៣ឆ្នំាក្រោយព្រឹត្តិការណ៍ងើបបះបោរមក វិបត្តិស៊ីរីបន្តជាប់គំាង គ្មានច្រកចេញ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
១៥ មីនា ២០១៣-១៥ មីនា ២០១៤ ថ្ងៃនេះជាខួបគម្រប់ ៣ឆ្នំាគត់នៃព្រឹត្តិការណ៍ងើបបះបោររបស់ប្រជាជនស៊ីរីប្រឆំាងនឹងរដ្ឋាភិបាលរបស់លោកប្រធានាធិបតីអាសាដ។ ព្រឹត្តិការណ៍ងើបបះបោររយៈពេល ៣ឆ្នំាដែលនៅមិនទាន់មានពន្លឺនៃដំណោះស្រាយនៅឡើយទេ។ ទន្ទឹមគ្នានេះ ការវាយប្រហារគ្នាបាន និងកំពុងបន្តមានយ៉ាងក្តៅគគុករវាងកម្លំាងរដ្ឋាភិបាល និងកម្លំាងក្រុមប្រឆំាង។ សង្រ្គាមដែលបានបណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួសជារៀងរាល់ថ្ងៃ ព្រមទំាងបានបន្សល់ទុកឲ្យមានជនភៀសខ្លួនរាប់សិបលាននាក់។ កន្លងមក ដំណើរស្វែងរកដំណោះស្រាយបញ្ចប់វិបត្តិក៏ធ្លាប់បានរៀបចំជាបន្តបន្ទាប់ ដោយមានជំនួយឧបត្ថម្ភពីអង្គការសហប្រជាជាតិ។
តុល្យការរួមទូទៅនៅក្នុងប្រទេសស៊ីរី គឺមិនល្អទេ។ នៅពេលដែលវិបត្តិមួយបានអូសបន្លាយកាន់តែយូរ គឺសញ្ញាអវិជ្ជមានរួចទៅហើយ បើទោះបីជាវិបត្តិនោះ ជាវិបត្តិអ្វី និងបានកើតឡើងក្រោមរូបភាពណាក៏ដោយ។ ករណីប្រទេសស៊ីរី វិបត្តិបានផ្ទុះឡើងកាលពីថ្ងៃទី១៥ មីនា ឆ្នំា ២០១១ និងដែលបានអូសបន្លាយមកដល់សព្វថ្ងៃ។ ខុសពីបដិវត្តន៍នៅក្នុងបណ្តាប្រទេសអារ៉ាប់មួយចំនួនដែលមានរយៈពេលខ្លី និងការទម្លាក់បាននូវមេដឹកនំាផ្តាច់ការ ដូចនៅក្នុងប្រទេសអេហ្ស៊ីប ឬមួយក៏លីប៊ី វិបត្តិស៊ីរីកំពុងអូសបន្លាយយ៉ាងរុំារ៉ៃតំាងពី ៣ឆ្នំា និងដែលមេដឹកនំាផ្តាច់ការគឺលោកអាសាដបន្តតោងអំណាចស្អិតដូចសត្វតុកកែ។
សង្រ្គាមស៊ីវិលរយៈពេល ៣ឆ្នំាកន្លងទៅ បានបណ្តាលឲ្យមានមនុស្សស្លាប់យ៉ាងតិច ១៤ម៉ឺននាក់ និងបន្តស្លាប់ជារៀងរាល់ថ្ងៃមកដល់បច្ចុប្បន្ន។ ទន្ទឹមគ្នានេះ និងអ្វីដែលសហគមន៍អន្តរជាតិបានចាត់ទុកជារឿងធ្ងន់ធ្ងរជាងគេនោះ គឺចំនួនជនភៀសខ្លួនដ៏ច្រើនសម្បើមដែលមានរហូតដល់ទៅ ៩លាននាក់ ក្នុងនោះ មានជាង ២លាន ៥សែននាក់បានរត់ចោលស្រុកទៅជ្រកកោនក្នុងប្រទេសជិតខាង និង ជាង ៦លាន ៥សែននាក់ផ្សេងទៀតបានផ្លាស់ប្តូរលំនៅដ្ឋានក្នុងស្រុកទៅរកកន្លែងសុវត្ថិភាព។ យោងតាមឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនឲ្យដឹងថា មានប្រជាជនស៊ីរីជាង ៤០% នៃចំនួនប្រជាជនសរុបបានរត់ចោលផ្ទះសម្បែងរបស់ខ្លួន ក្នុងនោះ មានយ៉ាងតិចពាក់កណ្តាលជាកូនក្មេង។
លីបង់ជាប្រទេសដែលបានទទួលជនភៀសខ្លួនស៊ីរីច្រើនជាងគេ
អង្គការសហប្រជាជាតិបានកត់សម្គាល់ឃើញថា ចំនួនជនភៀសខ្លួនស៊ីរីសព្វថ្ងៃបាន និងកំពុងមានកំណើនលើសចំនួនជនភៀសខ្លួនអាហ្វហ្កានីស្ថានដែលគេចាត់ទុកថា មានច្រើនជាងគេនៅក្នុងលោក។ យោងតាមតួលេខផ្តល់ដោយអង្គការសហប្រជាជាតិ មានជនភៀសខ្លួនស៊ីរីប្រមាណជា ៥៨៤ ០០០នាក់កំពុងរស់នៅក្នុងប្រទេសហ្ស៊កដានី មាន ២២៦ ០០០នាក់នៅក្នុងអ៊ីរ៉ាក់ និងប្រមាណជា ៦៣៤ ០០០នាក់កំពុងរស់នៅក្នុងប្រទេសតួកគី ហើយក្រៅពីតួកគី ក៏មាននៅក្នុងប្រទេសអឺរ៉ុបមួយចំនួនប្រមាណជា ៤% នៃចំនួនជនភៀសខ្លួនសរុប។ លីបង់ជាប្រទេសដែលបានទទួលជនភៀសខ្លួនស៊ីរីច្រើនជាងគេ គឺមានជិត ១លាននាក់ និងដែលចំនួននេះកើនដល់ ១លាន ៦សែននាក់នាដំណាច់ឆ្នំា ២០១៤។ នៅក្នុងប្រវត្តិសាស្រ្ត លីបង់ត្រូវបានគេទទួលស្គាល់ជាប្រទេសដែលមានចិត្តធម៌ជាងគេ។ យោងតាមអង្គការសហប្រជាជាតិ ចំនួនជនភៀសខ្លួនចម្រុះជាតិសាសន៍នៅលីបង់មានប្រមាណជា ២០% នៃចំនួនប្រជាជនលីបង់សរុបនៅទូទំាងប្រទេស។
អ្វីដែលអង្គការសហប្រជាជាតិចង់ទាញសញ្ញាណអាសន្នប្រាប់ពិភពលោកនោះ គឺសុំឲ្យពិភពលោកប្រឹងប្រែងជួយទំនុកបម្រុងដល់ជនភៀសខ្លួនស៊ីរីបន្ថែមទៀត។ អង្គការសហប្រជាជាតិបានយល់ឃើញថា វាជារឿងមួយមិនអាចទទួលយកបានឡើយ ប្រសិនបើពិភពលោកបន្តទុកបណ្តោយឲ្យមានគ្រោះមហន្តរាយមនុស្សធម៌កើតលើជនភៀសខ្លួនស៊ីរី។ ស្របគ្នានេះ អង្គការសហប្រជាជាតិក៏បានព្រមានទុកជាមុន ពីផលវិបាកសេដ្ឋកិច្ច និងសង្គមដែលនឹងអាចកើតមានដល់ប្រទេសដែលបានទទួលជនភៀសខ្លួនស៊ីរី។ ទន្ទឹមគ្នានេះ អង្គការសហប្រជាជាតិក៏បានអំពាវនាវសហភាពអឺរ៉ុប អាមេរិកខាងជើង និងអាស៊ីប៉ាស៊ីហ្វិកឲ្យទទួលយកជនភៀសខ្លួនស៊ីរីយ៉ាងតិច ៣០ ០០០នាក់ក្នុងឆ្នំា ២០១៤ នេះ និង ១០០ ០០០នាក់បន្ថែមទៀតនៅឆ្នំា ២០១៥ និង ២០១៦។
លោកឡាក់ដា ប្រាហ៊ីមីចោទរបបស៊ីរីថា គ្មានឆន្ទៈដោះស្រាយវិបត្តិ
ការចរចាស្វែងរកដំណោះស្រាយមានបន្តជាហូរហែ ពិសេសសន្និសីទអន្តរជាតិចុងក្រោយចំនួនពីរដងនៅក្នុងប្រទេសស្វីសដែលមានលោកឡាក់ដា ប្រាហ៊ីមី ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិ និងសម្ព័ន្ធអារ៉ាប់ធ្វើជាអាជ្ញាកណ្តាល។ អ្វីដែលគួរឲ្យកត់សម្គាល់ជាងគេនៅក្នុងសន្និសីទអន្តរជាតិទី២ គឺជំនួបទល់មុខគ្នានៅក្នុងបន្ទប់តែមួយរវាងតំណាងរដ្ឋាភិបាលស៊ីរី និងតំណាងក្រុមប្រឆំាង ក្រោមអន្តរការីរបស់លោកឡាក់ដា ប្រាហ៊ីមី។ តែគ្មានលទ្ធផលអ្វីទំាងអស់។ នេះក៏ដោយសារថា ភាគីជម្លោះនីមួយៗសុទ្ធតែបានដាក់លក្ខខណ្ឌឲ្យគ្នាទៅវិញ ទៅមក ដែលគ្មានភាគីណាមួយយល់ព្រមធ្វើសម្បទានទេ។ ក្រុមប្រឆំាងបានទាមទារឲ្យមានការបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយ ដោយគ្មានវត្តមានលោកប្រធានាធិបតីអាសាដ តែខាងតំណាងរដ្ឋាភិបាលមិនព្រមដោយលើកឡើងថា វត្តមានលោកអាសាដជារឿងមួយខ្វះមិនបាននៅក្នុងគ្រប់ដំណោះស្រាយនយោបាយទំាងអស់។
តំាងពីពេលនោះមក ភាគីជម្លោះទំាងពីរក៏មិនបានណាត់ជួបគ្នាជាថ្មីដែរ ហើយលោកឡាក់ដា ប្រាហ៊ីមីក៏បានទទួលស្គាល់ពីភាពអសមត្ថភាពរបស់ខ្លួន ព្រមទំាងប្រកាសសុំទោសប្រជាជនស៊ីរី។ ទន្ទឹមគ្នានេះ សហគមន៍អន្តរជាតិក៏កំពុងបន្តស្វែងរកសេណារីយ៉ូបន្តទៀត ស្របពេលនឹងការអនុវត្តន៍សេណារីយ៉ូរបស់ប្រទេសរុស្ស៊ីក្នុងការបំផ្លាញអាវុធគីមីស៊ីរី។ ដោយឡែក នៅចំថ្ងៃខួបគម្រប់ ៣ឆ្នំានៃការបះបោរនៅស៊ីរី លោកឡាក់ដា ប្រាហ៊ីមីបានចេញមុខចោទរបបទីក្រុងដាម៉ាសថា ជាអ្នកទទួលខុសត្រូវទំាងស្រុងនៃភាពបរាជ័យក្នុងការចរចាជាមួយក្រុមប្រឆំាងក្នុងទីក្រុងហ្សឺណែវកន្លងមក និងថា របបដឹកនាំលោកបាស្ហា អាល់អាសាដមិនមានឆន្ទៈពិតប្រាកដក្នុងការចរចាស្វែងរកដំណោះស្រាយទេ។ ប្រេសិតរបស់អង្គការសហប្រជាជាតិ និងសម្ព័ន្ធអារ៉ាប់រូបនេះបានថ្លែងនៅចំពោះមុខសមាជិកទំាង ១៥ប្រទេសនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងទីក្រុងញូយ៉ក។
ទាក់ទងនឹងគម្រោងរៀបចំបោះឆ្នោតរបស់រដ្ឋាភិបាលស៊ីរីនៅក្នុងខែឧសភា ឬមិថុនាខាងមុខ លោកឡាក់ដា ប្រាហ៊ីមីបានព្រមានទុកជាមុនថា ជាទង្វើមួយដែលនឹងរឹតតែបង្កការលំបាកបន្ថែមទៀតនៅក្នុងកិច្ចចរចានាពេលអនាគត ព្រោះថា ក្រុមប្រឆំាងនឹងមិនអាចទទួលយកសេណារីយ៉ូនោះបានឡើយ។ ដូច្នេះឃើញថា វិលចុះ វិលឡើង បញ្ហានៅតែបន្តចោទជុំវិញសុពលភាពរបស់រដ្ឋាភិបាលស៊ីរីសព្វថ្ងៃ និងវត្តមានរបស់លោកអាសាដនៅក្នុងឆាកនយោបាយស៊ីរី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ