អានតួអត្ថបទ
កម្ពុជា

ជន​បរទេស​៣​នាក់​ជាប់​​បម្រាម​​ចូល​​ទឹក​ដី​​កម្ពុជា​​រយៈពេល​៤​ឆ្នាំ​

បុរសជនជាតិបារាំងទាំង៣នាក់ ដែលត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន។
បុរសជនជាតិបារាំងទាំង៣នាក់ ដែលត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន។ @អគ្គស្នងការដ្ឋាននគរបាលជាតិ
១៥ នាទី

តុលាការ​ខេត្ត​សៀមរាប នៅ​រសៀល​ថ្ងៃ​ទី​៣១​មករា​នេះ បាន​សម្រេច​កាត់​ក្តី​ឲ្យ​ជនជាតិ​បារាំង ៣​នាក់ ដែល​អាជ្ញាធរ​អប្សរា បាន​ចាប់​ខ្លួន ដោយ​ចោទ​ថា​បាន​ថត​រូប​អាក្រា​ត្រ នៅ​ប្រាសាទ​បន្ទាយ​ក្តី​នោះ ដោយ​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់​ៗ ចំនួន ១លាន​រៀល, ឲ្យ​ជាប់ពន្ធនាគារ៦ខែ និង​មិន​ឲ្យ​ចូល​ទឹកដី​ខ្មែរ រយៈពេល៤ឆ្នាំ។ ប៉ុន្តែ​ទោស​ជាប់ពន្ធនាគារ​នោះ មិន​ត្រូវបាន​អនុវត្ត​នោះទេ។

ផ្សាយពាណិជ្ជកម្ម

បុរស​ជនជាតិ​បារាំង ៣​នាក់ ដែល​ត្រូវ​បាន​អាជ្ញាធរ​អប្សរា សហការ​ជាមួយ​នឹង​កម្លាំង​នគរបាល​ខេត្ត​សៀមរាប ចាប់​ខ្លួន សួរ​ចម្លើយ និង​បញ្ចូន​ទៅ​តុលាការ​នោះ, នៅ​រសៀល​ថ្ងៃ​ទី​៣១​មករា​នេះ ត្រូវ​បាន​តុលាការ​សម្រេច​កាត់​ក្តី ដោយ​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់​ៗ​ចំនួន ១​លាន​រៀល ឲ្យ​ជាប់​ពន្ធនាគារ ៦​ខែ និង​មិន​អនុញ្ញាត​ឲ្យ​ចូល​ទឹក​ដី​កម្ពុជា រយៈពេល ៤​ឆ្នាំ។ នេះ​បើ​តាម​លោកស្រី ចៅ ស៊ុន​កិរិយា អ្នក​នាំ​ពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា ដែល​បាន​ប្រាប់​វិទ្យុ​បារាំង នៅ​រសៀល​ថ្ងៃ​សៅរ៍​នេះ។
 
ប៉ុន្តែ​តាម​លោកស្រី​ចៅ ស៊ុន​កិរិយា ចំពោះ​ទោស​ឲ្យ​ជាប់​ពន្ធនាគារ រយៈពេល ៦​ខែ​នោះ មិន​ត្រូវ​បាន​អនុវត្ត​នោះ​ទេ។ មិន​អនុវត្ត ដោយ​សារ​តុលាការ​យល់​ថា ជន​ជាប់​ចោទ​ទាំង​៣​នាក់​នេះ បាន​សារភាព​កំហុស​ទាំងអស់ ហើយ​ម្យ៉ាង​ពួកគេ​ក៏​មិន​បាន​យក​រូប​ទាំង​នោះ ទៅ​ធ្វើ​អាជីវកម្ម​ណាមួយ​ដែរ ដោយ​ពួកគេ​បាន​លុប​រូប​អាក្រាត្រ មិន​សមរម្យ​ទាំង​នោះ​អស់រលីង​ហើយ។ តាម​លោក​ស្រី​អ្នកនាំពាក្យ​អាជ្ញាធរ​អប្សរា​ដដែល ជនជាតិ​បរទេស​ទាំង​៣​នាក់​នេះ គឺ​ជា​យុវជន ដែល​មាន​អាយុ​ត្រឹម​ពី ២០​ទៅ ២២ឆ្នាំ ដូច្នេះ​ពួកគេ ក៏​មិន​បានដឹង​ច្បាស់​ពី​ច្បាប់​ទម្លាប់​កម្ពុជា ទើប​តុលាការ​សម្រេច​ព្យួរ​ទោស​តែម្តង។

សូមបញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃទី ២៩មករា​កន្លង​ទៅ អាជ្ញាធរ​ជាតិ​អប្សរា បានចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ បញ្ជាក់ថា ពួកគេ​បាន​សហការ​ជាមួយ​នឹង​អង្គភាព​នគរបាល​ការពារ​បេតិកភណ្ឌ​ខេត្ត​សៀមរាប ឃាត់ខ្លួន​ជនជាតិ​បារាំង​៣​នាក់ ដែល​សង្ស័យ​ថា​បាន​ថតរូប​អាក្រា​ត្រ​កាយ នៅ​ប្រាសាទបន្ទាយក្តី ក្នុង​ខេត្ត​សៀមរាប។ ហើយ​បន្ទាប់​ពី​បាន​ឃាត់​ខ្លួន និង​សួរ​ចម្លើយ អស់​រយៈពេល​២​យប់​មក ពួកគេ​ទាំង​៣​នាក់ បាន​សារភាព ថា​ពិត​ជា​បាន​ប្រព្រឹត្តិ​អំពើ​ទាំង​នោះ​មែន។

គួរ​ជម្រាបជូន​ផងដែរ​ថា វិធាន​ការ ចាប់ខ្លួន​ភ្ញៀវ​ទេសចរ​បរទេស ដែល​ថត​រូប​អាក្រា​ត្រ​មិន​សមរម្យ នៅ​លើ​ប្រាសាទខ្មែរ​នេះ បាន​ចាប់​ផ្តើម​ឡើង បន្ទាប់​ពី​មានការ​បង្ហោះ​រូប​ភាពស្រី្ត​អាក្រា​ត្រ​កាយ នៅ​ប្រាសាទខ្មែរ​ជា​ច្រើន ទៅ​លើ​ទំព័រ​បណ្តាញ​សង្គម ដែល​បង្ក​ឲ្យ​មានការ​រិះគន់​ដល់​អាជ្ញាធរ​ជាតិ​អប្សរា​ជា​ខ្លាំង។ អជ្ញាធរ​ជាតិ​អប្សរា ដែល​នៅពេលនេះ បាន​បញ្ជាក់ថា កំពុងតែបន្ត​ស៊ើប​អ​ង្គេ​ត និង​ចាត់​វិធា​នា​ការ លើ​គ្រប់​ករណី​ការ​ថតរូប​អាក្រាត្រ ឬ​ការថតរូប​មិន​សមរម្យ នៅ​ក្នុង​ប្រាសាទ​ខ្មែរ​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ