ទស្សនៈព្រឹត្តិការណ៍ពិភពលោក

«វប្បធម៌​សូកប៉ាន់» នៅ​ពេល​ប្រឡង​ធ្វើ​ឲ្យ​អាប់​ឱន​វិស័យ​អប់រំ​នៅ​កម្ពុជា

សំឡេង ០៤:៣៨
ទិដ្ឋភាព​ពេល​ប្រលង​នៅ​ក្នុង​ថ្នាក់​រៀន​មួយ (រូបភាពឯកសារ)
ទិដ្ឋភាព​ពេល​ប្រលង​នៅ​ក្នុង​ថ្នាក់​រៀន​មួយ (រូបភាពឯកសារ) © សុវណ្ណារ៉ា

ថ្ងៃ​នេះ​ជា​ថ្ងៃ​បញ្ចប់​នៃ​សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ហៅថា​ប្រឡង​បាក់ឌុប​ដែល​បាន​ចាប់ផ្តើម​តាំងពី​ថ្ងៃ​ចន្ទ។ ​ក៏​ដូចជា​រៀងរាល់​ឆ្នាំ​ដែរ​ បាតុភាព​អសកម្ម​ជាច្រើន​បាន​លេច​ឡើង​នៅ​ពេល​ប្រឡង៖ ​ការ​ទិញ​ក្រដាស់​វិញ្ញាសា​ទុក​ចម្លង​នៅ​ពេល​ប្រឡង ​ការ​រៃអង្គាស​ប្រាក់​ឲ្យ​មេប្រយោគ​ដើម្បី​ឲ្យ​ពួកគេ​បិទភ្នែក​ឲ្យ​សិស្ស​ចម្លង ​រហូត​ដល់​ការ​សូកប៉ាន់​ដើម្បី​បាន​សញ្ញាបត្រ ។ល។ និង។ល។ ​តែងតែ​កើត​ឡើង​ទោះតិច​ឬច្រើន​នៅ​ពេល​ប្រឡង។ បញ្ហា​នេះ​បាន​ធ្វើឲ្យ​ប៉ះ ពាល់​ធ្ងន់ធ្ងរ​ដល់​វិស័យ​អប់រំ​កម្ពុជា។​

ផ្សាយពាណិជ្ជកម្ម

ឆ្នាំណា​ក៏ដូច​ជា​ឆ្នាំណា​ដែរ​ រដូវ​ប្រឡង​គឺជា​ពេល​វេលា​ដែល​សិស្ស​សាលា​ត្រូវ​ស្វះស្វែង​រក​ជំនួយ​ដើម្បី​ប្រឡង​ជាប់។ ​នៅ​មុន​ពេល​ប្រឡង ​ទាំង​សិស្ស ​ទាំង​មាតា​បិតា​សិស្ស​បាន​នាំ​គ្នា​ផ្អើល​ទៅ​បែបន់​នៅ​កន្លែង​ដែល​គេ​ជឿ​ថា​ស័ក្តិសិទ្ធិ ​ឬ​ទៅរក​ព្រះសង្ឃ​ស្រោច​ទឹក​ដើម្បី​សុំឲ្យ​ខ្លួន​ឬ​កូន​របស់​ខ្លួន​ប្រឡង​ជាប់។

បន្ទាប់​ពី​នោះ ​សិស្ស​សាលា​បាន​នាំគ្នា​ពពាក់​ពពូន​ទៅ​រក​ទិញ​វិញ្ញាសា ​ឬ​ក្រដាស់​មេរៀន​ដែល​គេ​និយម​ហៅ​ថា​ប៊្រីយ៉ុង​បត់​ជា​ថ្នត់​តូចៗ​ត្រៀម​លាក់​ទុក​ក្នុង​កន្លុក​គន្លៀត​នានា​នៃ​ដង​ខ្លួន​របស់​ពួកគេ​សម្រាប់​យក​ទៅ​ចម្លង​ក្នុង​បន្ទប់​ប្រឡង។ ​អ្នក​ខ្លះ​បាន​ត្រៀម​ទាំង​លុយ​កាក់​មួយចំនួន​ផង​សម្រាប់​សូកប៉ាន់​មេប្រយោគ។​ រីឯ​អ្នកខ្លះ​ទៀត​ក៏​រត់​រក​ជំនួយ​ពី​មេប្រយោគ​ដើម្បី​ផ្តាំផ្ញើ​ឲ្យ​ជួយ​ប្រាប់​ចម្លើយ ​ឬ​ជួយ​បិទ​ភ្នែក​ឲ្យ​កូន​ចៅ​របស់​ខ្លួន​បាន​ចម្លង​ក្នុង​ពេល​ធ្វើ​វិញ្ញាសា។

ថ្ងៃ​ប្រឡង​គឺជា​ដំណាក់កាល​សំខាន់​មួយទៀត។ ​សិស្ស​សាលា​បាន​នាំ​គ្នា​រិះ​រក​គ្រប់​វិធី​ដើម្បី​បាន​លួច​ចម្លង​ក្នុង​ថ្នាក់ ​រហូត​ដល់​រៃ​អង្គាស​ប្រាក់​ទុក​សម្រាប់​សូក​មេប្រយោគ​ក៏មាន។ ​នៅ​មិន​ទាន់​ចប់​ត្រឹម​នេះ​ឡើយ ​ក្រោយ​ពេល​ប្រឡង​ចប់ ​សិស្ស​ណា​ដែល​ដឹង​ខ្លួន​ថា​ អាច​នឹង​ធ្លាក់​ពី​ព្រោះ​តែ​ខ្លួន​ធ្វើ​ខុស​វិញ្ញាសា​ច្រើនមុខ​នោះ ​ក៏​ផ្តើម​ឲ្យ​ឪពុក​ម្តាយ​របស់​ខ្លួន​រត់​រក​គណៈកម្មការ​កំណែរ​ ឬ​មន្ត្រី​អប់រំ​នានា​ដើម្បី​ជួយ​ជា​ចុងក្រោយ... ​ទាំង​អស់​នេះ​ជា​ឈុត​ឆាក​ដែល​នៅ​តែ​រស់​រវើក​យ៉ាង​ខ្លាំង​នៅ​ឡើយ​សម្រាប់​ពេល​ប្រឡង​របស់​សិស្ស។ ​ទម្លាប់​បែប​នេះ​ស្ទើរ​តែ​ក្លាយ​ជា​វប្បធម៌​មួយ​ទៅ​ហើយ​សម្រាប់​ប្រទេស​កម្ពុជា​ដែល​ជា​ប្រទេស​ក្រីក្រ​មួយ​នៅ​តំបន់​អាស៊ី​ប៉ែក​អាគ្នេយ៍​ដែល​វិស័យ​អប់រំ​ត្រូវ​បាន​បំផ្លិចបំផ្លាញ​ដល់​ឬសគល់​ដោយសារ​របប​ខ្មែរក្រហម។

ទិដ្ឋភាព​ដូច​ដែល​បាន​ពិពណ៌នា​ខាងដើម ​បាន​ឆ្លុះ​បញ្ចាំង​ពី​បញ្ហា​ច្រើន​យ៉ាង​ដែល​​គួរ​ពិចារណា។ ​អ្វី​ដែល​គួរ​កត់សម្គាល់​ជាបឋម​នោះគឺ​ ពលរដ្ឋ​ខ្មែរ​ដែល​រួច​ជីវិត​ពី​របប​ខ្មែរក្រហម​ហាក់​ដូចជា​មាន​ជំងឺ​បាក់​ស្បាត​ជាប់​នឹង​ខ្លួន​ដែល​ធ្វើ​ឲ្យ​ពួកគេ​បាត់​បង់​អស់​នូវ​ជំនឿ​ចិត្ត​លើ​ខ្លួន​ឯង។ ​បន្តិច​ម្តងៗ ​ជំងឺ​នេះ​ក៏​បាន​រាលដាល​ដល់​កូន​ចៅ​ជំនាន់​ក្រោយ​តាម​រយៈ​ទង្វើ​របស់​ឪពុក​ម្តាយ។ ពួកគេ​មិន​គិត​ខំ​រៀន​សូត្រ​ដើម្បី​បង្កើន​ជំនឿ​ចិត្ត​លើ​ខ្លួន​ឯង​ទេ​ តែ​បែរ​ជា​ទៅ​ពឹង​ពាក់​លើ​កម្លាំង​ក្រៅ​ខ្លួន​ទៅ​វិញ​។ ​ទន្ទឹម​គ្នា​នោះ​ ប្រពន្ធ័​គ្រប់គ្រង​សង្គម​ធូរលុង​បូក​ផ្សំ​នឹង​ប្រាក់​ខែ​តិចតួច​ស្តួច​ស្តើង​របស់​គ្រូ​បង្រៀន​និង​បុគ្គលិក​អប់រំ​ក៏​ដូចជា​មន្ត្រី​រាជការ​ដែរ​បាន​ផ្តល់​ឱកាស​ឲ្យ​កើត​អំពើ​ពុក​រលួយ​នៅ​ស្ទើរ​តែ​គ្រប់​រដ្ឋបាល​សាធារណៈ។ ​បរិយាកាស​បែប​នេះ​ក៏​បាន​រួម​ចំណែក​បន្ថែម​ទៀត​ក្នុង​ការ​បណ្តុះ​គំនិត​ពឹង​លើ​លុយកាក់​ក្នុង​ការ​ដោះស្រាយ​បញ្ហា។ ​គំនិត​នេះ​នឹង​បង្ក​គ្រោះ​ថ្នាក់​កាន់​តែ​ខ្លាំង​ដល់​សង្គម​នៅ​ពេល​ដែល​វា​ចាក់​ជ្រៅ​ទៅ​ក្នុង​ស្រទាប់​យុវវ័យ​ដែល​ជា​ទំពាំង​ស្នង​ឬស្សី​។

ជា​ការ​ពិត ​វិស័យ​អប់រំ​កម្ពុជា​បាន​ងើប​ឡើង​វិញ​យ៉ាង​ត្រដាប​ត្រដួស​ពី​គំនរ​ផេះផង់​ក្រោយ​ឆ្នាំ​១៩៧៩ ​តាម​របៀប ​«អ្នក​ចេះ​ច្រើន​បង្រៀន​អ្នក​ចេះ​តិច» ​និង​ «អ្នក​ចេះ​តិច​បង្រៀន​អ្នក​មិន​ចេះ»។ ​មក​ដល់​ចំណុច​នេះ ​គេ​ពិត​ជា​មិន​អាច​បំភ្លេច​ចោល​បាន​ឡើយ​នូវ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​អប់រំ​ជាតិ ​ជាពិសេស​គុណ​បំណាច់​របស់​លោកគ្រូ​អ្នកគ្រូ​ដែល​បាន​បូជា​កម្លាំង​កាយ​ចិត្ត ប្រាជ្ញា​ស្មារតី​ដើម្បី​បុព្វហេតុ​នៃ​ការ​រស់​ឡើង​វិញ​នៃ​វិស័យ​អប់រំ​កម្ពុជា។ ​ជាង​៣០​ឆ្នាំ​បាន​កន្លង​ផុត​ទៅ ​វិស័យ​អប់រំ​ក្នុង​ប្រទេស​នេះ​បាន​និង​កំពុង​រីក​ដុះដាល​គួរ​ឲ្យ​មោទនៈ។

ក៏ប៉ុន្តែ ​មាន​បញ្ហា​ជាច្រើន​ដែល​ត្រូវ​កែប្រែ​ដើម្បី​ធ្វើឲ្យ​គុណភាព​អប់រំ​កម្ពុជា​មាន​តម្លៃ​ប្រហាក់​ប្រហែល​ប្រទេស​ជិតខាង​ឬ​ក្នុង​តំបន់។ ​លក្ខណៈ​ពិសេស​របស់​កម្ពុជា​នៅ​ត្រង់​ថា ​មាន​ការ​ឃុប​ឃិត​គ្នាជា​ខ្សែ​សង្វាក់​មួយ​ដែល​ពិបាក​លុប​បំបាត់។ ​រដូវ​ប្រឡង​ដែល​គេ​ចាត់​ទុក​ជា​ពេល​វេលា​ដ៏​សំខាន់​សម្រាប់​វាស់​ស្ទង់​ចំណេះ​របស់​សិស្ស​បាន​ប្រែក្លាយ​ជា​រដូវ​រក​ប្រាក់​របស់​គ្រូ​បង្រៀន​និង​មន្ត្រី​អប់រំ​មួយចំនួន​ទៅ​វិញ។

បញ្ហា​នេះ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​របស់​ស្ថាប័ន​អប់រំ​ជាតិ​ដែល​ជា​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ ​វា​ក៏​បាន​បំផ្លាញ​គុណភាព​អប់រំ​កម្ពុជា​មិន​ឲ្យ​ងើប​មុខ​រួច​ឡើយ។ ​ម្យ៉ាង​ទៀត​វា​ជា​គំរូ​អាក្រក់​ខ្លាំង​ណាស់​សម្រាប់​យុវជន​ស្រករ​ក្រោយ​ដែល​ជា​ធនធាន​សម្រាប់​កសាង​ប្រទេស​ទៅ​ថ្ងៃអនាគត។ តើ​គេ​គួរ​បណ្តែត​បណ្តោយ​ឲ្យ​ស្ថានភាព​នេះ​កើត​មាន​បន្ត​ទៀត​ឬ​ក៏​គួរ​តែ​នាំគ្នា​បញ្ចប់​ត្រឹម​នេះ? ​មាន​តែ​ក្រសួង​អប់រំ ​និង​បញ្ញាវន្ត​ខ្មែរ​ដែល​ធ្វើ​ការ​ពាក់ពន្ធ័​ក្នុង​វិស័យ​នេះ​ទេ​ដែល​អាច​ឆ្លើយ​នឹង​សំណួរ​នេះ​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI