អាហ្រ្វិកកណ្តាល៖ ប្រធានាធិបតី និងនាយករដ្ឋមន្រ្តីព្យាយាមផ្សះផ្សាគ្នាដើម្បីបិទបញ្ចប់ជម្លោះនយោបាយ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
កាលពីថ្ងៃទី១៨ ធ្នូកន្លងទៅ លោកប្រធានាធិបតីអាហ្រ្វិកណ្តាល Michel Djotodia និងនាយករដ្ឋមន្រ្តីរបស់គាត់ គឺលោក Nicolas Tiangaye បានជួបពិភាក្សាគ្នាដើម្បីព្យាយាមដោះស្រាយការខ្វែងគំនិតគ្នាក្នុងរឿងនយោបាយ និងរៀបចំឲ្យមានសណ្តាប់ធ្នាប់សង្គមឡើងវិញ។ ជំនួបដែលបានធ្វើឡើង ចំពេលដែលប្រទេសអាហ្រ្វិកទំាងមូលកំពុងស្គាល់នូវភាពអនាធិបតេយ្យពេញទី ជាមួយនឹងការបង្ហូរឈាមគ្នារវាងសហគមន៍អ្នកកាន់សាសនាអ៊ីស្លាម និងសហគមន៍អ្នកកាន់សាសនាគ្រិស្ត។ នៅទីបំផុត គូបដិបក្ខទំាងពីរបានឯកភាពគ្នាលើកិច្ចព្រមព្រៀងមួយ។ នេះ គ្រាន់តែជាចំណុចវិជ្ជមានតូចមួយប៉ុណ្ណោះ ព្រោះនៅមានផ្លូវវែងឆ្ងាយ និងលំបាកច្រើនទៀតដែលឥស្សរជននយោបាយទំាងពីរនាក់ត្រូវប្រឈមមុខដាក់គ្នា។
មុននឹងយល់លំអិតអំពីជម្លោះនយោបាយពិបាកនឹងជាគ្នារវាងលោកប្រធានាធិបតី Michel Djotodia និងលោកនាយកដ្ឋមន្រ្តី Nicolas Tiangaye គេត្រូវតែស្គាល់ជាដំបូងសិនថា តើលោក Michel Djotodia និងលោក Nicolas Tiangaye ជានរណា?
លោក Michel Djotodia គឺជាអតីតប្រមុខចលនាឧទ្ទាមសេលេកាដែលបានធ្វើរដ្ឋប្រហារទម្លាក់លោកប្រធានាធិបតី Fraçois Bozizé ក្នុងខែមីនា។ ក្រោយរដ្ឋប្រហារយោធា លោក Michel Djotodia ក៏បានប្រកាសតែងតំាងខ្លួនឯងជាប្រធានាធិបតីអាហ្រ្វិកកណ្តាល។ ចំណែកលោក Nicolas Tiangaye វិញ លោកមិនមែនជាឥស្សរជនចេញមកពីប្រភពឧទ្ទាមទេ តែចេញមកពីគណបក្សប្រឆំាងក្នុងជំនាន់លោកប្រធានាធិបតី Fraçois Bozizé។ លោក Nicolas Tiangaye ត្រូវបានលោក Fraçois Bozizé តែងតំាងជានាយករដ្ឋមន្រ្តីកាលពីថ្ងៃទី១៧ មករា ស្របទៅតាមកិច្ចព្រមព្រៀងសន្តិភាពមួយដែលលោក Fraçois Bozizé បានចុះហត្ថលេខាជាមួយចលនាឧទ្ទាមកាលពីថ្ងៃទី១១ មករា។ តែនៅក្រោយរដ្ឋប្រហារយោធាទម្លាក់លោក Fraçois Bozizé ក្នុងខែមីនា លោក Nicolas Tiangaye ក៏ត្រូវបានលោក Michel Djotodia ទុកឲ្យកាន់តំណែងនាយករដ្ឋមន្រ្តីជាបន្តទៀត។
កិច្ចព្រមព្រៀងអន្តរកាលមួយក៏ត្រូវបានអនុម័តឡើងដើម្បីដឹកនំាប្រទេសឆ្ពោះទៅរកការរៀបចំបោះឆ្នោតនាថ្ងៃខាងមុខ។ តែបញ្ហានៅត្រង់ថា ពីមួយថ្ងៃ ទៅមួយថ្ងៃ ភាពតានតឹងខាងនយោបាយហាក់ដូចជាកាន់តែពុះកញ្រ្ជោលទៅៗរវាងស្ថានប័នប្រធានាធិបតីរបស់លោក Michel Djotodia និងស្ថានប័នរដ្ឋាភិបាលរបស់លោក Nicolas Tiangaye ប្រៀបដូចជាភ្នំមួយមានខ្លាពីរ។ ខ្លាទំាងពីរដែលកំពុងស្ថិតនៅលើភ្នំតែមួយ តែពិបាកនឹងរួមរស់ជាមួយគ្នាណាស់។ វិបត្តិរវាងស្ថាប័នប្រធានាធិបតីរបស់លោក Michel Djotodia និងស្ថាប័ននាយករដ្ឋមន្រ្តីរបស់លោក Nicolas Tiangaye បានលេចកាន់តែច្បាស់ឡើងៗ។ វិបត្តិកាន់តែច្បាស់ថែមទៀត គឺក្រោយពេលដែលលោកប្រធានាធិបតី Michel Djotodia បានសម្រេចិត្តបណ្តេញរដ្ឋមន្រ្តី ៣រូប និងនាយករតនាគារម្នាក់កាលពីថ្ងៃអាទិត្យ ទី១៦ ធ្នូកន្លងទៅ។
គឺជាការសម្រេចចិត្តមួយដែលលោក Michel Djotodia បានធ្វើតែម្នាក់ឯង ដោយមិនបានពិភាក្សា សួរយោបល់ និងមានការយល់ព្រមពីលោកនាយករដ្ឋមន្រ្តី Nicolas Tiangaye ជាមុនទេ ព្រោះសូមជម្រាបជូនថា បើផ្អែកតាមកិច្ចព្រមព្រៀងអន្តរកាល ការបណ្តេញ ឬមួយក៏តែងតំាងរដ្ឋមន្ត្រីណាម្នាក់ត្រូវតែមានការចុះហត្ថលេខាពីប្រធានាធិបតី និងនាយករដ្ឋមន្រ្តី។ គឺផ្តើមចេញពីទង្វើអត្តនោម័តិរបស់លោក Michel Djotodia ពេលនោះឯង ដែលបានធ្វើឲ្យលោក Nicolas Tiangaye ក្តៅក្រហាយ និងបានចោទលោក Michel Djotodia ពីបទបានរំលោភលើកិច្ចព្រមព្រៀងអន្តរកាល ព្រមទំាងបានទាមទារឲ្យលោក Michel Djotodia ដកសេចក្តីសម្រេចចិត្តរបស់ខ្លួនចេញវិញ។ តែលោក Michel Djotodia មិនព្រម និងបានប្រកាសថា លោកត្រៀមខ្លួននឹងចូលជួបចរចាជាមួយថ្នាក់ដឹកនំាពីររូបទៀត លោកនាយករដ្ឋមន្រ្តី Nicolas Tiangaye និងលោកក្រុមប្រឹក្សាជាតិអន្តរកាល Alexandre Ferdinand Nguendet។
នៅទីបំផុត ជំនួបរវាងថ្នាក់ដឹកនំាកំពូលទំាង ៣រូបបានធ្វើឡើងកាលពីថ្ងៃទី១៧ ធ្នូ នៅក្នុងវិមានប្រធានាធិបតី។ គោលដៅនៃជំនួប គឺដើម្បីបិទបញ្ចប់ជម្លោះនយោបាយរវាងលោក Michel Djotodia និងលោក Nicolas Tiangaye។ នៅក្នុងជំនួបរយៈពេលជាង ១ម៉ោង កិច្ចព្រមព្រៀងមួយត្រូវបានរកឃើញ ដោយភាគីទំាងអស់បានយល់ព្រមសម្រុះសម្រួលគ្នាដោយសន្តិវិធី។ យោងតាមកិច្ចព្រមព្រៀង លោក Michel Djotodia និងលោក Nicolas Tiangaye បានឯកភាពគ្នាក្នុងការរុះរើសមាសភាពរដ្ឋាភិបាលអន្តរកាលនៅមុនដំណាច់ឆ្នំា ២០១៣ នេះ ពិសេសរៀបចំឲ្យមានសមភាពកម្លំាងនយោបាយនៅក្នុងរដ្ឋាភិបាលអន្តរកាលថ្មីរវាងក្រុមរបស់លោកប្រធានាធិបតី Michel Djotodia និងក្រុមរបស់លោកនាយរដ្ឋមន្រ្តី Nicolas Tiangaye។
សំណួរដែលគ្រប់គ្នាកំពុងចោទឡើងនោះ គឺថា តើជម្លោះនយោបាយរវាងលោក Michel Djotodia និងលោក Nicolas Tiangaye បានបញ្ចប់ត្រឹមនេះ ឬយ៉ាងណា?។ ចម្លើយជាលក្ខណៈទូទៅបញ្ជាក់ថា វាមិនងាយនឹងចប់ស្រួលបួលទេ ព្រោះផ្លូវដែលឥស្សរជនទំាងពីរត្រូវដើរ នៅវែងឆ្ងាយណាស់ និងដែលការប៉ះទង្គិចគ្នានៅថ្ងៃខាងមុខ ជារឿងមួយចៀសមិនរួច។ និយាយបែបម្យ៉ាងទៀត អណ្តាតភ្លើងឆាបឆេះត្រូវបានពន្លត់នៅសំបកក្រៅ តែកម្តៅខាងក្នុងនៅបន្តងំជានិច្ច។ តែយ៉ាងហោចណាស់នៅចំពោះមុខ អ្វីដែលឥស្សរជនទំាងពីរបានឯកភាពគ្នាជាថ្មីនៅពេលនេះ គឺជាដំណឹងល្អមួយដែលបានអនុញ្ញាតឲ្យប្រទេសរួចផុតពីវិបត្តិថ្មីជាន់លើវិបត្តិចាស់ដែលកំពុងបន្តគ្របដណ្តប់នៅសឹងទូទំាងប្រទេសមកដល់សព្វថ្ងៃ។
សូមជម្រាបជូនថា វិបត្តិដែលអាហ្រ្វិកកណ្តាលកំពុងជួបប្រទះយ៉ាងធ្ងន់ធ្ងរ តំាងពីក្រោយរដ្ឋប្រហារយោធាមក គឺវិបត្តិមនុស្សធម៌ និងសន្តិសុខដែលបង្កឡើងដោយក្រុមឧទ្ទាមសេលេកា ពិសេសជម្លោះរវាងសហគមន៍អ្នកកាន់សាសនាអ៊ីស្លាម និងអ្នកកាន់សាសនាគ្រិស្ត។ វិបត្តិដែលល្មមដល់ពេលលោក Michel Djotodia និងលោក Nicolas Tiangaye ត្រូវរួមដៃគ្នាបិទបញ្ចប់ឲ្យបានឆាប់ និងមិនត្រូវបន្ថែមវិបត្តិថ្មីទេ។ បើពុំនោះសោត គឺអាហ្រ្វិកកណ្តាលទំាងមូលតែម្តងដែលនឹងត្រូវអន្តរាយ ហើយអ្នកដែលរងគ្រោះខ្លំាង គឺប្រជាជនអាហ្រ្វិកកណ្តាលតែម្តង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ