ថៃ

ប្រជារាស្រ្តថៃ​ធ្វើ​បាតុកម្ម​ប្រឆំាង​រដ្ឋប្រហារ ចំ​ពេល​របបសឹក​បន្ត​ពង្រឹង​អំណាច​របស់​ខ្លួន

ប្រជារាស្រ្តថៃ​ធ្វើ​បាតុកម្ម​ប្រឆំាង​រដ្ឋប្រហារ ចំ​ពេល​របបសឹក​បន្ត​ពង្រឹង​អំណាច​របស់​ខ្លួន
ប្រជារាស្រ្តថៃ​ធ្វើ​បាតុកម្ម​ប្រឆំាង​រដ្ឋប្រហារ ចំ​ពេល​របបសឹក​បន្ត​ពង្រឹង​អំណាច​របស់​ខ្លួន REUTERS/Damir Sagolj

នៅ​ក្នុង​ប្រទេស​ថៃ ៣ថ្ងៃ ក្រោយ​រដ្ឋប្រហារ​យោធា​មក មាន​ប្រជារាស្រ្ត​ថៃ​កាន់​តែ​ច្រើន​ឡើងៗ​បាន​នំា​គ្នា​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ប្រឆំាង​នឹង​របបសឹក។ នៅ​ថ្ងៃ​អាទិត្យ ទី២៥ ឧសភា​នេះ និង​បើ​ទោះ​បី​ជា​មាន​ការ​ព្រមាន​វាយបង្រ្កាប​ពី​កម្លំាង​ទ័ព​ក៏​ដោយ ក៏​គេ​សង្កេត​ឃើញ​មាន​វត្តមាន​បាតុករ​យ៉ាង​ច្រើន​កុះករ​នៅ​តាម​ដងផ្លូវ​នានា​ក្នុង​ទីក្រុង​បាងកក​ប្រឆំាង​នឹង​រដ្ឋប្រហារ​ដែល​ធ្វើ​ឡើង​ដោយ​ឧត្តមសេនីយ​ប្រាយុទ្ធ ចាន់អូចា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី២២ ឧសភា។ ទន្ទឹម​គ្នា​នេះ របបសឹក​ក៏​បាន​ផ្តើម​ប្រមូល​អំណាច​ទំាង​អស់​មក​គ្រប់គ្រង តាម​រយៈ​ការ​រំលាយ​ព្រឹទ្ធសភា​នៅ​ថ្ងៃ​សៅរិ៍ ទី២៤ ឧសភា។ ដោយឡែក សហរដ្ឋអាមេរិក​ទើប​បាន​ប្រកាស​លប់ចោល​សមយុទ្ធ​ដែល​ខ្លួន​កំពុង​ធ្វើ​ជាមួយ​ទាហាន​ថៃ ព្រម​ទំាង​ព្យួរ​ជំនួយ​យោធា​ដល់​ទីក្រុង​បាងកក​ក្នុង​ទឹកប្រាក់ ៣លាន ៥សែន​ដុល្លារ។

ផ្សាយពាណិជ្ជកម្ម

 

ខុស​ពី​រដ្ឋប្រហារ​យោធា​ទម្លាក់​លោក​ថាក់ស៊ីន​កាល​ពី​ឆ្នំា ២០០៦ ដែល​បាន​ទទួល​ការ​អបអរសាទរ​ពី​ប្រជារាស្រ្ត​ថៃ​ភាគច្រើន​នោះ រដ្ឋប្រហារ​យោធា​ឆ្នំា ២០១៤ នេះ​ហាក់​ដូច​ជា​បាន និង​កំពុង​ទទួល​ការ​ប្រឆំាង​ពី​ប្រជារាស្រ្ត​ថៃ​កាន់​តែ​ច្រើន​ឡើងៗ​ទៅ​វិញ។ នេះ​ស បញ្ជាក់​ឲ្យ​ឃើញ​ថា ប្រជារាស្រ្ត​ថៃ​ទូទៅ​លែង​ត្រូវ​ការ​ដំណោះស្រាយ​តាម​ចំណាត់ការ​ផ្តាច់ការ​របៀប​នេះ​ទៀត​ឡើយ។ តំាង​ពី​ថ្ងៃ​សៅរិ៍ ទី២៤ ដល់​ថ្ងៃ​អាទិត្យ ទី២៥ ឧសភា​នេះ មាន​ប្រជារាស្រ្ត​ថៃ​កាន់​តែ​ច្រើន​ឡើងៗ​បាន​នំា​គ្នា​ចុះ​ផ្លូវ​ប្រឆំាង​នឹង​រដ្ឋប្រហារ ដោយ​មិន​ញញើត​នឹង​ប្រឈម​មុខ​ទល់​នឹង​ក្រុម​ទាហាន​ដែល​កំពុង​មាន​វត្តមាន​នៅ​តាម​ដង​ផ្លូវ​នានា​ក្នុង​ទីក្រុង​បាងកក​ឡើយ។ ក្រុមបាតុករ​មិន​បាន​ចាប់​អារម្មណ៍​នឹង​វិធានការ​របស់​របបសឹក​ដែល​​ហាម​មិន​ឲ្យ​មាន​ក្បួនបាតុកម្ម និង​ការ​ជួបជុំ​គ្នា​លើស​ពី ៥នាក់​នោះ​ទេ។

អ្វី​ជា​ការ​កត់សម្គាល់​នោះ​នៅ​ត្រង់​ថា ចំ​ពេល​ដែល​របបសឹក​បាន​ព្រមាន​កាន់​តែ​ខ្លំាង​នោះ គេ​សង្កេត​ឃើញ​មាន​បាតុករ​ចូលរួម​ដង្ហែរ​ក្បួន​កាន់​តែ​ច្រើន​ឡើងៗ និង​ថែម​ទំាង​បាន​ទទួល​ការ​ជួយ​លើកទឹកចិត្ត​ពី​មនុស្សម្នា​នៅ​តាម​ផ្លូវ​ទៀត​ផង។ ក្បួនបាតុកម្ម​ប្រឆំាង​នឹង​រដ្ឋប្រហារ​ពេល​នេះ​បាន​កើត​មាន​ឡើង ចំ​ពេល​ដែល​របបសឹក​បាន​ផ្តើម​ប្រមូល​អំណាច​គ្រប់ជាន់ថ្នាក់​មក​កាន់កាប់។ បន្ទាប់​ពី​បាន​ព្យួរ​រដ្ឋធម្មនុញ្ញ រំលាយ​រដ្ឋសភា និង​តែងតំាង​ខ្លួន​ឯង​ជា​នាយករដ្ឋមន្រ្តី មេ​រដ្ឋប្រហារ​ប្រាយុទ្ធ ចាន់អូចា​ទើប​បាន​ប្រកាស​រំលាយ​ព្រឹទ្ធសភា​ដែល​ជា​អំណាច​នីតិប្បញ្ញត្តិ​នៅ​ថ្ងៃ​សៅរ៍ ទី២៤ ឧសភា។ ទន្ទឹម​គ្នា​នេះ លោក​នាយករដ្ឋមន្រ្តី ឧត្តមសេនីយ​ប្រាយុទ្ធ ចាន់អូចា​បាន​ផ្ញើ​លិខិត​មួយ​ថ្វាយ​ព្រះមហាក្សត្រ​ព្រះចៅ​ភូមិបុល អាឌូយ៉ាដេត​ដើម្បី​ឲ្យ​ព្រះអង្គ​ប្រកាស​ទទួល​ស្គាល់​របប​ថ្មី​ជា​ផ្លូវការ។

ងាក​ទៅ​មើល​ប្រតិកម្ម​របស់​សហគមន៍​អន្តរជាតិ​ឯណោះ សហរដ្ឋអាមេរិក​បាន​ចេញ​មុខ​ប្រឆំាង​នឹង​រដ្ឋប្រហារ​យោធា​ក្នុង​ប្រទេស​ថៃ​ច្រើន​ជាង​គេ ព្រម​ទំាង​បាន​ចាត់​វិធានការ​ភ្លាមៗ​ចំពោះ​របបសឹក។ បន្ទាប់​ពី​បាន​ប្រកាស​ព្យួរ​ជំនួយ​យោធា​ចំនួន ៣លាន ៥សែន​ដុល្លារ​ឲ្យ​ទីក្រុង​បាងកក​មក ទីក្រុង​វ៉ាស៊ីតោន​ក៏​កំពុង​ពិនិត្យ​មើល​ឡើង​វិញ​អំពី​ជំនួយ​សេសសល់​ដែល​ត្រូវ​ប្រគល់​ឲ្យ​ថៃ​ក្នុង​ឆ្នំា ២០១៣ សរុប​ចំនួន ១០លាន ៥សែន​ដុល្លារ។ ទន្ទឹម​គ្នា​នេះ ក្រសួង​ការពារជាតិ​អាមេរិក​ទើប​បាន​ប្រកាស​លប់​ចោល​សមយុទ្ធ​ជាមួយ​ទាហាន​ថៃ​ដែល​កំពុង​ដំណើរការ​សព្វថ្ងៃ ព្រម​ទំាង​លប់​ចោល​គម្រោង​ទស្សនកិច្ច​របស់​មេបញ្ជាការ​ជើងទឹក​អាមេរិក​ប្រចំា​តំបន់​ប៉ាស៊ីហ្វិក​ក្នុង​ប្រទេស​ថៃ​នា​ខែ​មិថុនា និង​ដំណើរ​ទស្សនកិច្ច​របស់​មេទ័ពថៃ​នៅ​កោះហាវ៉ៃ​ទឹកដី​អាមេរិកំាង​នៅ​ថ្ងៃ​ខាង​មុខ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI