វិបត្តិនយោបាយថៃ៖ សភាបោះឆ្នោតបន្តសេចក្តីទុកចិត្តលើលោកស្រីយីងឡាក់ តែបាតុករអាវលឿងបន្តបាតុកម្ម
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅប្រទេសថៃ ទីបំផុត ថ្ងៃព្រហស្បតិ៍ ទី២៨ វិច្ឆិកានេះ លោកស្រីនាយករដ្ឋមន្រ្តីយីងឡាក់បានរួចផុតពីការបោះឆ្នោតដកសេចក្តីទុកចិត្តពីរដ្ឋសភា។ ក្រោយពីបានរួចខ្លួនភ្លាម លោកស្រីយីងឡាក់បានអំពាវនាវឲ្យគណបក្សប្រឆំាងចូលតុចរចា។ តែក្រុមអាវលឿងមិនព្រម និងបានបន្តក្បួនបាតុកម្មរបស់ខ្លួនជាបន្តទៀត។ ក្រោយពីបានចូលកាន់កាប់ក្រសួងមួយចំនួនមក នៅថ្ងៃនេះ ពួកគេបាននំាគ្នាទៅជួបជុំនៅពីមុខក្រសួងការពារជាតិ ក្រសួងអប់រំ និងស្នងការដ្ឋានប៉ូលិសជាតិ ព្រមទំាងផ្តាច់ភ្លើងអគ្គិសនីទៀតផង។
ដូចដែលគ្រប់គ្នាបានរង់ចំា ទីបំផុត លោកស្រីនាយករដ្ឋមន្រ្តីយីងឡាក់ត្រូវបានសភាបោះឆ្នោតបន្តផ្តល់សេចក្តីទុកចិត្តដោយទទួលបានសម្លេងគំាទ្ររហូតដល់ទៅ ២៩៧សម្លេងនៅក្នុងចំណោមសម្លេងសរុប ៤៩២សម្លេងដែលមាននៅក្នុងរដ្ឋសភា។ ដូច្នេះឃើញថា លោកស្រីយីងឡាក់អាចប្រើលទ្ធផលនៃការបោះឆ្នោតនេះដើម្បីប្រាប់ទៅក្រុមបាតុករអាវលឿងរបស់គណបក្សប្រឆំាងថា គ្មានហេតុផលណាមួយដែលលោកស្រីត្រូវលាចុះចេញពីមុខតំណែង ហើយក៏គ្មានហេតុផលណាមួយដែលលោកស្រីត្រូវរំលាយសភាចោលដែរ។
ប៉ុន្មានម៉ោង ក្រោយពីសភាបានបោះឆ្នោតមិនដកសេចក្តីទុកចិត្តពីលោកស្រីមក លោកស្រីយីងឡាក់ក៏បានប្រកាសអំពាវនាវដល់ក្រុមគណបក្សប្រឆំាងឲ្យចូលអង្គុយតុចរចាដើម្បីដោះស្រាយបញ្ហា ចៀសជាងបន្តធ្វើការតវ៉ានៅតាមផ្លូវ។ តែមេបាតុករអាវលឿងដែលដឹកនំាដោយលោកអតីតឧបនាយករដ្ឋមន្រ្តីស៊ូថេបបានឆ្លើយបដិសេធយ៉ាងដាច់អហង្ការ។ ថ្លែងនៅចំពោះមុខហ្វូងបាតុកររាប់ម៉ឺននាក់កាលពីយប់មិញ លោកស៊ូថេបបានបញ្ជាក់ថា លោកមិនត្រូវការចរចាជាមួយរដ្ឋាភិបាល ឬមួយក៏ជាមួយដៃគូណាផ្សេងទេ។
ក្រុមឧត្តមសេនីយថៃជាអ្នកមានអំណាចពិតប្រាកដក្នុងដៃ
តំាងពីក្រោយរដ្ឋប្រហារយោធាទម្លាក់លោកនាយករដ្ឋមន្រ្តីថាក់ស៊ីនក្នុងឆ្នំា ២០០៦ មក វិបត្តិនយោបាយថៃហាក់ដូចជាមិនបានរលត់សូន្យឈឹងទំាងស្រុងទេ គឺប្រៀបដូចជាពំនូកភ្លើងមួយដែលកំពុងបន្តក្តៅងំជាអចិន្ត្រៃយ៍ រង់ចំាតែថ្ងៃផ្ទុះឡើងជាថ្មីប៉ុណ្ណោះ។ ភាពប្រទូស្ត្រាយគ្នាបានកើតមានជាហូរហែររវាងក្រុមសកម្មជនអាវក្រហមគំាទ្រលោកថាក់ស៊ីន និងក្រុមអាវលឿងខាងរាជានិយម និងដែលមានការគំាទ្រពីក្រុមឧត្តមសេនីយ។
តាមការពិនិត្យជាក់ស្តែងកន្លងមកបានបង្ហាញយ៉ាងច្បាស់ថា យូរ ឬឆាប់ ការកាន់អំណាចរបស់ក្រុមណាមួយនឹងត្រូវក្រុមផ្សេងទៀតតាមធ្វើទុក្ខបុកម្នេញរហូតដល់ខ្ទាតចេញពីអំណាច ហើយជាទូទៅ អ្នកដែលចេញមុខបិទបញ្ចប់វិបត្តិ គឺគ្មាននរណាក្រៅពីក្រុមឧត្តមសេនីយតាមរយៈរដ្ឋប្រហារយោធាដោយសន្តិវិធី។ ចូរកុំភ្លេចថានៅប្រទេសថៃ អ្នកដែលមានអំណាចពិតប្រាកដគឺក្រុមឧត្តមសេនីយ។ និយាយពីរឿងរដ្ឋប្រហារយោធាវិញ គឺថៃជាប់លេខ១ ព្រោះថា តំាងប្រទេសផ្តើមអនុវត្តរបបនយោបាយរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញក្នុងឆ្នំា ១៩៣២ មក ថៃបានស្គាល់រដ្ឋប្រហារយោធា ឬមួយក៏ប៉ុនប៉ងធ្វើរដ្ឋប្រហារយោធាចំនួន ១៨ដង។ ចុងក្រោយគឺរដ្ឋប្រហារយោធាទម្លាក់លោកថាក់ស៊ីនក្នុងឆ្នំា ២០០៦។
តែគេនៅមិនទាន់ហ៊ាននិយាយទេថា ជោគវាសនារបស់លោកស្រីយីឡាក់នឹងត្រូវបញ្ចប់ដូចករណីបងប្រុសរបស់លោកស្រី គឺលោកថាក់ស៊ីននោះ។ តែនេះ ក៏ជាសម្មតិកម្មមួយដែលគេពិបាកនឹងទាត់ចោលដែរ ប្រសិនបើវិបត្តិកាន់តែធ្ងន់ធ្ងរ អូសបន្លាយយូរ និងមានផ្ទុះឡើងនូវអំពើហិង្សានោះ។
ព្រះមហាក្សត្រ ព្រះចៅ ភូមិបុល អាឌូយ៉ាដេ ជាក្តីសង្ឃឹមតែមួយគត់ដើម្បីបញ្ចប់វិបត្តិ
មានព្រះជន្ម ៨៥ព្រះវស្សា ព្រះចៅភូមិបុល អាឌុលយ៉ាដេត្រូវបានប្រជារាស្រ្តថៃគ្រប់ស្រទាប់វណ្ណៈចាត់ទុកជាតួអង្គសំខាន់តែមួយអង្គគត់ក្នុងការបញ្ចប់វិបត្តិ ឬក៏ថាយ៉ាងហោចណាស់ ក៏អាចរំងាប់ភាពច្របូកច្របល់នៅក្នុងប្រទេស។ ចូរកុំភ្លេចថា ព្រះចៅភូមិបុល អាឌុលយ៉ាដេត្រូវបានប្រជារាស្រ្តថៃគោរពស្មើនឹងព្រះអាទិទេព។ គេមិនត្រូវភ្លេចទេថា កាលពីវិបត្តិនយោបាយធ្ងន់ធ្ងរក្នុងឆ្នំា ១៩៩២ កុំតែមានអន្តរាគមន៍ពីព្រះចៅភូមិបុល ម្ល៉េះមិនដឹងជាវិបត្តិធ្លាក់ដុនដាបដល់កម្រិតណាទេ។ វិបត្តិនយោបាយដែលកាលណោះ ព្រះចៅភូមិបុលបានកោះហៅភាគីជម្លោះ ទំាងស៊ីវិល និងយោធាចូលក្នុងវំាង។ មានបន្ទូលតែមួយម៉ាត់ឲ្យបញ្ឈប់ជម្លោះ ទំាងអស់គ្នាក៏បានលត់ជង្គន់សន្យាឈប់ឈ្លោះគ្នាភ្លាម។
តែសំណួរដែលចោទនៅពេលនេះ គឺថា តើព្រះចៅភូមិបុល នៅតែមានឥទ្ធិពល និងទឹកមាត់ប្រៃដូចកាលពីជាង ២០ឆ្នំាមុន ដែរឬទេ ?។
និយាយជារួម គឺមិនសូវមានប៉ុន្មានទេ នេះក៏ដោយសារតែជំហរមិនកណ្តាលរបស់ព្រះអង្គនៅក្នុងដំណោះស្រាយវិបត្តិនាពេលកន្លងមក ពិសេសក្នុងវិបត្តិធ្ងន់ធ្ងរឆ្នំា ២០១០។ អ្នកដែលតូចចិត្ត តូចថ្លើមខ្លំាងជាងគេនោះ គឺខាងក្រុមអាវក្រហមរបស់លោកថាក់ស៊ីន។
យ៉ាងណាក៏ដោយ នៅពេលនេះ គេនៅមិនទាន់ឮប្រតិមកម្មអ្វីពីព្រះអង្គនៅឡើយទេ ជុំវិញវិបត្តិសព្វថ្ងៃ។ តែលោកអគ្គលេខាធិការអង្គការសហប្រជាជាតិបាន គីមូនបានសម្តែងក្តីបារម្ភយ៉ាងខ្លំាងចំពោះវិបត្តិនយោបាយដែលបាននិងកំពុងបន្តហែកហួរសង្គមថៃកាន់តែជ្រៅទៅៗ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ