កុម្ម៉ង់ដូ​អ៊ីស្រាអែល​វាយប្រហារ​នាវា​ដឹក​ជំនួយ​មនុស្សធម៌ ស្លាប់​ជិត​២០នាក់

សំឡេង ០៦:៣៧
កុម្ម៉ង់ដូ​អ៊ីស្រាអែល​វាយ​ប្រហារ​លើ​នាវា​ដឹកជំនួយមនុស្សធម៌
កុម្ម៉ង់ដូ​អ៊ីស្រាអែល​វាយ​ប្រហារ​លើ​នាវា​ដឹកជំនួយមនុស្សធម៌ ©Reuters

នៅ​ព្រឹកព្រលឹម​ថ្ងៃ​​ចន្ទ ទី៣១ ឧសភា ២០១០​នេះ កងកុម្ម៉ង់ដូ​អ៊ីស្រាអែល បាន​លោត​ពី​លើ​ឧទ្ធម្ភាចក្រ ដើម្បី​ដណ្តើម​កាន់កាប់​នាវា​ ដែល​ព្យាយាម​ដឹកជំនួយ​មនុស្ស​ធម៌​​ចូល​ទៅ​ក្នុង​តំបន់​ហ្កាហ្សា (Gaza) ដែនដី​ប៉ាឡេស្ទីន។ ការប៉ះទង្គិចគ្នា​លើ​នាវា​បាន​បណ្តាល​ឲ្យ​មនុស្ស​១៩នាក់​បាត់បង់​ជីវិត និង​​ជិត៣០​នាក់​ផ្សេង​ទៀត​រងរបួស។ ហេតុការណ៍​នេះ​បាន​បណ្តាល​ឲ្យ​​អ៊ីស្រាអែល​ត្រូវ​ទទួលរង​នូវការរិះគន់​ពី​ គ្រប់ទិសទី។

ផ្សាយពាណិជ្ជកម្ម

នាវា​ចំនួន ៦គ្រឿង ចេញ​ពី​ប្រទេស​ទួរគី​ ដឹកជំនួយ​មនុស្ស​ធម៌ និង​សកម្មជន​គាំទ្រ​ប៉ាឡេស្ទីន​ ប្រមាណ​ជាង ៦០០​នាក់ ​ធ្វើ​ដំណើរ​តម្រង់​​ទៅ​កំពង់ផែ​ហ្កាហ្សា។ អ៊ីស្រាអែល ដែល​បាន​បិទខ្ទប់​ការ​ចេញចូល​តំបន់​ហ្កាហ្សា តាំង​ពី​ឆ្នាំ​២០០៧​មក​នោះ បាន​ហាម​ឃាត់​ក្បួន​នាវា​នេះ​។ ក៏ប៉ុន្តែ សកម្មជន​​នៅតែ​ជម្នះ​បន្ត​ធ្វើ​ដំណើរ​ទៅមុខ​ឆ្ពោះ​ទៅហ្កាហ្សា។

នៅ​ព្រឹកព្រលឹម​ថ្ងៃ​ចន្ទ​ ការប៉ះទង្គិច​គ្នា​ក៏បាន​កើត​ឡើង ក្រោយ​ពី​កងកុម្ម៉ង់ដូ​អ៊ីស្រាអែល​បាន​វាយលុក​ដណ្តើម​កាន់កាប់​ នាវាដឹកជំនួយ។​ ប្រតិបត្តិការ​នេះ​បាន​បណ្តាល​ឲ្យ​មនុស្ស​ប្រមាណ ១៩​នាក់​បាត់បង់​ជីវិត និង​រងរបួស​​ជិត​៣០​នាក់​ផ្សេងទៀត។

នៅ​ក្នុង​ចំណោម​អ្នក​ដំណើរ​នៅ​លើ​នាវា​ដឹកជំនួយនេះ ភាគច្រើន​គឺ​ជា​ជនជាតិ​ទួរគី ប៉ុន្តែ ក៏មាន​សកម្មជន​ជនជាតិ​ផ្សេងៗ​ទៀត រួមទាំង ​អ្នក​កាសែត និង​ឥស្សរជន​​ជាន់ខ្ពស់​មួយចំនួន​ផងដែរ ដូចជា សមាជិក​សភា​អឺរ៉ុប និង​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​ជនជាតិ​អៀរឡង់​ ជាដើម។ រហូតមកទល់ពេលនេះ គេ​នៅមិនទាន់ដឹង​នៅឡើយទេ​ថា តើ​ក្នុង​ចំណោម​អ្នក​ស្លាប់​ និង​របួស មាន​ជនជាតិ​អ្វីខ្លះ។

នៅពេលនេះ ការរិះគន់ និង​ការថ្កោលទោស​​ទៅ​លើ​អ៊ីស្រាអែល​បាន​កើតមាន​ជាបន្តបន្ទាប់។ រដ្ឋាភិបាល​ខ្លះ រួមមាន អេស៊ីព្ទ អូទ្រីស ក្រិក បារាំង ស៊ុយអែដ អៀរឡង់ ជាដើម បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​អ៊ីស្រាអែល​​ឲ្យ​មក​បកស្រាយ​អំពី​ហេតុការណ៍​​នេះ។ អេស្ប៉ាញ ដែល​បច្ចុប្បន្ន ជា​ប្រធាន​សហភាព​អឺរ៉ុប​ក៏បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​អ៊ីស្រាអែល​ដែរ។ រដ្ឋមន្រ្តី​ការបរទេស​សហភាព​អឺរ៉ុប​បាន​ទាមទារ​ឲ្យ​បើក​ការស៊ើបអង្កេត​លើ​ ការស្លាប់​សកម្មជន​។ ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ និង​តំណាង​សហព័ន្ធ​អារ៉ាប់ ​ក៏​បាន​ថ្លែង​រិះគន់​ប្រតិបត្តិការ​របស់​អ៊ីស្រាអែល។

មនុស្ស​រាប់​ម៉ឺននាក់​នាំគ្នា​ធ្វើ​បាតុកម្ម​​នៅទួរគី ដើម្បី​ថ្កោលទោស​​អ៊ីស្រាអែល
មនុស្ស​រាប់​ម៉ឺននាក់​នាំគ្នា​ធ្វើ​បាតុកម្ម​​នៅទួរគី ដើម្បី​ថ្កោលទោស​​អ៊ីស្រាអែល ©Reuters

ប្រតិកម្ម ​ដែល​ខ្លាំង​ជាងគេ គឺ​ចេញ​ពី​រដ្ឋាភិបាល​ទួរគី។ ទួរគី​បាន​សម្រេច​កោះហៅ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ឲ្យ​ចេញ​ពី​អ៊ីស្រាអែល​ មកវិញ។ ចំណែក​សមយុទ្ធ​ ដែល​គ្រោង​ធ្វើ​រួមគ្នា​ជាមួយ​កងទ័ព​អ៊ីស្រាអែល​នោះ ក៏​ត្រូវ​ទួរគី​ប្រកាស​លុបចោលវិញ​ដែរ។ រដ្ឋាភិបាល​ទួរគី​បាន​ទាមទារ​ឲ្យ​ក្រុមប្រឹក្សា​​សន្តិសុខ​អ.ស.ប. កោះប្រជុំ​ជា​បន្ទាន់ ដើម្បី​ជជែក​អំពី​ទង្វើ​​របស់​អ៊ីស្រាអែល​នេះ។ គួរ​បញ្ជាក់ថា ទួរគី​ ជា​ប្រទេស​កាន់​សាសនា​អ៊ីស្លាម ក៏ប៉ុន្តែ ធ្លាប់ជា​សម្ព័ន្ធមិត្ត​ដ៏ជិតស្និទ្ធ​របស់​អ៊ីស្រាអែល។ ទួរគី​បាន​ព្រមាន​​​ថា ទង្វើ​របស់​អ៊ីស្រាអែល​នៅពេល​នេះ អាច​នឹង​ធ្វើ​ឲ្យ​ទំនាក់ទំនង​ទួរគី-អ៊ីស្រាអែល​ធ្លាក់ក្នុង​ដំណាក់​កាល​​​ បាក់បែក​​មិន​អាច​ផ្សះផ្សារ​ឡើងវិញ​បាន។

គេរំពឹង​ថា នៅ​ថ្ងៃ​អង្គារ​ស្អែក ពេលដែល​​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​ទៅ​​ធ្វើ​ទស្សនកិច្ច​នៅ​អាមេរិក លោក​អូបាម៉ា ក៏​ប្រាកដ​ជា​នឹង​លើក​យក​ហេតុការណ៍​បាញ់​ប្រហារ​លើ​នាវា​ដឹកជំនួយ​ មនុស្សធម៌នេះ​មក​​ដាក់សម្ពាធ​លើ​លោក​ប៊ែនយ៉ាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ជាមិនខាន។

នៅពេលនេះ អ៊ីស្រាអែល​កំពុង​ស្ថិត​ក្នុង​ភាព​ឯកោ​ជាង​ពេលណាៗ​ទាំងអស់។ សូម្បីតែ​ប្រទេស​ដែល​ធ្លាប់​តែ​គាំទ្រ​អ៊ីស្រាអែល​នោះ ក៏​កំពុង​តែ​រិះគន់​អ៊ីស្រាអែល​យ៉ាង​ធ្ងន់ៗ​ដែរ។ មាន​អ្នក​ខ្លះ​បាន​ចោទសួរ​អំពី​ជោគវាសនា​នៃ​ដំណើរការ​ចរចា​ស្វែងរកសន្តិភាព រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន ដែល​ហាក់​មាន​ការរីកចម្រើន​ខ្លះៗ ក្នុងរយៈពេល​ពីរ-បី​សប្តាហ៍​ចុងក្រោយ​នេះ។ លោកម៉ះមូដ អាបាស់​ (Mahmoud Abbas) ប្រធាន​អាជ្ញាធរ​ប៉ាឡេស្ទីន ថ្វីដ្បិត​តែ​មិនបាន​ប្រកាស​ដកខ្លួន​ចេញ​ពី​ការចរចា ក៏ប៉ុន្តែ ក៏បាន​ថ្កោលទោស​អ៊ីស្រាអែល​យ៉ាង​ចាស់ដៃ​ដែរ។

ក្នុងពេលជាមួយ​គ្នា​ប៉ូលិស​អ៊ីស្រាអែល​បាន​បង្កើន​កម្រិត​អាសន្ន ដើម្បី​ចាំ​ទប់ទល់​ក្រែងមាន​ការបះបោរ​ណាមួយ​កើតឡើង នៅក្នុងទឹកដី​អ៊ីស្រាអែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI