ទស្សនៈព្រឹត្តិការណ៍ខ្មែរ

កំណែ​ទម្រង់​បោះ​ឆ្នោត៖ ដល់​ពេល​ដែល​បក្ស​ទាំង​ពីរ​បញ្ចេញ​ក្រ​ឡា​អុក!

សំឡេង ០៥:១០
RFI/Siv Channa

គណៈ​កម្មការ​ចម្រុះ​ស្តី​ពី​កំណែទម្រង់​បោះ​ឆ្នោត​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​ខក​ខាន​មិន​បាន​សម្រេច​លទ្ធ​ផល​អ្វី​ទេ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ។ ភាគី​ទាំង​ពីរ​បាន​និ​យាយ​អំពី​ប្រធាន​បទ​ផ្សេង​គ្នា​ដែល​មិន​អាច​រក​ចំណុច​រួម​បាន។ នេះ​ជា​សញ្ញា​បញ្ជាក់​ថា បើ​គ្មាន​ដំ​ណោះ​ស្រាយ​នយោ​បាយ​ទេ បញ្ហា​ផ្សេង​ក៏​មិន​ងាយ​ដោះស្រាយ​បាន​ដែរ។ ម្យ៉ាង​ទៀត កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ត្រូវ​ការ​ពេល​យូរ ហើយ​វា​នឹង​ប្រើ​ពេល​កាន់​តែ​យូរ​បើ​វិបត្តិ​នយោ​បាយ​នៅ​តែ​បន្ត។ ពេល​នេះ ឈាន​ដល់​ដំ​ណាក់​កាលដែល​គណ​បក្ស​ទាំង​ពីរ​បញ្ចេញ​ក្រឡា​អុក​ដាក់​គ្នា​ហើយ។

ផ្សាយពាណិជ្ជកម្ម

កិច្ច​ចរចា​ស្តីពី​កំណែ​ទម្រង់​បោះ​ឆ្នោត​ជា​លើក​ទី​២​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ​ខក​ខាន​មិនបាន​សម្រេច​លទ្ធផល​អ្វី​ឡើយ។ គណបក្ស​ប្រជាជន​កម្ពុជា​និ​យាយ​អំពី​សុច​រិត​ភាព​និង​តម្លា​ភាព​របស់​អង្គការ​សង្គម​ស៊ីវិល ខណៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​និយាយ​អំពី​តម្លា​ភាព​របស់​គណៈ​កម្មា​ធិកា​រ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ។

ទី​បំ​ផុត គណបក្ស​ទាំង​ពីរ​ក៏​មិន​អាច​ធ្វើ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​ណា​មួយ​បាន​ដែរ។ បន្ទាប់ពី​កិច្ច​ប្រ​ជុំ​៣​ម៉ោង ភាគី​ទាំង​ពីរ​បាន​ត្រឹម​អះ​អាង​ថា​នឹង​ជួប​គ្នា​ជា​ថ្មី​នៅ​សប្តាហ៍​ក្រោយ។ តាម​ពិត​វា​មិន​មែន​ជា​រឿង​ចម្លែក​និង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ​សម្រាប់​អ្នក​តាម​ដាន​បញ្ហា​នេះ។ មិន​ភ្ញាក់​ផ្អើល​ពី​ព្រោះ​ម្យ៉ាង​កំ​ណែ​ទម្រង់​បោះ​ឆ្នោត​ជា​បញ្ហា​ស្មុគ​ស្មាញ​ដែល​ទាមទារ​ពេល​វេលា​យូរ និង​ម្យ៉ាង​ទៀត ការ​ចរចា​ក្នុង​ពេល​ដែល​វិបត្តិ​ន​យោ​បាយ​កំពុង​ជាប់​គាំង​បែប​នេះ​មិន​ងាយ​ដោះ​ស្រាយ​បញ្ហា​បាន​ទេ។

គួរ​កត់​សម្គាល់​ថា កាល​ពីមុន​គណបក្ស​សង្គ្រោះ​ជាតិ​ជា​អ្នក​ទាម​ទារ​ឲ្យ​មាន​កំ​ណែ​ទម្រង់ ហើយ​គណ​បក្ស​ប្រជា​ជន​ជា​អ្នក​ឆ្លើយ​តប ប៉ុន្តែ ស្រាប់​តែ​ឥឡូវ​ដល់​វេន​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ទាម​ទារ​វិញ​ម្តង។ ជាក់​ស្តែង ពេល​នេះ បក្ស​កាន់​អំណាច​ទាម​ទារ​ឲ្យ​ជជែក​អំពី​តម្លាភាព​របស់​សង្គម​ស៊ីវិល។ មន្ត្រី​ជាន់​ខ្ពស់​គណ​បក្ស​ប្រជា​ជន លោក ជាម យៀប ក៏​ធ្លាប់​បាន​បង្ហើប​ថា ការ​កំណត់​ឲ្យ​មេ​ដឹក​នាំ​នយោ​បាយ​មាន​សញ្ញាតិ​តែ​មួយ​ក៏​អាច​ជា​របៀប​វារៈ​មួយ​ទៀត​ដែរ​ ដែល​គណបក្ស​ប្រជាជន​ដាក់ជូន​គូ​បដិបក្ខ។

ការដាក់​លក្ខខណ្ឌ​ទាំងនោះ​ចូលក្នុង​របៀបវារៈ​នៃ​ការ​ចា​ពី​សំណាក់​បក្ស​កាន់អំណាច​ត្រូវគេ​មើលឃើញថា ជា​ក្រឡា​អុក​សម្រាប់​ទប់ទល់​ជាមួយនឹង​ការទាមទារ​ដ៏​ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ប្រាកដ​ណាស់​ថា នឹង​ទាមទារ​ចង់បាន​យន្តការ​បោះឆ្នោត​មួយ​ដែល​ខ្លួន​ស្រមៃ​ចង់បាន​ពោល​គឺជា​យន្ត​ការដែល​ខុសស្រឡះ​ពី គ.ជ.ប បច្ចុប្បន្ន ដែល​គណបក្ស​ប្រជាជន​ពិបាក​នឹង​ទទួល។

លក្ខ​ណ្ឌ​ទាមទារ​ទៅវិញទៅមក​មិនចេះចប់​ទាំង​អ​សើ​នេះ​នឹង​ក្លាយជា​ឧបសគ្គ​ដែល​ធ្វើ​ឲ្យ​កិច្ចចរចា​មិនអាច​ចេញរួច​ឡើយ។ បញ្ហា​មិន​ពិបាក​យល់​ទេពី​ព្រោះ​នរណា​ក៏​ដឹង​ដែរ​ថា អ្វីដែល​គណបក្ស​ប្រជាជន​ចង់បាន​បំផុត​គឺ​ការកៀងគរ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​សភា។ រីឯ​គណបក្ស​​សង្គ្រោះ​ជាតិ​វិញ គោលបំណង​ធំ​បំផុត​គឺ​ការបោះឆ្នោត​ឡើងវិញ​ឬ​បោះឆ្នោត​មុន​អាណត្តិ។ ដូច្នេះ កំណែទម្រង់​បោះឆ្នោត​ដែល​គេ​កំពុង​ជជែក​គ្នា​ពេលនេះ​មិនមែនជា​អាទិភាព​ទី១ របស់​គណបក្ស​ទាំងពីរ​ឡើយ។

តាមពិត ដើម្បី​ឲ្យ​ដំណោះស្រាយ​នៃ​បញ្ហា​អាច​ដំណើរការ​ទៅដោយ​រលូន​ទៅតាម​ភាព«ឡូ​ហ្សិ​ក»របស់​វា គេ​ចាំបាច់​ត្រូវ​ដោះស្រាយ​បញ្ហានយោបាយ​ជាមុន។ ប៉ុន្តែ បើ​ពិនិត្យមើល​ស្ថានភាព​ជាក់ស្តែង គេ​មើលមិនឃើញ​ទាល់តែសោះ​អំពី​ច្រក​ចេញពី​ព្រោះតែម្ខាងៗមាន​លក្ខខណ្ឌ​ស្លាប់​រស់​របស់ខ្លួន​ដែល​ភាគី​បដិបក្ខ​មិនអាច​ទទួលយកបាន។ យ៉ាងណា​ក៏ដោយចុះ កិច្ចចរចា​អំពី​កំណែទម្រង់​ការបោះឆ្នោត​ក៏​មិន​អត់​ប្រយោជន៍​ដែរ​ពីព្រោះ​ទី១ វា​អាចធ្វើ​ឲ្យ​ស្ថានការណ៍​ស្ងប់ស្ងាត់​ក្រោម​ហេតុផល​ថា​រក្សា​បរិយាកាស​ពេល​កំពុង​ចរចា​គ្នា។ និង​ទី២ វា​ក៏​អាចមាន​លទ្ធផលបណ្តើរៗអំពី​កំណែទម្រង់​បោះឆ្នោត​ដែរ​បើទោះជា​មិនលឿន​ក៏ដោយ​ពោលគឺ«មាន​តិច​ប្រសើរ​ជាង​គ្មាន​សោះ»។

ប៉ុន្តែ ការរំពឹងទុក​អំពី​ដំណោះស្រាយ​បញ្ចប់​វិបត្តិ​នយោបាយ​ក្នុងពេលឆាប់ៗ ក៏ដូចជា​ការចង់​ឃើញ​យន្តការ​បោះឆ្នោត​មួយ​ដូចដែល​បក្សប្រឆាំង​និង​សង្គម​ស៊ីវិល​ស្រមៃ​នោះ​ទំនងជា​មិន​ខុស​អ្វី​ពី​ការ«ផ្កាប់​បំពុង​រង់ចាំ​ទឹកភ្លៀង»នោះឡើយ។ យ៉ាងណា​ក៏ដោយចុះ មេឃ​ស្រទុំ​រកកល​ចង់​ភ្លៀង​ក៏​អាចធ្វើ​ឲ្យ​មនុស្ស​សត្វ​ទាំងពួង​ទទួល​អារម្មណ៍​ត្រជាក់​បន្តិច​ដែរ​បើទោះជា​ភ្លៀង​មិន​បង្អុ​ចុះ​ក្តី។ យ៉ាងណាមិញ ស្ថានការណ៍​ស្ងប់ស្ងាត់​ក៏​អាចធ្វើ​ឲ្យ​មហាជន​មាន​អារម្មណ៍​ស្ងប់ស្ងាត់​ទៅតាម​នោះដែរ​បើទោះបីជា​ប្រទេស​កំពុងមាន​វិបត្តិ​នយោបាយ​ក្តី។

សរុប​មកវិញ កំណែទម្រង់​បោះឆ្នោត បើ​គ្រាន់តែ​និយាយ​ទំនងជា​ស្រួល ប៉ុន្តែ បើ​ជជែក​គ្នា​លម្អិត​ទៅតាម​ការចង់បាន​របស់​គ្រប់ភាគី​វា​នឹង​ស្មុគស្មាញ​រហូតដល់​គេ​ពិបាក​នឹង​មើលឃើញ​ច្រកចេញ ជាពិសេស​ក្នុងស្ថានភាព​ដែល​វិបត្តិ​នយោបាយ​កំពុង​ជាប់គាំង​បែបនេះ។ អ​ណឹះ​តទៅ​​ កិច្ចចរចា​អំពី​កំណែទម្រង់​បោះឆ្នោត​ឈានដល់​ដំណាក់កាល​ស្មុគស្មាញ​​ហើយ ​​នៅពេល​ដែល​គណបក្ស​ទាំងពីរ​ផ្តើម​បញ្ចេញ​ក្រឡា​អុករៀងៗខ្លួន​ដើម្បី​ទប់ទល់​គ្នា​នៅលើ​សង្វៀន​តុ​ចរចា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI