អានតួអត្ថបទ
អាហ្វហ្កានីស្ថាន-ប៉ាគីស្ថាន

គណៈប្រតិភូ​អាហ្វហ្កានីស្ថាន​ទៅ​ប៉ាគីស្ថាន​ដើម្បី​និយាយ​ពី​បញ្ហា​សន្តិភាព​រវាង​ភាគី​ជម្លោះ

គណៈប្រតិភូ​អាហ្វហ្កានីស្ថាន​ទៅ​ប៉ាគីស្ថាន​ដើម្បី​និយាយ​ពី​បញ្ហា​សន្តិភាព​រវាង​ភាគី​ជម្លោះ
គណៈប្រតិភូ​អាហ្វហ្កានីស្ថាន​ទៅ​ប៉ាគីស្ថាន​ដើម្បី​និយាយ​ពី​បញ្ហា​សន្តិភាព​រវាង​ភាគី​ជម្លោះ REUTERS/Faisal Mahmood
១៣ នាទី

គណៈប្រតិភូ​អាហ្វហ្កានីស្ថាន​មួយ​ក្រុម​ដែល​ជា​សមាជិក​នៃ​ឧត្តមក្រុមប្រឹក្សា​អាហ្វហ្កានីស្ថាន​ដើម្បី​សន្តិភាព​បាន​ទៅ​ប្រទេស​ប៉ាគីស្ថាន​នៅ​ថ្ងៃ​ច័ន្ទ ទី១២ វិច្ឆិកា​ម្សិលមិញ។ បេសកកម្ម​រយៈពេល ៣ថ្ងៃ​របស់​គណៈប្រតិភូ​អាហ្វហ្កានីស្ថាន​ក្នុង​ទីក្រុង​អ៊ីស្លាម៉ាបាត​ពេល​នេះ គឺ​ដើម្បី​រៀបចំ​កិច្ចចរចា​លើកដំបូង​រវាង​រដ្ឋអំណាច​នៃ​ប្រទេស​ជិតខាងទំាង​ពីរ ពិសេស​ក្នុង​គោលដៅ​ជួយ​ជ្រោមជ្រែង​ឲ្យ​មាន​ការ​ផ្សះផ្សា​រវាង​ភាគី​ជម្លោះ​អាហ្វហ្កានីស្ថាន​នៅ​ក្រោយ​ការ​ដក​ទ័ព​អូតង់​ចំនួន ១០០ ០០០នាក់ ពី​ប្រទេស​អាហ្វហ្កានីស្ថាន​នា​ឆ្នំា ២០១៤។

ផ្សាយពាណិជ្ជកម្ម

បើ​គ្មាន​ការ​ចូលរួម​ពី​ប្រទេស​ប៉ាគីស្ថាន​ទេ គេ​ពិត​ជា​មិន​អាច​រក​ឃើញ​នូវ​កិច្ចព្រមព្រៀង​សន្តិភាព​ណា​មួយ​នៅ​ក្នុង​តំបន់​ឡើយ។ ជានិច្ចជាកាល ប្រទេស​ប៉ាគីស្ថាន​តែងតែ​ទទួល​ការ​ចោទប្រកាន់​ពី​បទ​បាន​ផ្គាប់ចិត្ត គំាទ្រ​ក្រុម​ឧទ្ទាម​តាលីបង់​អាហ្វហ្កានីស្ថាន​នៅ​លើ​ទឹកដី​របស់​ខ្លួន មាន​ន័យ​ថា តិច ឬ​ច្រើន ទីក្រុង​អ៊ីស្លាម៉ាបាត​បាន​ជះឥទ្ធិពល​ទៅ​លើ​ក្រុមយុទ្ធជន​អ៊ីស្លាមនិយមជ្រុល​មួយ​នេះ។

គឺ​នៅ​ក្នុង​បរិបទ​នេះ​ហើយ ទើប​ឧត្តមក្រុមប្រឹក្សា​អាហ្វហ្កានីស្ថាន​ដើម្បី​សន្តិភាព​បាន​ចេញ​មុខ​សុំ​អន្តរាគមន៍​ពី​ទីក្រុង​អ៊ីស្លាម៉ាបាត​ដើម្បី​ផ្តើម​ទំនាក់ទំនង​ជាមួយ​ក្រុមឧទ្ទាម​តាលីបង់​អាហ្វហ្កានីស្ថាន​ដែល​មាន​មេកើយ​មួយ​ចំនួន​កំពុង​ជ្រកកោន​ក្នុង​ទឹកដី​ប៉ាគីស្ថាន។ តែ​យ៉ាង​ណា​ក៏​ដោយ ក្រុមអ្នកវិភាគ​មិន​បាន​រង់ចំា​លទ្ធផល​អ្វី​ជា​ដុំកំភួន​នៅ​ក្នុង​កិច្ចចរចា​រវាង​ឧត្តមក្រុមប្រឹក្សា​អាហ្វហ្កានីស្ថាន និង​ថ្នាក់ដឹកនំា​នយោបាយ និង​យោធា​ប៉ាគីស្ថាន​ទេ។

គួរ​ជម្រាប​ជូន​ថា ជា​ទូទៅ ទំនាក់ទំនង​រវាង​ប៉ាគីស្ថាន និង​អាហ្វហ្កានីស្ថាន​មិន​សូវ​ជា​ល្អ​ប៉ុន្មាន​ទេ និង​ពេល​ខ្លះ តានតឹង​ទៀត​ផង។ ប្រទេស​ជិតខាង​ទំាងពីរ​តែងតែ​ចោទ​គ្នា​ទៅវិញ ទៅមក​ពី​បទ​បាន​ផ្តល់​ទីជម្រក​ឲ្យ​ក្រុម​យុទ្ធជន​អ៊ីស្លាមនិយមជ្រុល​ដែល​បាន​បង្ក​ឲ្យ​មាន​អស្ថិរភាព​នៅ​ក្នុង​តំបន់។ ទន្ទឹម​គ្នា​នេះ និង​ជួនចំ​ពេល​ដែល​កម្លំាង​ទ័ព​អូតង់​គ្រោង​នឹង​ចាកចេញ​ពី​ប្រទេស​អាហ្វហ្កានីស្ថាន​នៅ​ក្នុង​ឆ្នំា ២០១៤ ខាងមុខ​នោះ ការ​បន្ត​មិន​ទុកចិត្ត​គ្នា​រវាង​ទីក្រុង​កាប៊ូល និង​អ៊ីស្លាម៉ាបាត​នឹង​រឹតតែ​បង្ក​ការ​លំបាក​ថែម​ទៀត​នៅ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ស្វែង​រក​ការ​ចរចា​សន្តិភាព​ដើម្បី​បិទបញ្ចប់​វិបត្តិ​ផ្ទៃក្នុង​របស់​ប្រទេស​អាហ្វហ្កានីស្ថាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ