អង់គ្លេសខឹង មិនចង់បង់លុយបន្ថែមទៅឲ្យកេសថវិកាអឺរ៉ុប
ចុះផ្សាយនៅថ្ងៃ៖
កិច្ចប្រជុំកំពូលអឺរ៉ុបបានបិទបញ្ចប់ កាលពីល្ងាចថ្ងៃសុក្រម្សិលមិញ ជាមួយនឹងភាពតានតឹង នៅពេលប្រទេសសមាជិកជជែក គ្នា យ៉ាងតឹងសសៃក ទៅលើការបង់បន្ថែមរបស់ប្រទេសសមាជិកមួយចំនួន ទៅក្នុងកេសលុយអឺរ៉ុប។ លោក នាយករដ្ឋមន្រ្តីអង់គ្លេស ដាវីដ កាមឺរ៉ុនបានដើរចេញពីកិច្ចប្រជុំ បន្ទាប់ពី អង់គ្លេស ត្រូវបានទាមទារឲ្យបង់លុយបន្ថែម ប្រមាណ២ពាន់លានអឺរូ ចូលក្នុងកញ្ចប់ថវិកាប្រចាំឆ្នាំ ២០១៤របស់សហភាពអឺរ៉ុប។ នៅក្នុងសន្និសីទ នាល្ងាចថ្ងៃម្សិលមិញ នាយករដ្ឋមន្រ្តីអង់គ្លេសបានប្រកាសរួចហើយ ថា អង់គ្លេសនឹងមិនបង់ លុយបន្ថែម ដាច់ខាតទៅតាមការទាមទាររបស់សហភាពអឺរ៉ុប។
នាយករដ្ឋមន្រ្តីអង់គ្លេស លោកដាវីដ កាមឺរ៉ុន ស្រែកបញ្ចេញកំហឹង បន្ទាប់ពីដើរចេញពីកិច្ចប្រជុំកំពូលអឺរ៉ុប ដែលនៅក្នុងនោះ គណៈកម្មការអឺរ៉ុបបានទាមទារឲ្យអង់គ្លេសបង់លុយបន្ថែមប្រមាណ ២ពាន់លានអឺរូ ចូលក្នុងកេសថវិការបស់សហភាពអឺរ៉ុប សម្រាប់ឆ្នាំ ២០១៤។
ក្នុងមួយឆ្នាំៗ អង់គ្លេស ក៏ដូចជាប្រទេសសមាជិកសហភាពអឺរ៉ុប ចំនួន ២៧ប្រទេសទៀត ត្រូវចូលរួមធ្វើវិភាគទាន បង់ប្រាក់សម្រាប់ថវិកាសហភាពអឺរ៉ុប។ ថវិកាដែលគណៈកម្មការអឺរ៉ុបត្រូវប្រើសម្រាប់ចំណាយ ទៅលើហេដ្ឋារចនាសម្ព័ន្ធអឺរ៉ុប ជំនួយ ទៅបរទេស សម្រាប់ដោះស្រាយបញ្ហាហិរញ្ញវត្ថុ អន្តោប្រវេសន៍ ឬការបង្កើតការងារដល់ពលរដ្ឋអឺរ៉ុប ជាដើម។
ថវិកាសម្រាប់ឆ្នាំ ២០១៤ បានអនុម័តរួចហើយ កាលពីខែវិច្ឆិកាឆ្នាំ២០១៣។ នៅចុងឆ្នាំ២០១៣ ប្រទេសសមាជិកអឺរ៉ុបបានយល់ព្រមរួមគ្នា បោះឆ្នោត ឲ្យអឺរ៉ុបមានកញ្ចប់ថវិកាប្រមាណ ១៣៥,៥ពាន់លានអឺរ៉ូ។ ការចូលរួមធ្វើវិភាគទានរបស់ប្រទេសសមាជិក ត្រូវគន់គូរ ទៅតាមទំហំសេដ្ឋកិច្ច របស់ប្រទេសសមាជិកនីមួយៗ ឬអាចនិយាយម្យ៉ាងទៀតថា គេពឹងផ្អែកទៅលើលទ្ធផលនៃកំណើនសេដ្ឋកិច្ច ឬ ទំហំផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនីមួយៗ។ បើប្រទេសណាធំ មានសេដ្ឋកិច្ចល្អប្រសើរ និងសារៈសំខាន់ នោះប្រទេសនោះ ត្រូវចូលរួមធ្វើវិភាគទានច្រើនជាងគេ។
រហូតមកដល់ពេលនេះ គឺបារាំង និងអាល្លឺម៉ង់ដែលចូលរួមធ្វើវិភាគទានច្រើនជាងគេ បើប្រៀបធៀបនឹងសមាជិកអឺរ៉ុបដទៃទៀត។ ឧទាហរណ៍ជាក់ស្តែង នៅពេលបារាំង ត្រូវបង់ប្រមាណ ២៣ពាន់លានអឺរ៉ូ ក្នុងមួយឆ្នាំៗ សម្រាប់កញ្ចប់ថវិកាអឺរ៉ុប អង់គ្លេសឯណោះវិញ បង់ប្រមាណ ១១ពាន់លានអឺរ៉ូ។
កាលពីថ្ងៃសុក្រ ម្សិលមិញ មិនមែនមានតែអង់គ្លេសទេ ដែលត្រូវបង់ប្រាក់បន្ថែម ចូលក្នុងកេសថវិការបស់សហភាពអឺរ៉ុប។ ប្រទេស៤ផ្សេងទៀត ដូចជា ហូឡង់ អ៊ីតាលី ក្រិក និងស្ហីបជាដើម សុទ្ធតែទាមទារឲ្យបង់ប្រាក់បន្ថែមចូលក្នុងកេសថវិការបស់សហភាពអឺរ៉ុប។ ប្រទេសហូឡង់ត្រូវតម្រូវឲ្យបង់៣០០លានអឺរ៉ូ បន្ថែមពីលើចំនួនវិភាគទានដែលខ្លួនធ្លាប់បង់ ទៅក្នុងកេសថវិកាអឺរ៉ុប។ អង់គ្លេសគ្រោងកៀងគរ ប្រទេសហូឡង់ឲ្យតវ៉ានឹងការទាមទារថវិកាបន្ថែមពី គណៈកម្មការអឺរ៉ុប។
ទីភ្នាក់ងារវាយតម្លៃស្ថានភាពសេដ្ឋកិច្ចរបស់អឺរ៉ុប Eurostatបានបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសទាំង៥ខាងលើ ជាពិសេសអង់គ្លេស មានសេដ្ឋកិច្ចល្អប្រសើរ ជាងការគ្រោងទុកពីមុន។ តាមប្រធានគណៈកម្មការអឺរ៉ុប លោកបារ៉ូសូ ដែលត្រូវចាកចេញពីតំណែងនៅខែក្រោយ វាគ្មានរឿងអ្វីដែលអង់គ្លេសត្រូវភ្ញាក់ផ្អើល ខឹងសម្បារមិនចង់បង់វិភាគទានបន្ថែមទៅកេសប្រាក់អឺរ៉ុបទេ នៅពេលនេះទេ។ តាមបារ៉ូសូ អង់គ្លេសបានយល់ព្រមព្រៀងជាមួយប្រទេសសមាជិកផ្សេងទៀត ដើម្បីឲ្យគេធ្វើការគន់ គណនាបែបថ្មី។ តាមការគន់គូរថ្មី អង់គ្លេសមានគំរូសេដ្ឋកិច្ចល្អប្រសើរជាងមុន ដោយហេតុនេះហើយ ទើបគេទាមទារឲ្យអង់គ្លេសបង់វិភាគទាន ទៅតាមកំណើនសេដ្ឋកិច្ចល្អប្រសើររបស់ខ្លួន។ សូមបញ្ជាក់ថា ខុសពីឆ្នាំមុនៗ នៅឆ្នាំនេះ អង់គ្លេសបានបូកបញ្ចូលចំណូល នៅក្នុងផ្នែកជួញដូរថ្នាំញៀន និងចំណូលខាងផ្នែកពេស្យាចារ ចូលក្នុងខ្ទង់ចំណូលរកបានរបស់ប្រជាជនអង់គ្លេស។ គឺការបញ្ចូលចំណូលទាំងពីរខាងលើ បើទោះជាតិចតួច ប៉ុន្តែ វាបានធ្វើឲ្យអ្នកជំនាញអឺរ៉ុបវាយតម្លៃថា ចំណូលប្រជាជនអង់គ្លេសមានល្អប្រសើរ ដូច្នេះត្រូវបង់វិភាគទានបន្ថែម។
ពាក្យដែលថា សោយសុខ លើគំនរទុកអ្នកដទៃ
តាំងពីឆ្នាំ ២០០៨ អង់គ្លេសធ្លាប់តែសុខស្រួល ដោយបង់វិភាគទានកាន់តែតិច នៅពេលប្រទេសផ្សេងទៀត ដូចជាបារាំង ឬអាល្លឺម៉ង់ ត្រូវបង់វិភាគទានច្រើនជាងអង់គ្លេស ដល់ទៅ២ដង ដើម្បីបង្គ្រប់ថវិកាសហភាពអឺរ៉ុប។ លើកនេះ ទៅតាមការសើរើ គន់គូរឡើងវិញ លើទំហំសេដ្ឋកិច្ចរបស់ប្រទេសសមាជិកអឺរ៉ុប ប្រទេស៥ផ្សេងទៀត ដែលធ្លាប់បង់ច្រើនកន្លងមក ចំនួន ៥ត្រូវបានគណៈកម្មការអឺរ៉ុបសងប្រាក់មកវិញ។ ក្រៅតែពីអូទ្រីស ប៉ូឡូញ និងដាណឺម៉ាក បារាំង បានទទួលប្រាក់សងមកវិញ មួយពាន់លានអឺរ៉ូ ក្នុងពេលដែល អាល្លឺម៉ង់ បានមកវិញ ទឹកប្រាក់៧៨០លានអឺរ៉ូពីសហភាពអឺរ៉ុប។
នាយករដ្ឋមន្រ្តី អង់គ្លេស បានបានទាមទារឲ្យរដ្ឋមន្រ្តីសេដ្ឋកិច្ចអឺរ៉ុបជួបពិភាក្សាគ្នាជាបន្ទាន់ ដើម្បី ពិនិត្យមើលទៅលើដំណើរគន់គូរ ដែលធ្វើឲ្យអង់គ្លេសត្រូវបង់ប្រាក់បន្ថែមច្រើនជាងគេ ទៅក្នុងកេសលុយអឺរ៉ុប។ នាយករដ្ឋមន្រ្តី អាល្លឺម៉ង់ យល់ស្របតាមការទាមទាររបស់នាយករដ្ឋមន្រ្តី អង់គ្លេស នៅពេលដែលប្រធានាធិបតីបារាំង និងអៀរឡង់ ទាមទារឲ្យអង់គ្លេស គោរពតាមកិច្ចព្រមព្រៀង គោរពកាតព្វកិច្ច ដូចដែលប្រទេសផ្សេងទៀត ធ្លាប់បានធ្វើកន្លងមក។
សម្រាប់អ្នកជំនាញ សេដ្ឋកិច្ច វិញ អង់គ្លេស តែងសំងំស្ងៀម នៅពេលខ្លួនបង់ថវិកាតិចជាងគេ។ ប៉ុន្តែ គ្រាន់តែដឹងខ្លួនថា ត្រូវបង់បន្ថែម អង់គ្លេស ស្រែកប្រកូកប្រកាសថា គ្មានយុត្តិធម៌។ តាមអ្នកវិភាគខ្លះវិញ នាយករដ្ឋមន្រ្តី អង់គ្លេស បង្ហាញការមិនពេញចិត្តរបស់ខ្លួន ស្រែកក្តែង ពីភាពអយុត្តិធម៌របស់សហភាពអឺរ៉ុប ក៏ដោយសារតែ ហេតុផលនយោបាយក្នុងស្រុកដែរ។ នៅប៉ុន្មានថ្ងៃខាងមុខ នៅក្នុងការបោះឆ្នោត ថ្នាក់មូលដ្ឋាន គណបក្សអភិរក្សនិយមរបស់លោកនាយករដ្ឋមន្រ្តី អង់គ្លេស អាចប្រឈមនឹងការបាត់បង់កៅអី ទៅឲ្យគណបក្សប្រឆាំង ដែលមាននិន្នាការ ចង់ឲ្យអង់គ្លេសដកខ្លួនចេញពីសមាជិករបស់សហភាពអឺរ៉ុប៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ