កម្ពុជា

គណបក្ស​ប្រជាជន​កម្ពុជា​ប្រកាស​ធ្វើ​កំណែ​ទម្រង់​ការ​បោះឆ្នោត​

សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា
សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា RFI/Siv Channa

គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​តែ​កាន់​អំណាច​បាន​ប្រកាស​ឲ្យ​ដឹង​ជា​ឱឡារិក​ថា​ខ្លួន​ប្តេជ្ញា​ធ្វើ​កំណែ​ទម្រង់​ការ​បោះឆ្នោត​នៅ​ក្នុង​ការ​ដឹកនាំ​រដ្ឋាភិបាល​អាណត្តិ​ទី​៥​នេះ។ គណបក្ស​កាន់​អំណាច​អះអាង​ថា​នឹង​ធ្វើ​វិសោធនកម្ម​ច្បាប់​មួយ​ចំនួន និង​ប្រកាស​ប្រកាន់យក​គោលការណ៍​​បើក​ចំហ​ដើម្បី​ទទួល​យក​អនុសាសន៍​នានា​ទាក់​ទង​នឹង​ការ​បោះឆ្នោត។ យ៉ាង​ណា​ក៏​ដោយ បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល ទាមទារ​ឲ្យ​មាន​ការ​ចូល​រួម​ពី​គណបក្ស​ជាប់​ឆ្នោត​ទាំងពីរ​ដើម្បី​ឲ្យ​កំណែ​ទម្រង់​ទាំង​នោះ​មាន​ប្រសិទ្ធភាព​ពិតប្រាកដ។

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ចុះ​ថ្ងៃ​ទី ១៤​តុលា និង​ដែល​ត្រូវ​បាន​ចែក​ផ្សាយ​នៅ​ថ្ងៃទី១៥​តុលា​នេះ គណបក្ស​កាន់​អំណាច​បាន​បញ្ជាក់​អះអាង​ថា ខ្លួន​នឹង​ធ្វើ​កំណែ​ទម្រង់​ការបោះឆ្នោត​មួយ​ចំនួន​ដើម្បី​ឲ្យ​ស្រប​តាម​គោលការណ៍​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ។

កំណែ​ទម្រង់​ដែល​គណបក្ស​កាន់​អំណាច​គ្រោង​នឹង​ធ្វើ​នោះ​មាន​ដូចជា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់ និង​នីតិវិធី​ទាំង​ឡាយ​ពាក់​ពន្ធ័​នឹង​ការ​បោះឆ្នោត ដូច​ជា​ច្បាប់​ស្តី​ពី​ការ​បោះឆ្នោត និង​ច្បាប់​​ស្តី​ពី​គណបក្ស​នយោបាយ ការ​ស្នើ​ឲ្យ​មាន​ច្បាប់​ស្តី​ពី​ថវិកា​គណបក្សនយោបាយ​ជា​ដើម។ គណបក្ស​នេះ​ក៏​បាន​អះអាង​ទៀត​ថា ខ្លួន​នឹង​ប្រកាន់​យក​គោលការណ៍​បើក​ចំហ​ដោយ​ទទួល​យក​អនុសាសន៍​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ​ទាក់ទង​នឹង​ការ​បោះឆ្នោត។

គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​ទៀត​ថា យន្តការ​សម្របសម្រួល​មួយ​អាច​នឹង​ត្រូវ​បង្កើតឡើង​ដើម្បី​សិក្សា​ស្រាវជ្រាវ បង្កើត​ឲ្យ​មាន​ក្របខ័ណ្ឌ​កំណែទម្រង់​សម្រប​តាម​គោលការណ៍​ប្រជាធិបតេយ្យ ហើយ​គោលការណ៍​ដ៏​មាន​សារៈសំខាន់​ទាំង​នេះ​ត្រូវ​ធ្វើ​ឡើង​តាមរយៈ​អង្គ​នីតិប្រតិបត្តិ និង​នីតិបញ្ញត្តិ។

ការ​ប្តេជ្ញា​ធ្វើ​កំណែ​ទម្រង់​នេះ​ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា​អះអាង​ថា ដោយ​សំអាង​លើ​រដ្ឋធម្មនុញ្ញ លើ​ស្ថានការណ៍​ជាក់ស្តែង​នៃ​ការ​បោះឆ្នោត​សភា​អាណត្តិ​ទី​៥នេះ និង​ដោយ​យោង​លើ​លទ្ធផល​នៃ​កិច្ចប្រជុំ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃទី១៦ កញ្ញា។ គណបក្ស​កាន់​អំណាច​ក៏​បាន​អំពាវនាវ​ឲ្យ​សហគមន៍​ជាតិ និង​អន្តរជាតិ​បន្ត​ការ​គាំទ្រ​ដល់​បុព្វហេតុ​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា។

យ៉ាង​ណា​ក៏​ដោយ លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​នយោបាយ​ដែល​កំពុង​ជាប់​គាំង​នេះ​ជា​មុន​សិន។ លោក យឹម សុវណ្ណ បញ្ជាក់ថា កំណែទម្រង់​ដែល​មាន​ប្រសិទ្ធភាព​ពិត​ប្រាកដ​ទាល់តែ​មាន​ការ​ចូលរួម​ពី​សំណាក់​គណបក្ស​សង្គ្រោះ​ជាតិ។ ប៉ុន្តែ បើ​កំណែ​ទម្រង់​នោះ​មានតែ​គណបក្ស​ប្រជាជន​ម្នាក់​ឯង​នោះ​វា​នឹង​គ្មាន​ន័យ​អ្វី​ឡើយ។ អ្នកនាំពាក្យ​បក្សប្រឆាំង​នៅតែ​ស្តីបន្ទោស​បក្ស​កាន់អំណាច​ថា គ្មាន​ឆន្ទៈ​ក្នុងការ​ធ្វើ​ឲ្យ​មាន​តុល្យភាព​ក្នុង​រដ្ឋសភា​ឡើយ។

លោក គល់​បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​សង្កេតការណ៍​បោះឆ្នោត ខុមហ្វ្រែល ក៏​បាន​បង្ហាញ​ចំណាប់អារម្មណ៍​ស្រដៀង​បក្ស​ប្រឆាំង​ដែរ។ លោក​អះអាងថា នេះ​ជា​ឆន្ទៈ​មួយ​ត្រឹមត្រូវ​របស់​បក្ស​កាន់អំណាច​ក្នុងការ​ធ្វើ​ឲ្យ​ការបោះឆ្នោត​នៅ​កម្ពុជា​ឈាន​ទៅ​រក​ភាពសេរី និង​យុត្តិធម៌ ប៉ុន្តែ អ្វីៗ​អាច​ប្រព្រឹត្ត​ទៅ​បាន​ល្អ​ទាល់​តែ​មាន​ការ​ចូលរួម​ពី​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI