ភ្ញៀវប្រចាំថ្ងៃ

លោក អាត់ ធន់៖ ឆ្នាំ២០១៨ ការ​ចរចា​ប្រាក់​ឈ្នួល​អប្បរមា​ថ្មី​នឹង​ប្រសើរ​ជាង​មុន

លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា។ RFI

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ RFI នៅ​រាត្រី​នេះ គឺ​លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា (ស៊ីខៅឌូ)។ ការ​ចរចា​ប្រាក់​ខែ​គោល​ថ្មី​របស់​កម្មករ-កម្មការិនី​រោងចក្រ​កាត់​ដេរ និង​ដេរ​ស្បែក​ជើង​សម្រាប់​​ឆ្នាំ​២០១៨ បាន​ចាប់​ផ្តើម​ហើយ​នៅ​ខែ​កក្កដា​នេះ​។ នៅ​ថ្ងៃទី ២៧ កក្កដា ខាង​មុខ ភាគី​សហជីព​ដែល​តំណាង​ឲ្យ​ផល​ប្រយោជន៍​របស់​កម្មករ​នឹង​ជួប​ប្រជុំ​គ្នា​ជា​លើក​ទី​៥ ដើម្បី​ស្វែង​រក​ការ​កំណត់​ប្រាក់​ខែ​គោល​របស់​កម្មករ​នៅ​ប្រទេស​កម្ពុជា ដែល​អាច​រស់​នៅ​សមរម្យ​បាន​។ បច្ចុប្បន្ន​កម្មករ-កម្មការិនី​រោងចក្រ​កាត់​ដេរ និង​ដេរ​ស្បែក​ជើង ទទួល​បាន​ប្រាក់​ខែ​គោល ១៥៣​ដុល្លារក្នុង​មួយ​ខែ ប៉ុន្តែ​ចំនួន​នេះ នៅ​តែ​តិច​តួច ដែល​មិន​អាច​ឲ្យ​កម្មករ​រស់​នៅ​សមរម្យ​នៅ​ឡើយ​ទេ។យ៉ាង​ណា​ក៏​ដោយ លោក អាត់ ធន់ មាន​សុទិដ្ឋិនិយម​ថា ការ​ចរចា​ប្រាក់​ឈ្នួល​ថ្មី​ឆ្នាំ ២០១៨ នឹង​ប្រសើរ​ជាង​មុន ដោយ​សារ​តែ​ឆ្នាំ​២០១៨ ​គឺ​ជា​ឆ្នាំ​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្រ្តអាណត្តិ​ថ្មី​។