អានតួអត្ថបទ
ថៃ

អាជ្ញាធរ​ថៃ​ចាប់​ផ្តើម​បោស​សំអាត​នៅ​ក្នុង​រង្វង់​មេ​ដឹកនាំ​ប៉ូលិស​

អំពើពុករលួយនៅក្នុងរង្វង់ប៉ូលីសថៃ
អំពើពុករលួយនៅក្នុងរង្វង់ប៉ូលីសថៃ .Reuters/Sukree Sukplang
ដោយ៖ នុយ ប៊ែរណាដែត
១៣ នាទី

ពិរុទ្ធភាព​ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ​គឺ​ជា​រឿង​ធម្មតានៅ​ប្រទេស​ថៃ ក៏ប៉ុន្តែ​ការ​ដាក់​ទោស​​ទៅ​លើ​ក្រុម​នាយ​ទាហាន​ជាន់​ខ្ពស់បែបនេះ ​ជា​រឿង​ដ៏​កម្រ​បំផុត​​នៅ​ប្រទេស​ថៃ។​ ​ថ្មីៗនេះ នាយ​ទាហាន​ជាន់​ខ្ពស់​ថៃ៨​​រូប​ក្នុង​ចំណោម​នោះ ៣​រូប ​ជាមេប៉ូលិសថ្នាក់​ឧត្តម​សេនីយ​ ត្រូវ​បាន​អាជ្ញាធរ​​ចាប់​ខ្លួន​​និង​ដាក់​ទោស​​ពី​បទ​​ប្រមាថ​ព្រះ​ចេស្តា​មហាក្សត្រ​និង​បទ​ប្រព្រឹត្ត​​អំពើ​ពុក​រលួយ។​ ការ​ចាប់​ខ្លួន​​ក្រុម​នាយ​ទាហាន​ជាន់​ខ្ពស់​ថៃ​ទាំង​នេះ សរ​ឲ្យ​ឃើញដែរ ​នូវ​ឆន្ទៈ​ដ៏​មុះមុត​​របស់​រដ្ឋាភិបាល​ដែល​​ដឹកនាំ​ដោយ​ពួក​យោធានៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ទល់​នឹង​អំពើ​ពុក​រលួយ​​ដែល​​រីក​រាលដាល​​​នៅ​​ក្នុង​​រង្វង់​មេ​ដឹកនាំ​ប៉ូលិស​។

ផ្សាយពាណិជ្ជកម្ម

 

​ជា​លើកទី​មួយ​ហើយ ដែល​មេ​ដឹកនាំ​​ជាន់​​ខ្ពស់​ប៉ូលីសថៃ​ ត្រូវ​ជាប់​ចោទ​​ពី​បទ​ប្រមាថ​​ព្រះ​រាជវង្ស។

ប៉ុន្តែ​ការ​លំអិត​ទាក់​ទង​នឹង​បទ​​ចោទ​ប្រកាន់​ខាង​លើ​នេះ ពុំ​ត្រូវ​បាន​គេ​បង្ហើប​ឲ្យ​ដឹង​ឡើយ។ ក្នុង​ចំណោម​នាយ​ទាហាន​ជាន់​ខ្ពស់​ថៃ​៨​រូប​ដែល​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​នោះ ​ក៏​មាន​រូប​លោក​ ឧត្តម​សេនីយ​ពុងប៉ាត ឆាយាប៉ាន់( Pongpat Chayapan)​ដែរ។ លោក Chayapan ជា​មេ​ប៉ូលីស​ដ៏​មាន​អំណាច​បំផុត​នៃ​​​​ការិយាល័យ​​​កណ្តាល​ផ្នែក​ស៊ើប​អង្កេត អាចនឹងទទួលទោសជាប់​​ពន្ធនាគារ​​​រវាង​​​៣​ឆ្នាំ​ទៅ​១៥​ឆ្នាំ។

នៅ​លើ​ការ​ចោទ​ប្រកាន់​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុករលួយ​វិញ ​ អាជ្ញាធរ​ថៃ ​បាន​បង្ហើប​ឲ្យ​ដឹង​ច្រើន។  ដូច​ជា​ការ​បញ្ជាក់​ពី​ទ្រពធន​របស់ លោក​ឧត្តមសេនីយ​ Chayapan ដែល​គិត​ជា​លុយ​មាន​ចំនួន​ប្រមាណ​ជា ២​សែន​៥​ម៉ឺន​លាន​អឺរ៉ូ​ ត្រូវ​បាន​អាជ្ញាធរ​រិបអូស។ ចំនួន​លុយ​នេះ បើ​គិត​ជា​ប្រាក់​បៀវត្សរ៍​ក្នុង​មួយ​ខែ​វិញ គឺ​ស្មើ​នឹង​លុយ​ប្រមាណ​ជា ​២៥០០​អ៊ឺរ៉ូ សំរាប់​នាយ​ទាហាន​ដឺកនាំ​ជាន់​ខ្ពស់​ថ្នាក់​នេះ។​ បាតុភាព​ពុក​រលួយ​ដែល​ស៊ីរូង​នៅ​ក្នុង​រង្វង់​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​ប៉ូលីស​ថៃ​នេះ សរឲ្យ​ឃើញ​​ថា  រាល់​កំណែ​ទម្រង់​របស់​រដ្ឋាភិបាល​ថៃ​ក្នុង​ការ​កំចាត់​អំពើ​ពុក​រលួយ​នៅ​ក្នុង​ប្រទេស ​ត្រូវ​ទទួល​បរាជ័យ។

ក៏ប៉ុន្តែ សកម្មភាព​ដ៏​ផុសផុល​របស់​រដ្ឋាភិបាល​ថៃ​នៅ​ក្នុង​ការ​ប្រឆាំង​ទល់​នឹង​អំពើ​ពុក​រលួយ​​ក្នុង​រង្វង់​​ក្រុម​នាយ​ទាហាន​ជាន់​ខ្ពស់​ដែល​ពី​មុន​គ្មាន​នណា​មួយ​ហ៊ាន​ប៉ះពាល់​សោះ​ ហាក់បី​ដូច​​ជា​ការ​​​ជូន​ដំណឹង​អំពី​ការ​ផ្លាស់ប្តូរ​មួយ​នៅ​ក្នុង​ការ​ដឹក​នាំ​របស់​រដ្ឋាភិបាល​ថៃ​បច្ចុប្បន្ន៕   ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ