ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​ជម្លោះ​ចិន-ជប៉ុន​អាច​រាលដាល​ជា​ជម្លោះ​ប្រដាប់អាវុធ​ដែរ​ឬ​ទេ?

សំឡេង ០៤:៣៨
លោក​យ៉ាង ជៀឈី (Yang Jiechi) រដ្ឋមន្រ្តី​ការបរទេស​ចិន​ពេល​ថ្លែង​ក្នុង​មហាសន្និបាត​អ.ស.ប. ថ្ងៃព្រហស្បតិ៍ ២៧ កញ្ញា ២០១២
លោក​យ៉ាង ជៀឈី (Yang Jiechi) រដ្ឋមន្រ្តី​ការបរទេស​ចិន​ពេល​ថ្លែង​ក្នុង​មហាសន្និបាត​អ.ស.ប. ថ្ងៃព្រហស្បតិ៍ ២៧ កញ្ញា ២០១២ Reuters

ជម្លោះ​ដណ្តើម​កោះ​រវាង​ចិន​និង​ជប៉ុន កំពុងតែ​រាលដាល​ទៅដល់​អ.ស.ប. ដោយ​រដ្ឋាភិបាល​ទាំងពីរ​បានយក​វេទិកា​មហាសន្និបាត​អ.ស.ប. ដើម្បី​ទាមទារ​ជា​ម្ចាស់កម្មសិទ្ធិ​លើ​ប្រជុំកោះ​ ដែល​ជប៉ុន​ហៅថា សេនកាគូ ហើយ​ដែល​ចិន​ហៅថា ទៀវយូ (Diaoyu)។ ការជួបចរចា​គ្នា​​ជាច្រើន​លើក រវាង​មន្រ្តី​ជាន់ខ្ពស់​ចិន និង​ជប៉ុន ក៏​មិន​អាច​បន្ធូរបន្ថយ​ភាព​តានតឹង​បាន។ ក្នុងពេល​ជាមួយគ្នា ចិន​បាន​បញ្ចេញ​សាច់ដុំ​ផ្នែកយោធា ដោយ​បាន​ដាក់​ឲ្យ​ដំណើរការ​ជាផ្លូវការ​នូវ​នាវាដឹកយន្តហោះ​របស់ខ្លួន។ នៅក្នុង​​តំបន់​ជម្លោះឯណោះវិញ នាវាល្បាត​របស់​ប្រទេស​ទាំងពីរ​ក៏​មាន​វត្តមាន​នៅ​ក្បែរគ្នា។ តើ​ចិន និង​ជប៉ុន ពិតជា​នឹង​អាច​ឈាន​ដល់​ការ​ប្រឈមមុខ​ដាក់​គ្នា​ខាង​ផ្នែក​យោធា ដោយសារ​តែ​ជម្លោះដណ្តើម​កូនកោះ​ទាំងនេះ​ឬ?

ផ្សាយពាណិជ្ជកម្ម

 

ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ មហាសន្និបាត​អ.ស.ប. នៅញូវយ៉ក បាន​ក្លាយ​ជា​វេទិកា សម្រាប់​ឲ្យ​ចិន និង​ជប៉ុន ចរចាគ្នា​បន្ធូរបន្ថយ​ភាពតានតឹងផង និង​បោះពាក្យសម្តី​ចោទគ្នា​ទៅវិញទៅមកផង ជុំវិញ​ជម្លោះ​ដណ្តើម​ប្រជុំកោះ​ នៅ​ក្នុង​សមុទ្រចិន​ខាងកើត។

កាលពីថ្ងៃ​អង្គារ រដ្ឋមន្រ្តី​ការបរទេស​​ចិន និង​ជប៉ុន បានយក​ឱកាស​មហាសន្និបាត​អ.ស.ប. ដើម្បី​ជួប​ចរចា​គ្នា ព្យាយា​ម​រកវិធី​បន្ធូរបន្ថយ​ភាព​តានតឹង ក៏ប៉ុន្តែ គ្មាន​ដំណោះស្រាយ។

មួយថ្ងៃ​ក្រោយមក នាយករដ្ឋមន្រ្តី​ជប៉ុន​បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា រវាង​ចិន និង​ជប៉ុន មិនមាន​ជម្លោះ​ព្រំដែន​ណាមួយ​ ដែល​ត្រូវ​លើក​យក​ជជែក​គ្នា​ទេ ពីព្រោះ​ថា ដោយ​ផ្អែកទៅលើ​ប្រវត្តិសាស្រ្ត និង​លើ​ច្បាប់អន្តរជាតិ ប្រជុំកោះ​សេនកាគូ គឺ​ជា​កម្មសិទ្ធិ​របស់​ជប៉ុន ដោយ​មិន​អាច​ប្រកែកបាន។ ដូច្នេះ ជប៉ុន​នឹង​មិន​អាច​ធ្វើសម្បទាន​អ្វីមួយ ចំពោះ​ចិន ទាក់ទង​នឹង​ប្រជុំកោះ​នេះ​ទេ។

នៅថ្ងៃ​ព្រហស្បតិ៍ លោកស្រី​គ្លីនតុន​បាន​អំពាវនាវ​ឲ្យ​ចិន និង​ជប៉ុន រក្សា​ចិត្ត​ឲ្យ​ត្រជាក់ ហើយ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី។ ក៏ប៉ុន្តែ ប៉ុន្មាន​ក្រោយមក មន្រ្តី​ទូតចិន និង​ជប៉ុន​បាន​បោះពាក្យ​សម្តី​ដាក់គ្នា​កាន់តែ​ខ្លាំង ដោយ​ម្ខាងៗ​នៅតែ​ប្រកាន់​ជំហរ​រឹងរៀងៗខ្លួន​ថាជា​ម្ចាស់កម្មសិទ្ធិ​ផ្តាច់មុខ​លើ​កូនកោះ​តូចៗ​ទាំង៨ ដែល​ជាប់ជម្លោះនេះ។

នៅ​ក្នុង​សុន្ទរកថា ក្នុង​អង្គមហាសន្និបាត​អ.ស.ប. លោក​យ៉ាង ជៀឈី (Yang Jiechi) រដ្ឋមន្រ្តី​ការបរទេស​ចិនបាន​​ចោទជប៉ុន​ថា​ជា​ចោរ​​​លួចដី​​​ចិន។ លោក​យ៉ាង​ បាន​ប្រាប់​អង្គ​មហាសន្និបាត​ថា ប្រជុំកោះ​ដែល​ជប៉ុន​កំពុង​កាន់កាប់​ដោយ​ខុសច្បាប់​សព្វថ្ងៃ​នេះ គឺ​ជា​កម្មសិទ្ធិ​របស់​ចិន​តាំង​ពី​សម័យដើម ក៏ប៉ុន្តែ ត្រូវ​ជប៉ុន​វាយដណ្តើម​យក​ទៅកាន់កាប់ នៅ​ឆ្នាំ​១៨៩៥ ក្រោយ​ពី​​ឈ្នះ​សង្រ្គាម​លើ​រាជវង្សឆេង។

ជប៉ុន​ក៏​បាន​ឆ្លើយតបមកវិញ ដោយលើកឡើង​ថា គ្មាន​ភស្តុតាង​ណាមួយ ដែល​បញ្ជាក់ថា ប្រជុំកោះ​សេនកាគូ​ គឺ​ជា​របស់​ចិន​នោះទេ។ ជប៉ុន​បាន​រកឃើញ​កោះទាំងនេះ ហើយ​តាម​ឃ្លាំមើល​អស់រយៈពេល ១០ឆ្នាំ ឃើញ​ថា​ជា​កោះ​គ្មាន​ម្ចាស់ ទើប​ជប៉ុន​សម្រេច​បញ្ចូល​កោះទាំងនេះ​ក្នុង​ទឹកដី​របស់​ខ្លួន នៅ​ឆ្នាំ​១៩៨៥។ ហើយ​តាំង​ពីពេលនោះ​មក ចិន​ក៏​មិនដែល​មាន​ការតវ៉ា​ទាមទារ​អ្វី​ដែរ។ ទើបតែ​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​៧០​ថ្មីៗនេះ ប៉ុណ្ណោះ ដែល​អាជ្ញាធរ​ចិន​ចាប់ផ្តើម​​តវ៉ា​ថា​ប្រជុំកោះ​នេះ​ជា​កម្មសិទ្ធិ​របស់​ខ្លួន។

ព្រមជាមួយ​នឹង​សង្រ្គាម​ពាក្យ​សម្តី​នេះ ចិន​ក៏​កំពុង​តែ​បញ្ចេញ​សាច់ដុំ​ខាង​ផ្នែក​យោធា​ផងដែរ ដោយ​ទើប​នឹង​បាន​ដាក់​ឲ្យ​ដំណើរការ​ជាផ្លូវការ​ នូវ​នាវា​ដឹកយន្តហោះ​ទីមួយ​របស់​ខ្លួន កាល​ពីថ្ងៃ​អង្គារ។ ក្រសួង​ការពារជាតិ​ចិន​បាន​អះអាង​ថា នាវា​ផ្ទុក​យន្តហោះ​នេះ​នឹង​ជួយ​ឲ្យ​ចិន​បង្កើន​កម្លាំង​ទ័ព​ជើងទឹកចិន ដើម្បី​ការពារ​អធិបតេយ្យជាតិ សន្តិសុខ​ និង​ផលប្រយោជន៍​របស់​ចិន។ ក្នុងពេល​ជាមួយគ្នា​នេះ នាវាល្បាត​ជាច្រើន​គ្រឿង​ត្រូវបាន​ចិន​បញ្ជូន​ទៅ​ក្បែរ​តំបន់​ជម្លោះ ហើយ​ជប៉ុន​ក៏​បាន​បង្កើន​ចំនួន​នាវាល្បាត​របស់​ខ្លួន នៅ​ទីនោះដែរ ដែល​ជាហេតុ​ធ្វើ​ឲ្យ​មាន​ការបារម្ភ​ថា ជម្លោះ​ដណ្តើម​កោះ​នេះ​អាច​នឹង​រាលដាល​ បង្ក​ឲ្យ​មាន​ការ​ប៉ះទង្គិចគ្នា​ខាង​ប្រដាប់អាវុធ​។

ជាការពិត មាន​អ្នកវិភាគ​ជាច្រើន​យល់ថា ប្រូបាប៊ីលីតេ គឺ​មាន​តិចតួចណាស់ ដែល​ប្រទេស​មហាអំណាច ដឹកនាំ​ដោយ​អ្នក​នយោបាយ​ចាស់ទុំ​ ដូចជា​ចិន និង​ជប៉ុន​នេះ អាច​ឈាន​ទៅ​ធ្វើ​សង្រ្គាម​ដាក់​គ្នា​ដោយ​សារ​តែ​កូនកោះ​តូចៗ​ប៉ុន្មាន​ដុំ​នេះ។ ចិន និង​ជប៉ុន ថ្វីដ្បិត​តែ​ជា​អតីត​គូសត្រូវ​ជូរចត់​ពី​អតីតកាល ក៏ប៉ុន្តែ ប្រទេស​ទាំងពីរ​ក៏​ត្រូវការ​គ្នា​ខ្លាំងណាស់ដែរ នៅ​ក្នុង​ពេល​បច្ចុប្បន្ន ជាពិសេស នៅ​ក្នុង​ពេល​ដែល​អឺរ៉ុប​​កំពុង​ឆ្លងកាត់វិបត្តិសេដ្ឋកិច្ច​ ហើយ​ចិន និង​ជប៉ុន កំពុង​ត្រូវការ​ទីផ្សារ​លក់​ទំនិញ។

លើសពីនេះ​ទៅទៀត ជម្លោះប្រដាប់អាវុធ​រវាង​ចិន និង​ជប៉ុន នឹង​ត្រូវ​ជាប់ពាក់ព័ន្ធ​ទៅដល់​ភាគីទី៣​ដ៏សំខាន់​មួយ​ទៀត គឺ​សហរដ្ឋ​អាមេរិក ពីព្រោះ​ជប៉ុន គឺ​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក ហើយ​តាមរយៈ​សន្ធិសញ្ញា​សម្ព័ន្ធមិត្ត​នេះ អាមេរិក​ត្រូវ​ជាប់កាតព្វកិច្ច​ជួយ​ការពារជប៉ុន ក្នុងករណី​ដែល​ជប៉ុន​ទទួលរងនូវការ​វាយប្រហារ​ពី​បរទេស។

នៅពេល​រដ្ឋមន្រ្តីក្រសួង​ការពារជាតិ​អាមេរិក ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ជប៉ុន នាពេល​ថ្មីៗនេះ អាមេរិក​បាន​បញ្ជាក់ថា ប្រជុំកោះ​ដែល​ជាប់ជម្លោះជាមួយ​ចិន​នេះ ក៏​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​សន្ធិសញ្ញា​សម្ព័ន្ធមិត្ត​អាមេរិក-ជប៉ុន​នេះដែរ។ ក្នុងពេល​ជាមួយ​គ្នា អាមេរិក​បន្ត​ទទូច​អំពាវនាវ​ម្តងហើយ​ម្តងទៀត ឲ្យ​ចិន និង​ជប៉ុន ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី។ ទាំងនេះ គឺ​ជាសារ ដើម្បី​ដាក់​​សម្ពាធ​ទាំងលើរដ្ឋាភិបាល​​ជប៉ុន និង​លើ​រដ្ឋាភិបាល​ចិន ឲ្យ​ចៀសវាង​ការ​បង្កហេតុណាមួយ ដែល​អាច​នាំ​ទៅរក​ជម្លោះ​ប្រដាប់អាវុធ។

ក៏ប៉ុន្តែ បើទោះជា​ទាំងចិន ទាំងជប៉ុន និង​ទាំងអាមេរិក​ សុទ្ធតែ​មិនមាន​អ្នកណា​ចង់​ឲ្យ​ផ្ទុះ​សង្រ្គាម តែគេនៅតែ​បារម្ភ​ថា ​ភាពតានតឹង​ដែល​ចេះតែ​រាលដាល​កាន់តែ​ធ្ងន់ធ្ងរ​ពីមួយថ្ងៃទៅមួយថ្ងៃ បូករួម​ទាំង​វត្តមាន​នាវាល្បាត​របស់​ប្រទេស​ទាំងពីរ ដែល​ក្បែរគ្នា​​​ក្នុង​តំបន់​ជម្លោះបែបនេះ អាច​នឹងបង្ក​ជា​ការប៉ះទង្គិច​ដោយ​ចៃដន្យ​ណាមួយ ដែល​អាច​ឈាន​ទៅដល់​ការ​ផ្ទុះអាវុធ​ដាក់​គ្នា។ ថ្ងៃកំពុងតែ​ក្តៅហួតហែង បើទោះ​ជា​ត្រឹម​កម្ទេចភ្លើង​ដ៏តូចមួយ​ក៏​អាច​នឹង​បង្ក​ជា​អគ្គិភ័យ​ឆេះព្រៃធំ​មួយ​បានដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI