កម្ពុជា

ពិន្ទុ​អំពើ​ពុករលួយ​របស់​កម្ពុជា​ស្ថិ​ត​នៅ​ដដែល ​ក្នុង​រយៈ​ពេល​២​ឆ្នាំ​

ថ្ងៃសុក្រទី២៤ធ្នូ រដ្ឋាភិបាល អនុម័ត សេចក្តីព្រាងអនុក្រឹត្យ​ចំនួន​៣របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​
ថ្ងៃសុក្រទី២៤ធ្នូ រដ្ឋាភិបាល អនុម័ត សេចក្តីព្រាងអនុក្រឹត្យ​ចំនួន​៣របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ © សុវណ្ណារ៉ា

កម្ពុជា​ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​ចុង​ក្រោយ​គេ​ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ទាំង​៩​ ស្តីពី​អំពើ​ពុក​រលួយ​នៅ​ក្នុង​ឆ្នាំ​២០១៥​។ ខណៈ ​ដែល​ប្រទេស​សិ​ង្ហបុរី​ គឺ​ស្ថិ​ត​នៅ​ក្នុង​ចំណោម​ប្រទេស​ដែល​ល្អ​ជាង​គេ​បំផុត ​ដែល​មិន​សូវ​មាន​អំពើ​ពុក​រលួយ​។ តែ​យ៉ាង​ណាមិញ​ ពិន្ទុ​ពី​អំពើ​ពុក​រលួយ​របស់​កម្ពុជា​គឺ​ស្ថិត​នៅ​២១​ដដែល ​លើ​ពិន្ទុ​១០០​។ នេះ​បើតាម​របាយការណ៍​សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​ពី​អំពើ​ពុក​រលួយ​ក្នុង​ឆ្នាំ​២០១៥ ​(CPI2015)​ ដែលបានបង្ហាញក្នុងសន្និសីទកាសែត នៅ​សណ្ឋាគារ​ឡឺរ៉ូយ៉ាល់។​

ផ្សាយពាណិជ្ជកម្ម

អង្គការ​តម្លាភាព​កម្ពុជា ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ​ខែ​មករា ​ឆ្នាំ​២០១៦​នេះ ​បាន​រៀប​ចំ​សន្និសីទ​កាសែត​មួយ ​ដោយ​បាន​បង្ហាញ​ពី​សន្ទស្សន៍​នៃកា​រ​យល់​ឃើញ​ពី​អំពើ​ពុក​រលួយ​ក្នុង​ឆ្នាំ២​០១៥ ​កន្លង​ទៅ​។ តាម​រយៈ​របាយការណ៍​នេះ​បាន​បង្ហាញ​ឲ្យ​ដឹងថា ​កម្ពុជា​ មាន​ចំណាត់​ថ្នាក់​អាក្រក់​បំផុត​នៅ​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​៩ ​លើ​បញ្ហា​ពុក​រលួយ​។ ​ក្នុង​ឆ្នាំ​២០១៥​នេះ ​កម្ពុជា​មាន​ចំណាត់​ថ្នាក់​១៥០ ​ក្នុង​ចំណោម​ប្រទេស​១៦៨ ​ដែល​អង្គការ​តម្លាភាព​អន្តរ​ជាតិ​លើក​យក​មក​សិក្សា​ ដែលមា​ន​ន័យ​ថា​កម្ពុជា​ស្ថិត​នៅ​ក្បែ​របាត​តារាង​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​អំពើ​ពុក​រលួយ​លើ​ពិភព​លោក​។ សូម​បញ្ជាក់​ថា​ កាល​ពី​ឆ្នាំ​២០១៤​កន្លង​ទៅ​កម្ពុជា​មាន​លេខ​រៀង​ទី​១៥៦ ​ក្នុង​ចំណោម​ប្រទេស​១៧៥​ទូទាំង​ពិភព​លោក​។

លោក​ព្រាប ​កុល​បាន​បញ្ជាក់​ថា​ នេះ​មិន​មែន​មាន​ន័យ​ថា​កម្ពុជា​មាន​ចំណាត់​ខិត​មក​រក​លេខ​ល្អ​ទេ​។ តែ​នេះ​ដោយសារ​តែចំនួន​ប្រទេស​ដែល​អង្គការ​តម្លាភាព​លើក​យក​មក​សិក្សា​ ឬ​ចាត់​សន្ទស្សន៍​មាន​ការ​ថយចុះ​។ ការដក​ប្រទេស​មួយ​ចំនួន​ចេញ​ត្រូវ​បាន​លោក​បញ្ជាក់​ថាដោ​យ​សារ​តែប្រទេស​ទាំង​នោះ​មាន​ប្រភព​តិច​ជាង​៣​។ ចំណែក​ឯប្រទេស​ដទៃទៀត​ដែល​យក​មក​សិក្សា​មាន​​ប្រភព​លើស​ពី​៣​ស្ថាប័ន​ ជាក់​ស្តែង​ដូច​កម្ពុជា​ដែល​មាន​ប្រភព​សម្រាប់​យក​មក​ធ្វើ​សន្ទស្សន៍​រហូត​ដល់​៧​ស្ថាប័ន​។

ការ​ធ្វើ​ចំណាត់​ថ្នាក់​ប្រទេស​កម្ពុជា​ លើ​ចំណាត់​ថ្នាក់​ពុក​រលួយ​នេះ ​គឺ​ធ្វើ​ឡើង​តែ​លើ​វិស័យ​សាធារណៈ​តែ​ប៉ុណ្ណោះ ​ដែល​ពេល​នេះ​កម្ពុជា​មាន​ពន្ទុ​សរុប​ស្មើនឹង​ឆ្នាំ​២០១៤ ​គឺ​២១​ពិន្ទុ​។ នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​រូបនេះ​បាន​បញ្ជាក់​ថា​ ដោយ​សារ​តែអំពើ​ពុក​រលួយ​ក្នុង​ស្ថាប័ន​សាធារណៈ​មួយ​ចំនួន​របស់​កម្ពុជា​បាន​ទាញ​ពិន្ទុ​ឲ្យ​ធ្លាក់​ចុះ ​ខណៈ ​ដែល​អំពើ​ពុក​រលួយ​ក្នុង​ស្ថាប័ន​មួយ​ចំនួន​បាន​ទាញ​ពិន្ទុ​ឡើង​។ ស្ថាប័ន​រដ្ឋ​ដែល​ទាញ​ពិន្ទុ​នោះ ​គឺ​មាន​ប្រព័ន្ធ​យុត្តិធម៌ ​និង​និតិ​រដ្ឋ​កម្ពុជា​។

ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ឈាន​មក​រក​ពិន្ទុ​ល្អ​វិញ​ គឺ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ ប្រព័ន្ធ​យុត្តិ​ធម៌ ​អនុម័តច្បាប់​​ទទួល​បាន​ព័ត៌​​​​​​​​​មាន វិសោធកម្ម​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ ​បង្កើត​ច្បាប់​ការពារ​សាក្សី ​និង​អ្នក​រាយការណ៍​ ដោះ​ស្រាយ​បញ្ហា​បក្ស​ពួក​និយម​ និង​បង្ក​លក្ខណៈ​ឲ្យ​មាន​ការ​ចួល​រួម​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ពី​ប្រជាជន​។ នេះ​បើ​តាម​លោក​ព្រាប ​កុល​។

លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​បញ្ជាក់ថា​ការធ្វើ​ស​ន្ទ​ស្សន៍​នៃ​ការយល់ឃើញ​ពី​អំពើពុករលួយ ឬ CPI របស់​អង្គការ​តម្លាភាព​អន្តរជាតិ គឺ​មិនអាច​ទទួលយក​បានទេ ហើយ​ការដាក់​ពិន្ទុ​នេះ ធ្វើ​ឲ្យ​មានការ​បែកបាក់​គ្នា​ទៀតផង។ ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​រូបនេះ បាន​បន្ថែមថា ការសិក្សា​របស់​អង្ក​ការ​តម្លាភាព​អន្តរជាតិ គឺមាន​ភាពស្មុគស្មាញ និង​មាន​ភាពលំអៀង។ ការប្រមូល​ទិន្នន័យ​ភាគច្រើន​គឺ​យក​ពី​មនុស្ស ដែល​មិន​ពេញ​ចិត្តនឹង​រដ្ឋាភិបាល ហើយ​យកមក​វាយតម្លៃ ធ្វើ​ឲ្យ​លទ្ធផល​មាន​ភាពលំអៀង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI