កម្ពុជា

ប្រទេស​​មេគង្គ​​ក្រោម​​សម្រេច​​ពន្យា​​ការ​​សាងសង់​​ទំនប់​​សាយ៉ាបូរី​​

ប្រទេស​​មេគង្គ​ក្រោម​សម្រេច​ពន្យា​ការ​សាងសង់​ទំនប់​សាយ៉ាបូរី​
ប្រទេស​​មេគង្គ​ក្រោម​សម្រេច​ពន្យា​ការ​សាងសង់​ទំនប់​សាយ៉ាបូរី​ WWF

បណ្តា​​​ប្រទេស​​ទន្លេ​​មេគង្គ​​ក្រោម​​ទាំង​​៤​​ប្រទេស​​ដែល​​បាន​​ជួប​​គ្នា​​នៅ​​ខេត្ត​​សៀមរាប​​ប្រទេស​​កម្ពុជា​​​នោះ​​បាន​​សម្រេច​​គ្នា​​ជា​​ឯកច្ឆន្ទ​​ហើយ​ ថា​​ពន្យា​​ការ​​សាងសង់​​ទំនប់​​វារី​​អគ្គិសនី​​សាយ៉ាបូរី​​ដើម្បី​​សិក្សា​​បន្ថែម​​លើ​​ផល​​ប៉ះពាល់។​ មិន​​មាន​​ការ​​សម្រេច​​ថា​​ការ​​ពិចារណា​​សាងសង់​​នឹង​​ត្រូវ​​កំណត់​ឡើង​​វិញ​​នៅ​​ពេល​​ណា​​នោះ​​ឡើយ។ ​ប៉ុន្តែ​​​ប្រទេស​​​ទាំង​​​៤​​ កម្ពុជា​ ​ឡាវ​​ វៀតណាម​ ថៃ​​ បាន​​ឯកភាព​​ស្នើ​​អោយ​​រដ្ឋាភិបាល​​ជប៉ុន​​និង​​ដៃ​​គូរ​​អភិវឌ្ឍន៍​​ដទៃ​ទៀត​​ជួយ​​ឧបត្ថម្ភ​​ការ​​សិក្សា​​លើ​​ផលប៉ះ​ពាល់​​របស់​​ទំនប់​​សាយ៉ាបូរី។​

ផ្សាយពាណិជ្ជកម្ម

កម្ពុជា ឡាវ វៀតណាម និង​ថៃ​បាន​ព្រមព្រៀងគ្នា​ជា​ឯកច្ឆន្ទ​ពន្យា​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​សាយ៉ាបូរី​របស់​ប្រទេស​ឡាវ​ហើយ។ សេចក្តី​សម្រេច​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅក្នុង​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រីនៃ​គណៈកម្មការទន្លេ​មេគង្គ​ដែល​បាន​ប្រព្រឹត្តទៅ​ក្នុង​ក្រុង​វប្បធម៌​សៀមរាប​ប្រទេស​កម្ពុជា។ ក្រុម​រដ្ឋមន្ត្រី​នៃ​ប្រទេស​មេគង្គ​ក្រោម​ទាំង​៤​បាន​ឯកភាព​គ្នា​ជំរុញ​អោយ​មាន​ការ​សិក្សា​បន្ថែម​ទៅ​លើ​ផលប៉ះពាល់​ដែល​ត្រូវ​បង្ក​ឡើង​ដោយ​ទំនប់​ដ៏​ធំ​តម្លៃ​៣៨០០លាន​ដុល្លារ​ដែល​ស្ថិត​នៅ​ប៉ែក​ខាង​ជើង​ប្រទេស​ឡាវ​នេះ។

សេចក្តីសម្រេច​បែប​នេះ​ត្រូវ​បាន​សាទរ​ដោយ​អង្គការ​WWF។ នៅក្នុង​សេចក្តីប្រកាសព័ត៌មាន​របស់​WWF លោកជៀនហ៊ូ ម៉េង​ដែល​ជា​អ្នក​ឯកទេស​ផ្នែក​និរន្តរភាព​វ៉ារី​អគ្គិសនី​របស់​អង្គការ​នេះ​បាន​អត្ថាធិប្បាយ​ថា តាម​រយៈ​ការ​សម្រេច​ពន្យា​គម្រោង​សាងសង់​ទំនប់​សាយ៉ាបូរី បណ្តា​ប្រទេស​នៃ​តំបន់​មេគង្គ​ក្រោម​បាន​បោះ​ជំហាន​វិជ្ជមាន​មួយ​ឆ្ពោះ​ទៅ​រក​ការ​ទទួល​ខុសត្រូវ​ចំពោះ​មរតក​ធម្មជាតិ​ដ៏​មាន​តម្លៃ​នៅ​ក្នុង​តំបន់។ អ្នក​ជំនាញ​រូប​នេះ​បន្ត​ថា​WWF​គាំទ្រ​ការ​សិក្សា​បន្ថែម​លើ​ផល​ប៉ះពាល់​នៃ​គម្រោង​ទំនប់​វារី​អគ្គិសនី​សាយ៉ា​បូរី​នេះ។
គួរ​បញ្ជាក់​ថា សម្រាប់​ការ​ពន្យា​ពេល​សាងសង់​ទំនប់​សាយ៉ាបូរី​នេះ រដ្ឋាភិបាល​នៃ​ប្រទេស​មេគង្គ​ក្រោម​ទាំង​៤ កម្ពុជា វៀតណាម ឡាវ និង​ថៃ បាន​ឯកភាព​គ្នា​សុំ​អោយ​រដ្ឋាភិបាល​ជប៉ុន​និង​ដៃគូរ​អភិវឌ្ឍន៍​អន្តរជាតិនានា​គាំទ្រ​ការ​សិក្សា​បន្ថែម​លើ​ការ​គ្រប់គ្រង​ប្រកប​ដោយ​និរន្តរភាព​​នៃ​ទន្លេ​មេគង្គ។

មាន​ការ​រិះគន់ និង​ការ​ព្រួ​បារម្ភ​ជាច្រើន​ត្រូវ​បាន​សម្តែងចេញ​ប្រឆាំង​គម្រោង​ទំនប់​វារី​អគ្គិសនី​របស់​ប្រទេស​ឡាវ​នេះ​ពី​សំណាក់​អ្នក​ជំនាញ​និង​ពី​ប្រទេស​ទន្លេ​មេគង្គ​ក្រោម​ដូចជា​កម្ពុជា​និង​វៀតណាម។​ការ​រិះគន់ និង​ការ​ព្រួយ​បារម្ភ​បាន​ផ្តោត​ទៅលើ​ការ​ខ្វះខាត​ខ្លាំង​នៃ​ការ​ប្រមូល​ព័ត៌មាន​ដែល​បង្ហាញ​ពី​ផល​ប៉ះពាល់​ដែល​កើត​ចេញ​ពី​ទំនប់​សាយ៉ា​បូរី​នេះ ជាពិសេស​ផលប៉ះ​ពាល់​លើ​ធនធាន​ជលផល និង​លំហូរ​ដី​ល្បាប់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI