រដ្ឋមន្ត្រីយុត្តិធម៌អោយនាយកដ្ឋានព្រហ្មទណ្ឌសិក្សាលើការសុំលើកលែងទោសជនជាតិថៃ
ចុះផ្សាយនៅថ្ងៃ៖
លិខិតស្នើសុំលើកលែងទោសរបស់ជនជាតិថៃ២នាក់បានមកដល់ដៃនាយកដ្ឋាន ព្រហ្មទណ្ឌ នៃក្រសួងយុត្តិធម៌ហើយ។ នាយកដ្ឋាននេះនឹងធ្វើរបាយការណ៍ទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌វិញ មុននឹងដាក់ទៅអោយលោកនាយករដ្ឋមន្ត្រីសម្រេចដាក់សំណើថ្វាយទៅ ព្រះមហាក្សត្រ។ ប៉ុន្តែ នីតិវិធីនេះអាចត្រូវប្រើពេលយូរ នៅពេលដែលប្រធាននាយកដ្ឋានព្រហ្មទណ្ឌអះអាងថា លោកមិនបានទទួលឯកសារគ្រប់ជ្រុងជ្រោយ។
សេចក្តីរាយការណ៍របស់លាង ដឺលុច ពីភ្នំពេញ
ព្រឹកថ្ងៃអង្គារ ទី២២មីនានេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកអង្គ វង្សវឌ្ឍនា បានធ្វើចំណារលើឯកសារនៃការស្នើសុំការលើកលែងទោសរបស់ជនជាតិថៃ២នាក់ អោយទៅនាយកដ្ឋានកិច្ចការព្រហ្មទណ្ឌ ដើម្បីសិក្សាលើសំណើសុំរបស់ជនជាតិថៃនេះ។
លោកពៅ ប៊ុនធឿន ប្រធាននាយកដ្ឋានកិច្ចការព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌បានអះអាងថា លោកបានទទួលសំណុំឯកសារនៃពាក្យស្នើសុំការលើកលែងទោសរបស់ជនជាតិថៃទាំងពីរនាក់នោះហើយ។ ប៉ុន្តែថា ឯកសារដែលលោកទទួលបាននោះ នៅខ្វះចន្លោះសាលក្រមរបស់តុលាការដែលជាមូលដ្ឋានគ្រឹះដើម្បីពិចារណាលើសំណើសុំលើកលែងទោសនេះ។ លោកពៅ ប៊ុនធឿន បានបញ្ជាក់ថា លោកបានឃើញតែឯកសារ៣ច្បាប់ប៉ុណ្ណោះ រួមមាន លិខិតស្នើសុំលើកលែងទោស របស់អ្នកទោសជនជាតិថៃ កំណត់ទូតរបស់ស្ថានទូតថៃ និងលិខិតរបស់ក្រសួងការបរទេសកម្ពុជា។
ប្រធាននាយកដ្ឋានព្រហ្មទណ្ឌថ្លែងថា លោកនឹងស្នើសុំយកសាលក្រមពីតុលាការ ដើម្បីផ្តើមធ្វើការសិក្សាលើករណីនេះ។ ទោះយ៉ាងណាក៏ដោយ លោកពៅ ប៊ុនធឿន បញ្ជាក់ថា លោកមិនមែនជាអ្នកធ្វើសេចក្តីសម្រេចលើពាក្យស្នើសុំរបស់ជនជាតិថៃនោះឡើយ។ នាយកដ្ឋានរបស់លោកមានតួនាទីពិនិត្យលទ្ធភាពតាមផ្លូវច្បាប់ ចំពោះករណីស្នើសុំនីមូយៗ ហើយថា គឺរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលជាអ្នកធ្វើសេចក្តីសម្រេចនោះ។
ជនជាតិថៃ២នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោសអោយជាប់ពន្ធនាគារម្នាក់៨ឆ្នាំ និងម្នាក់ទៀត៦ឆ្នាំ ពីបទឆ្លងដែនខុសច្បាប់ចូលក្នុងទឹកដីកម្ពុជា និងបទចារកម្ម។ ប៉ុន្តែ ទណ្ឌិតទាំងពីររូបមិនបានប្តឹងឧទ្ធរណ៍ជំទាស់សាលក្រមនេះទេ ហើយបានធ្វើលិខិតស្វែងរកការលើកលែងទោសពីព្រះមហាក្សត្រខ្មែរ។ លិខិតសុំការលើកលែងទោសត្រូវបានផ្ញើមកក្រសួងការបរទេសកម្ពុជា ជាមួយកំណត់ទូតរបស់ស្ថានទូតថៃ កាលពីថ្ងៃពុធសប្តាហ៍មុន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ