អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

វិបត្តិ​នយោបាយ​ថៃ៖ក្រុមប្រឆំាង​កំពុង​រៀបចំ​ជើងព្រួល​ផ្តាច់ព្រ័ត្រ​ដើម្បី​ទម្លាក់​លោកស្រី​យីងឡាក់

សំឡេង ០៥:៥៧
វិបត្តិ​នយោបាយ​ថៃ៖ក្រុមប្រឆំាង​កំពុង​រៀបចំ​ជើងព្រួល​ផ្តាច់ព្រ័ត្រ​ដើម្បី​ទម្លាក់​លោកស្រី​យីងឡាក់
វិបត្តិ​នយោបាយ​ថៃ៖ក្រុមប្រឆំាង​កំពុង​រៀបចំ​ជើងព្រួល​ផ្តាច់ព្រ័ត្រ​ដើម្បី​ទម្លាក់​លោកស្រី​យីងឡាក់ Reuters
៣២ នាទី

វិបត្តិនយោបាយ​នៅ​ក្នុង​ប្រទេស​ថៃ​បាន​ឈាន​ចូល​ដល់​ផ្លូវរបត់​ថ្មី​មួយ​ដោយ​នៅ​ថ្ងៃ​ចន្ទ ទី១៣ មករា ក្រុម​បាតុករ​អាវលឿង​ដែល​ដឹកនំា​ដោយ​លោក​អតីត​ឧបនាយករដ្ឋមន្រ្តី​ស៊ូថេប​កំពុង​ត្រៀម​ខ្លួន​ចុះ​ផ្លូវ​ធ្វើ​មហាបាតុកម្ម​ជាថ្មី​ក្នុង​ទីក្រុង​បាងកក។ គោលដៅ​នៃ​បាតុកម្ម​នៅ​តែ​ដដែល គឺ​រារំាង​កុំ​ឲ្យ​មាន​ការ​រៀបចំ​បោះឆ្នោតសភា​នៅ​ថ្ងៃ​ទី២ កុម្ភៈ​ខាង​មុខ ព្រម​ទំាង​ទាមទារ​ឲ្យ​លោកស្រី​នាយករដ្ឋមន្រ្តី​យីងឡាក់​ចុះ​ចេញ​ពី​មុខ​តំណែង។ ទន្ទឹម​គ្នា​នេះ រដ្ឋាភិបាល​ក៏​បាន​ត្រៀម​កម្លំាង​ប៉ូលិស និង​ទាហាន​រាប់​ម៉ឺននាក់​ដើម្បី​រក្សា​សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម។

ផ្សាយពាណិជ្ជកម្ម

ក្នុង​ថ្ងៃ​អាទិត្យ ទី១២ មករា​នេះ ភាគី​នីមួយៗ​កំពុង​ត្រៀម​រៀបចំ​ជើលព្រួល​សំលៀង​អាវុធ​រៀងៗ​ខ្លួន​ដើម្បី​ទប់ទល់។ នៅ​ម្ខាង គឺ​ក្រុមបាតុករ​អាវលឿង​ដឹកនំា​ដោយ​លោក​អតីត​ឧបនាយក រដ្ឋមន្រ្តី​ស៊ូថេប​ដែល​បាន​ប្រមែប្រមូល​សម្ភារៈ​របស់​ខ្លួន​ទៅ​ដាក់​ទីកន្លែង​រួម​មួយ មុន​នឹង​ធ្វើ​ការ​ចែកចាយ​នៅ​តាម​ទីតំាង​យុទ្ធសាស្រ្ត​សំខាន់ៗ​ចំនួន ៧ ក្នុង​ទីក្រុង​បាងកក។ ក្រៅ​ពី​គ្នីគ្នា​គេ​ដែល​មាន​នៅ​ក្នុង​ទីក្រុង​បាងកក​ស្រាប់ ក៏​មាន​ការ​ចូលរួម​យ៉ាង​ច្រើន​កុះករ​ពី​ក្រុមអាវលឿង​មក​ពី​ខេត្ត​មួយ​ចំនួន​ដែរ។ វិធានការ​ដែល​ក្រុមបាតុករ​អាវលឿង​គ្រោង​នឹង​ធ្វើ​ចាប់​ពី​ព្រលឹមស្រាងៗ​ថ្ងៃ​ចន្ទ​ស្អែក គឺ​ធ្វើ​ឲ្យ​ជាប់គំាង​ទីក្រុង​បាងកក​ទំាង​មូល តាម​រយៈ​ការ​រារំាង​មិន​ឲ្យ​មន្រ្តីរាជការ​ទៅ​ធ្វើ​ការ ឬ​មួយ​ក៏​ការ​កាត់ផ្តាច់​ចរន្តអគ្គិសនី​នៅ​តាម​ស្ថាប័ន​របស់​រដ្ឋ​មួយ​ចំនួន។ នៅ​ម្ខាង​ទៀត គឺ​រដ្ឋាភិបាល​ដែល​បាន​ប្រកាស​ដាក់​ពង្រាយ​កម្លំាង​ប៉ូលិស និង​ទាហាន​សរុប​ប្រមាណ​ជា ២០ ០០០នាក់​ដើម្បី​ធានា​សន្តិសុខ និង​រក្សា​សណ្តាប់ធ្នាប់​សង្គម។ ទន្ទឹម​គ្នា​នេះ រដ្ឋអំណាច​ក៏​បាន​ប្រកាស​បិទទ្វារ​សាលារៀន​ចំនួន ១៤០ ព្រម​ទំាង​មហាវិទ្យាល័យ​មួយ​ចំនួន​ក្នុង​ទីក្រុង​បាងកក​នៅ​ថ្ងៃ​ចន្ទ​ស្អែក។

ក្រឡេក​ទៅ​មើល​ប្រជាជន​ថៃ​រស់ក្នុង​ទីក្រុង​បាងកក​វិញ មាន​អ្នក​ខ្លះ​បាន​ផ្តើម​ទិញ​ស្តុកទុក​នូវ​គ្រឿងឧបភោគ បរិភោគ និង​គ្រឿង​សម្ភារៈ​ចំាបាច់​មួយ​ចំនួន។ ស្ថានទូត​អាមេរិក​ប្រចំា​ក្រុង​បាងកក​ក៏​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្លួន​ទិញ​ម្ហូបអាហារ​ស្តុកទុក​សម្រាប់​រយៈពេល ២សប្តាហ៍។ ដោយឡែក និង​ចំ​ពេល​ដែល​ក្រុមអាវលឿង​កំពុង​ត្រៀមខ្លួន​ធ្វើ​មហាបាតុកម្ម​នៅ​ថ្ងៃ​ចន្ទ​ស្អែក ក្រុមអាវក្រហម​ក៏​បាន​អំពាវនាវ​គ្នីគ្នា​គេ​ឲ្យ​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ចាប់​ពី​ថ្ងៃ​អាទិត្យ​នេះ​ទៅ​នៅ​តាម​ខេត្ត​មួយ​ចំនួន​ក្បែរ​ទីក្រុង​បាងកក។

លោក​ស៊ូថេប៖« ខ្ញុំ​ដើរ​ចេញ​ពី​ក្បួនបាតុកម្ម បើ​ចលនា​នេះ​ធ្លាក់​ក្នុង​អំពើហិង្សា និង​ប្រែ​ក្លាយ​ជា​សង្រ្គាមស៊ីវិល »

នៅ​ថ្ងៃ​អាទិត្យ ទី១២ មករា​នេះ មេបាតុករ​លោក​ស៊ូថេប​បាន​ប្រាប់​ឲ្យ​ដឹង​រួច​ហើយ​ថា លោក​នឹង​ប្រកាស​បិទបញ្ចប់​ចលនា​បាតុកម្ម​ភ្លាមៗ នៅ​ក្នុង​ករណី​ណា​ដែល​ក្បួនបាតុកម្ម​នោះ​បែរ​ជា​ធ្លាក់​ក្នុង​អំពើហិង្សា និង​ប្រែក្លាយ​ទៅ​ជា​សង្រ្គាម​ស៊ីវិល។ តែ​ជាមួយ​គ្នា​នេះ លោក​ស៊ូថេប​ក៏​បាន​បដិសេធ​មិន​ចូល​ចរចា​ជាមួយ​រដ្ឋាភិបាល​របស់​លោកស្រី​យីងឡាក់​ទេ។ លោក​ស៊ូថេប​បាន​ថ្លែង​យ៉ាង​ដូចនេះ​នៅ​ក្នុង​កិច្ចសន្ទនា​មួយ​របស់​លោក​ជាមួយ​នឹង​កាសែត​ជា​ភាសា​អង់គ្លេស « Sunday Nation » ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​អាទិត្យ​នេះ។

« បើ​រឿង​ការ​ទាមទារ​នេះ​បែរ​ជា​ក្លាយ​ទៅ​ជា​សង្រ្គាមស៊ីវិល ខ្ញុំ​នឹង​បោះបង់​វា​ចោល។ ជីវិត​មនុស្ស គឺ​ថ្លៃ​ណាស់​សម្រាប់​រូប​ខ្ញុំ » នេះ​ជា​សម្តី​របស់​លោកស៊ូថេប​នៅ​ក្នុង​កាសែត « Sunday Nation »។ បើ​គេ​ស្តាប់​ទៅ​ឃើញ​ថា លោក​ស៊ូថេប​ពិត​ជា​មាន​ការ​គិតគូរ​ខ្លំាង​ណាស់​ចំពោះ​អាយុជីវិត​របស់​ប្រជារាស្រ្ត​ថៃ តែ​គេ​ក៏​មិន​ត្រូវ​ភ្លេច​ទេ​ថា គឺ​រូបលោក​ស៊ូថេប​នេះ​ឯង​ជា​អ្នក​ផ្តើម​បញ្ឆេះ​ក្រុមអាវលឿង​ឲ្យ​ងើបឡើង​បះបោរ​ប្រឆំាង​នឹង​រដ្ឋាភិបាល​របស់​លោកស្រី​យីងឡាក់​នា​ពេល​នេះ។ គ្រាន់​តែ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ ចលនា​បះបោរ​របស់​ពួក​អាវលឿង​បាន​បណ្តាល​ឲ្យ​មាន​មនុស្សស្លាប់ ៨នាក់ ក្នុង​នោះ​ប៉ូលិស ២នាក់ ព្រម​ទំាង​មាន​អ្នក​របួស​ជា​ច្រើន​នាក់​ផ្សេង​ទៀត។

ក្រុមអ្នកវិភាគ​បាន​យល់ឃើញ​ថា ការ​និយាយ​របស់​លោក​ស៊ូថេប​ពេល​នេះ គ្រាន់​តែ​ជា​ការ​បង្ការ​មួយ​ដើម្បី​ដក​ខ្លួន​ចេញ​ពី​ការ​ទទួល​ខុសត្រូវ​របស់​លោក​ប៉ុណ្ណោះ នៅ​ក្នុង​ករណី​ណា​ដែល​មាន​ផ្ទុះអំពើហិង្សា ឬ​មួយ​ក៏​មាន​ផ្ទុះ​សង្រ្គាមស៊ីវិល​នៅ​ថ្ងៃ​ខាង​មុខ។ អំពើហិង្សា ឬ​មួយ​សង្រ្គាមស៊ីវិល​ដែល​គ្មាន​នរណា​ម្នាក់​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​ឡើយ។ គួរ​រម្លឹក​ជូន​ថា គោលដៅ​របស់​លោក​ស៊ូថេប គឺ​ទាមទារ​ឲ្យ​លោកស្រី​យីងឡាក់​ចុះ​ចេញ​ពី​តំណែង ព្រម​ទំាង​រារំាង​មិន​ឲ្យ​មាន​ការ​រៀបចំ​បោះឆ្នោត​នៅ​ថ្ងៃទី២ កុម្ភៈ​ខាង​មុខ។

ប្រជារាស្រ្ត​ថៃ​ទូទៅ​ចង់​ឲ្យ​កងទ័ព​ចូល​ខ្លួន​ធ្វើ​អន្តរាគមន៍​ដើម្បី​បញ្ចប់​វិបត្តិ

ជាទូទៅ ប្រជារាស្រ្ត​ថៃ​ហាក់​ដូច​ជា​គ្មាន​ជំនឿ​លើ​រដ្ឋាភិបាល ឬមួយ​ក៏​ក្រុមប្រឆំាង​ទេ​ថា ជា​អ្នក​ដែល​អាច​បិទបញ្ចប់​វិបត្តិសព្វថ្ងៃ​នេះ។ អ្នក​ដែល​ពួក​គេ​យល់​ថា អាច​អារកាត់​ក្នុង​រឿង​នេះ​បាន គឺ​មាន​តែ​កងទ័ព​ទេ។ កងទ័ព​ដែល​ជា​អ្នក​មាន​អំណាច​ខ្លំាង​ជាង​គេ​នៅ​ក្នុង​ប្រទេស​ថៃ។ គ្រាន់​តែ​ក្នុង​រយៈពេល ៨១ឆ្នំា​ចុង​ក្រោយ​នេះ ថៃ​បាន​ស្គាល់​រដ្ឋប្រហារ​យោធា ឬ​មួយ​ក៏​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​យោធា​ចំនួន ១៨ដង។ ចុង​ក្រោយ​គឺ​ការ​ទម្លាក់​លោក​ថាក់ស៊ីន​ក្នុង​ឆ្នំា ២០០៦។

ប្រជារាស្រ្ត​ថៃ​ភាគច្រើន​យល់​ឃើញ​ថា កងទ័ព​ត្រូវ​តែ​ចូលខ្លួន​ធ្វើ​អន្តរាគមន៍​ក្នុង​រឿង​នយោបាយ ប្រសិន​បើ​បាតុកម្ម​ពេល​នេះ​បែរ​ជា​ធ្លាក់​ក្នុង​អំពើហិង្សា​ខ្លំាងក្លា​នោះ។ មក​ដល់​ពេល​នេះ កងទ័ព​នៅ​បន្ត​រក្សា​ជំហរ​អព្យាក្រឹត​ដដែល។ តែ​នៅ​ថ្ងៃ​សៅរ៍ ទី១១ មករា​ម្សិលមិញ មេទ័ព​ថៃ​លោក ប្រាយុទ្ធ ចាន់អូចា​បាន​ថ្លែង​ពី​ក្តីបារម្ភ​របស់​លោក​ចំពោះ​ការ​ផ្ទុះអំពើហិង្សា​ជាយថាហេតុ​នៅ​ថ្ងៃ​ខាង​មុខ។ លោក​ចាន់អូចា​បាន​អំពាវនាវ​ដោយ​ព្រមាន​គ្រប់ភាគី​ទំាង​អស់​ឲ្យ​បញ្ចៀស​អំពើហិង្សា និង​ថា ទំាង​អស់​គ្នា​ជា​ជនជាតិ​ថៃ​ដូច​គ្នា និង​ដែល​ទំាង​អស់​គ្នា​ត្រូវ​តែ​រស់នៅ​ជាមួយ​គ្នា ទោះបី​ជា​មិន​ចុះសម្រុង​គ្នា​ក្នុង​រឿង​នយោបាយ​ក៏​ដោយ។ តាម​រយៈ​សម្តី​នេះ​បាន​ធ្វើ​ឲ្យ​គេ​យល់​ថា កងទ័ព​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ធ្វើ​អន្តរាគមន៍ បើ​ចំាបាច់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ