បារាំង-ឥណ្ឌា

បារាំង​កំពុង​បារម្ភ​ពី​​កិច្ចសន្យា​​​លក់​យន្តហោះ​ចំបាំង​ទៅអោយ​ឥណ្ឌា​

យន្តហោះ​ចំបាំង​បារាំង Rafales
យន្តហោះ​ចំបាំង​បារាំង Rafales REUTERS/Adj. Nicolas-Nelson Richard/ECPAD/Handout

នៅពេលនេះ ​បារាំង​កំពុង​មានការ​បារម្ភ​​​ខ្លាច​​​បរាជ័យ​គំរោង​លក់យន្តហោះ​ចំបាំង​​បារាំង​១២៦គ្រឿង​​ទៅអោយ​ឥណ្ឌា​ ដែល​មាន​តំលៃ​ទឹកប្រាក់​ប្រមាណ​១១ពាន់លាន​អឺរ៉ូ។ ព្រោះថា កាលពី​ថ្ងៃ​ពុធ​ដើមសប្តាហ៍​នេះ អ្នកទទួលខុសត្រូវ​ឥណ្ឌា​ ទទួលបន្ទុក​​​សំណុំរឿង​នេះ បាន​ទទួលមរណភាព​ដោយ​​គាំងបេះដូង។ កិច្ចចរចា​​រវាង​បារាំង​ និង​ឥណ្ឌា​ក្នុង​​​ការទិញ-លក់​យន្តហោះ​នេះ ជាប់គាំង​ជាច្រើនខែ​មកហើយ។ ការស្លាប់​អ្នកទទួលខុសត្រូវ​សំខាន់​នេះ ជាបញ្ហា​ថ្មី​មួយទៀត អាច​ធ្វើអោយ​​កិច្ចសន្យា​​​​​​ទិញ-លក់​យន្តហោះចំបាំង​​ត្រូវរាំងស្ទះ ពិសេស​នៅពេល​ដែល​ឥណ្ឌា​ ជិត​រៀបចំ​ការបោះឆ្នោត​សភា នៅឆ្នាំ ២០១៤​ខាងមុខ​ទៀតនោះ។

ផ្សាយពាណិជ្ជកម្ម

កាលពី​ថ្ងៃ​ពុធ​ដើមសប្តាហ៍ ​មរណភាព​របស់​លោក​​ អារុណ គូម៉ា បាល់ អាយុ​៥២ឆ្នាំ ជា​អ្នកទទួលខុសត្រូវ​ជាន់ខ្ពស់​មកពី​ក្រសួងការពារជាតិ​ឥណ្ឌា ទទួល​បន្ទុក​ទទួល​ទិញ​យន្តហោះ​ចំបាំង​បារាំង​​នោះ បាន​ធ្វើអោយ​​​បារាំង​មានការបារម្ភ​ខ្លាច​​​​​គំរោង​លក់យន្តហោះ​ចំបាំង​១២៦គ្រឿង​របស់​ខ្លួន ទៅអោយ​ឥណ្ឌា ត្រូវ​ធ្លាក់ទឹក។

រដ្ឋាភិបាល​ឥណ្ឌា​​នឹង​រក​មនុស្ស​ថ្មី​ទៀត​មក​ជំនួស​លោក គូម៉ា បាល់។ ប៉ុន្តែ ក្នុង​ពេល​រង់ចាំ​អោយដំណើរការ​នេះ​បាន​រលូនទៅមុខ​ ​រឿងលក់​យន្តហោះ​ទៅអោយ​ឥណ្ឌា អាច​​​​ស្ទះ​ដំណើរការ​ជាច្រើនសប្តាហ៍។ ឥណ្ឌា​ត្រូវ​រៀបចំការបោះឆ្នោត​សភា​ នៅ​ឆ្នាំ២០១៤​ខាងមុខ​​ ហើយ​​រដ្ឋាភិបាលថ្មី​ដែលឡើង​មក​នោះ ប្រហែល​ជាត្រូវ​សើរើ​មើល​​​រឿងនេះ​ឡើងវិញ អាច​ធ្វើអោយ​ការទិញ-លក់​យន្តហោះ​​​ចំបាំង​បារាំង​នេះ ជាប់គាំង​​តទៅ​ទៀត។ បារាំង​មានការបារម្ភ​ខ្ពស់ ពិសេស​​ពេលនេះ ក្រុមហ៊ុន​អាកាសចរណ៍​ Dassault បារាំង បាន​​​បកក្រោយ​មើលឡើង​វិញ​ នូវ​ខសំខាន់​នៃ​កិច្ចសន្យា​លក់​យន្តហោះ​នេះ។

គួររំលឹកថា កាលពី​ឆ្នាំ​២០១២ រដ្ឋាភិបាល​ឥណ្ឌា​បាន​​សំរេចចិត្ត​​ទិញ​យក​យន្តហោះចំបាំង​​Rafales របស់​បារាំង បន្ទាប់​ពី​បានចេញការ​​ដាក់ដេញ​ថ្លៃ​​ អស់​រយៈ​ពេល​៤ឆ្នាំ​មក។ ក្រុមហ៊ុន​អាកាសចរណ៍​ Dassault បារាំង ត្រូវ​ផលិត​យន្តហោះ​​Rafales ១៨គ្រឿង នៅបារាំង ហើយ​​​ត្រូវ​ពិនិត្យ​​​ការ​ផ្គុំ​​ផលិត​យន្តហោះ​សេសសល់​១០៨គ្រឿងទៀត នៅ​ក្នុង​សហគ្រាស​ Hindustan នៅភាគខាងជើង​ឥណ្ឌា។ ប៉ុន្តែ ក្រុមហ៊ុន​បារាំង​ប្រហែល​ជាបាន​ប្តូរបែបបទ​វិញ​ ដែល​ធ្វើ​អោយ​កិច្ចសន្យា​នេះ មានបញ្ហា។

ក្រុមហ៊ុន Dassault ​ធ្លាប់​បាន​យល់ព្រម​បញ្ជូន​បច្ចេកទេស​គ្រប់​បែបយ៉ាង ទៅអោយ​ឥណ្ឌា តែ​បាន​ប្តូរ​​ចិត្ត​មកវិញ។ យោងតាម​អ្នកស្រាវជ្រាវ​នៅ​ក្រុងញូវដេល្លី​​មួយរូប​ នេះ​ប្រហែល​មក​ពី​ក្រុមហ៊ុនអន្តរការី​ Reliance Aerospace ដែល​បារាំង​បានជ្រើសរើស​​យក​នោះ មិនបាន​គ្រប់គ្រង​កិច្ចការ​បាន​ល្អ។

លើសពី​នេះ​ទៅទៀត ក្រុមហ៊ុន​ Dassault បារាំង​ ក៏​នៅមិនទាន់​ទុកចិត្ត​សមត្ថភាព​ឥណ្ឌា​ក្នុង​ការ​ផលិត​គ្រឿង​សម្ភារៈ​យន្តហោះ​នោះដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI