វេទិកាដេញដោលមតិរវាងបេក្ខជនប្រធានាធិបតីបារាំងទាំង១១រូប នៅទុរទស្សន៍បារាំងយប់នេះ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
៣សប្តាហ៍មុនការបោះឆ្នោតប្រធានាធិបតីជុំទី១ នៅបារាំង ទូរទស្សន៍បារាំងរៀបចំជាលើកទី១ នូវវេទិកាដេញដោលគ្នារវាងបេក្ខជនប្រធានាធិបតីទាំង១១រូបតែម្តង។ វេទិកាដ៏ធំដំបូងនេះ នឹងចាក់ផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ ម៉ោង៨និង៤០នាទី ម៉ោងក្នុងស្រុក យប់ថ្ងៃអង្គារនេះ។ វេទិកាផ្តោតលើប្រធានបទចំនួន៣ គឺការងារធ្វើរបស់ប្រជាជនបារាំង សន្តិសុខនិងសង្គម។
ការបោះឆ្នោតប្រធានាធិបតីបារាំង ជុំទី១ នឹងប្រព្រឹត្តទៅនៅថ្ងៃ ២៣មេសានេះ គឺនៅតែ១៩ថ្ងៃទៀតប៉ុណ្ណោះ។ ជាលើកទី១ ទូរទស្សន៍បារាំងអញ្ជើញបេក្ខជនទាំង១១រូបដែលឈរឈ្មោះជាប្រធានាធិបតី អោយមកសួរដេញដោលគ្នា នៅយប់ថ្ងៃអង្គារនេះ។ វេទិកាយប់នេះ មានរយៈពេល៣ម៉ោងកន្លះ នឹងផ្សាយបន្តផ្ទាល់ នៅប៉ុស្តិ៍ BFMTV និង CNews។ ដោយសារបេក្ខជនទាំងអស់មានច្រើនដល់ទៅ១១នាក់ ពួកគេម្នាក់ៗ មានពេលតែ១៧នាទីប៉ុណ្ណោះ ក្នុងការឆ្លើយសំណួរ និងសួរដេញដោលគ្នា។
ជាត្រួសៗ បេក្ខជនមកពីបក្សធំៗលេចធ្លោ មានលោកBenoit Hamon នៅបក្សកាន់អំណាចសង្គមនិយម, លោកFrançois Fillon នៅបក្សសាធារណរដ្ឋស្តាំនិយម, លោកស្រីMarine Lepen មកពីបក្សស្តាំជ្រុលរណសិរ្សជាតិ, លោកJean Luc Mélenchon មកពីបក្សឆ្វេងនិយម, លោកEmmanuel Macron មកពីបក្សកណ្តាលនិយម។ លោកMacronនេះ ជាអតីតរដ្ឋមន្ត្រីមួយរូបរបស់បក្សកាន់អំណាចសព្វថ្ងៃ។ ចំណែកបេក្ខជនបក្សតូចៗស្តាំនិងឆ្វេងនិយមផ្សេងៗ មានលោកស្រីNathalie Arthaud នៅបក្សកម្មករ, លោកFrançois Asselineau មកពីបក្សប្រជាប្រិយភាពសាធារណរដ្ឋ, លោកJacques Cheminade មកពីបក្សសាមគ្គីភាព, លោកNicolas Dupont-Aignan មកពីបក្សស្តាំនិយម, លោកJean Lasalle មកពីបក្សតស៊ូ, លោកPhilippe Poutou មកពីបក្សប្រឆាំងមូលធននិយម។
នេះជាលើកដំបូងដែលបក្សតូចៗអាចមកជជែកតទល់គ្នាជាមួយបក្សធំៗ តាមទូរទស្សន៍ ដូច្នេះបក្សតូចៗ អាចឆ្លៀតបង្ហាញកម្មវិធីខ្លួនច្រើនជាងមុន។ ជាទូទៅ សារព័ត៌មានបារាំង មិនសូវចាប់អារម្មណ៍បក្សតូចៗទេ។ ទូរទស្សន៍ធំៗ ដូចជាប៉ុស្តិ៍TF1 រៀបចំវេទិកាដេញដោលតែរវាងបេក្ខជនបក្សធំៗប៉ុណ្ណោះ។ ជាក់ស្តែង វេទិការៀបចំដោយប៉ុស្តិ៍មួយនេះ កាលពីថ្ងៃ២០មីនា។ ដោយឡែក ដោយសារពេលវេលា មានតិចតួច សម្រាប់បេក្ខជនម្នាក់ៗ ពិធីករជាអ្នកកាសែត២រូប ដែលត្រូវសួរសំណួរបេក្ខជនទាំង១១រូប ប្រាប់ថា យប់នេះ ពួកគេនឹងម៉ឹងម៉ាត់ជាមួយបេក្ខជន ដើម្បីកុំអោយបេក្ខជនជជែកសួរគ្នារហូតស្តាប់គ្នាមិនបាន។ ដើម្បីកុំអោយបក្សតូចៗ អាចសួរដេញដោល ច្របូកច្របល់កម្មវិធីរបស់ខ្លួន បេក្ខជនបក្សធំៗវិញ ប្រាប់ថា ពួកគេនឹងរក្សាគម្លាតជាមួយបេក្ខជនបក្សតូចៗ។
កម្មវិធីដេញដោលមតិយប់នេះ នឹងផ្តោតលើប្រធានបទ៣ គឺការងារធ្វើរបស់ប្រជាជនក្នុងស្រុក សន្តិសុខ និងសង្គម។ ការដេញដោលនេះ ក៏នឹងផ្តោតលើប្រធានបទទាក់ទងសីលធម៌ផងដែរ។ ថ្មីៗនេះ បេក្ខជនបក្សស្តាំនិយម ហ្វ្រង់ស៊័រ ហ្វីយ៉ុង ដែលធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីរបស់លោកសាកូហ្ស៊ី ត្រូវតុលាការចោទប្រកាន់ពីបទបន្លំមូលនិធិសាធារណៈ។ វេទិកាដេញដោលមតិបេក្ខជនបក្សធំៗ តាមទូរទស្សន៍ កាលពីថ្ងៃ២០មីនា មិនបានលើកជជែក ពីប្រធានបទសីលធម៌នេះទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ