ចិន ថានឹងធ្វើតេស្តវ៉ាក់សាំងបង្ការមេរោគកូរ៉ូណាថ្មី នៅខែមេសា
ចុះផ្សាយនៅថ្ងៃ៖
នៅថ្ងៃសុក្រទី២១កុម្ភៈ ប្រទេសចិន បានប្រកាស ថាអុ្នកវិទ្យាសាស្ត្ររបស់ខ្លួន នឹងអាចចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំងបង្ការមេរោគផ្លូវដង្ហើមថ្មី ដោយពិសោធចាក់វ៉ាក់សាំងក្នុងខ្លួនអ្នកជំងឺ នៅខែមេសា។ សេចក្តីប្រកាសពីចំណាត់ការពន្លឿនការរុករកវ៉ាក់សាំងប្រឆាំងមេរោគផ្លូវដង្ហើមនេះ គឺទន្ទឹមនឹងការផ្ទុះក្តីបារម្ភកាន់តែខ្លាំង ដ្បិតថា ចំនួនអ្នកឆ្លងថ្មីនិងអ្នកស្លាប់ បានកើនឡើនជាថ្មីទៀតយ៉ាងច្រើន នៅថ្ងៃសុក្រ។
នៅចិនដីគោក គ្រាន់តែ២៤ម៉ោងចុងក្រោយនេះ មានអ្នកឆ្លងថ្មី ជិត៩០០នាក់។ ចំនួននេះបានស្ទុះកើនឡើង បើធៀបនឹងថ្ងៃព្រហស្បត្តិ៍ ទី២០កុម្ភៈ ដែលមានអ្នកឆ្លងថ្មីតែជាង៦០០នាក់ប៉ុណ្ណោះ។ ក្តីបារម្ភថ្មីទៀត គឺមេរោគកូរ៉ូណាថ្មី បានផ្ទុះការរីករាលដាលចម្លងថ្មី ទៅដល់ក្នុងពន្ធនាគារមួយចំនួនរបស់ចិន គឺចម្លងដល់អ្នកទោសជាប់ឃុំ ចំនួនជាង៤០០នាក់ ហើយគ្រាន់តែមន្ទីរឃុំឃាំងមួយក្នុងខេត្តហ៊ូពេ មានអ្នកជាប់ឃុំឆ្លងមេរោគកូរ៉ូណាថ្មី ចំនួនជាង ២០០នាក់។
ក្តីបារម្ភខ្លាំង សម្រាប់ប្រទេសជិតខាងចិន គឺកូរ៉េខាងត្បូងនិងជប៉ុន ដែលស្ទើរតែត្រូវគេចាត់ទុកថា ជាជង្រុកទីពីរ បន្ទាប់ពីចិននៅវូហាន។ នៅក្នុងមួយថ្ងៃសុក្រ កូរ៉េខាងត្បូង មានចំនួនអ្នកឆ្លងកូរ៉ូណាថ្មី ជាង៥០នាក់។ ចំណុចរសើបខ្លាំង គឺនៅវិហារសាសនាគ្រិស្តមួយកន្លែង ដែលមានអ្នកផ្ទុះមេរោគផ្លូវដង្ហើមចំនួនជាង៨០នាក់។ វិហារនេះ មានបរិស័ទជាច្រើនរយនាក់ទៅបួងសួង ដូច្នេះហើយ ចៅហ្វាយខេត្ត Gaegu ស្នើឱ្យពលរដ្ឋក្នុងខេត្ត ជាង២លាន៥នាក់ ស្នាក់នៅផ្ទះសិន បើអាចធ្វើទៅបាន។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក ម៉ូនចៃអ៊ីន ស្នើឱ្យបើកការអង្កេតស៊ីជម្រៅមួយ និងធ្វើតេស្តរកមេរោគចំពោះគ្រិស្តបរិស័ទដែលបានទៅសូត្រធម៌នៅវិហារនោះ។ កូរ៉េខាងត្បួងបារម្ភខ្លាំង ព្រោះស្ត្រីចំណាស់ម្នាក់ ជាង៦០ឆ្នាំ បានស្លាប់កាលពីពុធ នៅតែជាង៣០០គីឡូម៉ែត្រប៉ុណ្ណោះ ពីរដ្ឋធានីសេអ៊ូល។
ក្តីបារម្ភចំពោះជប៉ុនវិញ គឺជប៉ុនព្រួយខ្លាំង បន្ទាប់ពីការស្លាប់របស់ស្ត្រីម្នាក់និងបុរសម្នាក់ ដែលចុះពីនាវា Diamond Princess។ នាវានេះផ្ទុះមនុស្សជាង៦០០នាក់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ