំណួរចោទសួរនៅពេលនេះ គឺថា នៅពេលដែលក្រុមភេរវជនបានចាប់អ្នកសារព័ត៌មានទាំងពីររូបទៅ តើពួកគេចង់សម្លាប់អ្នកសារព័ត៌មានទាំងពីរនេះភ្លាមៗតែម្តងរឺយ៉ាងណា ? រឺក៏ក្រុមភេរវជនទាំងនោះ មានអារម្មណ៍ថា ខ្លួនត្រូវបានគេគំរាមកំហែង និងតាមចាប់ខ្លួន ?
ប្រភពព័ត៌មានជាច្រើនប្រាប់ថា ក្រោយពេលដែលអ្នកសារព័ត៌មានវិទ្យុបារាំងទាំងពីររូបត្រូវគេចាប់ទៅនោះ គេលឺសូរសម្លេងឧទ្ធម្ភាគចក្រហោះហើរនៅក្រុង។ ប៉ុន្តែ យោធាបារាំងប្រាប់ថា គ្មានការហោះហើរណាមួយដើម្បីតាមរកក្រុមភេរវជនទាំងនោះទេ ព្រោះថា នៅតំបន់នោះ គ្មានយន្តហោះឡើយ។ ហើយឧទ្ធម្ភាគចក្រទាំងពីរគ្រឿង ដែលត្រូវប្រើ តាមរកជួយអ្នកសារព័ត៌មាននោះ គឺចំណាយពេលដល់ទៅពីរម៉ោងកន្លះឯណោះ ដើម្បីទៅដល់តំបន់គីដាល់។ ដូច្នេះ ទំរាំតែយោធាបារាំងទៅដល់ទីនោះ គឺយឺតពេលទៅហើយ អ្នកកាសែតទាំងពីររូបត្រូវបានក្រុមភេរជនសម្លាប់រួចហើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ