កម្ពុជា

គោល​នយោបាយ​វិមជ្ឈការ​ថ្នាក់​មូលដ្ឋាន​បរាជ័យ​ច្រើនជាង​ជ័យជំនះ​

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា
លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា © RFI

មជ្ឈមណ្ឌល​​សិទ្ធិ​​មនុស្ស​​កម្ពុជា​​រិះ​គន់​​ច្បាប់​​ស្តី​ពី​​ការ​គ្រប់គ្រង​​រដ្ឋបាល​​ឃុំ​​សង្កាត់​​ដែល​​រឹតត្បិត​​ការងារ​​របស់​​ក្រុម​​ប្រឹក្សា​​ឃុំ​សង្កាត់។ ​​លោក អ៊ូ វីរៈ​ ប្រធាន​​មជ្ឈ​មណ្ឌល​​សិទ្ធិ​​មនុស្ស​​កម្ពុជា​​ដែល​បាន​​តាម​ដាន​​ដំណើរ​​ការ​​អនុវត្តន៍​​គោល​​នយោបាយ​​វិមជ្ឈការ​​អស់​រយៈ​​ពេល​​ជា​ច្រើន​​ឆ្នាំ​​មក​​ហើយ​​នោះ​​បាន​​និយាយ​​អត្ថា​ធិប្បាយ​​នៅ​ថ្ងៃ​​សៅរ៍​នេះ​​ថា​ ការ​​អនុវត្តន៍​​គោល​​នយោបាយ​​វិមជ្ឈការ​​អំណាច​​នា​ពេល​​កន្លង​មក​​គឺ​​បរាជ័យ​​ច្រើន​​ជាង​​ជោគជ័យ។​

ផ្សាយពាណិជ្ជកម្ម

ក្រោយ​ពី​ការ​បោះឆ្នោត​ឃុំ​សង្កាត់​បាន​រយៈពេល​៦​ថ្ងៃ​រួចមក​ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បាន​ចេញ​កម្រង​ឯកសារ​មួយ​និយាយ​ពី​ភាព​មិន​រលូន​នៅ​ក្នុង​ដំណើ​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ​សង្កាត់​នាពេល​កន្លងមក។ ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​ឃុំ​សង្កាត់​ត្រូវ​បាន​រដ្ឋសភា​អនុម័ត​កាល​ពីឆ្នាំ​២០០១​។

 
ច្បាប់​នេះ​មាន​គោល​បំណង​អនុវត្ត​គោល​នយោបាយ​វិមជ្ឈការ​និង​វិសហមជ្ឈការ​នៅ​ថ្នាក់​មូលដ្ឋាន​​ និយាយ​បែបផ្សេង​ មាន​ន័យ​ថា ​គឺ​ជា​ការ​អនុវត្តន៍​គោល​នយោបាយ​ផ្ទេរ​អំណាច​ពី​ថ្នាក់​លើ​ទៅ​កាន់​ថ្នាក់​មូលដ្ឋាន​ដែល​ធ្វើការ​កៀក​ជា​មួយ​ប្រជាពល​រដ្ឋ។ ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ត្រូវ​បំពេញ​ការងារ​របស់​ខ្លួន​ដោយ​ឯករាជ្យ។

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ដែល​បាន​តាមដាន​ដំណើរ​ការ​​អនុវត្តន៍​គោល​នយោបាយ​វិមជ្ឈការ​​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ ​មក​ហើយ​នោះ ​បាន​​អត្ថាធិប្បាយ​នៅ​ថ្ងៃ​សៅរ៍​នេះថា​ ការ​អនុវត្តន៍គោល​នយោបាយ​វិមជ្ឈការ​អំណាច​នាពេល​កន្លងមក​គឺ​បរាជ័យ​ច្រើន​ជាង​ជ័យជំនះ​ពីព្រោះ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ដែល​ជាប់​ឆ្នោត​ដោយ​ប្រជាពល​រដ្ឋ​មិន​សូវ​មាន​អំណាច​ទេ។ បើយោង​តាម​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ច្បាប់​នេះ​គួរ​ធ្វើ​​វិសោធនកម្ម​ឡើង​វិញ​ដើម្បី​ផ្តល់​អោយ​មាន​ការ​លើក​កម្ពស់​វិមជ្ឈការ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​នៅ​ថា្នក់​មូលដ្ឋាន។
បើផ្អែក​លើ​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ​សង្កាត់​អនុម័ត​កាល​ពីឆ្នាំ​២០០១​ ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ត្រូវ​បោះឆ្នោត​ចេញ​ពី​គណបក្ស​នយោបាយ។ ក្រុមប្រឹក្សា​​ឃុំ​សង្កាត់​ត្រូវ​ធ្វើការ​ទៅ​តាម​ការ​ណែនាំ​​និង​ស្ថិត​នៅ​ក្រុម​ចំណុះ​របស់​ក្រសួង​មហា​ផ្ទៃ។ ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ទទួល​បាន​ការ​ឧបត្ថម្ភ​សេដ្ឋកិច្ច​ពីក្រសួង​ហិរញ្ញវត្ថុ។
លោក អ៊ូ វីរៈ ​ប្រធាន​មជ្ឈមណ្ឌល​សិទិ្ធមនុស្ស​កម្ពុជា​បាន​បន្ត​បញ្ជាក់​ទៀតថា ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​មិន​អាច​ធ្វើ​ការ​ដោយ​ឯករាជ្យ​បាន​ទេ​ដរាបណា​ស្ថាប័ន​ថ្នាក់​មូលដ្ឋាន​មួយ​នេះ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រា​ពី​បក្ស​ ពីស្ថាប័ន​ថ្នាក់​លើ​ទាំង​អំណាច​រដ្ឋបាល​និង​អំណាច​ហិរញ្ញវត្ថុ​នោះ។ លោក អ៊ូ វីរៈ​បាន​អះអាង​បញ្ជាក់​ទៀតថា ដើម្បី​អោយ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាច​ធ្វើ​ការ​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​បាន​ប្រកប​ដោយ​ប្រសិទ្ធិភាព​នោះ ក្រុមប្រឹក្សា​ឃុំ​សង្កាត់​គួរ​តែ​បោះឆ្នោត​ចេញ​ពី​បុគ្គល​មិន​ពាក់ព័ន្ធ​នឹង​បក្ស​នយោបាយ។ អំណាច​មួយចំនួន​គួរ​ឯករាជ្យ​និង​ហិរញ្ញវត្ថុ​មួយ​ផ្នែក​ណា​ត្រូវ​ឯករាជ្យ​ដោយ​ខ្លួន​ឯង​តាម​រយៈការ​យកពន្ធ​ដីធ្លី​ ពន្ធ​ផ្លូវ​និង​ពន្ធ​មួយ​ចំនួន​ផ្សេង​ទៀត។

សូម​បញ្ជាក់​ថា សម្រាប់​ការ​បោះឆ្នោត​ឃុំ​សង្កាត់​កាល​ពី​ថ្ងៃ​ទី៣​ខែ​មិថុនាកន្លង​មក​នេះ គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​ជ័យជំនះ​លើស​លប់បន្ទាប់មក គណបក្ស​សមរង្ស៊ី​និង​គណបក្ស​សិទ្ធិមនុស្ស។ រីឯ​គណបក្ស​តូចតាច​ផ្សេង​ទៀត​ទទួល​បាន​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​តិចតួច​បំផុត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI