កម្ពុជា

កំណែ​ទម្រង់​បោះឆ្នោត៖ បក្ស​សង្គ្រោះ​ជាតិ​ផ្ញើលិខិត​សុំ​ការបញ្ជាក់​ពី​គណបក្ស​ប្រជាជន

តំណាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ថ្លែងការណ៍រួម ក្នុងជំនួបចរចា កាលពីពេលថ្មីៗនេះ។
តំណាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ថ្លែងការណ៍រួម ក្នុងជំនួបចរចា កាលពីពេលថ្មីៗនេះ។ @RFI/ siv channa

គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ១៣​មីនា បាន​ផ្ញើលិខិត​ផ្លូវការ​មួយ​ទៅ​កាន់​គណបក្ស​ប្រជាជន​កម្ពុជា​ដែលជា​ដៃគូ​​ចរ​ចា។ ជា​លិខិត​ដើម្បី​ស្នើឱ្យ​បក្ស​កាន់អំណាច​បញ្ជាក់​ពី​ជំហរ​រ​របស់ខ្លួន​ថា ​តើ​បញ្ហា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នឹង​ក្លាយជា​របៀបវារៈ​នៃ​ការចរចា ​នៅ​ថ្ងៃទី១៧ មីនា​ដើម​សប្តាហ៍​ក្រោយ ​ឬ​យ៉ាងណា? បើ​គ្មាន​ចម្លើយ​​នោះទេ​បក្ស​ប្រឆាំងនឹង​មិន​ត្រលប់​ចូល​​តុ​ចរចា និង​គំរាម​​ធ្វើបាតុកម្ម។ គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់​ថា ខ្លួន​មិនបាន​បដិសេធ​ចំពោះ​សំណើ​​នោះ​ទេ។

ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី១៣ មីនា​នេះ លិខិតផ្លូវការ​មួយ​របស់​គណ​សង្គ្រោះ​ជាតិ នឹងត្រូវ​បញ្ជូន​ទៅ​កាន់​ទីស្នាក់ការ​កណ្តាល​គណ​បក្ស​ប្រជាជន​កម្ពុជា ដើម្បី​ស្នើ​សុំឱ្យ​បក្ស​កាន់អំណាច​បញ្ជាក់​ពី​គោលជំហរ​រ​របស់ខ្លួន ថា​តើ​ព្រម​លើកយក​របៀបវារៈ​ស្តីពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​មក​ពិភាក្សា ​នៅ​ថ្ងៃទី១៧ មីនា​ដើម សប្តាហ៍​ក្រោយ ​ឬ​យ៉ាណា? ជាការ​ពិភាក្សា​ដែល​គណបក្ស​ទាំងពីរ​យល់ព្រម ​មូលមាត់គ្នា​ថា ​នឹង​ជួប​សាជាថ្មី​ម្តងទៀត​ ក្រោយ​ជំនួប​ដែល​មិនអាច​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម ​កាលពី​ថ្ងៃទី១០មីនា កន្លងទៅ។

 
ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFIនៅ​ព្រឹក​នេះ លោក សុន ឆ័យ​ ប្រធាន​ក្រុម​ចរចា​នៃ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា លិខិតស្នើ​បញ្ជាក់​ពី​គោលជំហរ​​នោះ គឺមាន​សារសំខាន់​ណាស់ ព្រោះថា​កំណែទម្រង់​នៃ​គណៈកម្មាធិកា​ជាតិ​រៀបចំ​បោះឆ្នោត ជា​ចំណុច​គន្លឹះ​នៃ​សុ​ក្រិត​ភាព តម្លាភាព និង​ភាពយុត្តិធម៌​ ស្តីពី​ការបោះឆ្នោត​នៅ​កម្ពុជា។ បើតាម​លោក សុន ឆ័យ​ដដែល សំណើ​​ស្តីពី​របៀបវារៈ​នៃ​គណៈកម្មាធិការ​គ.ជ.ប​នេះ គឺជា​បំណងប្រាថ្នា​របស់​អង្គការ​សង្គម​ស៊ីវិល​ដែល​ជំនាញ​លើ​បញ្ហា​បោះឆ្នោត និង​ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋ​ដែល​បាន​បាត់បង់​ជំនឿ​របស់ខ្លួន​ទៅលើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នេះរួច​​ទៅហើយ។

ប្រធាន​ក្រុម​ចរចា​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ​ដដែល បាន​គូសបញ្ជាក់ថា គណៈកម្មាធិកា​ជាតិ​រៀបចំ​ការបោះឆ្នោត​ ដែលជា​អាជ្ញាកណ្តាល​កាត់ក្តី​នៃ​ការបោះឆ្នោត​នោះ មិន​ត្រូវ​ស្ថិតក្រោម​ឥទ្ធិពល​នៃ​គណបក្សនយោបាយ​ណាមួយ​នោះទេ។ ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ចង់ឱ្យ​ប្តូរ​ឈ្មោះ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថែម​ទៀតផង។

មន្ត្រីជាន់ខ្ពស់​នៃ​ការ​រិ​យា​ល័យ​នយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប បាន​អះអាងថា​ បក្ស​កាន់អំណាច​មិន​បដិសេធ​ឡើយ​ ចំពោះ​ការ​លើកយក​របៀបវារៈ​នៃ​គណៈកម្មាធិការ​ជាតិ​ រៀបចំ​ការ​បោះ​ឆ្នោត ​នៅ​ថ្ងៃទី១៧មីនា​ ដែលជា​ជំនួប​លើក​ក្រោយ​នោះ។ លោក ជាម យៀប ដែលជា​សមាជិក​នៃ​ក្រុម​ចរចា​មកពី​គណបក្សកាន់អំណាច បានស្នើ​ទៅកាន់​បក្សប្រឆាំង​របស់​លោក សម រង្ស៊ី​ថា បើទោះបីជា​នៅ​ថ្ងៃ​ចរចា​ខាងមុខ​ ក្រុម​នៃ​បក្ស​ទាំងពីរ​ខ្វែងគំនិត​គ្នា ​លើ​បញ្ហា​មួយចំនួន​នោះ ក្រុម​ចរចា​គួរ​ត្រូវ​ទុក​បញ្ហា​ខ្វែងគំនិត​នោះ​មួយ​ឡែក ហើយ​ពិភាក្សា​របៀបវារៈ​ផ្សេង​ជំ​នួស​វិញ។  

បើតាម​លោក ជាម យៀប របៀបវារៈ​ខ្វែងគំនិត​គ្នា​វាង​បក្ស​ទាំងពីរ​ ក្នុង​ថ្ងៃ​ចរចា គឺជា​ភារៈ​របស់​ថ្នាក់​ដឹក​កំពូល​នយោបាយ​នៃ​គណបក្ស​ដែល​ត្រូវ​ដោះស្រាយ និង​ធ្វើ​សម្បទាន​រវាង​គ្នា។

សូមបញ្ជាក់ថា ការបញ្ជូន​លិខិតបញ្ជាក់​ស្នើ​គោលជំហរ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ទៅកាន់​គណបក្ស​ប្រជាជន​កម្ពុជា ​ស្តីពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នេះ គឺ​ធ្វើ​ឡើង​ភ្លាមៗ មួយថ្ងៃ​ក្រោយ​​ការប្រកាស​ផ្តាច់​ផ្លូវ​ចរចា និង​គម្រាម​ធ្វើបាតុកម្ម​របស់លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI