កម្ពុជា

ចលនា​ផ្ទេរ​កូន​ចេញ​ពី​សាលារដ្ឋ ចូល​សាលា​ឯកជន​មាន​កាន់​តែ​ច្រើន​ឡើង

លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីពកម្ពុជា
លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីពកម្ពុជា © សុវណ្ណារ៉ា

ចលនា​ផ្ទេរ​កូន​ចេញ​ពី​សាលា​រៀន​រដ្ឋ​ចូល​សាលា​ឯកជន​មាន​កាន់​តែ​ច្រើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ មូលហេតុ​គឺ​ដោយសារ​សាលា​រៀន​ឯកជន​មាន​គុណភាព​ល្អ​ និង​មាន​វិន័យ​ល្អ​ជាង​សាលា​រដ្ឋ។

ផ្សាយពាណិជ្ជកម្ម

 

ក្នុង​ខណៈពេល​ដែល​ការ​ចុះ​ឈ្មោះ​ចូល​រៀន​​ឆ្នាំ​សិក្សា​ថ្មី​២០១២-២០១៣​កំពុង​ដំណើរ​ការ​ទៅមុខ​នោះ​ គេ​សង្កេត​ឃើញ​ថា ​អាណា​ព្យាបាល​ជា​ច្រើន​នាក់​បាន​នាំគ្នា​ផ្ទេរ​កូន​ចេញ​ពី​សាលារដ្ឋ​ចូល​ទៅ​សាលា​ឯកជន​វិញ។ អាណា​ព្យាបាល​ខ្លះ​សម្រេច​ចិត្ត​ចុះ​ឈ្មោះ​អោយ​កូន​ចៅ​រៀន​នៅ​សាលា​ឯកជន​តែ​ម្តង​ដោយ​មិនចាំ​បាច់​សាកល្បង​ជាមួយ​សាលារដ្ឋ​មួយ​ឆ្នាំ​ឬ​ពីរ​ឆ្នាំ​ឡើយ។ មូលហេតុ​ដែល​អាណាព្យាបាល​សុខចិត្ត​បញ្ជូន​កូនចៅ​ទៅកាន់​សាលា​ឯកជន​វិញ​នោះ​ពី​ព្រោះ​​ការ​ចំណាយ​នៅ​សាលា​រដ្ឋ​និង​សាលា​ឯកជន​មិន​ខុសគ្នា​ច្រើន​ប៉ុន្មាន​ទេ។

តាម​គោលការណ៍​របស់​រដ្ឋាភិបាល​ សាលារដ្ឋ​មិន​តម្រូវ​អោយ​កូន​សិស្ស​បង់ប្រាក់​ទេ​ប៉ុន្តែ​ជាក់ស្តែង​វិញ កូន​សិស្ស​ទាំង​ថ្នាក់​បឋម ទាំង​ថ្នាក់​មធ្យម​សិក្សា​ខ្លះ​ត្រូវ​តែ​បង់​លុយ​ប្រចាំ​ថ្ងៃ​អោយ​ទៅ​លោកគ្រូ​អ្នកគ្រូ។ ការ​បង់​លុយ​ប្រចាំ​ថ្ងៃ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ជាពិសេស​នៅ​ទីក្រុង​ភ្នំពេញ​និង​នៅ​ក្នុងថ្នាក់​បឋម​សិក្សា។ នៅ​ពេល​ដែល​គេ​សួរ​សំណួរ​ថា តើ​ហេតុអ្វី​បាន​ជា​កូន​សិស្ស​ចាំ​បាច់​ត្រូវ​បង់ប្រាក់​ជូន​លោកគ្រូ​អ្នកគ្រូ​ជារៀងរាល់​ថ្ងៃ​នោះ? គ្មាន​នណា​អាច​ឆ្លើយ​បាន​ទេ​ពីព្រោះ​ទង្វើ​នេះ​វា​បាន​ក្លាយ​ទៅ​ជា​ទម្លាប់​ទៅ​ហើយ។

ចំពោះ​នៅ​មធ្យម​សិក្សា​វិញ មិន​មាន​ករណី​បង់ប្រាក់​ផ្ទាល់​អោយ​លោកគ្រូ​អ្នកគ្រូ​នោះ​ទេ ប៉ុន្តែ​ការ​បង់​ប្រាក់​ត្រូវ​បាន​គេ​ធ្វើ​ឡើង​ក្រោម​រូបភាព​រៀនគួរ។ ការ​រៀនគួរ​នេះ​មិន​មាន​អ្នកណា​បង្ខំ​ទេ​ប៉ុន្តែ​ប្រសិន​បើ​សិស្ស​ណា​ម្នាក់​មិន​រៀនគួរ​ សិស្សនោះ ​ពិតជា​មិនសូវ​ទទួល​បាន​ពិន្ទុ​ល្អ​ឡើយ។ ដោយសារ​តែ​មាន​ភាព​ស្មុគស្មាញ​នៅ​តាម​សាលា​រដ្ឋ​នេះ​ហើយ ទើប​ចំនួនអាណាព្យាបាល​កាន់​តែ​ច្រើន​ឡើង ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​​ នាំគ្នា​ផ្ទេរ​កូនចៅ​ចេញ​ពី​សាលារដ្ឋ​ចូល​សាលា​ឯកជន​វិញ។

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ព្រមាន​ទុកជា​មុន​នៅថ្ងៃ​អាទិត្យ​នេះ​ថា ប្រសិន​បើ​សាលា​រដ្ឋ​មិន​ធ្វើ​ការ​កែ​ទម្រង់ទេ សាលារដ្ឋ​នឹង​ជួប​វិបត្តិ​​នៅ​ក្នុង​រយៈពេល​៥​ឆ្នាំ​ទៀត។ វិបត្តិ​នៅ​សាលារដ្ឋ​គឺ​វិបត្តិ​មាន​តែ​គ្រូ​ប៉ុន្តែ​​មិន​មាន​កូន​សិស្សរៀន។ ទស្សនៈ​នេះ​ត្រូវ​បាន​ច្រានចោល​ដោយ​អ្នកជំនាញ​អប់រំ​ខ្លះ។ អ្នក​ជំនាញ​និយាយ​ថា សាលារដ្ឋ​នៅតែ​មាន​សិស្ស​ដដែល​ប៉ុន្តែ​គ្រាន់​ថា សិស្ស​ក្រីក្រ​រៀន​នៅ​សាលារដ្ឋ​រីឯ​សិស្ស​មាន​ធនធាន​រៀន​នៅ​សាលា​ឯកជន។ មិនមែន​មាន​តែ​កូន​សិស្ស​ទេ​ដែល​រត់​ចេញ​ពី​សាលារដ្ឋ​ទៅ​កាន់​​សាលា​ឯកជន​នោះ​ តាមពិត ​សូម្បី​តែ​លោកគ្រូ​អ្នកគ្រូ​មួយ​ចំនួន​ក៏​រត់​ចូល​សាលា​ឯកជន​ដែរ ពីព្រោះ​ប្រាក់​ខែ​នៅក្នុង​សាលា​ឯកជន​អាច​អនុញ្ញាត​អោយ​ពួកគេ​អាច​រស់​បាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI