កម្ពុជា

សាលា​ឧទ្ធរណ៍​​សម្រេច​​ទោស​​អោយ​​អ្នក​ភូមិ​​បឹងកក់​​មាន​​សេរីភាព​​

ស្រ្តី​បឹងកក់​១៣​នាក់​ត្រូវ​តុលាការ​ដោះលែង​ឲ្យ​មាន​សេរីភាពនៅថ្ងៃ​ពុធ​ទី ២៧ មិថុនា ២០១២
ស្រ្តី​បឹងកក់​១៣​នាក់​ត្រូវ​តុលាការ​ដោះលែង​ឲ្យ​មាន​សេរីភាពនៅថ្ងៃ​ពុធ​ទី ២៧ មិថុនា ២០១២ ©RFI/ siv channa

សាលា​ឧទ្ធរណ៍​បាន​យក​សំណុំរឿង​អ្នក​ភូមិ​បឹងកក់​ចម្រូង​ចម្រាស​មក​ជំនុំ​ជម្រះ​នៅ​ថ្ងៃ​នេះ។​ សាលា​ឧទ្ធរណ៍ ​បាន​សម្រេច​ផ្តន្ទាទោស​ស្ត្រី​អ្នក​ភូមិ​បឹងកក់​ចំនួន​១​ខែ​៣​ថ្ងៃ​ ជា​ការ​ដាក់ទោស​​កាត់​តម្រឹម​​ដែល​ធ្វើ​អោយ​ស្ត្រី​អ្នក​ភូមិ​បឹងកក់​អាច​មាន​សេរីភាព​ពី​ថ្ងៃ​នេះ​ទៅ។​ ទោះយ៉ាងនេះ​ក្តី​ ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ក្រុម​គ្រួសារ​អ្នក​ភូមិ​បឹងកក់​និង​អាជ្ញាធរ​ ​បាន​កើត​ឡើង​មួយ​ប្រ៉ាវ​​ដែរ​​នៅ​​ខាងក្រៅ​​របង​សាលា​ឧទ្ធរណ៍។​  

ផ្សាយពាណិជ្ជកម្ម

 ស្ត្រី​អ្នក​ភូមិ​បឹងកក់​១៣​នាក់​នឹង​អាច​ជួបជុំ​គ្រួសារ​របស់​ពួកគេ​វិញ​នៅ​ល្ងាច​ថ្ងៃ​នេះឬ​ថ្ងៃ​ស្អែក​ក្រោយ​​ពី​ពួកគេ​បំពេញ​ឯកសារ​ចេញ​ពី​ពន្ធនាគារ។ នៅ​ថ្ងៃ​អង្គារ​នេះ សាលាឧទ្ធរណ៍​បាន​ជំនុំ​ជម្រះ​​សំណុំរឿង​ស្ត្រី​អ្នក​ភូមិ​បឹងកក់​ដ៏​ចម្រូងចម្រាសទាំង​១៣​នាក់​ដែល​សាលាដំបូង​បាន​ដាក់​ទោស​​អោយ​ជាប់​ពន្ធនាគារ​ម្នាក់​២​ឆ្នាំ​កន្លះ។

 
ក្រុម​ប្រឹក្សា​ចៅក្រម​សាលាឧទ្ធរណ៍​បាន​សម្រេច​ឡើង​វិញ​បន្ថយ​ទោស​របស់​ស្ត្រី​ទាំង​១៣​នាក់​មក​នៅ​ត្រឹម​១​ខែ​៣​ថ្ងៃ ដោយ​គិត​ចាប់​ពី​ថ្ងៃ​ដែល​ពួកគេ​ត្រូវ​បាន​សាលាដំបូង​ប្រកាស​ដាក់​ទោស។ ​សាលដីកា​របស់​សាលាឧទ្ធរណ៍​នេះ មាន​ន័យ​ស្មើ​នឹង​ការ​ដោះលែង​ស្ត្រី​អ្នកភូមិ​បឹង​កក់​ ​ចាប់​ពី​ថ្ងៃ​នេះ​ទៅ​ដោយ​សារ​តែ​រយៈ​ពេល​នៃ​ការ​ឃុំ​ខ្លួន​នោះ​បាន​គ្រប់​ចំនួន​ហើយ។
 

ស្រ្តី​អ្នកភូមិបឹងកក់​នៅក្រោយ​តុលាការ​ឧទ្ធរណ៍​ដោះលែង​ឲ្យ​មាន​សេរីភាព

សេចក្តីសម្រេច​របស់​សាលាឧទ្ធរណ៍​បាន​ធ្វើ​អោយ​ក្រុម​ស្ត្រី​អ្នកភូមិ​បឹងកក់ ក្រុម​គ្រួសារ​ញាតិ​មិត្ត​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផង​សប្បាយចិត្តនិង​ស្វាគម​​យ៉ាងខ្លាំង។ ហើយ​នេះ​គឺ​ជា​អ្វី​​​ដែល​ពួកគេ​បាន​ស្រែក​ទាមទារ​ស្ទើររៀងរាល់​ថ្ងៃ​តាម​រយៈ ​ការ​តវ៉ា ការ​ដង្ហែ​​ក្បួន ​ទៅ​រក​អន្តរាគមន៍​​​ពី​ថ្នាក់​ដឹកនាំនិង​សហគមន៍​អន្តរជាតិ រួមទាំង​ការ​បន់ស្រន់​ផង។

ប៉ុន្តែ​គួរ​បញ្ជាក់​ថា មុន​នឹង​ទទួល​បាន​ភាព​សប្បាយ​រីករាយ​នេះ ការ​ប៉ះទង្គិច​រវាង​ក្រុម​គ្រួសារ​ញាតិ​មិត្ត​អ្នកភូមិ​បឹងកក់​ជាមួយ​សមត្ថកិច្ច​នៅ​ខាងក្រៅ​របង​សាលាឧទ្ធរណ៍ ក៏​បាន​កើត​ឡើង​មួយ​ប៉្រាវ​ផងដែរ។

គួរ​រម្លឹកថា ស្ត្រី​១៣​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​២២​ ឧសភា​ខណៈដែល​​ពួកគេ​បាន​នាំ​គ្នា​មក​សង់​ផ្ទះ​និមិត្តរូប​នៅ​លើ​ដី​ដែល​ក្រុមហ៊ុន​បាន​ បណ្តេញ​ពួកគេ​ចេញ។ ​នៅ​ពេល​ នោះ​​អាជ្ញាធរ​បាន​ចុះ​ទៅ​រារាំង​ ហើយ​ក៏កើត​មាន​ការ​ប៉ះទង្គិច​គ្នា។ ​ស្ត្រី​អ្នកភូមិ​បឹងកក់​ទាំង​នោះ​ត្រូវ​​បាន​ចោទ​ប្រកាន់​ពី​បទ​ចូល​កាន់កាប់​ដី​របស់​ក្រុមហ៊ុន​ និង​ពីបទ​ប្រឆាំង​ អាជ្ញាធរ​ សាធារណៈ។​ ពួកគេ​ត្រូវ​បាន​តុលាការ​រាជធានីភ្នំពេញ​បើក​សវនាការ​ភ្លាមៗ​នៅ​ថ្ងៃ​ទី​២៤​ឧសភា​និង​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​តែម្តង។

ក្រៅ​ពី​សម្រែក​ទាមទារ​អោយ​មាន​ការ​ដោះលែង​ស្ត្រី​ទាំង​១៣​នាក់ អង្គការ​ជាតិ និង​អន្តរជាតិ​ក៏​បាន​បញ្ចេញ​ប្រតិកម្ម​យ៉ាង​ខ្លាំង​ដែរ​ប្រឆាំង​ការ​ឃុំ​ខ្លួន​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI